Hesperian Health Guides
អណ្តាតភ្លើងឧស្ម័ន
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ២២. ប្រេង ជំងឺ និងសិទ្ធិមនុស្ស > អណ្តាតភ្លើងឧស្ម័ន
ក្រុមហ៊ុនប្រេងអាចលក់ឧស្ម័ន ជាជាងការដុតវាចោល។ ប៉ុន្តែបែបនេះកាន់តែត្រូវចំណាយយ៉ាងច្រើន និងមានការពិបាកជាខ្លាំង ព្រោះឧស្ម័នត្រូវរក្សាទុកក្រោមសម្ពាធ ដែលបង្កើនការប្រឈមនឹងការឆាបឆេះនិងផ្ទុះ។ ដូច្នេះក្រុមហ៊ុនប្រេងគ្រាន់តែដុតឧស្ម័ន ជាការស្រេច ព្រោះមិនចាំបាច់ចំណាយច្រើន ទោះបីវាបង្កើនគ្រោះថ្នាក់ដល់ប្រជាជននិងបរិស្ថានក៏ដោយ។
មាតិកា
សុខភាពនិងសុវត្ថិភាពជុំវិញអណ្តាតភ្លើងឧស្ម័ន
អណ្តាតភ្លើងឧស្ម័នទាំងអស់សុទ្ធតែបំពុលខ្យល់ និងអាចបង្កបញ្ហាសុខភាពផ្សេង។ ប៉ុន្តែ អណ្តាតភ្លើងឧស្ម័នខ្លះ មានគ្រោះថ្នាក់ជាង អណ្តាតភ្លើងឧស្ម័នខ្លះទៀត។
ឧស្ម័នអាចត្រូវបានដុតយូរៗម្តង ដើម្បីជាវិធានការសុវត្ថិភាពក្នុងការបង្ការការផ្ទុះ(ហៅថា អណ្តាតភ្លើងឧស្ម័នសុវត្ថិភាព), ឬត្រូវបានដុតរៀងរាល់ថ្ងៃដែលជាផ្នែកមួយនៃប្រតិបត្តិការប្រេង(ហៅថា អណ្តាតភ្លើងឧស្ម័នជាប្រចាំ)។ ប្រភេទ អណ្តាតភ្លើងឧស្ម័ននីមួយៗ ទាមទារការឆ្លើយតបខុសគ្នា។
អណ្តាតភ្លើងឧស្ម័នសុវត្ថិភាព
រោងចក្រស្លប្រេងដុតអណ្តាតភ្លើងឧស្ម័នសុវត្ថិភាពដើម្បីបន្ថយសម្ពាធនៅពេលមានឧស្ម័នច្រើនពេកនៅក្នុងបំពង់បង្ហូរប្រេង។ ទោះបីវាមិនកើតឡើងរាល់ពេលក៏ដោយ ការដុតបែបនេះនៅពេលគ្រោះថ្នាក់យ៉ាងខ្លាំង! ប្រសិនបើមានការដុតអណ្តាតភ្លើងឧស្ម័នសុវត្ថិភាពនៅក្នុងសហគមន៍របស់អ្នក គួរទាមទារឲ្យក្រុមហ៊ុនបញ្ជាក់ឲ្យដឹងជាមុនថាអណ្តាតភ្លើងឧស្ម័ននឹងកើតឡើងនៅពេលណា។ ក្រុមហ៊ុនគួរតែផ្តល់សញ្ញាព្រមានជាមុនជានិច្ច ដល់សហគមន៍ជិតខាង រយៈពេល២៤ម៉ោងមុននឹងដុតឧស្ម័ន។
នៅពេលមានអណ្តាតភ្លើងឧស្ម័ន មនុស្សគ្រប់គ្នាគួរស្ថិតនៅឲ្យឆ្ងាយពីទីនោះ។ ចូលក្នុងផ្ទះ រួចបិទទ្វារនិងបង្អួចឲ្យជិត។ (សម្រាប់ព័ត៌មានបន្ថែមអំពីអ្វីដែលត្រូវធ្វើក្នុងពេលមានអាសន្ន សូមមើលនៅពេលមានអណ្តាតភ្លើងឧស្ម័ន)។
អណ្តាតភ្លើងឧស្ម័នជាប្រចាំ
នៅកន្លែងខ្លះ ឧស្ម័នត្រូវបានដុតជារៀងរាល់ថ្ងៃ ព្រោះធ្វើបែបនេះក្រុមហ៊ុននឹងមិនចំណាយប្រាក់ច្រើន។ វាពិតជាពិបាកណាស់ដែលតម្រូវឲ្យប្រជាជនរស់នៅក្បែរអណ្តាតភ្លើងឧស្ម័នជាប្រចាំ អនុវត្តការប្រុងប្រយ័ត្នបានគ្រប់ពេលនោះ។ វិធីតែមួយគត់ដើម្បីទទួលបានសុវត្ថិភាពពីអណ្តាតភ្លើងឧស្ម័នជាប្រចាំ គឺត្រូវបញ្ឈប់វា។
យើងអាចបញ្ឈប់អណ្តាតភ្លើងឧស្ម័នបាន!
អណ្តាតភ្លើងឧស្ម័នដែលធ្ងន់ធ្ងរក្នុងពិភពលោក បានកើតឡើងជាច្រើនឆ្នាំនៅតំបន់ដីសណ្តទន្លេនីហ្សេ ក្នុងប្រទេសនីហ្សេរីយ៉ា។ អណ្តាតភ្លើងឧស្ម័នដែលដុតដោយក្រុមហ៊ុនប្រេងអន្តរជាតិនានាក្នុងប្រទេសនីហ្សេរីយ៉ា បានបំផ្លាញជីវិតមនុស្សជាច្រើន។ ហើយសារធាតុពុលដែលបានបញ្ចេញដោយអណ្តាតភ្លើងឧស្ម័នក្នុងប្រទេសនីហ្សេរីយ៉ា បានរួមចំណែកយ៉ាងច្រើនក្នុងការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅផែនដី ច្រើនជាងការរួមបញ្ចូលគ្នានៃប្រភពទាំងអស់ក្នុងភូមិភាគសាហារាទៅទៀត។
បុរសម្នាក់ឈ្មោះថា អ៊ីបេកវូរ៉ា មកពីរដ្ឋរីវវឺស្តេត នៃប្រទេសនីហ្សេរីយ៉ា បាននិយាយថា ៖ “ជាច្រើនឆ្នាំមកហើយ យើងបានរស់នៅជាមួយអណ្តាតភ្លើងឧស្ម័នដែលដុតជាបន្តបន្ទាប់ឥតដាច់។ ដីស្រែចម្ការរបស់យើងត្រូវបានបំពុល។ យើងប្រឹងប្រែងធ្វើស្រែចម្ការយ៉ាងខ្លាំង ប៉ុន្តែទទួលបានទិន្នផលតិចតួច។ ដំបូលផ្ទះរបស់យើងសឹកជាបន្តបន្ទាប់។ ខ្យល់របស់យើងក៏ត្រូវបានបំពុល។ កូនៗរបស់យើងមានជំងឺ។ សូម្បីតែទឹកភ្លៀងដែលយើងផឹក ក៏ប្រឡាក់ជាមួយលម្អងផ្សែងខ្មៅៗនៃអណ្តាតភ្លើងឧស្ម័នដែរ។ យើងមិនអាចបន្តរស់នៅយ៉ាងវេទនាបែបនេះទៀតទេ។
បន្ទាប់ពីការតស៊ូនិងតវ៉ាប្រឆាំងជាច្រើនឆ្នាំមក នៅឆ្នាំ២០០៥ អណ្តាតភ្លើងឧស្ម័នត្រូវបានចាត់ទុកថាខុសច្បាប់នៅក្នុងតំបន់ដីសណ្តទន្លេនីហ្សេ។ ចៅក្រមម្នាក់ចេញបញ្ជាថា រាល់ក្រុមហ៊ុនប្រេងទាំងអស់នៅក្នុងប្រទេសនីហ្សេរីយ៉ាត្រូវតែបញ្ឈប់ការដុតអណ្តាតភ្លើងឧស្ម័នជាបន្ទាន់ ព្រោះវាបង្កបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរ ហើយវារំលោភលើសិទ្ធិក្នុងការទទួលបានបរិស្ថានសុខភាព។
ប្រសិនបើមានអណ្តាតភ្លើងឧស្ម័ននៅក្បែរអ្នក ៖
- ពិភាក្សាអំពីគ្រោះថ្នាក់នៃអណ្តាតភ្លើងឧស្ម័ន និងបង្កើតគណៈកម្មាធិការមួយដើម្បីប្តឹងតវ៉ាទៅក្រុមហ៊ុននិងមន្ត្រីរដ្ឋាភិបាល។ ម្យ៉ាងទៀត គួរជជែកជាមួយបុគ្គលិកសុខភាព អ្នកសារព័ត៌មាន និងអង្គការមិនមែនរដ្ឋាភិបាលនានា។
- កត់ត្រាព័ត៌មានផ្សេងៗនៃយុទ្ធនាការរបស់អ្នក។ លើកទឹកចិត្តប្រជាជនឲ្យកត់ត្រាពីពេលវេលានៃអណ្តាតភ្លើងឧស្ម័ន ព្រមទាំងបញ្ហាផ្សេងៗដែលវាបង្កឡើង។
- រៀបចំការប្រជុំដើម្បីចែករំលែកពីកំណត់ត្រាទាំងនេះជាមួយសហគមន៍ដទៃ អ្នកសារព័ត៌មាន និងមន្ត្រីរដ្ឋាភិបាល។ កត់ត្រាអំពីការពិភាក្សារបស់អ្នកជាមួយពួកគេ។ ការកត់ត្រាទុកឬថតវីដេអូនូវអ្វីដែលមន្ត្រីរដ្ឋាភិបាលបាននិយាយ នឹងបង្ហាញថាអ្នកពិតជាយកចិត្តទុកដាក់នឹងបញ្ហានេះខ្លាំងណាស់។ សំខាន់បំផុត គឺមិនត្រូវចុះចាញ់ឡើយ!
សកម្មភាពទាំងនេះប្រហែលមិនអាចបញ្ឈប់អណ្តាតភ្លើងឧស្ម័នភ្លាមៗទេ។ ប៉ុន្តែគោលដៅរួមនៃការបញ្ឈប់អណ្តាតភ្លើងឧស្ម័ន អាចបង្រួបបង្រួមសហគមន៍ និងបង្កើនភាពរឹងមាំ ដើម្បីការពារសុខភាពមនុស្សគ្រប់គ្នាក្នុងពេលយូរអង្វែង។