Hesperian Health Guides
គ្រប់ផ្នែកទាំងអស់នៃផលិតកម្មប្រេងសុទ្ធតែមានគ្រោះថ្នាក់
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ២២. ប្រេង ជំងឺ និងសិទ្ធិមនុស្ស > គ្រប់ផ្នែកទាំងអស់នៃផលិតកម្មប្រេងសុទ្ធតែមានគ្រោះថ្នាក់
មាតិកា
ការរុករកប្រេង
នៅពេលក្រុមហ៊ុនចាប់ផ្តើមស្វែងរកប្រេង ពួកគេកាប់រំលំដើមឈើ និងបំផ្លាញផ្ទះសម្បែងប្រជាជន។ ពួកគេសង់ផ្លូវ និងរាំងខ្ទប់ខ្សែទឹកនិងទន្លេ។ ការស្វែងរកប្រេងភាគច្រើនតម្រូវឲ្យធ្វើការបំផ្ទុះជាច្រើនលើកដើម្បីឲ្យដឹងថាមានអ្វីនៅក្នុងដី។សកម្មភាពនេះហៅថា ការធ្វើតេស្ត៍ដោយការរញ្ជួយ។ ការធ្វើតេស្ត៍ដោយការរញ្ជួយ បំផ្លាញផ្ទះសម្បែង សត្វព្រៃ និងដី។
មុននឹងក្រុមហ៊ុនចាប់ផ្តើមស្វែងរកប្រេង ក្រុមនានាក្នុងសហគមន៍អាចទៅជួបមន្ត្រីរដ្ឋាភិបាលដើម្បីព្យាយាមបញ្ឈប់ការទន្ទ្រានដីធ្លីរបស់ខ្លួន, ទៅរៀនសូត្រពីអង្គការផ្សេងៗដែលមានបទពិសោធន៍ និងសហគមន៍ដែលរងការប៉ះពាល់ពីប្រេង, និងអប់រំមនុស្សគ្រប់គ្នាអំពីការគំរាមកំហែងចំពោះសុខភាពសហគមន៍។ ក្រុមហ៊ុនប្រេងត្រូវតែរៀបចំឯកសារនៃការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន(EIA)។ ប្រសិនបើឯកសារEIA បង្ហាញថាគម្រោងនេះនឹងមានបំផ្លាញ សហគមន៍អាចទាមទារឲ្យក្រុមហ៊ុនបញ្ឈប់សកម្មភាព។ នៅក្នុងឯកសារEIA ក្រុមហ៊ុនប្រេងត្រូវតែដាក់បញ្ចូលនូវផែនការបោះចោលកាកសំណល់, ផែនការការពារទឹកក្នុងដីនិងលើដី, និងផែនការជូនដំណឹងនិងជម្លៀសប្រជាជនក្នុងសហគមន៍ជិតខាង ក្នុងករណីមានឧប្បត្តិហេតុអ្វីមួយ។
ការខួងយកប្រេង
អណ្តូងប្រេងត្រូវបានខួង ដើម្បីទាញយកប្រេងចេញពីក្រោមដី។ ការខួងយកប្រេង អាចបណ្តាលឲ្យមានឆាបឆេះភ្លើង ការផ្ទុះ និងឧប្បត្តិហេតុផ្សេងៗទៀតដែលបង្កគ្រោះថ្នាក់ដល់កម្មករនិងសហគមន៍។ នៅពេលប្រេងកំពប់ វាបំពុលដល់ទឹកក្រោមដីនិងផ្លូវទឹក, បង្កគ្រោះថ្នាក់ដល់រុក្ខជាតិនិងសត្វ, និងបំផ្លាញធនធាននានាសម្រាប់ការបរបាញ់ ការរកត្រី និងការធ្វើកសិកម្ម។
សហគមន៍អាចប្រើប្រាស់ម៉ាស៊ីនកាមេរា វីដេអូ ការផ្សាយតាមវិទ្យុ របាយការណ៍ជាអក្សរ និងសូម្បីតែរូបគំនូររបស់កុមារ ធ្វើជាឯកសារសម្រាប់បញ្ជាក់ពីគ្រោះថ្នាក់ពីការខួងយកប្រេង។ ឯកសារនេះអាចត្រូវបានប្រើប្រាស់ជាភស្តុតាង នៅពេលសហគមន៍ធ្វើការទាមទារឲ្យបញ្ឈប់ការខួងប្រេង និងការបំផ្លាញបរិស្ថាន, ឲ្យអនុវត្តនូវស្តង់ដារនៃការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន, ឬឲ្យចាត់វិធានផ្លូវច្បាប់ចំពោះក្រុមហ៊ុនប្រេង។
ការបំបែក
ប្រេងដែលខួងចេញពីដី មានលាយជាមួយឧស្ម័ន លោហៈធ្ងន់ និងទឹកពុល។ ប្រេងត្រូវតែបានបំបែកចេញពីសារធាតុទាំងនេះ។
ជាញឹកញាប់ ការចាក់ចោលទឹកពុល គឺជាមូលហេតុធំបំផុតនៃការបំពុល។ ច្បាប់ខួងប្រេងនៅក្នុងប្រទេសអ្នកមាន តម្រូវឲ្យចាក់ទឹកពុលនេះទៅក្រោមដីវិញ គឺមិនត្រូវចាក់ចោលលើដី។ ការអនុវត្តបែបនេះ គួរធ្វើឡើងនៅគ្រប់ទីកន្លែង។
កាកសំណល់ដទៃទៀតត្រូវបានបំបែកចេញពីប្រេង និងចាក់ទៅក្នុងត្រពាំងដែលមានការគ្រប់គ្រង។ ជាញឹកញាប់ ក្រុមហ៊ុនប្រេងគ្មានធ្វើអ្វីក្រៅពីជីកត្រពាំងមួយ រួចចាក់ចូលនូវប្រេងឆៅ កាកសំណល់ពីការខួង ទឹកពុល និងកាកសំណល់ដទៃទៀត។ ត្រពាំងទាំងនេះច្រើនតែជ្រាបទៅក្នុងដីឬពេញហៀរ ធ្វើឲ្យកខ្វក់ដល់ទឹកក្រោមដី និងលើដី។
គួររៀបទ្រនាប់ស៊ីម៉ង់ត៍ក្នុងត្រពាំងទាំងនេះ។ មុននឹងដំណើរការប្រេងបញ្ចប់ ពួកគេត្រូវតែតាមដានត្រពាំងនេះមិនឲ្យជ្រាប កំពប់ និងត្រូវសម្អាតវាឲ្យរួចរាល់។
អណ្តាតភ្លើងឧស្ម័ន
ឧស្ម័នដែលជាប់មកជាមួយប្រេង ត្រូវបានបំបែកចេញដោយការដុតវាចោល។ អណ្តាតភ្លើងឧស្ម័ន ធ្វើឲ្យកម្មករ សហគមន៍ និងសត្វព្រៃ មានការប្រឈមនឹងការបំពុលដែលបណ្តាលឲ្យមានជំងឺមហារីក ជំងឺស្បែក ជំងឺហឺត រលាកទងសួត និងបញ្ហាសុខភាពផ្សេងទៀត។ អណ្តាតភ្លើងឧស្ម័នធ្វើឲ្យកខ្វក់ដល់ពពក, បណ្តាលឲ្យមាន “ភ្លៀងខ្មៅ” ដែលបំពុលដល់ប្រភពទឹក។
ការដឹកជញ្ជូន និងការស្តុកទុក
ជាញឹកញាប់ ប្រេងបានកំពប់ក្នុងពេលដឹកជញ្ជូនតាមរយៈបំពង់បង្ហូរប្រេង រថយន្ត និងកប៉ាល់។ ប្រេងក៏អាចធ្លាយចេញពីអាងស្តុកដែរ។ ការកំពប់ប្រេងអាចបង្កការខូចខាតជាច្រើនឆ្នាំ ដល់ដី ទឹកក្រោមដី សត្វ និងមនុស្ស។ ក្រុមហ៊ុនប្រេងគួរជូនដំណឹងដល់សហគមន៍នានានៅពេលកំពប់ប្រេង, គ្រប់គ្រងការកំពប់, និងសម្អាតវាភ្លាម។ (ដើម្បីកាត់បន្ថយគ្រោះថ្នាក់ពីការកំពប់ប្រេង និងដើម្បីស្វែងយល់បន្ថែមអំពីការសម្អាតសូមមើលប្រេងកំពប់ ។ )
ការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន គួរដាក់បញ្ចូលនូវផែនការសម្រាប់ការសាងសង់និងប្រើប្រាស់បំពង់បង្ហូរប្រេង។ អ្នកអាចបង្កើនការគាំទ្រក្នុងភូមិភាគ តាមរយៈការរៀបចំសកម្មភាពក្នុងសហគមន៍ទាំងឡាយដែលស្ថិតនៅតាមបណ្តោយបំពង់បង្ហូរ ឲ្យប្រឆាំងនឹងការអនុវត្តគ្មានសុវត្ថិភាពរបស់ក្រុមហ៊ុនប្រេង។
ការស្លប្រេង
រោងចក្រស្លប្រេងគឺជាកន្លែងដែលប្រេងត្រូវបានផលិតទៅជាផលិតផលផ្សេងៗដូចជា សាំង ម៉ាស៊ូតនិងឥន្ធនៈកម្តៅ កៅស៊ូក្រាលថ្នល់ ប្រេងរំអិល និងប្លាស្ទិក។ រោងចក្រស្លប្រេង បញ្ចេញកាកសំណល់ពុលទៅក្នុងទឹក ដី និងខ្យល់។ ការបំពុលពីរោងចក្រស្លប្រេង អាចបណ្តាលឲ្យកើតជំងឺហឺត រលាកទងសួត មហារីក បញ្ហាបន្តពូជ និងការលូតលាស់ខួរក្បាលនិងប្រព័ន្ធសរសៃប្រសាទមិនប្រក្រតីចំពោះកុមារ។ ការបំពុលនេះក៏រួមចំណែកក្នុងការឡើងកម្តៅផែនដីផងដែរ។ (សម្រាប់ព័ត៌មានបន្ថែមអំពីការបង្ការនិងកាត់បន្ថយគ្រោះថ្នាក់ពីរោងចក្រស្លប្រេង សូមមើលការបំពុលខ្យល់ និងការធ្វើឲ្យរោងចក្រស្លប្រេងមានសុវត្ថិភាព)។
ការដុតប្រេងធ្វើជាឥន្ធនៈ
ការដុតប្រេងនិងឧស្ម័ននៅក្នុងរោងចក្រនិងយានយន្ត បង្កើតជាការបំពុលខ្យល់ក្នុងទម្រង់ផ្សេងៗគ្នា។ ឧស្ម័នមួយដែលត្រូវបានបង្កើតឡើង គឺកាបូនឌីអុកស៊ីត ដែលចាប់ស្ទាក់កម្តៅឲ្យនៅក្នុងខ្យល់។ នេះគឺជាមូលហេតុចម្បងមួយនៃការឡើងកម្តៅផែនដីដែលបណ្តាលឲ្យមានមហន្តរាយនានាដូចជា ទឹកជំនន់ ព្យុះ ភាពរាំងស្ងួត និងការឡើងកម្ពស់ទឹកសមុទ្រ។ វាក៏ប៉ះពាល់ដំណាំ សត្វ និងសត្វល្អិតផងដែរ ដែលអនុញ្ញាតឲ្យជំងឺផ្សេងៗ ដូចជាគ្រុនចាញ់ ឆ្លងរាលដាលទៅតំបន់ថ្មី។ នៅស្ថានីយសាំង និងក្នុងទីក្រុងកុះករ ប្រជាជនមានការប្រឈមនឹងចំហាយពុលដែលអាចបណ្តាលឲ្យមានជំងឺមហារីក និងជំងឺផ្សេងទៀតជាច្រើន។