Hesperian Health Guides
កាកសំណល់ខ្លះមិនរលាយទេ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៨. កាកសំណល់រឹង ៖ ប្រែក្លាយការប្រឈមគ្រោះថ្នាក់នៃសុខភាព ទៅជាធនធាន > កាកសំណល់ខ្លះមិនរលាយទេ
នៅក្នុងជំពូកនេ:
- ១៨. កាកសំណល់រឹង ៖ ប្រែក្លាយការប្រឈមគ្រោះថ្នាក់នៃសុខភាព ទៅជាធនធាន
- កាកសំណល់ខ្លះមិនរលាយទេ
- ការគ្រប់គ្រងនិងការដាក់កាកសំណល់រួមគ្នាមិនបានល្អ
- ការសម្អាតសហគមន៍ និងការកែច្នៃធនធាន
- ការដើរមើលសំរាមនៅក្នុងសហគមន៍
- កម្មវិធីកាកសំណល់រឹង ក្នុងសហគមន៍
- ការបោះចោលសំរាមប្រកបដោយសុវត្ថិភាព
- រណ្តៅសំរាមអនាម័យ
- ការឆ្ពោះទៅរកកាកសំណល់កម្រិតសូន្យ
- កាកសំណល់ និងច្បាប់
កាកសំណល់គឺជាបញ្ហានៅស្ទើរគ្រប់ទីកន្លែង ព្រោះយើងបង្កើតវាយ៉ាងច្រើន។ មួយវិញទៀត ដូចយើងឃើញនៅជុំវិញខ្លួនស្រាប់ កាកសំណល់ដែលធ្វើពីប្លាស្ទិក កញ្ចក់ និងលោហៈ មិនរលាយទេ។
កាលពីមុន អាហារនិងទំនិញដទៃទៀតត្រូវបានវេចខ្ចប់ដោយសម្ភារៈធម្មជាតិឬដែលប្រើឡើងវិញបាន ដូចជាស្លឹកចេក ឬក្រដាសកាសែត។ ប្រដាប់ដាក់ទំនិញ និងវត្ថុមានប្រយោជន៍ដទៃទៀត ត្រូវបានធ្វើពីដីឥដ្ឋ ឈើ ឬសារធាតុដទៃទៀតដែលយកមកពីដីដោយផ្ទាល់។ នៅពេលបោះចោលវត្ថុទាំងនេះ វាមិនក្លាយជាសំរាមទេ ព្រោះវារលួយយ៉ាងឆាប់រហ័ស និងត្រឡប់ទៅជាដីវិញអស់។
បច្ចុប្បន្ន ដោយឧស្សាហកម្មទាំងឡាយប្រើប្រាស់សម្ភារៈ ដូចជាប្លាស្ទិក លោហៈ និងសារធាតុគីមី, ផលិតផលភាគច្រើនក្លាយទៅជាសំរាមនៅពេលយើងឈប់ប្រើវា។ វត្ថុទាំងអស់រាប់ចាប់ពីដប ធុងទឹក និងថង់ ទៅដល់រថយន្ត និងកុំព្យូទ័រ គឺត្រូវបានផលិតពីសម្ភារៈដែលមាំនិងស្រាល ប៉ុន្តែវាត្រូវការពេលវេលាយ៉ាងយូរទើបរលួយ។ ការវេចខ្ចប់របស់ផ្សេងៗនៅក្នុងកំប៉ុង ដប និងថង់ប្លាស្ទិក ធ្វើឲ្យងាយស្រួលដឹកជញ្ជូននិងលក់ ប៉ុន្តែវាក៏បង្កើតកាកសំណល់បន្ថែមទៀតដែរ។
វដ្តជីវិតនៃថង់ប្លាស្ទិក
មនុស្សធ្លាប់ប្រើប្រាស់កន្ត្រក និងថង់ក្រណាត់ ដើម្បីយួរទំនិញ។ បច្ចុប្បន្នយើងប្រើប្រាស់ថង់ប្លាស្ទិក ដែលធ្វើឲ្យវាក្លាយជាផលិតផលមួយដែលប្រើញឹកញាប់បំផុត។ ថង់ប្លាស្ទិកត្រូវបានផលិត និងបោះចោលក្នុងមួយឆ្នាំៗរាប់លានថង់។