Hesperian Health Guides

ការរៀបចំអាហារយ៉ាងមានសុវត្ថិភាព

នៅក្នុងជំពូកនេ:

ការរៀបចំអាហារសម្រាប់គ្រួសារគឺជាស្នូលនៃជីវិតក្នុងគ្រួសារ។ ប៉ុន្តែអាហារខ្លួនឯង និងផ្ទៃសម្រាប់រៀបចំអាហារ អាចនាំមកនូវមេរោគជាច្រើនប្រភេទ។ ការបរិភោគអាហារ និងផឹកទឹកដែលមានចម្លងមេរោគ អាចបណ្តាលឲ្យមានការពុលអាហារ ការឈឺពោះ ចុកពោះ រាក ហើមពោះ ជំងឺដោយប៉ារាស៊ីត គ្រុនក្តៅ រលាកថ្លើម គ្រុនពោះវៀន ខ្សោយ និងបាត់បង់ជាតិទឹក ទល់លាមក និងបញ្ហាផ្សេងទៀត។

កាត់បន្ថយជំងឺឆ្លងតាមអាហារ

អាហារផ្អូម ៖ បោះចោលអាហារដែលមានក្លិនអាក្រក់ ឬដុះផ្សិត ឬមានសភាពចម្លែក។ មិនត្រូវបរិភោគអាហារកំប៉ុងដែលកំពិត ឬប៉ោងឡើងព្រោះអាហារដែលនៅខាងក្នុងនោះខូចដោយសារមេរោគនៅក្នុងកំប៉ុងនោះរួចទៅហើយ។

ការរៀបចំអាហារ ៖ លាងសម្អាតដៃមុននិងក្រោយពេលរៀបចំអាហារ។

ផ្ទៃសម្រាប់រៀបចំអាហារ ៖ លាងសម្អាតចានឆ្នាំង និងផ្ទៃដែលរៀបចំអាហារ ដោយទឹកក្តៅនិងសាប៊ូ មុននិងក្រោយពេលរៀបចំអាហារនិងបរិភោគ។ ដើម្បីកម្ចាត់មេរោគចេញពីក្រណាត់ជូតផ្ទៃចង្ក្រាន ចូរលាងក្រណាត់ដោយសាប៊ូ ហើយដាក់ហាលថ្ងៃដើម្បីសម្ងួត ឬអ៊ុតវា។

2 women wash dishes.
ដោយហេតុថាយើងមិនមើលឃើញមេរោគ ដូច្នេះវាអាចបណ្តាលឲ្យមានជំងឺទោះបីចង្ក្រានមើលទៅឃើញស្អាតក៏ដោយ។

ផ្លែឈើ និងបន្លែ ៖ លាងសម្អាតឬបកសម្បករាល់ផ្លែឈើនិងបន្លែ មុនពេលបរិភោគ។

ការចម្អិន ៖ កម្តៅសម្លាប់មេរោគ។ ដើម្បីឲ្យប្រាកដថាអាហារមានសុវត្ថិភាព ត្រូវប្រាកដថាអាហារបានចម្អិនល្អ និងបរិភោគភ្លាមៗក្រោយពេលរៀបចំហើយ។ ចម្អិនសាច់រហូតវាលែងមានឈាមឬពណ៌ក្រហម។ ចម្អិនស៊ុតរហូតដល់ផ្នែកសនិងក្រហមឡើងរឹង។ ចម្អិនត្រីរហូតដល់សាច់ត្រីរបេះយ៉ាងងាយដោយស្លាបព្រា។

ការរៀបចំនិងរក្សាទុកសាច់ ៖ ដោយហេតុថាមេរោគដែលមាននៅសាច់ឆៅ មាន់ឆៅ និងអាហារសមុទ្រឆៅ អាចរាលដាលយ៉ាងងាយទៅអាហារផ្សេងទៀត ដូច្នេះត្រូវដាក់សាច់ទាំងនោះដាច់ដោយឡែក ឬវេចខ្ចប់វាដោយប្រុងប្រយ័ត្ន ដើម្បីកុំឲ្យស្រក់ទឹកពីសាច់ទាំងនោះចូលទៅក្នុងអាហារដទៃទៀត។ ប្រើប្រាស់ជ្រុញ និងកាំបិតផ្សេងគ្នាក្នុងការរៀបចំសាច់ និងសម្អាតប្រដាប់ប្រដារចម្អិនផ្សេងៗឲ្យស្អាតជាមួយទឹកក្តៅនិងសាប៊ូ មុនពេលកាត់អាហារដទៃទៀត។ ការទុកអាហារចម្អិនរួចនៅលើចានឬផ្ទៃដែលបានដាក់សាច់ឆៅ គឺមិនមានសុវត្ថិភាពទេ។

ការរក្សាទុកអាហារដោយសុវត្ថិភាព ៖ រក្សាទុកអាហារដែលនៅសល់នៅក្នុងធុងឬប្រអប់មាំ នៅក្នុងកន្លែងត្រជាក់និងស្ងួត និងចោលសំរាមភ្លាម។ (សូមអានមធ្យោបាយរក្សាទុកអាហារ និងដំណាំដោយសុវត្ថិភាព)។