Hesperian Health Guides

១៨. កាកសំណល់រឹង ៖ ប្រែក្លាយការប្រឈមគ្រោះថ្នាក់នៃសុខភាព ទៅជាធនធាន

វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៨. កាកសំណល់រឹង ៖ ប្រែក្លាយការប្រឈមគ្រោះថ្នាក់នៃសុខភាព ទៅជាធនធាន

នៅក្នុងជំពូកនេ:

People interact while using a resource recovery center.

កាកសំណល់គឺជាសំរាម។ កាកសំណល់រឹងមិនមែនតែងតែបណ្តាលឲ្យមានបញ្ហាសុខភាពទេ។ វាថែមទាំងអាចប្រែក្លាយជាប្រភពនៃប្រាក់ចំណូល និងប្រភពនៃធនធានផ្សេងៗសម្រាប់បង្កើតជាផលិតផលថ្មីៗទៀតផង។ ប៉ុន្តែនៅពេលប្រមូល ដាក់ដាច់ពីគ្នា ប្រើឡើងវិញ កែច្នៃឡើងវិញ ឬបោះចោល ដោយគ្មានសុវត្ថិភាព, កាកសំណល់រឹងអាចមានសភាពអាក្រក់និងមានក្លិនមិនល្អ និងបណ្តាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។

មនុស្សជាច្រើនបោះចោលសំរាម ដោយគិតថានរណាម្នាក់នឹងសម្អាតសំរាមនោះ។ ភាគច្រើនណាស់គឺប្រជាជនក្រីក្របំផុតត្រូវបានបង្ខំឲ្យរស់នៅជាមួយកាកសំណល់ដែលបង្កើតឡើងដោយមនុស្សដទៃទៀតក្នុងសង្គម។ ហើយជាធម្មតាគឺប្រជាជនក្រីក្រដដែល ដែលជាអ្នកធ្វើការងារប្រមូល បែងចែកប្រភេទ សម្អាត និងកែច្នៃកាកសំណល់ឲ្យទៅជាធនធានដែលអាចប្រើប្រាស់បាន(ការកែច្នៃធនធាន)។ ខណៈដែលមនុស្សគ្រប់គ្នាយល់ស្របថាវាជាការងារសំខាន់និងចាំបាច់ដើម្បីការពារសុខភាពនិងបរិស្ថានរបស់យើង យើងកម្រឃើញមានអ្នកធ្វើការងារទាំងនេះទទួលបានប្រាក់ពលកម្មល្អ ឬច្រើនតែទទួលការមើលងាយទៅវិញ។

ដើម្បីគ្រប់គ្រងកាកសំណល់ដោយមិនបង្កគ្រោះថ្នាក់ដល់មនុស្សឬបរិស្ថាន យើងចាំបាច់ត្រូវកាត់បន្ថយបរិមាណកាកសំណល់ និងប្រែក្លាយអ្វីៗតាមដែលអាច ឲ្យទៅជាសម្ភារៈនិងធនធានដែលមានប្រយោជន៍វិញ។ មនុស្សគ្រប់រូប ប៉ុន្តែពិសេសជាងគេគឺឧស្សាហកម្ម និងរដ្ឋាភិបាល ត្រូវតែទទួលខុសត្រូវលើកាកសំណល់ដែលខ្លួនបានបង្កើត និងលើការបង្ការកុំឲ្យមានកាកសំណល់តាំងពីទីដំបូង។

តើដូចម្តេចអ៊ីសេងទទួលបានសុខភាពល្អប្រសើរនិងការគោរព

រៀងរាល់ថ្ងៃ អ៊ីសេងធ្វើដំណើរជុំវិញទីក្រុងបានឌុង នៃប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រមូលសំរាម។ ដោយសារផ្ទះរបស់គាត់នៅឆ្ងាយពីសង្កាត់ដែលមានសំរាមល្អបំផុត គាត់បានចំណាយពេលស្ទើរតែទាំងអស់គ្រាន់តែដើរទៅដើរមកដោយមានលីបាវធំ។

រៀងរាល់យប់ អ៊ីសេងបែងចែកប្រភេទនៃសំរាមដើម្បីទុកលក់ឲ្យឈ្មួញនៅព្រឹកបន្ទាប់។ ឈ្មួញខ្លះទិញកញ្ចក់ ខ្លះទៀតទិញលោហៈ និងខ្លះទៀតទិញក្រដាស។ ប៉ុន្តែរបស់ដែលឈ្មួញមិនទិញ បានគរចោលជុំវិញផ្ទះរបស់អ៊ីសេង។ ទីធ្លាផ្ទះរបស់គាត់បានក្លាយជាកន្លែងចាក់សំរាមដែលគ្រោះថ្នាក់យ៉ាងរាយប៉ាយ ប៉ុន្តែគាត់គ្មានកន្លែងណាដើម្បីចោលសំរាមនេះទេ។ ជួនកាលគាត់ឆ្លងរោគរយៈពេលច្រើនខែ និងធ្វើឲ្យគាត់ពិបាកធ្វើការ។ គាត់ឧស្សាហ៍មានគ្រុនក្តៅខ្លាំង និងញាក់ដោយសារជំងឺគ្រុនចាញ់ ព្រោះសត្វមូសបន្តពូជនៅក្នុងសម្បកកង់ឡានក្នុងទីធ្លាផ្ទះរបស់គាត់។ ហើយទោះបីគាត់ធ្វើការយ៉ាងលំបាកក៏ដោយ ប៉ូលីសច្រើនតែរំខានគាត់នៅពេលឃើញគាត់បែងចែកប្រភេទសំរាមនៅមុខហាង ឬនៅលើផ្លូវ។

A man sorts through trash.

អ៊ីសេងនិងអ្នកប្រមូលកាកសំណល់ដទៃទៀតបានសម្រេចចិត្តរៀបចំមណ្ឌលមួយដើម្បីជួយពួកគេឲ្យលក់អ្វីដែលប្រមូលបាន, និងដើម្បីផ្តល់ផលប្រយោជន៍ដទៃទៀតតាមរយៈការចែករំលែកចំណេះដឹង ឧបករណ៍ និងព័ត៌មានផ្សេង។ ពួកគេបានទៅជួបជាមួយអង្គការក្នុងស្រុកមួយដែលធ្វើការដើម្បីបរិស្ថាននិងសិទ្ធិកម្មករ បន្ទាប់មកពួកគេនិងអង្គការមានគំនិតមួយ គឺការបង្កើតកម្មវិធីកែច្នៃធនធានមួយដែលមានលក្ខណៈពេញលេញជាងមុន។

បុគ្គលិកនៃអង្គការបរិស្ថានបានស្នើសុំអាជ្ញាធរក្រុងឲ្យជួយគាំទ្រកម្មវិធីកែច្នៃធនធានរបស់ខ្លួន និងឲ្យប៉ូលីសនិងម្ចាស់ហាងនានាផ្តល់តម្លៃឲ្យអ្នកប្រមូលកាកសំណល់ឲ្យបានប្រសើរជាងមុន។ អាជ្ញាធរក្រុងក៏បានយល់ព្រម ហើយមណ្ឌលមួយត្រូវបានបង្កើតឡើង ដែលអ៊ីសេងនិងអ្នកប្រមូលកាកសំណល់ដទៃទៀត អាចបែងចែកប្រភេទកាកសំណល់នៅទីនេះបាន។ អ្នកប្រមូលកាកសំណល់ម្នាក់ៗត្រូវបានផ្តល់ឲ្យនូវរទេះរុញមួយ ដើម្បីងាយស្រួលក្នុងការប្រមូលកាកសំណល់ និងដឹកជញ្ជូនទៅមណ្ឌលដើម្បីបែងចែកប្រភេទ ឬដឹកយកទៅយកឲ្យឈ្មួញតែម្តង។

មណ្ឌលកែច្នៃធនធាន ផ្តល់ជូននូវស្រោមដៃ និងស្បែកជើងកវែង ដើម្បីការពារកម្មករពីការមុតវត្ថុមុតស្រួច និងពីសំរាមឆ្លងរោគ។ នៅពេលបុគ្គលិកអង្គការបរិស្ថានដឹងថាអ៊ីសេងមានជំងឺគ្រុនចាញ់ ពួកគេបានជួយគាត់ឲ្យបានទទួលការថែទាំជំងឺនិងថ្នាំពេទ្យនៅគ្លីនិកមួយ។

អ៊ីសេងនៅតែធ្វើការប្រមូលកាកសំណល់យ៉ាងពិបាកដដែល ប៉ុន្តែសុខភាពរបស់គាត់បានប្រសើរឡើង ហើយផ្ទះរបស់គាត់លែងមានសភាពដូចកន្លែងចាក់សំរាមទៀតហើយ។ ប៉ូលិសនិងម្ចាស់ហាងនានា ផ្តល់ការគោរពដែលគួរតែទទួលបាន ដល់អ៊ីសេងនិងអ្នកប្រមូលកាកសំណល់ដទៃទៀត ចំពោះការជួយថែរក្សាសហគមន៍ឲ្យមានភាពស្អាត។ ហើយទីក្រុងនេះមានមោទនភាពយ៉ាងខ្លាំងចំពោះមណ្ឌលកែច្នៃធនធាន ព្រមទាំងអ្នកសម្អាតទីក្រុងទាំងឡាយ។