Hesperian Health Guides
បញ្ហាសុខភាពបណ្តាលមកពីការជីករ៉ែ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ២១. ការជីករ៉ែ និងសុខភាព > បញ្ហាសុខភាពបណ្តាលមកពីការជីករ៉ែ
- កំទេចធូលី ការកំពប់សារធាតុគីមី ផ្សែងពុលដ៏មានគ្រោះថ្នាក់ លោហៈធ្ងន់ និងការភាយកាំរស្មី អាចបំពុលកម្មករ និងបណ្តាលឲ្យមានបញ្ហាសុខភាពយូរអង្វែង។
- ការលើករបស់ធ្ងន់ៗ និងការធ្វើការងារដោយរាងកាយស្ថិតក្នុងស្ថានភាពឆ្គង អាចនាំឲ្យមានរបួសនៅដៃ ជើង និងខ្នង។
- ការប្រើប្រាស់ម៉ាស៊ីនខួងថ្ម និងគ្រឿងម៉ាស៊ីនញ័រមួយចំនួន អាចបណ្តាលឲ្យខូចខាតដល់ប្រព័ន្ធប្រសាទ និងចរន្តឈាម និងនាំឲ្យបាត់បង់ញាណដឹង ការបង្ករោគធ្ងន់ធ្ងរ ដូចជាដំបៅរលួយ ថែមទាំងសេចក្តីស្លាប់ទៀតផង។
- សំឡេងខ្លាំងនិងសូរជាប់រហូតពីគ្រឿងម៉ាស៊ីន អាចបណ្តាលឲ្យមានបញ្ហាលើការស្តាប់ រួមទាំងភាពថ្លង់ ទៀតផង។
- ការធ្វើការងារយូរម៉ោងនៅក្រោមដី និងមានពន្លឺតិច អាចធ្វើឲ្យមានបញ្ហាភ្នែកធ្ងន់ធ្ងរ។
- ការធ្វើការងារក្នុងស្ថានភាពក្តៅខ្លាំង ដោយមិនមានទឹកផឹកគ្រប់គ្រាន់ អាចបណ្តាលអន្ទះអន្ទែងដោយសារកម្តៅ។ សញ្ញារបស់វាមានដូចជា វិលមុខ ខ្សោយ បេះដូងដើរញាប់ ស្រេកទឹកខ្លាំង និងខ្សោយខ្លាំង។
- ការបំពុលទឹកនិងការប្រើប្រាស់ប្រភពទឹកលើសលប់ បណ្តាលឲ្យមានបញ្ហាសុខភាពជាច្រើន (សូមមើលជំពូក៥ និងជំពូក៦)។
- ដីស្រែចម្ការនិងស្រទាប់ដីត្រូវបានបំផ្លាញ បណ្តាលឲ្យខ្វះខាតអាហារ និងការស្រេកឃ្លាន។
- ការបំពុលខ្យល់ចេញអំពីរោងចក្រថាមពល និងរោងចក្ររំលាយលោហៈដែលសាងសង់នៅក្បែរអណ្តូងរ៉ែ បណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរ(មើលជំពូក១៦)។
ការជីករ៉ែ និងជំងឺក្នុងចំណោមកុលសម្ព័ន្ធឌីណេ
កុលសម្ព័ន្ធឌីណេ និងជនជាតិដើមដទៃទៀតដែលមកពីវាលខ្សាច់នៃសហរដ្ឋអាមេរិកភាគខាងលិច បានប្រាប់អំពីម្សៅលឿងពីរប្រភេទដែលព្រះជាម្ចាស់បានដាក់នៅក្នុងដី។ ប្រភេទមួយគឺ លំអងលឿងនៃពោត។ សម្រាប់កុលសម្ព័ន្ធឌីណេ ពោតគឺជាអាហារសក្តិសិទ្ធិ ហើយលំអងរបស់វាត្រូវបានប្រើប្រាស់ក្នុងវិធីសាសនា។ ប្រភេទមួយទៀតនៃម្សៅលឿងគឺ "នំលឿង" ឬអ៊ុយរ៉ាញ៉ូម។ កុលសម្ព័ន្ធឌីណេ ជឿថាអ៊ុយរ៉ាញ៉ូមត្រូវស្ថិតនៅក្រោមដី និងមិនត្រូវជីកយកចេញឬប្រើប្រាស់ឡើយ។
ក្នុងទសវត្សរ៍ឆ្នាំ១៩៤០ ពេលដែលរដ្ឋាភិបាលអាមេរិករកឃើញរបៀបប្រើប្រាស់អ៊ុយរ៉ាញ៉ូមដើម្បីបង្កើតជាអាវុធនុយក្លេអែរ និងថាមពលនុយក្លេអែរ ក្រុមហ៊ុនរ៉ែក៏បានចាប់ផ្តើមជីករ៉ែអ៊ុយរ៉ាញ៉ូមនៅលើទឹកដីឌីណេ។ បុរសក្មេងៗនៃកុសម្ព័ន្ធឌីណេ ដែលពីមុនមកធ្លាប់តែចិញ្ចឹមជីវិតដោយការចិញ្ចឹមចៀម ចង់បានការងារក្នុងរ៉ែថ្មីជាខ្លាំង។ ក្នុងពេលដ៏ខ្លី រ៉ែអ៊ុយរ៉ាញ៉ូមបានក្លាយទៅជាមធ្យោបាយយ៉ាងសំខាន់សម្រាប់កុលសម្ព័ន្ធឌីណេក្នុងការរកប្រាក់។ ប៉ុន្តែច្រើនឆ្នាំក្រោយមក រ៉ែអ៊ុយរ៉ាញ៉ូមបានធ្វើឲ្យប្រជាជនឌីណេមានជំងឺយ៉ាងធ្ងន់។
រដ្ឋាភិបាលនិងក្រុមហ៊ុនរ៉ែបានដឹងពីគ្រោះថ្នាក់នៃរ៉ែអ៊ុយរ៉ាញ៉ូម ប៉ុន្តែអ្នកជីករ៉ែ និងគ្រួសាររបស់ពួកគេត្រូវតែស្វែងយល់អំពីគ្រោះថ្នាក់ដោយខ្លួនឯង។ កម្មកររ៉ែឌីណេបានស្លាប់ក្នុងវ័យក្មេង ដោយសារឥទ្ធិពលដ៏មានគ្រោះថ្នាក់នៃការភាយកាំរស្មី។ ស្ត្រីជាច្រើនមានការរលូតកូន ឬទារកមានពិការភាពពីកំណើត និងបញ្ហាសុខភាពដទៃទៀត។ បុរសដែលធ្វើការនៅរ៉ែ មានមហារីកសួត និងបញ្ហាដង្ហើមផ្សេង។ អ្នកខ្លះបាត់បង់លទ្ធភាពក្នុងការដើរ។ សូម្បីតែគោក្របី និងចៀមដែលនៅក្បែររ៉ែ ក៏កើតមានជំងឺ និងស្លាប់មុនពេលវាអាចផ្តល់នូវទឹកដោះគោ និងរោម។
បញ្ហាទាំងនេះបានបន្តកើតឡើងជាង៥០ឆ្នាំ។ ចុងបញ្ចប់ ក្នុងឆ្នាំ២០០៥ កុលសម្ព័ន្ធឌីណេបានហាមប្រាមមិនឲ្យមានការជីករ៉ែអ៊ុយរ៉ាញ៉ូមនៅលើទឹកដីរបស់ពួកគេទៀត។ ប៉ុន្តែទឹកដីឌីណេនៅមានអណ្តូងរ៉ែអ៊ុយរ៉ាញ៉ូម និងរណ្តៅនៃកាកសំណល់ពុល ច្រើនរាប់រយ។ រដ្ឋាភិបាលអាមេរិកកំពុងបង់ប្រាក់ជូនគ្រួសារនៃប្រជាជនដែលស្លាប់ដោយការពុលអ៊ុយរ៉ាញ៉ូម ប៉ុន្តែប្រាក់នេះមិនច្រើននោះទេ។ ហើយឧស្សាហកម្មរ៉ែនុយក្លេអែរបានដាក់សម្ពាធយ៉ាងខ្លាំងទៅកុលសម្ព័ន្ធឌីណេក្នុងការបើករ៉ែបន្ថែមទៀត។
ទឹកដីឌីណេក៏មានប្រភពធ្យូងថ្មដ៏ធំបំផុតនៅសហរដ្ឋអាមេរិកដែរ។ ដោយសារការបាត់បង់ការងារព្រោះតែការបិតរ៉ែអ៊ុយរ៉ាញ៉ូម រ៉ែធ្យូងថ្មក៏ក្លាយទៅជាប្រភពតែមួយគត់នៃប្រាក់ចំណូលយ៉ាងល្អសម្រាប់ពួកបុរសឌីណេ។ ប៉ុន្តែរ៉ែធ្យូងថ្មក៏មានគ្រោះថ្នាក់ផងដែរចំពោះសុខភាពនិងបរិស្ថាន ទាំងនៅពេលជីកចូលទៅក្នុងដី និងនៅពេលដុតវាដើម្បីបង្កើតជាអគ្គិសនីនៅក្នុងរោងចក្រថាមពល។
ក៏ដូចជាប្រជាជនឯទៀតដែរ កុលសម្ព័ន្ធឌីណេកំពុងតែត្រូវបានសួរឲ្យជ្រើសរើសរវាងសុខភាពមិនល្អ និងភាពក្រីក្រ។ រឿងរាវជាច្រើនត្រូវតែផ្លាស់ប្តូរដើម្បីឲ្យប្រជាជនឌីណេទទួលបានជម្រើសល្អជាងនេះ ជាពិសេសការបញ្ឈប់នូវការប្រកាន់ពូជសាសន៍ដែលបដិសេធសិទ្ធិរបស់ជនជាតិដើមក្នុងការគ្រប់គ្រងសហគមន៍ ធនធាន និងអនាគតដោយខ្លួនឯង។ ហើយក្នុងការបង្កើតថាមពល ពិភពលោកទាំងមូល ប៉ុន្តែជាពិសេសសហរដ្ឋអាមេរិក ត្រូវតែប្រើប្រាស់មធ្យោបាយដែលមានគ្រោះថ្នាក់តិចជាងធ្យូងថ្ម និងអ៊ុយរ៉ាញ៉ូម ។