Hesperian Health Guides
ការរកទីផ្សារសម្រាប់ផលិតផលកសិកម្ម
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៥. កសិកម្មប្រកបដោយចិរភាព > ការរកទីផ្សារសម្រាប់ផលិតផលកសិកម្ម
មាតិកា
ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ
ជាញឹកញាប់ កសិករតូចតាចលក់ផលិតផលរបស់ខ្លួនទៅឲ្យឈ្មួញកណ្តាល ហើយទទួលបានប្រាក់តិចតួចប៉ុណ្ណោះ។ រដ្ឋាភិបាលអាចផ្តល់ការគាំទ្រឲ្យបញ្ឈប់ការដាំដំណាំបុរាណ ដូចជាពោតនិងស្រូវ ហើយដាំដំណាំសាច់ប្រាក់ជំនួសវិញ ដូចជាស្ករ កាហ្វេ ឬកាកាវ សម្រាប់ទីផ្សារអន្តរជាតិ។ ប៉ុន្តែប្រាក់ចំណូលពីដំណាំសាច់ប្រាក់ គឺគ្មានភាពប្រាកដទេ។ ប្រសិនបើតម្លៃអន្តរជាតិធ្លាក់ចុះ អ្នកអាចនឹងគ្មានប្រាក់ និងគ្មានអ្វីបរិភោគ។
សម្រាប់កសិករជាច្រើន ការផលិតដំណាំអាហារសម្រាប់ទីផ្សារក្នុងស្រុកនិងអន្តរជាតិ អាចផ្តល់ប្រភពចំណូលដែលនឹងនរ។
ទីផ្សារសហករណ៍
វិធីមួយដើម្បីប្រាកដថាមានតម្លៃល្អ និងសន្តិសុខអាហារ គឺត្រូវបង្កើតសហករណ៍មួយ ឬសមាគមទីផ្សារមួយ ជាមួយកសិករដទៃ។ នៅពេលកសិករលក់ផលិតផលរួមគ្នា ពួកគេអាចគ្រប់គ្រងតម្លៃបានប្រសើរ និងកាត់បន្ថយការចំណាយលើការដឹកជញ្ជូននិងរកទីផ្សារ។ ប្រទេសភាគច្រើនមានច្បាប់អំពីរបៀបបង្កើតសហករណ៍ ឬសមាគម។
ជាការសំខាន់គឺត្រូវធ្វើការជាមួយមនុស្សដែលអ្នកជឿទុកចិត្ត ដើម្បីប្រាកដមនុស្សគ្រប់គ្នានឹងអនុវត្តតាមការទទួលខុសត្រូវរបស់ខ្លួន។ ការសំខាន់មួយទៀតគឺត្រូវយល់ស្របលើច្បាប់ដែលអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាបញ្ចេញយោបល់នៅក្នុងការសម្រេចចិត្ត និងដែលចែករំលែកផលប្រយោជន៍ដោយយុត្តិធម៌។
ផលិតផលបន្ថែមតម្លៃ
ក្រុមហ៊ុននានាដែលកែច្នៃអាហារ និងផលិតផលកសិកម្ម រកប្រាក់ចំណូលបានយ៉ាងច្រើន ដែលកសិករគួរតែធ្វើការងារកែច្នៃនេះជំនួសក្រុមហ៊ុនវិញ។ នៅពេលកសិករកែច្នៃដំណាំទៅជាផលិតផលសម្រាប់លក់ ដូចជាផ្លែឈើក្រៀម ឱសថរុក្ខជាតិស្ងួតនិងខ្ចប់ ដំណាប់និងចាហ៊ួយ ទឹកឃ្មុំ ្រហ្វូម៉ា កន្ត្រក គ្រឿងសង្ហារឹម ។ល។ នេះហៅថាផលិតកម្មបន្ថែមតម្លៃ ព្រោះអ្នកបានបន្ថែមតម្លៃទៅលើដំណាំដែលអ្នកបានដាំដុះ។
ការទិញឧបករណ៍ចាំបាច់សម្រាប់ការកែច្នៃអាហារ និងការស្វែងរកទីផ្សារសម្រាប់ផលិតផលបន្ថែមតម្លៃ អាចជាការពិបាក។ ប៉ុន្តែសហករណ៍អាចធ្វើឲ្យកិច្ចការនេះមានភាពងាយស្រួល។
ផលិតផលឯកទេស និងការបញ្ជាក់វិញ្ញាបនបត្រ
សាជីវកម្មកសិដ្ឋានធំៗ អាចរក្សាតម្លៃឲ្យនៅទាប និងនៅតែអាចរកប្រាក់ចំណូល ព្រោះពួកគេផលិតយ៉ាងច្រើន និងច្រើនតែទទួលការគាំទ្រពីរដ្ឋាភិបាល។ ប៉ុន្តែកសិករដែលដាំដុះនៅលើដីទំហំតូច ក៏អាចទទួលប្រយោជន៍ពីកម្មវិធីទាំងឡាយដែលលើកកម្ពស់ផលិតផលផ្សេងៗដែលផលិតដោយមធ្យោបាយជាក់លាក់។
កម្មវិធីបញ្ជាក់វិញ្ញាបនបត្រមួយចំនួន ជួយកសិករឲ្យទទួលបានតម្លៃប្រសើរសម្រាប់ផលិតផលរបស់ខ្លួន។ កម្មវិធីបញ្ជាក់វិញ្ញាបនបត្រ អនុញ្ញាតឲ្យអ្នកទិញដឹងថាដំណាំនោះត្រូវបានដាំដុះដោយមិនប្រើសារធាតុគីមី ឬដឹងថាកសិករទទួលបានតម្លៃសមរម្យ។ កម្មវិធី២សម្រាប់ទីផ្សារអន្តរជាតិគឺ វិញ្ញាបនបត្រសារធាតុសរីរាង្គ និងវិញ្ញាបនបត្រពាណិជ្ជកម្មស្មើភាព។ មុននឹងសម្រេចចិត្តស្នើសុំវិញ្ញាបនបត្រ គួរពិចារណាអំពីការផ្លាស់ប្តូរទាំងឡាយដែលអ្នកត្រូវធ្វើ ដែលទាក់ទងនឹងរបៀបរៀបចំកសិដ្ឋានរបស់អ្នក។ គិតអំពីពេលវេលានិងប្រាក់ដែលនឹងចំណាយនៅក្នុងការផ្លាស់ប្តូរទាំងនេះ ថាតើនឹងមានទីផ្សារសម្រាប់ផលិតផលដែលអ្នកស្នើសុំវិញ្ញាបនបត្រនេះឬទេ និងថាតើអ្នកនឹងទទួលបានអ្វីខ្លះពីការបញ្ជាក់វិញ្ញាបនបត្រលើផលិតផលរបស់អ្នក។
វិញ្ញាបនបត្រសារធាតុសរីរាង្គ
ផលិតផលសារធាតុសរីរាង្គ គឺត្រូវបានដាំដុះដោយប្រើមធ្យោបាយចិរភាព ដោយមិនប្រើសារធាតុគីមី ឬគ្រាប់ពូជបង្កាត់។ វិញ្ញាបនបត្រសារធាតុសរីរាង្គ ក៏ទាមទារផងដែរថា បន្ទាប់ពីប្រមូលផល ដំណាំត្រូវរក្សាទុកដោយឡែកពីដំណាំដែលបានដាំដោយប្រើសារធាតុគីមី។ ប្រទេសនីមួយៗមានច្បាប់ខុសៗគ្នាទាក់ទងនឹងការចេញវិញ្ញាបនបត្រ។ ភាគច្រើនតម្រូវឲ្យកសិករកត់ត្រាអំពីរបៀបដាំដំណាំរបស់ខ្លួន។
វិញ្ញាបនបត្រសារធាតុសរីរាង្គ និងវិញ្ញាបនបត្រ ពាណិជ្ជកម្មស្មើភាព ជួយកសិករឲ្យរកប្រាក់បន្ថែមទៀត។ |
វិញ្ញាបនបត្រពាណិជ្ជកម្មស្មើភាព
វិញ្ញាបនបត្រពាណិជ្ជកម្មស្មើភាព ត្រូវបានផ្តល់ជូនសហករណ៍កសិដ្ឋាន ឬកម្មករកសិដ្ឋានដែលជាសមាជិកនៃសហជីព។ ដើម្បីទទួលបានវិញ្ញាបនបត្រនេះ ក្រុមកសិករបង្ហាញថាពួកគេប្រើប្រាស់ពលកម្មស្មើភាព(គ្មានការបង្ខំពលកម្ម គ្មានពលកម្មកុមារ និងប្រាក់កំរៃស្មើភាពសម្រាប់កម្មករ) និងលើកកម្ពស់មធ្យោបាយដែលមិនប៉ះពាល់បរិស្ថាន។ ដើម្បីរក្សាវិញ្ញាបនបត្រឲ្យនៅស្ថិតស្ថិរ ក្រុមនេះត្រូវតែបង្ហាញថាស្ថានភាពពលកម្មនិងបរិស្ថាន មានភាពប្រសើរយ៉ាងជាលំដាប់។ មានអាហារូបករណ៍ខ្លះសម្រាប់ក្រុមកសិករដែលមិនអាចចំណាយលើការសុំវិញ្ញាបនបត្រ។
បច្ចុប្បន្ន វិញ្ញាបនបត្រពាណិជ្ជកម្មស្មើភាព ត្រូវបានផ្តល់ជូនកសិករតូចតាចដែលផលិតកាហ្វេ តែ កាកាវ ចេក និងផ្លែឈើថ្មីស្រស់ដទៃទៀត និងអាចបញ្ចូលដំណាំដទៃទៀតក្នុងពេលដែលអ្នកកំពុងអានសៀវភៅនេះ។
កសិករសហការគ្នាស្វែងរកទីផ្សារផលិតផល
កសិករនៅក្នុងភូមិភាគតាឡាម៉ានកា នៃប្រទេសកូស្តារីកា ដាំកាកាវនៅក្រោមម្លប់របស់ដើមចេកនិងដើមឈើហូបផ្លែដទៃទៀត។ កាលពីមុនពួកគេលក់ចេកនិងផ្លែឈើរបស់ខ្លួននៅទីផ្សារក្នុងស្រុក។ នៅពេលពួកគេនឹកឃើញថា ពួកគេអាចរកប្រាក់បន្ថែមទៀតដោយការលក់កាកាវទៅទីផ្សារអន្តរជាតិ កសិករជាច្រើនសម្រេចចិត្តសហការគ្នាដើម្បីធ្វើកិច្ចការនេះ។
ពួកគេបង្កើតសហករណ៍មួយឈ្មោះថា សមាគមកសិករតូចតាចនៅតាឡាម៉ានកា។ មុនដំបូងពួកគេមានការពិបាកក្នុងការស្វែងរកអ្នកទិញកាកាវ។ អ្នកទិញតែប៉ុន្មាននាក់បានឲ្យតម្លៃពួកគេគ្រាន់តែរួចការចំណាយលើការផលិតប៉ុណ្ណោះ គឺមិនបានគិតពីការចំណាយលើការកែច្នៃនិងការដឹកជញ្ជូនកាកាវទេ។ សមាគមកសិករតូចតាចនេះ ត្រូវការប្រាក់ដើម្បីសាងសង់រោងចក្រកែច្នៃកាកាវ។
បន្ទាប់ពីបានទៅទីក្រុងជាច្រើនលើកដើម្បីជជែកជាមួយអ្នកទិញកាកាវ កសិករបានដឹងអំពីកម្មវិធីវិញ្ញាបនបត្រពាណិជ្ជកម្មស្មើភាពនិងសារធាតុសរីរាង្គ ដែលនឹងធ្វើឲ្យដំណាំរបស់ខ្លួនមានតម្លៃខ្ពស់ជាងមុន។ ដោយសារតែពួកគេគឺជាសហករណ៍កសិករតូចតាច នោះពួកគេមានសិទ្ធិទទួលវិញ្ញាបនបត្រពាណិជ្ជកម្មស្មើភាពរួចជាស្រេច។ ប្រសិនបើពួកគេអាចទទួលបានវិញ្ញាបនបត្រសារធាតុសរីរាង្គមួយទៀត នោះពួកគេអាចតម្លើងតម្លៃកាកាវល្មមគ្រប់គ្រាន់អាចសាងសង់រោងចក្រកែច្នៃកាកាវបាន។ ប៉ុន្តែទោះបីពួកគេមិនប្រើប្រាស់សារធាតុគីមីក៏ដោយ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ មានលទ្ធភាពចំណាយលើការស្នើសុំបញ្ជាក់វិញ្ញាបនបត្រដីរបស់ខ្លួនទេ។
សមាគមបានចរចារជាមួយអង្គការបញ្ជាក់វិញ្ញាបនបត្រសារធាតុសរីរាង្គក្នុងប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិក ដោយស្នើសុំអង្គការឲ្យបញ្ជាក់វិញ្ញាបនបត្រឲ្យសហករណ៍ទាំងមូល។ សហករណ៍ធានាថាមិនប្រើប្រាស់សារធាតុគីមី ហើយកសិដ្ឋាននីមួយៗអនុវត្តតាមស្តង់ដារគុណភាពនិងសុខភាពដូចៗគ្នា។ សមាជិកសហករណ៍មួយចំនួនត្រូវបានបណ្តុះបណ្តាលឲ្យចុះពិនិត្យតាមកសិដ្ឋាននីមួយៗ និងធ្វើរបាយការណ៍អំពីស្តង់ដាររបស់ពួកគេ។ សហករណ៍បង់ថ្លៃវិញ្ញាបនបត្រតែមួយប៉ុណ្ណោះ, ត្រួតពិនិត្យព័ត៌មានរបស់កសិករដោយខ្លួនឯង, ហើយបំពេញរបាយការណ៍តែមួយសម្រាប់អង្គការបញ្ជាក់វិញ្ញាបនបត្រនីមួយ។
នៅពេលសហករណ៍ទទួលបានវិញ្ញាបនបត្រសារធាតុសរីរាង្គនិងពាណិជ្ជកម្មស្មើភាពភ្លាម ពួកគេក៏ទទួលបានតម្លៃល្អប្រសើរ។ ពួកគេទទួលបានប្រាក់កម្ចីដើម្បីសាងសង់រោងចក្រកែច្នៃកាកាវ។ មិនយូរប៉ុន្មានពួកគេបានលក់ផ្លែចេកសរីរាង្គ និងផ្លែឈើដទៃទៀតក្នុងតម្លៃយ៉ាងល្អ ទាំងទីផ្សារក្នុងស្រុកនិងអន្តរជាតិ ព្រមទាំងផលិតសូកូឡាសរីរាង្គសម្រាប់លក់ក្នុងទីក្រុង។
តាមរយៈការបង្កើតជាសហករណ៍ កសិករនិងគ្រួសាររបស់ពួកគេមិនត្រឹមតែទទួលបានតម្លៃល្អប្រសើរសម្រាប់ដំណាំរបស់ខ្លួនប៉ុណ្ណោះទេ ពួកគេក៏ទទួលបានការគ្រប់គ្រងបន្ថែមទៀតលើការងាររបស់ខ្លួន និងឱកាសបន្ថែមទៀតសម្រាប់អនាគតរបស់ពួកគេ។