Hesperian Health Guides

ប្រេងបង្កបញ្ហាសុខភាពធ្ងន់ធ្ងរ

នៅក្នុងជំពូកនេ:

ក៏ដូចជាសារធាតុគីមីពុលដទៃទៀតដែរ បញ្ហាសុខភាពពីប្រេង អាចពិបាកនឹងបញ្ជាក់ឲ្យច្បាស់ ព្រោះវាត្រូវការពេលវេលាយូរក្នុងការប៉ះពាល់ប្រជាជន។ ប៉ុន្តែប្រជាជនដែលរស់នៅនិងធ្វើការនៅក្បែរកន្លែងខួងយកប្រេងនិងកន្លែងស្លប្រេង ធ្លាប់នឹងការបំពុលខ្យល់និងទឹកដោយសារប្រេង។ ការខួងយកប្រេង ការស្លប្រេង និងការដុតប្រេងធ្វើជាឥន្ធនៈ សុទ្ធតែបណ្តាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរដូចមានរាយក្នុងបញ្ជីខាងក្រោម និងដូចរៀបរាប់លម្អិតនៅទំព័របន្តបន្ទាប់ទៀត ៖

  • ស្រវ៉ាំងភ្នែក និងបញ្ហាភ្នែកផ្សេងៗទៀត
  • ឈឺក្បាល មមាល សប្បាយចិត្តភ្លាមៗ អស់កម្លាំង និយាយមិនច្បាស់ ខូចខួរក្បាល សន្លប់យូរ
  • ប្រកាច់ និងស្លាប់ខុសធម្មតា
  • ឈឺច្រមុះ និងឈាមច្រមុះ
  • ការបង្ករោគក្នុងត្រចៀក
  • ជំងឺហឺត រលាកទងសួត រលាកសួត និងជំងឺផ្លូវដង្ហើមដទៃទៀត
  • ការបង្ករោគនិងមហារីកនៅសួតនិងបំពង់ក
  • មានការប្រឈមខ្ពស់នឹងជំងឺរបេង
  • គាំងបេះដូង
  • បញ្ហារំលាយអាហារ ដូចជាក្អួត ដំបៅនិងមហារីកក្រពះ
  • ខូចថ្លើម តម្រងនោម និងខួរឆ្អឹងខ្នង
  • បញ្ហារដូវ រលូតកូន ទារកកើតស្លាប់ និងពិការភាពពីកំណើត
  • កន្ទួល ផ្សិត និងមហារីកលើស្បែក
A dazed, skinny boy sits in an alley and inhales petrol.
នៅកន្លែងខ្លះ មនុស្សមួយចំនួនហិតចំហាយសាំងដើម្បីទទួលបានឥទ្ធិពលដូចថ្នាំញៀន។ បែបនេះគ្រោះថ្នាក់ណាស់។ ចំពោះអ្នកខ្លះ ការហឺតសាំងចូលយ៉ាងវែង សូម្បីតែមួយដង្ហើម ក៏អាចបណ្តាលឲ្យស្លាប់ភ្លាមៗដែរ។

ផលប៉ះពាល់យូរអង្វែងលើសុខភាព

ប្រេងបង្កបញ្ហាសុខភាពបន្តពូជ

ការស្រូបចំហាយ ឬការលេបអាហារឬវត្ថុរាវដែលប្រឡាក់ប្រេងនិងឧស្ម័ន បណ្តាលឲ្យមានបញ្ហាសុខភាពបន្តពូជ ដូចជាការមករដូវមិនទៀងទាត់ រលូតកូន ទារកកើតស្លាប់ និងពិការភាពពីកំណើត។ បញ្ហាទាំងនេះអាចមានរោគសញ្ញាដំបូងៗ ដូចជាឈឺពោះ ឬហូរឈាមមិនទៀងទាត់។

ប្រេងបង្កជំងឺមហារីក

ការប៉ះពាល់ជាមួយប្រេងនិងឧស្ម័នជាប្រចាំ បណ្តាលឲ្យកើតជំងឺមហារីក។ កុមារដែលរស់នៅក្បែរកន្លែងស្លប្រេង ងាយនឹងមានជំងឺមហារីកឈាម ជាងកុមារដែលរស់នៅឆ្ងាយ។ ប្រជាជនដែលរស់នៅក្នុងកន្លែងខួងប្រេង ងាយនឹងកើតជំងឺមហារីកក្រពះ ប្លោកនោម និងសួត ជាងប្រជាជនដែលរស់នៅកន្លែងដទៃ។ កម្មកររោងចក្រស្លប្រេង មានការប្រឈមខ្ពស់នឹងជំងឺមហារីកបបូរមាត់ ក្រពះ ថ្លើម លំពែង ជាលិកាតភ្ជាប់ ប្រ៉ូស្តាត ភ្នែក ខួរក្បាល និងឈាម។

នៅពេលក្រុមហ៊ុនតិចសាកូ ចាប់ផ្តើមខួងប្រេងក្នុងប្រទេសអេក្វាឌ័រ មិនទាន់ធ្លាប់ឮថាមានជំងឺមហារីកនៅក្នុងភូមិភាគនោះទេ។ ៤០ឆ្នាំក្រោយមក បុគ្គលិកសុខាភិបាលក្នុងសហគមន៍បានស្ទង់មតិលើសហគមន៍ចំនួន៨០ នៅក្នុងភូមិភាគចំនួន២នៃព្រៃអាម៉ាហ្សូនដែលត្រូវបានខួងយកប្រេងយ៉ាងច្រើនបំផុត។ ពួកគេរកឃើញថា ប្រជាជនម្នាក់ក្នុងចំណោម៣នាក់ មានទម្រង់មួយចំនួននៃជំងឺមហារីក។

2 boys look at a poison container and dead fish in a stream.