Hesperian Health Guides
ការគ្រប់គ្រងនិងការដាក់កាកសំណល់រួមគ្នាមិនបានល្អ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៨. កាកសំណល់រឹង ៖ ប្រែក្លាយការប្រឈមគ្រោះថ្នាក់នៃសុខភាព ទៅជាធនធាន > ការគ្រប់គ្រងនិងការដាក់កាកសំណល់រួមគ្នាមិនបានល្អ
កាកសំណល់ខ្លះអាចត្រូវបានប្រើប្រាស់ឬកែច្នៃឡើងវិញបាន។ កាកសំណល់ប្រភេទខ្លះត្រូវការពេលវេលាយូរទើបរលួយ។ ប្រភេទខ្លះទៀត មិនរលួយឡើយ! |
នៅពេលកាកសំណល់បានចាក់ជាគំនរ ឬរាយប៉ាយក្នុងសហគមន៍របស់យើង វាមានសភាពអាក្រក់មើល មានក្លិនមិនល្អ និងមិនល្អសម្រាប់សុខភាព។ នៅពេលមិនបែងចែកប្រភេទកាកសំណល់ បរិមាណកាកសំណល់និងបញ្ហាដែលកើតឡើងដោយកាកសំណល់ គឺមានទំហំធំធេងជាងដែលការរៀបចំកាកសំណល់ទៅទៀត។ នៅពេលកាកសំណល់បង្កគ្រោះថ្នាក់ ដូចជាថ្មពិលចាស់ និងកាកសំណល់នៃការថែទាំសុខភាព ត្រូវបានដាក់រួមគ្នាជាមួយកាកសំណល់ដទៃ ដូចជាក្រដាស និងសំណល់អាហារ, នោះល្បាយកាកសំណល់នេះកាន់តែមានការពិបាកនិងមានគ្រោះថ្នាក់ក្នុងការដោះស្រាយ។
នៅពេលមិនបានបោះចោលត្រឹមត្រូវ កាកសំណល់បណ្តាលឲ្យមានបញ្ហាសុខភាពជាច្រើន។
- គំនរសំរាមនៅកណ្តាលវាល ផ្តល់កន្លែងបង្កកំណើតដល់សត្វកណ្តុរ រុយ មូស កន្លាត និងសត្វល្អិតដទៃទៀតដែលចម្លងជំងឺ ដូចជាជំងឺគ្រុនចាញ់ គ្រុនឈាម ជំងឺរលាកថ្លើម គ្រុនពោះវៀន និងជំងឺដទៃទៀត។
- រណ្តៅសំរាម និងគំនរសំរាម ចិញ្ចឹមមេរោគ។ មេរោគទាំងនេះអាចចម្លងទៅកុមារដែលលេងនៅទីនោះ និងអ្នករើសអេតចាយលើគំនរកាកសំណល់។ មេរោគនៅក្នុងសំរាម អាចបណ្តាលឲ្យមានបញ្ហាសុខភាពផ្សេងៗ ដូចជាជំងឺរាក និងអាសន្នរោគ, កមរមាស់, តេតាណូស, មេរោគផ្សិត, និងការបង្ករោគផ្សេងៗទៀតនៅលើស្បែកនិងភ្នែក។
- សំរាមធ្វើឲ្យស្ទះផ្លូវទឹកនិងលូបង្ហូរ ធ្វើឲ្យទឹកស្ទះ។ បែបនេះអាចបណ្តាលឲ្យមានទឹកនឹងដែលសត្វល្អិតអាចបង្កកំណើត និងធ្វើឲ្យជន់នៅពេលភ្លៀង។ នៅពេលលូបង្ហូរក្លាយជាជន់ ហើយក្នុងនោះមានលាមកមនុស្សឬសត្វ វាបណ្តាលឲ្យឆ្លងរោគដល់ប្រភពទឹកផឹកនិងដី។
- នៅពេលគំនរកាកសំណល់ធំៗដួលរលំ វានឹងបង្កគ្រោះថ្នាក់ដល់អ្នកដែលធ្វើការជាមួយកាកសំណល់ ឬអ្នករស់នៅក្បែរៗនោះ។
- សារធាតុគីមីពុលនៅក្នុងកាកសំណល់ ជ្រាបទៅក្នុងប្រភពទឹកនិងដី ធ្វើឲ្យពុលដល់មនុស្សជាច្រើនឆ្នាំ។ ជួនកាលគំនរកាកសំណល់ដែលមានសារធាតុពុល អាចផ្ទុះឬឆេះ។
- នៅពេលដុតប្លាស្ទិកនិងកាកសំណល់ពុលដទៃទៀតនៅទីវាល ឬនៅក្នុងឡដុត, សារធាតុគីមីត្រូវបានបញ្ចេញទៅក្នុងខ្យល់ ហើយផេះពុលធ្វើឲ្យកខ្វក់ដល់ដីនិងទឹក។ ក្នុងពេលភ្លាមៗ សារធាតុគីមីពុលទាំងនេះបណ្តាលឲ្យមានជំងឺទ្រូង ក្អក ចង្អោរ ក្អួត និងការបង្ករោគនៅភ្នែក។ ក្នុងពេលយូរអង្វែង វាបណ្តាលឲ្យមានជំងឺរ៉ាំរ៉ៃ ដូចជាមហារីក និងពិការភាពពីកំណើត។
ដើម្បីព្យាបាលបញ្ហាសុខភាពដែលបង្កឡើងដោយកាកសំណល់ សូមមើលសៀវភៅ ទីណាគ្មានវេជ្ជបណ្ឌិត ឬសៀវភៅថែទាំសុខភាពទូទៅដទៃទៀត។ ការពាក់ស្រោមដៃ ម៉ាស់ និងស្បែកជើងកវែងឬស្បែកជើងបិទជិត អាចបង្ការបញ្ហាសុខភាពជាច្រើនដែលបណ្តាលមកពីការធ្វើការងារជាមួយកាកសំណល់រឹង។ (សូមមើលការការពារក្នុងពេលធ្វើការជាមួយកាកសំណល់ និងឧបករណ៍និងសម្លៀកបំពាក់ការពារ។