Hesperian Health Guides

២២. ប្រេង ជំងឺ និងសិទ្ធិមនុស្ស

នៅក្នុងជំពូកនេ:

A man, woman, and child stand near an oil pipeline.


ប្រេងឆៅឬប្រេង គឺជាផ្នែកមួយនៃផលិតផលជាច្រើនដែលត្រូវបានប្រើប្រាស់រាល់ថ្ងៃ ដូចជាប្រេងសាំង, ឧស្ម័នប្រ៉ូប៉ាន ប្រេងកាត ប្រេងកម្តៅ និងកៅស៊ូក្រាលថ្នល់, ក៏ដូចជាប្លាស្ទិក ថ្នាំលាប ថ្នាំសម្លាប់សត្វល្អិត ថ្នាំរំលាយ និងផលិតផលសម្អាងផងដែរ។ សូម្បីតែសម្លៀកបំពាក់និងថ្នាំពេទ្យខ្លះ ក៏ត្រូវបានផលិតចេញពីប្រេងដែរ។ ប៉ុន្តែប្រេងគឺជាសារធាតុពុល និងមានផលប៉ះពាល់ដ៏គ្រោះថ្នាក់មកលើសុខភាពយើងនិងបរិស្ថាន ដោយរាប់ចាប់ពីមធ្យោបាយរុករកវា ដឹកជញ្ជូន ចម្រាញ់ ក៏ដូចជារបៀបប្រើប្រាស់វានៅពេលចម្រាញ់រួច។

ប្រជាជនដែលរស់នៅតំបន់សម្បូរប្រេង សង្ឃឹមថាប្រេងនឹងផ្តល់ទ្រព្យសម្បត្តិដល់ពួកគេ។ ប៉ុន្តែក្នុងករណីជាច្រើន ទ្រព្យសម្បត្តិបានធ្លាក់ទៅលើក្រុមហ៊ុនប្រេងទៅវិញទេ ថែមទាំងបន្សល់ឲ្យប្រជាជនក្នុងសហគមន៍នូវភាពក្រីក្រ ការបំពុល ជំងឺ និងអំពើហឹង្សា ដែលហាក់ដូចជាកើតមានជានិច្ចនៅទីណាដែលបានរកឃើញប្រេង។ ដោយសារសេដ្ឋកិច្ចពិភពលោក ពឹងផ្អែកលើប្រេង ដូច្នេះឧស្សាហកម្មប្រេងមានឥទ្ធិពលលើរដ្ឋាភិបាលនិងគោលការណ៍អន្តរជាតិនានា។ ជាញឹកញាប់វាធ្វើឲ្យប្រជាជនក្រីក្រនៅក្នុងសហគមន៍សម្បូរប្រេង តស៊ូការពារខ្លួននិងដីរបស់ខ្លួន, ហើយប្រជាជននៅក្នុងសហគមន៍អ្នកមានឬកំពុងអភិវឌ្ឍ តស៊ូនឹងការបំពុលខ្យល់។

ប្រេង ធ្យូងថ្ម និងឧស្ម័នធម្មជាតិ គឺជាឥន្ធនៈហ្វូស៊ីល។ វាត្រូវបានបង្កើតចេញពីសាកសពរុក្ខជាតិនិងសត្វនានាដែលបានស្លាប់រាប់លានឆ្នាំមកហើយ ហើយបរិមាណរបស់វាមានកំណត់។ កាលពី១០០ឆ្នាំមុន ប្រេងបានក្លាយទៅជាប្រភពថាមពលដ៏ចម្បងសម្រាប់ប្រទេសស្ទើរតែទាំងអស់។ បច្ចុប្បន្ន ធនធានប្រេងក្នុងពិភពលោកយ៉ាងច្រើនត្រូវបានប្រើប្រាស់អស់។ ការដុតប្រេងឬឥន្ធនៈហ្វូស៊ីលដទៃទៀតច្រើនពេក បានបណ្តាលឲ្យមានការឡើងកម្តៅផែនដី ជាបញ្ហាបរិស្ថានដ៏ធំបំផុតមួយដែលពិភពលោកកំពុងប្រឈមសព្វថ្ងៃ។ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជននៅទូទាំងពិភពលោកកំពុងក្រើនរំឮកឲ្យបញ្ឈប់សេដ្ឋកិច្ចប្រេង រួចចាប់ផ្តើមអភិវឌ្ឍថាមពលទម្រង់ផ្សេងៗទៀតដែលស្អាតនិងមានស្ថិរភាពប្រសើរជាងនេះ)។