Hesperian Health Guides
កាកសំណល់ និងច្បាប់យ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៨. កាកសំណល់រឹង ៖ ប្រែក្លាយការប្រឈមគ្រោះថ្នាក់នៃសុខភាព ទៅជាធនធាន > កាកសំណល់ និងច្បាប់
នៅក្នុងជំពូកនេ:
- ១៨. កាកសំណល់រឹង ៖ ប្រែក្លាយការប្រឈមគ្រោះថ្នាក់នៃសុខភាព ទៅជាធនធាន
- កាកសំណល់ខ្លះមិនរលាយទេ
- ការគ្រប់គ្រងនិងការដាក់កាកសំណល់រួមគ្នាមិនបានល្អ
- ការសម្អាតសហគមន៍ និងការកែច្នៃធនធាន
- ការដើរមើលសំរាមនៅក្នុងសហគមន៍
- កម្មវិធីកាកសំណល់រឹង ក្នុងសហគមន៍
- ការបោះចោលសំរាមប្រកបដោយសុវត្ថិភាព
- រណ្តៅសំរាមអនាម័យ
- ការឆ្ពោះទៅរកកាកសំណល់កម្រិតសូន្យ
- កាកសំណល់ និងច្បាប់
រដ្ឋាភិបាលភាគច្រើនមានគោលនយោបាយ និងការណែនាំសម្រាប់ការគ្រប់គ្រងកាកសំណល់។ គោលដៅមួយនៃសកម្មភាពសហគមន៍ គឺដើម្បីប្រាកដថាគោលនយោបាយទាំងនេះ ការពារសុខភាពមនុស្ស និងបរិស្ថាន។ គោលដៅមួយទៀត គឺដើម្បីផ្លាស់ប្តូរគោលនយោបាយប្រសិនបើវាមិនការពារសុខភាពមនុស្សនិងបរិស្ថានទេ។
ប្រទេសហ្វីលីពីនចាត់ទុកឡសំរាមថាខុសច្បាស់ និងរឹតបន្តឹងច្បាប់កាកសំណល់
ជាច្រើនឆ្នាំកន្លងមកហើយ កាកសំណល់ក្នុងប្រទេសហ្វីលីពីនត្រូវបានគរក្នុងរណ្តៅសំរាមចំហរ ឬត្រូវបានដុត។ ប៉ុន្តែនៅពេលការបំពុលបរិយាកាសកាន់តែដុនដាបដោយសារកាកសំណល់កាន់ច្រើនទៅៗ សហគមន៍ជាច្រើនបានចាប់ផ្តើមដាក់សម្ពាធលើរដ្ឋាភិបាលឲ្យហាមឃាត់ការដុតកាកសំណល់ ឲ្យបង្កើតកម្មវិធីកែច្នៃធនធាន និងឲ្យបង្ការការចាក់សំរាមក្នុងរណ្តៅចំហរ។
យុទ្ធនាការបានចាប់ផ្តើមនៅឆ្នាំ១៩៨៥ ជាមួយនឹងកម្មវិធីអប់រំមួយ។ សកម្មជននានាបានធ្វើដំណើរគ្រប់ទីកន្លែងក្នុងប្រទេស ដើម្បីបង្រៀនសហគមន៍ទាំងឡាយអំពីវិធីល្អប្រសើរក្នុងការបង្ការកុំឲ្យបង្កើតកាកសំណល់។ ពួកគេបានបង្ហាញប្រជាជនអំពីវិធីកាត់បន្ថយកាកសំណល់ និងវិធីបែងចែកប្រភេទកាកសំណល់សម្រាប់ធ្វើជីកំប៉ុស ប្រើប្រាស់ឡើងវិញ ឬកែច្នៃ។ ពួកគេបានអញ្ជើញប្រជាជនមកពីគ្រប់លំដាប់ថ្នាក់ ចាប់ពីអ្នកស្រែចម្ការ ដល់អ្នកនយោបាយ ដល់លោកសង្ឃ ឲ្យចូលរួមធ្វើការរួមគ្នាដើម្បីកាត់បន្ថយកាកសំណល់នៅក្នុងសហគមន៍របស់ខ្លួន។
ក្នុងពេលជាមួយគ្នា ពួកគេបានអប់រំសហគមន៍ និងមន្ត្រីរដ្ឋាភិបាល អំពីភាពកខ្វក់ពីសារធាតុពុលដែលបញ្ចេញពីការដុតកាកសំណល់។ អ្នកផ្សព្វផ្សាយបានបង្ហាញពីរបៀបដែលសារធាតុពុលចូលទៅក្នុងស៊ុត និងអាហារទូទៅដទៃទៀត។
សម្ពាធរបស់ពួកគេលើរដ្ឋាភិបាល បានចេញជាផ្លែផ្កានៅពេលឡសំរាមត្រូវបានហាមឃាត់នៅឆ្នាំ១៩៩៩ ដោយច្បាប់ថ្មីមួយហៅថា សេចក្តីសម្រេចអំពីខ្យល់ស្អាត។ នៅឆ្នាំ២០០០ រដ្ឋាភិបាលបានចាប់ផ្តើមកម្មវិធីកែច្នៃ និងបានអនុម័តច្បាប់ថ្មីមួយដោយបញ្ជាឲ្យប្រែក្លាយរណ្តៅសំរាមចំហរទាំងអស់ ឲ្យទៅជារណ្តៅសំរាមអនាម័យ។ នៅឆ្នាំ២០០១ រដ្ឋាភិបាលបានអនុម័តសេចក្តីសម្រេចមួយស្តីពីការគ្រប់គ្រងកាកសំណល់បែបអេកូឡូហ្ស៊ី ដើម្បីបង្កើតមណ្ឌលកែច្នៃធនធាននៅក្នុងទីក្រុងនានា។ អ្នកផ្សព្វផ្សាយនៅតែបន្តការងាររបស់ខ្លួនដើម្បីប្រាកដថាច្បាប់ទាំងនេះផ្តល់ផលប្រយោជន៍ដល់ប្រជាជនដែលរងការប៉ះពាល់បំផុត ៖ ប្រជាជនដែលប្រមូល បែងចែក និងកែច្នៃកាកសំណល់។
ច្បាប់បែបនេះមានសារៈសំខាន់ក្នុងការកំណត់នូវស្តង់ដារនៃរបៀបរៀបចំកាកសំណល់។ នៅពេលប្រជាជនទទួលខុសត្រូវលើកាកសំណល់របស់ខ្លួន ហើយដាក់សម្ពាធលើរដ្ឋសភាឲ្យបង្កើតនិងអនុវត្តច្បាប់ នោះមនុស្សគ្រប់គ្នានឹងទទួលបានផលប្រយោជន៍។
