Hesperian Health Guides
ការបោះចោលសំរាមប្រកបដោយសុវត្ថិភាព
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៨. កាកសំណល់រឹង ៖ ប្រែក្លាយការប្រឈមគ្រោះថ្នាក់នៃសុខភាព ទៅជាធនធាន > ការបោះចោលសំរាមប្រកបដោយសុវត្ថិភាព
នៅកន្លែងដែលមិនអាចប្រើប្រាស់ក្រដាសឬក្រដាសឡាំងឡើវិញ មិនអាចកែច្នៃវា ឬមិនអាចយកវាធ្វើជីកំប៉ុសបាន អ្នកអាចកាត់ច្រៀកវាតូចៗ រួចដុតចម្អិននិងកម្តៅអាហារ។ ប៉ុន្តែការដុតប្លាស្ទិកឬកៅស៊ូតែបន្តិចបន្តួច ក៏បញ្ចេញសារធាតុគីមីពុលដែរ ដូចជាឌីអុកសាំង(dioxin) ហ្វុយរ៉ាន(furan) និងPCBs(Poly chlorinated biphenyls) ដែលបណ្តាលឲ្យមានបញ្ហាសុខភាពជាច្រើន (មើល បញ្ហានៃការដុតកាកសំណល់ និងជំពូក១៦:គ្រោះថ្នាក់បណ្តាលមកពី សារធាតុគីមីពុល)។
ចំពោះកាកសំណល់ដែលគ្មានវិធីរៀបចំវាទេ យើងអាចកប់វានៅក្នុងរណ្តៅតូចៗ ឬក្នុងរណ្តៅសំរាមអនាម័យ។ សម្រាប់រណ្តៅកប់សំរាមតូចៗ អ្នកអាចជីកដីនៅកន្លែងណាមួយដែលនៅឆ្ងាយពីប្រភពទឹក រួចយកកាកសំណល់ដាក់ក្នុងរណ្តៅ បន្ទាប់មកយកដីកប់វា។
នៅពេលកប់សំរាមដែលមានសារធាតុគីមីគ្រោះថ្នាក់ សារធាតុគីមីទាំងនេះអាចជ្រាបទៅក្នុងដី និងបំពុលទឹកផឹក។ ប្រសិនបើគ្មានវិធីសុវត្ថិភាពណាមួយដើម្បីបោះចោលសំរាមទេ (ឧទាហរណ៍ ដោយបញ្ជូនវាត្រឡប់ទៅរោងចក្រវិញ ឬបំបាត់ភាពពុលរបស់វា) ជាការល្អបំផុតគួរចោលវានៅក្នុងរណ្តៅសំរាមអនាម័យដែលមានទ្រនាប់នៅបាត។
កាកសំណល់ពុល
កាកសំណល់ពុលគឺកាកសំណល់ដែលមានសារធាតុគីមីដែលមានគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះសុខភាពយើង និងបរិស្ថាន។
វិធីល្អបំផុតក្នុងការបង្ការគ្រោះថ្នាក់ពីកាកសំណល់ពុល គឺត្រូវបញ្ឈប់ការផលិតរបស់វា។ រដ្ឋាភិបាលនានាគួរតែហាមឃាត់ផលិតផលពុល និងដំណើរផលិតវត្ថុទាំងនេះ។ សហគមន៍អាចលើកកម្ពស់ការប្រើប្រាស់វត្ថុជំនួសផលិតផលពុល ហើយសហជីពកម្មករអាចលើកកម្ពស់មធ្យោបាយជំនួសផ្សេងៗនៅក្នុងឧស្សាហកម្ម។ ការធ្វើឲ្យការប្រមូលឬមណ្ឌលសារធាតុពុល មានភាពងាយស្រួល អាចការពារវាមិនឲ្យបំពុលដី និងប្រព័ន្ធទឹកក្នុងសហគមន៍។
ដើម្បីស្វែងយល់បន្ថែមអំពីសារធាតុពុល សូមមើលជំពូក១៤:ថ្នាំសម្លាប់សត្វល្អិតគឺជាថ្នាំពុល,ជំពូក១៦:គ្រោះថ្នាក់បណ្តាលមកពី សារធាតុគីមីពុលនិង ជំពូក២០:ការបង្ការ និងការកាត់បន្ថយគ្រោះថ្នាក់ពីសារធាតុពុល)។
ការរៀបចំនិងការបោះចោលកាកសំណល់ពុលប្រកបដោយសុវត្ថិភាព
បំផ្លាញធុងសារធាតុពុលចោល ដើម្បីកុំឲ្យមាននរណាយកវាទៅប្រើប្រាស់ដាក់វត្ថុផ្សេងៗ ជាពិសេសអាហារឬទឹក។ |
ដោយសារការបោះចោលកាកសំណល់ពុលឲ្យមានសុវត្ថិភាព អាចជាការស្មុកស្មាញ និងចំណាយប្រាក់ច្រើន ល្អបំផុតបើរដ្ឋាភិបាលពង្រឹងគោលការណ៍សម្រាប់ការប្រើប្រាស់ រក្សាទុក និងបោះចោលសារធាតុពុល។ វាគួររួមបញ្ចូលការអប់រំ និងការបណ្តុះបណ្តាលសមាជិកសហគមន៍ អំពីការរៀបចំនិងបោះចោលកាកសំណល់ពុលឲ្យមានសុវត្ថិភាព។ ខាងក្រោមនេះគឺជាគោលការណ៍នៃការរៀបចំកាកសំណល់ពុលដែលងាយអនុវត្តបាន ៖
- រក្សាទុកផលិតផលពុលឲ្យនៅឆ្ងាយពីអាហារនិងទឹក និងឆ្ងាយផុតពីដៃកុមារ។
- ដាក់ផលិតផលពុលនៅក្នុងធុងដើមរបស់វា និងមិនត្រូវលុបស្លាកសញ្ញាឡើយ។ បែបនេះជួយបង្ការកុំឲ្យប្រើប្រាស់ធុងឡើងវិញសម្រាប់ដាក់ទឹកឬអាហារ។
- ដាក់កាកសំណល់ពុល ដាច់ដោយឡែកពីកាកសំណល់តាមផ្ទះ។
- កុំដុតកាកសំណល់ពុល! បែបនេះធ្វើឲ្យសារធាតុគីមីរាលដាលតាមរយៈផេះនិងផ្សែង ហើយជួនកាលវាបង្កើតជាសារធាតុគីមីទម្រង់មួយទៀតដែលកាន់តែគ្រោះថ្នាក់។
- កុំចាក់សារធាតុពុលចូលក្នុងបង្គន់ លូបង្ហូរ ប្រឡាយទឹក ក្នុងផ្លូវទឹក ឬលើដី។
ពិគ្រោះជាមួយអាជ្ញាធរ និងមណ្ឌលកែច្នៃធនធាន ដើម្បីស្វែងយល់ពីវិធីល្អបំផុតក្នុងការចោលកាកសំណល់ពុលនៅក្នុងតំបន់របស់អ្នក។
ការបោះចោលសារធាតុពុលទូទៅ
ផលិតផលទូទៅតាមផ្ទះទាំងនេះ បង្កើតជាកាកសំណល់ដ៏គ្រោះថ្នាក់ ប្រសិនបើវាមិនត្រូវបានរៀបចំដោយ ប្រុងប្រយ័ត្ន និងបោះចោលឲ្យមានសុវត្ថិភាពទេ។
ថ្នាំលាបនិងធុងថ្នាំលាប។ រក្សាទុកធុងថ្នាំបិទជិតនៅក្នុងកន្លែងត្រជាក់។ នៅពេលប្រើប្រាស់ថ្នាំអស់ភ្លាមត្រូវកិនធុងថ្នាំឲ្យសំប៉ែត ខ្ចប់វាក្នុងក្រដាសកាសែត ដាក់វាក្នុងថង់ប្លាស្ទិក រួចកប់វានៅក្នុងរណ្តៅសំរាមអនាម័យ។ ថ្នាំលាបធ្វើពីជ័រឈើ មិនសូវពុលដូចថ្នាំលាបដទៃទេ ប៉ុន្តែវាត្រូវការមធ្យោបាយបោះចោលដូចនឹងថ្នាំលាបដៃដែរ។
ថ្នាំរំលាយ(ទឹកថ្នាំសម្អាតខ្លាញ់, ប្រេងស្រល់, ប្រេងលាងថ្នាំលាប)។ រក្សាទុកថ្នាំរំលាយនៅក្នុងធុងបិទជិតនៅក្នុងកន្លែងត្រជាក់ ដើម្បីកុំឲ្យឆាបភ្លើង។ នៅពេលប្រើប្រាស់អស់ថ្នាំរំលាយភ្លាម ត្រូវចោះរន្ធលើធុងនោះ ដើម្បីកុំឲ្យមាននរណាយកវាទៅប្រើ។ កិនវាឲ្យសំប៉ែត ខ្ចប់វាក្នុងក្រដាសកាសែត ដាក់ក្នុងថង់ប្លាស្ទិក រួចដាក់វាក្នុងរណ្តៅសំរាមអនាម័យ ឬធុងបិទជិត។
ប្រេងម៉ាស៊ីនដែលប្រើរួច។ មិនត្រូវចាក់ប្រេងទៅលើដី ឬក្នុងផ្លូវទឹកឡើយ។ ដាក់វាក្នុងធុងបិទជិត។ ប្រេងដែលប្រើរួច ជួនកាលអាចកែច្នៃបានដោយស្ថានីយសេវាកម្មយានយន្ត។ ប្រេងដែលប្រើរួចក៏អាចយកលាបសសរឈើផ្ទះ ដើម្បីបង្ការកុំឲ្យរលួយក្នុងដី ហើយក៏អាចដុតនៅក្នុងចង្ក្រានខ្លះ។
ផលិតផលទូទៅទាំងនេះ មានគ្រោះថ្នាក់ និងបង្កើតជាកាកសំណល់គ្រោះថ្នាក់ ប្រសិនបើមិនបានរៀបចំដោយប្រុងប្រយ័ត្ន។ |
ថ្មពិល។ នៅកន្លែងខ្លះ គេអាចកែច្នៃថ្មពិលបាន។ ប៉ុន្តែការកែច្នៃថ្មពិលដោយដៃ គឺជាការងារដ៏គ្រោះថ្នាក់ និងមិនគួរធ្វើដោយគ្មានការបណ្តុះបណ្តាលត្រឹមត្រូវ និងឧបករណ៍ការពារខ្លួននោះទេ។
ថ្នាំសម្លាប់សត្វល្អិត។ ចោះធុងថ្នាំសម្លាប់សត្វល្អិត ឬបំផ្លាញវាចោល ដើម្បីកុំឲ្យវាប្រើបានទៀត។ កប់វានៅក្នុងរណ្តៅសំរាមអនាម័យ។ ដើម្បីស្វែងយល់អំពីវិធីប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតតិចតួចនៅក្នុងកសិកម្មឬក្នុងផ្ទះ ។
កាកសំណល់ចេញពីសកម្មភាពថែទាំសុខភាព ដូចជាបង់រុំរបួសប្រឡាក់ឈាម, ម្ជុលកខ្វក់ និងសម្ភារៈមុតស្រួចដទៃទៀត, ថ្នាំពេទ្យដែលបោះចោល ។ល។ ដើម្បីស្វែងយល់អំពីវិធីកាត់បន្ថយ រក្សាទុក និងរៀបចំឲ្យបានល្អបំផុតនូវកាកសំណល់នៃការថែទាំសុខភាព សូមមើលជំពូក១៩។