Hesperian Health Guides
ជំងឺរបេង
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ២១. ការជីករ៉ែ និងសុខភាព > ជំងឺរបេង
នៅក្នុងជំពូកនេ:
ដោយសារតែកម្មកររ៉ែច្រើនតែរស់នៅក្នុងស្ថានភាពកុះករ ធ្វើការងារច្រើនម៉ោងដោយគ្មានអាហារគ្រប់គ្រាន់ និងមានលទ្ធភាពតិចតួចក្នុងការទទួលបានការថែទាំសុខភាពឬថ្នាំពេទ្យ ដូច្នេះពួកគេមានការប្រឈមខ្ពស់នឹងជំងឺរបេង។ រោគសញ្ញានៃជំងឺរបេងរួមមាន ក្អកខ្លាំងដែលមិនធូរស្បើយ គ្រុនក្តៅ ក្អកធ្លាក់ឈាម មានអារម្មណ៍ខ្សោយ ស្រកទម្ងន់ បែកញើសពេលយប់។ ដោយគ្មានការព្យាបាលសមស្រប អ្នកជំងឺអាចចម្លងជំងឺរបេងទៅមនុស្សដទៃទៀត និងអាចស្លាប់។
ជំងឺរបេងអាចមានគ្រោះថ្នាក់ដល់ជីវិតសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែវាមានគ្រោះថ្នាក់ជាពិសេសចំពោះជនដែលខ្សោយដោយការស្រេកឃ្លាន ឬដោយជំងឺដទៃទៀតដូចជាមេរោគអេដស៍/ជំងឺអេដស៍។ ការខូចខាតសួតដោយសារកំទេចធូលី កាន់តែបង្កើនការប្រឈមនឹងជំងឺរបេងថែមទៀត។

ការធ្វើឲ្យមានចរន្តខ្យល់ចេញចូលល្អ ជួយកាត់បន្ថយឱកាសនៃការឆ្លងរាលដាលជំងឺរបេងនៅអណ្តូងរ៉ែ នៅកន្លែងស្នាក់នៅរបស់កម្មកររ៉ែ ឬនៅផ្ទះ។ មធ្យោបាយល្អបំផុតដើម្បីការពារជំងឺរបេងក្នុងចំណោមកម្មកររ៉ែ ឬកម្មករណាផ្សេងទៀត គឺការបង្កើតស្ថានភាពនានាសម្រាប់សុខភាពល្អ តាមរយៈ ៖
- ប្រាក់ខែប្រសើរឡើង
- ទឹកស្អាត
- កាត់បន្ថយរយៈពេលបំពេញការងារ
- អាហារសុខភាព
- លក្ខខណ្ឌការងារមានសុវត្ថិភាព
- ការថែទាំសុខភាពល្អ
- ស្ថានភាពរស់នៅស្អាត និងមានសុវត្ថិភាព
ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺរបេង ជាការសំខាន់ត្រូវប្រាកដថា រាល់អ្នកជំងឺរបេងទាំងអស់ ត្រូវទទួលការព្យាបាលនិងថ្នាំពេទ្យត្រឹមត្រូវ។ រដ្ឋាភិបាលជាច្រើនផ្តល់ការព្យាបាលជំងឺរបេងដោយឥតគិតថ្លៃ។ ដើម្បីទទួលបានថ្នាំពេទ្យ សូមជួបបុគ្គលិកសុខាភិបាល។