Hesperian Health Guides

ការដើរមើលសំរាមនៅក្នុងសហគមន៍

នៅក្នុងជំពូកនេ:

ការដើរសង្កេតមើលសំរាមក្នុងសហគមន៍ ផ្តល់ឱកាសមួយសម្រាប់ឲ្យប្រជាជនក្រឡេកមើលនិងពិភាក្សាអំពីបញ្ហាសំរាម។ ប្រជាជនអាចនិយាយពីការព្រួយបារម្ភរបស់ខ្លួនអំពីសំរាម និងពីក្តីសង្ឃឹមថានឹងមានសហគមន៍មួយដែលស្អាតជាងមុន និងមានសុខភាពល្អប្រសើរ។ ក្នុងពេលនិងក្រោយពេលដើរសង្កេតមើលសំរាម ក្រុមប្រជាជនអាចពិភាក្សាអំពីជំហានចាំបាច់ផ្សេងៗក្នុងការសម្អាតសហគមន៍ និងក្នុងការរៀបចំផែនការកែច្នៃធនធាន។


រៀបចំការដើរសង្កេតមើលសំរាម

  1. ១ . រៀបចំការដើរសង្កេតមើលសំរាម ដើម្បីធ្វើឲ្យការដើរសង្កេតមើលសំរាម មានប្រសិទ្ធភាពបំផុត មិនគួររួមបញ្ចូលតែប្រជាជននៅក្នុងសង្កាត់ប៉ុណ្ណោះទេ ប៉ុន្តែគួររួមតាំងអ្នកដែលធ្វើការជាមួយកាកសំណល់ និងអ្នកដែលមានអំណាចក្នុងការផ្លាស់ប្តូររបៀបប្រមូល ដឹកជញ្ជូន និងចាត់ចែងសំរាម។ រួមបញ្ចូលនូវ ៖
    • កម្មករនៅក្នុងឧស្សាហកម្មតូច។
    • ឈ្មួញកណ្តាល និងអ្នកដឹកជញ្ជូនកាកសំណល់។
    • អ្នកទិញដែលប្រមូលឬទិញកាកសំណល់ដោយផ្ទាល់តាមផ្ទះឬក្រុមហ៊ុន។
    • អ្នកប្រមូលកាកសំណល់ដែលកែច្នៃសម្ភារៈពីផ្លូវថ្នល់ឬកន្លែងចាក់កាកសំណល់។
    • មន្ត្រីរដ្ឋាភិបាលដែលអាចគាំទ្រការសម្អាតសហគមន៍។

  2. ២. រៀបចំការប្រជុំមុននឹងដើរសង្កេតមើលសំរាម គួរមានការប្រជុំជាមុនដើម្បីជជែកអំពីមូលហេតុនៃការដើរ, តើត្រូវសង្កេតមើលអ្វី, និងថាតើមនុស្សម្នាក់ៗសង្ឃឹមថានឹងសម្រេចបានអ្វីខ្លះដោយការដើរសង្កេតមើលសំរាមនេះ។ ការសំខាន់គឺគួរយល់អំពីអ្វីដែលជំរុញទឹកចិត្តមនុស្សម្នាក់។ មនុស្សខ្លះអាចចិញ្ចឹមជីវិតដោយការប្រមូលធនធានដែលអ្នកដទៃបោះចោល។ អ្នកខ្លះទៀតប្រហែលជាចង់កែលម្អសុខភាពនិងសោភ័ណភាពរបស់សហគមន៍។
  3. People talk as they gather outside a small store.
    កាលពី៣០ឆ្នាំមុន យើងដាំដុះអាហាររបស់យើងទាំងអស់។ ឥឡូវយើងទិញអាហារសឹងតែគ្រប់មុខពីហាង។
    ទំនិញទាំងអស់សុទ្ធតែវេចខ្ចប់ក្នុងថង់ប្លាស្ទិកដែលយើងបោះវាចោលតាមផ្លូវ។
    ឥឡូវនេះមានសំរាមគ្រប់ទីកន្លែង!
  4. ៣. រៀបចំផែនការនៃការដើររបស់អ្នក សម្រេចចិត្តថាត្រូវដើរទៅកន្លែងណាខ្លះ រួចរួមគ្នាធ្វើជាបញ្ជីមួយរៀបរាប់ពីរបស់ដែលត្រូវសង្កេតមើល ដូចជា ៖
    • សំរាមដែលធ្វើឲ្យស្ទះលូបង្ហូរ ផ្លូវទឹកដទៃទៀត និងផ្លូវថ្នល់។
    • លាមកមនុស្សនិងសត្វនៅតាមផ្លូវនិងផ្លូវទឹក។
    • កាកសំណល់ពុល។
    • សត្វដែលស៊ីនៅគំនសំរាម។
    សួរសមាជិកចាស់ៗក្នុងសហគមន៍ឲ្យពួកគាត់រៀបរាប់ពីស្ថានភាពកាលពី២០ឬ៣០ឆ្នាំមុន។ តើមានសំរាមច្រើនឬតិចជាងសព្វថ្ងៃ ឬមានសំរាមប្រភេទខុសៗគ្នា? តើពេលនោះប្រជាជនធ្វើដូចម្តេចខ្លះចំពោះសំរាមរបស់ខ្លួន? គិតពីចំណុចទាំងនេះក្នុងពេលកំពុងដើរ។

  5. ៤ . ដើរសង្កេតមើល! បំបែកគ្នាជាក្រុមតូចៗ ដើរតាមទីតាំងខុសៗគ្នានៅក្នុងសហគមន៍។ ដោយសារក្រុមខុសៗគ្នានឹងសង្កេតឃើញបញ្ហាខុសៗគ្នា នោះអ្នកអាចបង្កើតក្រុមដែលមានតែបុរសសុទ្ធឬមានតែស្ត្រី ឬបង្កើតក្រុមយុវវ័យឲ្យដើរបែកគ្នាពីក្រុមមនុស្សធំ។ ឬអ្នកអាចបង្កើតក្រុមចម្រុះតែម្តង។ សង្កេតមើលកន្លែងដាក់សំរាម និងរបៀបទូទៅនៃការបោះចោលសំរាម។ តើមានធុងសំរាមសាធារណៈឬទេ? តើប្រជាជនដុតសំរាមឬចាក់ចោលនៅកណ្តាលវាលដែរឬទេ? យកវាទៅចាក់ក្នុងរណ្តៅសំរាមឬឡដុត? តើមានការប្រមូលនិងប្រើប្រាស់ឬកែច្នៃឡើងវិញឬទេ ដូចជាដបធ្វើពីកែវ ឬក្រដាសកាសែត? ចុះកាកសំណល់តាមក្រុមហ៊ុនមានដូចម្តេចដែរ? ឲ្យមនុស្សម្នាក់នៅក្នុងក្រុម កត់ត្រាក្នុងបញ្ជីមួយឬគូររូបនូវបញ្ហាទាំងឡាយដែលបានមើលឃើញក្នុងពេលដើរ រួមទាំងប្រភេទនៃកាកសំណល់ដែលអ្នកបានឃើញផងដែរ។
  6. Health workers talk with 2 women on their doorstep, beside their buckets of trash.


  7. ៥. មើលកាកសំណល់នៅក្នុងផ្ទះប្រជាជន។ តើមានចំនួនប៉ុន្មាន និងមានប្រភេទអ្វីខ្លះ? ផ្នែកមួយនៃការដើរ គឺត្រូវទៅផ្ទះអ្នកស្ម័គ្រចិត្តមួយចំនួនដើម្បីពិនិត្យមើលថាតើមានកាកសំណល់និងធនធានប្រភេទអ្វីខ្លះ។ យកសំរាមមួយធុងពេញមកចាក់លើដី។ បែងចែកប្រភេទកាកសំណល់ជា៥គំនរ ៖
    • កាកសំណល់អាហារ និងកាកសំណល់សារធាតុសរីរាង្គដែលសើមដទៃទៀត
    • ប្លាស្ទិក
    • ក្រដាស
    • លោហៈ
    • កាកសំណល់ដទៃទៀត
    តើគំនរណាធំជាងគេ និងគំនរណាតូចជាងគេ? តើពួកគេធ្វើដូចម្តេចចំពោះកាកសំណល់ទាំងអស់នេះ ហើយតើមានអ្វីដែលអាចធ្វើបានជាជាងចោលវាទៅក្នុងធុងសំរាម? យកកាកសំណល់ខ្លះពីផ្ទះមួយចំនួន ទៅពិភាក្សាជាមួយក្រុមដែលមាននៅបន្ទាប់នេះ។ កុំភ្លេចដាក់សំរាមនៅសល់ទៅក្នុងធុងសំរាមវិញ!

  8. ៦. មកជួបជុំគ្នាឡើងវិញដើម្បីពិភាក្សាអំពីអ្វីដែលប្រជាជនបានសង្កេតឃើញ ពេលក្រោយមកទៀតនៅថ្ងៃដដែល(ឬនៅថ្ងៃបន្ទាប់) នាំក្រុមទាំងអស់មកជួបជុំគ្នាវិញដើម្បីពិភាក្សាពីអ្វីដែលពួកគេបានដឹង។ ឲ្យមនុស្សគ្រប់គ្នាចែករំលែកនូវអ្វីដែលខ្លួនបានឃើញក្នុងពេលដើរ។ ឲ្យមនុស្សម្នាក់ៗបង្ហាញពីចំណែកមួយនៃកាកសំណល់តាមផ្ទះ ហើយឲ្យគាត់និយាយថាតើគាត់សង្កេតឃើញប្រភេទកាកសំណល់ដូចគ្នានៅកន្លែងដទៃក្នុងសហគមន៍ឬទេ ដែលកាកសំណល់ប្រភេទនោះបង្កបញ្ហា ឬត្រូវបានប្រើប្រាស់ឬកែច្នៃឡើងវិញដែរឬទេ។ តើមាននរណាខ្លះមើលឃើញពីបញ្ហាសុខភាពដែលអាចកើតឡើងឬកំពុងតែកើតឡើងដោយសារការបោះចោលកាកសំណល់មិនបានល្អដែរឬទេ? តើវិធីនៃការបោះចោលកាកសំណល់បែបណាដែលជាគំនិតល្អដែលគ្រួសារខ្លះកំពុងអនុវត្ត?
  9. ៧. រាយមូលហេតុ និងផលប៉ះពាល់នៃបញ្ហា
    Women talk as they look at a chalkboard labelled "Trash Walk. Causes: no composting. Burning trash. Lots of bottles and cans. Problems: bad smells and smoke. Trash piles. Health effects: coughing. Children sicker with asthma. Polluted water.
    ចាប់ពីផ្សារទំនើបបើកមក ទំនិញទាំងអស់ដែលពួកគេលក់ សុទ្ធតែដាក់ក្នុងថង់ប្លាស្ទិក។ ថង់ប្លាស្ទិកនេះគួរតែដាក់ក្នុងជួរ"មូលហេតុ"។
    អ្នកសម្របសម្រួលអាចសរសេរពីបញ្ហាដែលប្រជាជនលើកឡើង នៅលើក្តារខៀនឬផ្ទាំងក្រដាសធំ។ ប្រាប់មនុស្សគ្រប់គ្នាឲ្យគិតអំពីបញ្ហាកាកសំណល់នៅក្នុងសហគមន៍ រួចសរសេរវានៅក្នុងជួរឈរបន្ទាប់ពីជួរ"បញ្ហា"។ បន្ទាប់មកសួរពួកគេថាតើបញ្ហានីមួយៗប៉ះពាល់ដល់សុខភាពសហគមន៍យ៉ាងដូចម្តេច។ សរសេរឬគូររូបអំពីផលប៉ះពាល់លើសុខភាពដទៃទៀតដែលទាក់ទងនឹងបញ្ហានីមួយៗ នៅក្នុងជួរឈរមួយទៀត។

  10. ៨. រៀបចំផែនការសម្រាប់ជំហានបន្ទាប់ ប្រាប់ក្រុមប្រជាជនឲ្យពិនិត្យមើលបញ្ហាឡើងវិញ រួចគិតអំពីសកម្មភាពផ្សេងៗដែលពួកគេអាចធ្វើ ដើម្បីដោះស្រាយបញ្ហាទាំងនោះ។ ជំហានបន្ទាប់អាចចាប់ផ្តើមពីវិធីកាត់បន្ថយផលប៉ះពាល់នៃបញ្ហាទាំងនោះមកលើសុខភាព ឬការព្យាយាមបំបាត់បញ្ហាទាំងស្រុង។ សួរសំណួរដូចជា ៖
    • តើផ្ទះនីមួយៗអាចកាត់បន្ថយបរិមាណសំរាមដោយរបៀបណា?
    • តើយើងអាចលើកកម្ពស់ការធ្វើជីកំប៉ុស និងការដាក់ប្រភេទកាកសំណល់ដាច់ពីគ្នា តាមវិធីណា?
    • តើយើងអាចបង្កើតក្រុមឬមុខជំនួញមួយនៅក្នុងសហគមន៍ដើម្បីធ្វើជាអ្នកប្រមូលនិងប្រើប្រាស់កាកសំណល់ឡើងវិញបានដែរឬទេ?
    • តើមានទីធ្លាសម្រាប់បង្កើតកន្លែងធ្វើជីកំប៉ុស ឬមណ្ឌលកែច្នៃធនធានឡើងវិញដែរឬទេ?
    • តើរោងចក្រកែច្នៃធនធានដែលនៅជិតបំផុត ស្ថិតនៅទីណា?
    • តើអាជ្ញាធរ អ្នកដឹកនាំសហគមន៍ រោងចក្រ និងក្រុមហ៊ុននីមួយៗ ទទួលខុសត្រូវយ៉ាងដូចម្តេចលើការដោះស្រាយបញ្ហាដែលបង្កឡើងដោយកាកសំណល់?

សហគមន៍មួយធ្វើជំនួញលើសំរាម

សហគមន៍ក្រីក្រនៅតាមជាយក្រុងឃ្យូរីទីបា(Curitiba)នៃប្រទេសប្រេហ្សីល មានរណ្តៅសំរាមចំហរជាច្រើន។ វាគឺជាទីបង្កកំណើតនៃសត្វកកេរដែលចម្លងជំងឺ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមប្រឹក្សាក្រុងឃ្យូរីទីបាបានបង្កើតកម្មវិធីមួយហៅថា "កុំចោលសំរាមរបស់អ្នក, យើងទិញវា"។ ក្រុមប្រឹក្សាក្រុងបានគណនាការចំណាយលើការសម្អាតគំនរសំរាមទាំងឡាយ។ បន្ទាប់មក ជំនួសការជួលក្រុមហ៊ុនពីខាងក្រៅឲ្យធ្វើការងារនេះ ពួកគេបានគណនាការចំណាយទៅលើសំរាមមួយថង់ៗ ហើយបានផ្តល់ប្រាក់ក្នុងចំនួននេះទៅឲ្យប្រជាជនដែលរស់នៅតាមទីកន្លែងទាំងនោះ។

People bring their trash to a municipal collection truck.

ក្រៅពីប្រាក់ដែលរកបានពីការប្រមូលសំរាម មនុស្សម្នាក់ៗត្រូវបានផ្តល់ឲ្យនូវសំបុត្រឆ្លងកាត់ទីសាធារណៈដោយមិនបង់ប្រាក់ ចំពោះសំរាមដែលពួកគេដឹកជញ្ជូនទៅរថយន្តសំរាមរបស់ក្រុង។ ដោយសារប្រជាជនទាំងនេះរស់នៅឆ្ងាយពីកណ្តាលទីក្រុង សំបុត្រទាំងនេះមានតម្លៃខ្លាំងណាស់។ ក្រុងក៏ផ្តល់វិភាគទានចំពោះសំរាមដែលប្រមូលបាន ដើម្បីកសាងសួនច្បារនិងគម្រោងដទៃទៀត។ តំបន់ដែលធ្លាប់តែជាគំនរសំរាមខ្ពស់ៗ ត្រូវបានប្រែក្លាយទៅជាសួនដំណាំឬសួនច្បារដែលមានដើមឈើជាច្រើន។ សុខភាពសហគមន៍ត្រូវបានកែលម្អ។

អ្នកចំណូលស្រុកថ្មីៗ ជនពិការ ឬអ្នកដទៃទៀតដែលត្រូវការការងារ ត្រូវបានផ្តល់នូវការងារសុវត្ថិភាព គឺបែងចែកប្រភេទកាកសំណល់នៅឯមណ្ឌលកែច្នៃធនធាន។ កាកសំណល់អាហារ និងកាកសំណល់សួនដំណាំ ត្រូវបានធ្វើជីកំប៉ុសសម្រាប់ប្រើនៅក្នុងសួនច្បារក្នុងទីក្រុង និងកសិដ្ឋាននិងសួនដំណាំក្នុងតំបន់។ ប្លាស្ទិកនិងលោហៈត្រូវបានលក់ទៅឲ្យឧស្សាហកម្មក្នុងស្រុក។ ពពុះប្លាស្ទិកត្រូវបានច្រៀកតូចៗដើម្បីញាត់ក្នុងកែបម៉ូតូ។

ពីរបីឆ្នាំបន្ទាប់ពីកម្មវិធីបានចាប់ផ្តើម ក្រុងបានដំណើរការគម្រោងនេះកាន់តែល្អប្រសើរ។ ពួកគេចាប់ផ្តើមទិញអាហារដោយផ្ទាល់ពីកសិករដែលស្ថិតនៅក្បែរក្រុង នៅក្នុងតម្លៃសមរម្យ និងឲ្យអាហារថ្មីស្រស់មួយថង់ជាថ្នូរនឹងសំរាមមួយថង់។ បែបនេះបានជួយកសិករឲ្យលក់ផលិតផលរបស់ខ្លួន កែលម្អអាហារូបត្ថម្ភនៅក្នុងគ្រួសារ និងសម្អាតទីក្រុង។