Hesperian Health Guides

ប្រេង និងសុខភាពសហគមន៍

នៅក្នុងជំពូកនេ:

នៅទីកន្លែងដែលបានរកឃើញប្រេង សេដ្ឋកិច្ចអភិវឌ្ឍយ៉ាងឆាប់រហ័ស ប៉ុន្តែវាជាសេដ្ឋកិច្ចនៃភាពវេទនា។ ការសាងសង់ជំរុំបណ្តោះអាសន្នមិនបានល្អ បង្កឲ្យមានបញ្ហាសង្គមជាច្រើន ដូចជាការជម្លៀសដោយបង្ខំ ភាពញៀនស្រា ជំងឺកាមរោគ និងមេរោគអេដស៍/ជំងឺអេដស៍។ ក្រុមហ៊ុនប្រេងនិងរដ្ឋាភិបាល តែងតែលាងសម្អាតដៃរបស់ខ្លួន ចេញពីសហគមន៍ទាំងឡាយដែលរងការខូចខាតបំផុតដោយសារការអភិវឌ្ឍប្រេង។ ពួកគេច្រើនតែទុកឲ្យសហគមន៍ទាំងនេះស្វែងយល់ពីទំហំនិងប្រភេទនៃគ្រោះថ្នាក់នានាដែលចេញពីការអភិវឌ្ឍប្រេង និងស្វែងរកមធ្យោបាយកែប្រែសុខភាពសហគមន៍របស់ខ្លួនឡើងវិញដោយខ្លួនឯង។

ឧស្ម័នធម្មជាតិក៏បង្កបញ្ហាសុខភាពដែរ

ការដុតឧស្ម័នធម្មជាតិ បញ្ចេញកាបូនឌីអុកស៊ីតតិច(ជាមូលហេតុមួយនៃការឡើងកម្តៅផែនដី) និងសារធាតុពុលដទៃទៀតតិចជាងការដុតប្រេង។ ប៉ុន្តែការខួងយកឧស្ម័នធម្មជាតិ គឺស្រដៀងគ្នានឹងការខួងយកប្រេងដែរ ហើយវានាំឲ្យមានបញ្ហាសង្គមជាច្រើនដូចគ្នា។ អ្វីៗស្ទើរតែទាំងអស់ដែលជាការពិតទាក់ទងនឹងប្រេងនៅក្នុងជំពូកនេះ ក៏ជាការពិតដែលទាក់ទងនឹងឧស្ម័នធម្មជាតិដែរ។

សហគមន៍ដែលរងការប៉ះពាល់ពីប្រេង រៀបចំការសិក្សាផ្នែកសុខភាពមួយ

A woman speaks.
យើងរស់នៅក្នុងតំបន់ដែលសម្បូរប្រេង។ ប៉ុន្តែនៅទីនេះគ្មាននរណាម្នាក់ជាអ្នកមានទេ។

នៅឆ្នាំ១៩៩២ អ្នកលើកកម្ពស់សុខភាពមួយក្រុមនៅក្នុងព្រៃអាម៉ាហ្សូនក្នុងប្រទេសអេក្វាឌ័រ បានធ្វើការសិក្សាអំពីរបៀបដែលការខួងយកប្រេង ប៉ះពាល់ដល់សហគមន៍នានាក្នុងតំបន់។ ពួកគេដឹងថាក្រុមហ៊ុនប្រេងកំពុងបំផ្លាញដីរបស់ខ្លួន ប៉ុន្តែពួកគេយល់ដឹងតិចតួចអំពីការប៉ះពាល់នៃប្រេងមកលើសុខភាពប្រជាជន។ ដូច្នេះពួកអ្នកលើកកម្ពស់សុខភាព បានចាប់ផ្តើមប្រមូលព័ត៌មាននៅក្នុងក្រុងនិងភូមិនានា។

ការសិក្សាផ្នែកសុខភាពមួយនេះ បានចំណាយពេលវេលានិងកម្លាំងយ៉ាងច្រើន។ នៅពេលចាប់ផ្តើម អ្នកលើកកម្ពស់សុខភាពមិនបានដឹងថាពួកគេនឹងដឹងពីអ្វីខ្លះទេ។ ពួកគេនិយាយប្រាប់រឿងរ៉ាវរបស់ខ្លួនទាំងឡាយដែលមានដាក់បញ្ចូលនៅក្នុងជំពូកនេះទាំងមូល។

A woman speaks.
នៅឆ្នាំ១៤៩២ ពួកជនជាតិអឺរុបបានមកដល់ទីនេះ...

រាប់ពាន់ឆ្នាំមកហើយ ភូមិភាគនេះគឺជាផ្ទះរបស់ពួកជនជាតិដើម។ នៅក្នុងផ្នែករបស់យើងនៃព្រៃអាម៉ាហ្សូននេះ មានជនជាតិផ្សេងៗជាច្រើនដូចជា ៖ Shuar-Achuar, Runa, Quichua, Huaorani, Siona-Secoya, និង Cofan។ វប្បធម៌នីមួយៗ មានភាសានិងសិល្បៈផ្ទាល់ខ្លួន និងចក្ខុវិស័យនៃសេចក្តីពិតរបស់ខ្លួន។ មុនសម័យទំនើប ពួកកុលសម្ព័ន្ធអស់ទាំងនេះរស់នៅដោយសុខដុមជាមួយនឹងធម្មជាតិ។ បន្ទាប់មកភាពសុខដុមនេះក៏បានបែកបាក់។ ប្រសិនបើយើងចង់ដឹងថាតើមានអ្វីកើតឡើងចំពោះយើង យើងត្រូវតែក្រឡេកទៅមើលប្រវត្តិសាស្ត្ររបស់យើង។


នោះគឺជាពេលដែលចាប់ផ្តើមបាត់បង់តុល្យភាពរវាងបុព្វបុរសរបស់យើង និងធម្មជាតិ។ ដំបូង ជនជាតិអេស្ប៉ាញបានរុករកមាសនិងប្រាក់នៅក្នុងដីរបស់យើង។ បុព្វបុរសរបស់យើងត្រូវបានបង្ខំឲ្យធ្វើជាទាសករ ដោយធ្វើការជីកមាសនិងប្រាក់ចេញពីដីរបស់យើង។ បន្ទាប់មកជនជាតិអង់គ្លេសក៏មកដល់។ ពួកគេមិនចង់បានមាសទេ ប៉ុន្តែចង់បានកៅស៊ូ។ ពួកគេបានយកពួកយើងធ្វើជាទាសករដើម្បីប្រមូលកៅស៊ូពីដីរបស់យើង។ បន្ទាប់ពីនេះ ក្រុមហ៊ុនប្រេងក៏មកដល់។ ពួកគេក៏ធ្វើដូចគ្នា។


យើងដឹងថាក្រុមហ៊ុនប្រេងកំពុងបំផ្លាញសុខភាពរបស់យើង។ ហេតុដូច្នេះហើយ ទើបអ្នកលើកកម្ពស់សុខភាពសម្រេចចិត្តធ្វើការសិក្សាលើការបំពុលនេះ និងអំពីរបៀបដែលវាប៉ះពាល់ដល់យើង។ យើងចង់ធ្វើការរួមគ្នាដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច នយោបាយ និងវប្បធម៌។

A sailing ship labelled 1492 next to a modern tanker.

អ្នកលើកកម្ពស់សុខភាពបានស្វែងយល់ថា ប្រជាជននៅក្នុងសហគមន៍ដែលបានបំពុលដោយប្រេង មានជំងឺច្រើនជាងប្រជាជននៅក្នុងសហគមន៍ដែលមិនបានបំពុល។ ស្ត្រីនៅក្នុងសហគមន៍ទាំងនោះមានការរលូតកូនជាច្រើនករណី។ កុមាររងគ្រោះដោយសារកង្វះអាហារូបត្ថម្ភ និងច្រើនតែស្លាប់នៅអាយុក្មេង។ ប្រជាជនជាច្រើនមានជំងឺស្បែកដែលមិនព្រមជាសះស្បើយឡើយ។ (ដើម្បីរៀនបន្ថែមអំពីបញ្ហាសុខភាពបណ្តាលមកពីប្រេង)។

A woman speaks.
នេះគ្រាន់តែជាបញ្ហាខ្លះៗដែលពួកគេបានស្វែងយល់ប៉ុណ្ណោះ។ បន្ទាប់ពីការសិក្សារបស់ខ្លួន ពួកគេបានបោះពុម្ពសៀវភៅដែលមានចំណងជើងថា “វប្បធម៌លិចលង់ក្នុងប្រេង។


ក្រុមរបស់យើងមានគ្នា៦នាក់ ៖ អ្នកលើកកម្ពស់សុខភាព៣នាក់(២នាក់ធ្វើការក្នុងសហគមន៍នានា, ម្នាក់ទៀតធ្វើការក្នុងមន្ទីរពិសោធន៍សុខភាព) និងអ្នកបច្ចេកទេសផ្នែកសុខភាព៣នាក់(វេជ្ជបណ្ឌិត, អ្នកជីវគីមី, និងអ្នកបច្ចេកទេសវេជ្ជសាស្ត្រ)។

ការសិក្សាផ្នែកសុខភាព នាំឲ្យមានសកម្មភាពសហគមន៍

ការងាររបស់អ្នកលើកកម្ពស់សុខភាព បានបង្ហាញប្រជាជនថា បញ្ហាសុខភាពជាច្រើនរបស់ពួកគេ គឺត្រូវបានបង្កឡើងដោយការបំពុលពីប្រេង។ សារធាតុគីមីបុលពីប្រេង ត្រូវបានរកឃើញនៅក្នុងទឹកនិងដី និងនៅក្នុងឈាម ទឹកនោម និងលាមកប្រជាជន។ ការដឹងពីចំណុចទាំងនេះ ជួយឲ្យពួកគេធ្វើការងារឆ្ពោះទៅរកដំណោះស្រាយមួយ។ ពួកគេបានស្វែងយល់ថា ដរាបណាការបំពុលនៅតែបន្តកើតមាន នោះពួកគេពិតជាពិបាកនឹងទទួលបានទឹកសុវត្ថិភាព អាហារសុខភាព ឬខ្យល់ស្អាត។

A woman passes papers to 3 other people.
អ្នកលើកកម្ពស់សុខភាព និងប្រជាជនផ្សេងៗទៀតនៅក្នុងសហគមន៍ បានដឹងថាការសិក្សារបស់ខ្លួន គ្រាន់តែជាការចាប់ផ្តើមនៃការតស៊ូដើម្បីសុខភាពនិងយុត្តិធម៌ប៉ុណ្ណោះ។

ក្រុមមួយដែលហៅខ្លួនឯងថា គណៈកម្មាធិការនៃប្រជាជនដែលរងការប៉ះពាល់ ត្រូវបានបង្កើតឡើង ដើម្បីសរសេរលិខិតទៅរដ្ឋាភិបាល ស្នើសុំអន្តរាគមន៍។ ហើយការប្រមូលផ្តុំរបស់អ្នកលើកកម្ពស់សុខភាព នៅតែបន្តគាំទ្រសុខភាពប្រជាជន និងបង្ហាញពីរបៀបដែលបញ្ហាសុខភាពរបស់ពួកគេត្រូវបានបង្កឡើងដោយប្រេង។

អង្គការមួយទៀតដែលមានឈ្មោះថា រណសិរ្សការពារព្រៃអាម៉ាហ្សូន បានចាប់ផ្តើមបណ្តឹងផ្លូវច្បាប់លើក្រុមហ៊ុនប្រេងចំពោះការបំផ្លាញដែលគេបានបង្កឡើង។ ផ្នែកដ៏ធំនៃព្រៃទឹកភ្លៀង ត្រូវបានបំផ្លាញ ហើយច្បាប់បរិស្ថានដែលតម្រូវឲ្យជួសជុលការខូចខាត ក៏ត្រូវបានព្រងើយកន្តើយ។ ក្រុមហ៊ុនប្រេងដែលគ្រប់គ្រងដោយបរទេស គ្រាន់តែយកផលប្រយោជន៍របស់ខ្លួនបាន រួចក៏ចាកចេញទៅ។

ការសិក្សានិងបណ្តឹងផ្លូវច្បាប់របស់សហគមន៍ បានលើកទឹកចិត្តអង្គការដទៃទៀតឲ្យចូលរួមក្នុងការតស៊ូដើម្បីជួយសង្គ្រោះព្រៃទឹកភ្លៀង និងប្រជាជននៅទីនោះ។ សកលវិទ្យាល័យនិងសាលាមួយចំនួនក្នុងប្រទេសអេក្វាឌ័រ អង់គ្លេស និងសហរដ្ឋអាមេរិក បានធ្វើការសិក្សាបន្ថែមទៀតដើម្បីគាំទ្រដល់បណ្តឹងផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុនប្រេង និងដើម្បីបង្ហាញថាប្រេងបង្កបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរ។ ការសិក្សាទាំងនេះក៏បានជួយអ្នកនិពន្ធសៀវភៅឲ្យស្វែងយល់អំពីផលប៉ះពាល់នៃប្រេងមកលើសុខភាពមនុស្ស។

ប៉ុន្តែការងារសំខាន់ៗត្រូវបានធ្វើដោយអ្នកលើកកម្ពស់សុខភាពរួចហើយ។ តាមរយៈការរៀនធ្វើការសិក្សាដោយខ្លួនឯងអំពីផលប៉ះពាល់នៃប្រេង ពួកគេបានធ្វើការលើបញ្ហាសកលដ៏សំខាន់មួយ។ តាមរយៈការបង្ហាញថាសុខភាពរបស់ប្រជាជនបានរងការប៉ះពាល់ពីការបំផ្លាញព្រៃទឹកភ្លៀងដោយសារសាជីវកម្មប្រេងពហុជាតិ ពួកគេបានផ្សព្វផ្សាយពីបញ្ហាក្នុងស្រុកទៅឲ្យអន្តរជាតិដឹងឮ។ ពួកគេបានផ្តល់កម្លាំងដល់យើងនៅពេលយើងសរសេរសៀវភៅនេះ។