Hesperian Health Guides

ជំងឺបណ្តាលមកពីកំទេចធូលី

នៅក្នុងជំពូកនេ:

ការខូចខាតសួតដែលបង្កឡើងដោយកំទេចធូលី និងរ៉ែ គឺជាបញ្ហាសុខភាពដ៏សំខាន់។ ទោះបីអ្នកជីករ៉ែខាងក្រោមដី ឬនៅលើដីក៏ដោយ អ្នកអាចនឹងមានការខូចខាតសួតបើ ៖

  • កំទេចធូលីគ្របដណ្តប់លើខោអាវ រាងកាយ និងឧបករណ៍ពេលអ្នកធ្វើការ។
  • អ្នកក្អកជាញឹកញាប់ និងពិបាកដកដង្ហើម។
A man using a jackhammer wears a mask and gloves. A man working nearby does not and is coughing.


នៅពេលកំទេចធូលីបានធ្វើឲ្យសួតខូច នោះគ្មានមធ្យោបាយណាអាចត្រឡប់វាមកវិញបានទេ។ កំទេចធូលីគឺជាការគំរាមកំហែងដល់ទាំងកម្មកររ៉ែ និងសហគមន៍ដែលនៅក្បែរអណ្តូងរ៉ែនោះ។

ប្រភេទនៃកំទេចធូលីដែលមានគ្រោះថ្នាក់បំផុតគឺ កំទេចធ្យូងថ្ម ដែលធ្វើឲ្យមានជំងឺសួតខ្មៅ, និងកំទេចធូលីស៊ីលីកា(silica) ដែលបណ្តាលឲ្យមានជាជំងឺស៊ីលីកូ(silicosis)។ កំទេចធូលីដែលមានជាតិអាបែស្តូ(ដែលបណ្តាលឲ្យមានជំងឺអាបែស្តូ ) ឬលោហៈធ្ងន់ក៏បណ្តាលឲ្យមានគ្រោះថ្នាក់ដែរ]]។

សញ្ញានៃការខូចខាតសួត

កំទេចធូលីមកពីការជីករ៉ែ អាចបណ្តាលឲ្យមានការពិបាកដកដង្ហើម។ បរិមាណកំទេចធូលីយ៉ាងច្រើន អាចធ្វើឲ្យសួតពេញដោយវត្ថុធាតុរាវនិងឡើងហើម។ សញ្ញានៃការខូតខាតសួតដែលបណ្តាលមកពីកំទេចធូលីរួមមាន ៖ EHB Ch21 Page 476-2.png

  • ដង្ហើមហត់ ក្អក ដកដង្ហើមឮសូរ
  • ស្បែកឡើងស្វាយនៅត្រចៀក ក និងបបូរមាត់
  • គ្រុនក្តៅ
  • ឈឺទ្រូង
  • ក្អកមានកំហាកលឿងឬបៃតង(ស្លេសដែលមកពីសួត)
  • មិនឃ្លានអាហារ
  • ឈឺបំពង់ក
  • អស់កម្លាំង


ជំងឺសួតខ្មៅ ជំងឺស៊ីលីកូ និងជំងឺអាបែស្តូ គឺជាស្ថានភាពធ្ងន់ធ្ងរដែលគ្មានការព្យាបាល។ ជាការល្អបំផុតត្រូវបង្ការកុំឲ្យមានការប៉ះពាល់កំទេចធូលីដ៏គ្រោះថ្នាក់នេះ។ ដោយហេតុថាជំងឺនេះកាន់តែធ្ងន់ធ្ងរយ៉ាងឆាប់រហ័ស ដូច្នេះនៅពេលដែលអ្នកមានរោគសញ្ញានេះ អ្វីដែលអ្នកអាចធ្វើ គឺរក្សាជំងឺកុំឲ្យមានសភាពធ្ងន់ធ្ងរថែមទៀត។ ប្រសិនបើអ្នកមានសញ្ញាណាមួយខាងលើ ឬក៏បានប៉ះពាល់ទៅនឹងប្រភេទធូលីទាំងនេះ ត្រូវទៅជួបបុគ្គលិកសុខាភិបាលភ្លាម។

ដោយសារតែការជក់បារីបង្កើនឱកាសនៃការខូចខាតសួតដោយសារកំទេចធូលី ដូច្នេះជាការសំខាន់បំផុត គឺកម្មកររ៉ែមិនត្រូវជក់បារីទេ។

ជំងឺសួតខ្មៅ និងជំងឺស៊ីលីកូ

ជំងឺសួតខ្មៅបង្កឡើងដោយកំទេចធ្យូងថ្មបានកកស្ទះនៅក្នុងសួត ធ្វើឲ្យមានបញ្ហាដង្ហើមធ្ងន់ធ្ងរនិងជាអចិន្ត្រៃយ៍។ កម្មករជីករ៉ែធ្យូងថ្មក្រោមដី និងកុមារនិងស្ត្រីដែលបំបែកថ្មចេញពីធ្យូងថ្ម រងគ្រោះធ្ងន់បំផុតពីជំងឺសួតខ្មៅ។

ជំងឺស៊ីលីកូបង្កឡើងដោយការប៉ះពាល់ទៅនឹងកំទេចស៊ីលីកា។ ស៊ីលីកាជាសារធាតុរ៉ែទូទៅដែលបញ្ចេញពីខ្សាច់និងថ្មក្នុងពេលជីករ៉ែ ដែលធ្វើឲ្យកម្មកររ៉ែជាច្រើនប្រឈមនឹងគ្រោះថ្នាក់។

ការព្យាបាល
Km EHB Ch21 Page 477-1.png

ជំងឺសួតខ្មៅ និងជំងឺស៊ីលីកូ មិនអាចព្យាបាលជាទេ។ ប៉ុន្តែអ្នកអាចកាត់បន្ថយការឈឺចាប់ដែលវាបង្កឡើង។

  • ផឹកទឹកឲ្យបានច្រើនដើម្បីជួយកំហាកចេញពីក្នុងសួត។
  • រក្សាផ្លូវដង្ហើមឲ្យបើកចំហរ។ ចាក់ទឹកក្តៅហុយៗក្នុងចានគោម និងដាក់រុក្ខជាតិឱសថដែលមានក្លិនខ្លាំង ដូចជា ប្រេងខ្យល់ ឬជីអង្កាម។ ដាក់ក្បាលអ្នកលើចានគោម គ្របខ្លួនរបស់អ្នកដោយកន្សែងធំឬក្រណាត់ និងដកដង្ហើមស្រូបយកចំហាយ។ ធ្វើដូច្នេះម្តងៗរយៈពេល១៥នាទី ច្រើនដងក្នុងមួយថ្ងៃ។
  • ថ្នាំពង្រីកទងសួត អាចជួយបើកផ្លូវដកដង្ហើមបាន។ ប្រភេទថ្នាំហឺតមានប្រសិទ្ធភាពឆាប់រហ័សបំផុត។
  • មន្ទីពេទ្យអាចផ្តល់អុកស៊ីហ្សែនដើម្បីជួយអ្នកជំងឺឲ្យដកដង្ហើមកាន់តែងាយស្រួលឡើង។
  • ទឹកស៊ីរ៉ូក្អកដែលលាយនៅផ្ទះ អាចកាត់បន្ថយការក្អកដែលឈឺចាប់។ លាយ ៖
EHB Ch21 Page 477-2a.png EHB Ch21 Page 477-3.png EHB Ch21 Page 477-4.png
ទឹកឃ្មុំ១ភាគ ទឹកក្រូចឆ្មារ១ភាគ ផឹក១ស្លាបព្រាកាហ្វេ រៀងរាល់២-៣ម៉ោងម្តង
  • ប្រជាជនខ្លះជឿថា អាហារធ្វើអំពីផលិតផលទឹកដោះគោ ដូចជាទឹកដោះគោ ប្រូម៉ាស និងប៊ឺរ អាចធ្វើឲ្យស្លេសខាប់និងពិបាកក្នុងការក្អក។ ប្រសិនបើបរិភោគអាហារទាំងនេះ ធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែធ្ងន់ធ្ងរ ចូរជៀសវាងបរិភោគវា តែត្រូវប្រាកដថាអ្នកអាចទទួលទានអាហារផ្សេងទៀតដែលមានសារធាតុចិញ្ចឹមល្អ។
សំខាន់! ការផឹកស្រាសម្អាតធូលីចេញពីសួត គឺជាការយល់ច្រឡំ។ ការផឹកស្រាបានត្រឹមតែធ្វើឲ្យបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរប៉ុណ្ណោះ។

បញ្ហាសុខភាពដែលពាក់ព័ន្ធ

អ្នកដែលមានជំងឺសួតខ្មៅ ឬជំងឺស៊ីលីកូ មានការប្រឈមខ្ពស់នឹងបញ្ហាសុខភាពដទៃទៀតដូចជា ៖


សម្រាប់ព័ត៌មានបន្ថែម សូមមើលសៀវភៅសុខភាពទូទៅដូចជា ទីណាគ្មានវេជ្ជបណ្ឌិត

ការបង្ការគ្រោះថ្នាក់ពីកំទេចធូលី

តាមរយៈការដាក់កម្រិតលើបរិមាណធូលីដែលអ្នកដកដង្ហើមចូល អ្នកអាចបង្ការការខូចខាតសួតបាន។

ម្ចាស់អណ្តូងរ៉ែគួរផ្តល់ឧបករណ៍កាត់បន្ថយកំទេចធូលីនៅក្នុងអណ្តូងរ៉ែ

  • បាញ់ខ្យល់បរិសុទ្ធចូលទៅក្នុងអណ្តូងរ៉ែក្រោមដី។ អណ្តូងរ៉ែគួរមានប្រហោងជាច្រើននៅផ្ទៃខាងលើ។ ស្នប់ខ្យល់និងកង្ហារអាចនាំខ្យល់បរិសុទ្ធចូល និងទាញកំទេចធូលី និងខ្យល់កខ្វក់ចេញក្រៅវិញ។
Illustration of a mine demonstrating the above.
កង្ហារទាញកំទេចធូលីនិងខ្យល់កខ្វក់ចេញពីអណ្តូងរ៉ែ
ស្នប់ខ្យល់សម្រាប់បាញ់ខ្យល់បរិសុទ្ធចូលទៅក្នុងអណ្តូងរ៉ែ
  • ផ្តល់ឧបករណ៍បាញ់ស្រោចទឹកដើម្បីផ្សើមកំទេចធូលីកុំឲ្យហុយឡើងលើ។ ស្តុកទឹកទុកនៅអាងខាងលើផ្ទៃដី និងបូមទឹកបញ្ចូលឬដាក់ឲ្យវាហូរចូលទៅក្នុងអណ្តូង ឬរូងដី តាមរយៈរន្ធតូចៗ ឬក្បាលផ្កាឈូក។ "ទឹកជូរ" ដែលមិនមែនសម្រាប់ការផឹក អាចយកមកប្រើប្រាស់បាន។ ក៏ប៉ុន្តែកម្មករជីករ៉ែត្រូវការផឹកទឹកយ៉ាងច្រើន។
  • ផ្តល់ឧបករណ៍កាត់ឬខួង ដែលមានទឹកបាញ់ដើម្បីចាប់ធូលី។

ម្ចាស់អណ្តូងរ៉ែគួរផ្តល់សម្ភារៈដើម្បីការពារកម្មកររ៉ែមិនឲ្យដកដង្ហើមស្រូបចូលធូលី

  • ផ្តល់ឧបករណ៍ ដូចជាថ្មកំបោរដែលកិនម៉ត់ និងភួយ សម្រាប់គ្របកន្លែងដុតបំផ្ទុះ។


កម្មករត្រូវការកន្លែងផ្លាស់ប្តូរសម្លៀកបំពាក់ និងងូតទឹកមុនពេលចាកចេញពីកន្លែងអណ្តូងរ៉ែ និងកន្លែងស្អាត សម្រាប់រក្សាទុកសម្លៀកបំពាក់។ ម្ចាស់អណ្តូរងរ៉ែក៏មានការទទួលខុសត្រូវក្នុងការរកមធ្យោបាយបញ្ជៀសកំទេចធូលីមិនឲ្យហុយទៅលើសហគមន៍នៅក្បែរ។

EHB Ch21 Page 478-2.png
ការប្រើប្រាស់ និងសម្អាតម៉ាស់របាំងធូលីបានទៀងទាត់អាចបង្ការការខូចខាតសួត
សំខាន់! កំទេចធូលីសម្លាប់ជីវិត។ កម្មកររ៉ែមានសិទ្ធិក្នុងការទាមទារក្រុមហ៊ុនឲ្យផ្តល់នូវរាល់មធ្យោបាយទាំងអស់ដែលអាចធ្វើបានដើម្បីកាត់បន្ថយកំទេចធូលី រួមទាំងឧបករណ៍ការពារ។ ម៉ាស់ការពារធូលីអាចបង្ការការខូចខាតសួតបាន លុះត្រាតែវារឹបណែនល្អ និងបានសម្អាតជាញឹកញាប់ប៉ុណ្ណោះ។ ប្រសិនបើអ្នកប្រើប្រាស់ម៉ាស់ក្រដាស់ ត្រូវផ្លាស់ប្តូរវាឲ្យបានញឹកញាប់។ ប្រសិនបើអ្នកប្រើប្រាស់ម៉ាស់ប្លាស្ទិក ឬក្រណាត់ ឬបង់រុំ ត្រូវសម្អាតឲ្យបានញឹកញាប់។

កម្មកររ៉ែអាចកាត់បន្ថយបរិមាណកំទេចធូលីដែលពួកគេដកដង្ហើមចូល

  • ផ្សើមផ្ទៃដីមុនពេលកាត់ឬខួងដើម្បីបង្ការកុំឲ្យកំទេចធូលីហុយឡើង។
  • បាចថ្មកំបោរដែលកិនម៉ត់ ដើម្បីបង្ការកុំឲ្យកំទេចស៊ីលីកាឬធ្យូងថ្ម ហុយឡើងទៅក្នុងខ្យល់។
  • គ្របកន្លែងដែលត្រូវបំផ្ទុះឬខួង ដោយក្រណាត់សើមឬក្រណាត់លាបជ័រ ដើម្បីចាប់កំទេចធូលី។ បន្ទាប់ពីបំផ្ទុះឬខួងថ្ម ចូរបាញ់ទឹកផ្សើមកន្លែងនោះ។
  • ទុកឲ្យកំទេចធូលីធ្លាក់ចុះបន្ទាប់ពីបំផ្ទុះ និងមុនពេលដើរចូលទៅខាងក្នុង។
  • ស្លៀកពាក់ឧបករណ៍និងសម្ភារៈការពារ។ ម៉ាស់ដែលល្អបំផុតសម្រាប់កម្មកររ៉ែ គឺឧបករណ៍ដកដង្ហើមជ័រ ដែលពាក់រឹបណែនល្មម និងមានប្រដាប់ចម្រោះសារធាតុដែលអ្នកធ្វើការជាមួយ។ កម្មករគួរទទួលបានការបណ្តុះបណ្តាលអំពីរបៀបជ្រើសរើស ប្រើប្រាស់ និងថែទាំម៉ាស់។ ប្រសិនបើគ្មានម៉ាស់ការពារធូលីទេ ត្រូវយកក្រណាត់បិទលើមាត់និងច្រមុះរបស់អ្នក និងសម្អាតវារៀងរាល់ថ្ងៃ។ វ៉ែនតាឬវ៉ែនតាការពារ អាចការពារភ្នែករបស់អ្នក (សម្រាប់ព័ត៌មានបន្ថែមអំពីឧបករណ៍ការពារ សូមមើលសេចក្តីបន្ថែម ក)។
  • លាងសម្អាតដៃនិងមុខ មុនពេលបរិភោគ ផឹកទឹក ឬជក់បារី និងក្នុងពេលនិងក្រោយពេលធ្វើការងារ។
A man washes a tool under a faucet.
  • លាងសម្អាតសម្ភារៈឲ្យបានញឹកញាប់។ មិនត្រូវរលាស់ថង់ឬបាវដែលមានធូលីច្រើនទេ - វាធ្វើឲ្យកំទេចធូលីហុយទៅក្នុងខ្យល់ថែមទៀត។ ត្រូវលាងសម្អាតថង់ឬបាវវិញ។ ប្រសិនបើអ្នកត្រូវតែរលាស់បាវឬថង់ ត្រូវប្រាកដថាអ្នកស្ថិតនៅលើខ្យល់។ ថង់ឬបាវក្រណាត់ ភ្ជាប់កំទេចធូលីយ៉ាងច្រើន - ប្រសិនបើអាច ចូរប្រើប្រាស់ថង់ឬបាវប្លាស្ទិកវិញ។

បង្ការកំទេចធូលីរ៉ែកុំឲ្យចូលក្នុងផ្ទះរបស់អ្នក

A house with large banana leaves covering a window.
  • លាងសម្អាតបន្ទាប់ពីធ្វើការងារ និងមុនពេលចូលក្នុងផ្ទះ។
  • ទុកសម្លៀកបំពាក់ការងារនៅកន្លែងអណ្តូងរ៉ែ ឬត្រូវផ្លាស់វាចេញមុនពេលចូលក្នុងផ្ទះ។
  • ជូតសម្អាតកម្រាលដោយកន្ទបសើម ដើម្បីយកកំទេចធូលីចេញ។ ការបោសនឹងធ្វើឲ្យកំទេចធូលីហុយទៅក្នុងខ្យល់។
  • ប្រសិនបើខាងក្រៅផ្ទះមានកំទេចធូលីច្រើន ត្រូវបិទទ្វារនិងបង្អួចឲ្យជិត។ ប្រសិនបើផ្ទះអ្នកគ្មានទ្វារនិងបង្អួចដែលបិទបានទេ ចូរចងវាំងនន ឬស្លឹកចេកធំៗនៅទ្វារនិងបង្អួចនោះ។
ការព្យាបាលកម្មកររ៉ែដែលមានជំងឺស៊ីលីកូ

ឡាលគួន គឺជាភូមិមួយនៅប្រទេសឥណ្ឌា ដែលត្រូវបានផ្តល់ជាកន្លែងសម្រាប់ជីករ៉ែនិងបំបែកថ្ម។ អ្វីៗទាំងអស់នៅភូមិឡាលគួនត្រូវគ្របដណ្តប់ទៅដោយកំទេចធូលីក្រាស់ឃ្មឹក។ កំទេចធូលីមានសភាពអាក្រក់ខ្លាំងដែលនាំឲ្យមានការពិបាកមើល។ កំទេចដីនេះក៏ធ្វើឲ្យមនុស្សជាច្រើនពិបាកដកដង្ហើមដែរ។


ពុធបានមកភូមិឡាលគួននេះ២០ឆ្នាំកន្លងមកហើយ ដើម្បីធ្វើការជាមួយម៉ាស៊ីនកំទេចថ្ម។ បន្ទាប់ពីធ្វើការងារអស់រយៈពេល១០ឆ្នាំ គាត់ក៏ចាប់ផ្តើមពិបាកដកដង្ហើម។ គាត់ត្រូវបានព្យាបាលជំងឺរបេងដោយគ្លីនិកភូមិ។ ថ្នាំជំងឺរបេងបានជួយគាត់រយៈពេល១ឆ្នាំ ប៉ុន្តែបន្ទាប់ពីនោះមក គាត់ក៏ចាប់ផ្តើមមានជំងឺសារជាថ្មី។ មិនមែនមានតែពុធរាម ម្នាក់ឯងទេដែលមានជំងឺនោះ។ ថ្វីបើបានទទួលការព្យាបាលជំងឺរបេងច្រើនដងក៏ដោយ កម្មករនិងអ្នកភូមិជាច្រើនបានស្លាប់ដោយការឈឺចាប់ក្នុងទ្រូងយ៉ាងខ្លាំងក្លា មិនអាចដកដង្ហើម។


ពេលដែលលោក អាហ្សាដ ដែលជាអ្នកសម្របសម្រួលរបស់អង្គការឈ្មោះថា សិទ្ធិប្រជាជន និងមជ្ឈមណ្ឌលស្រាវជ្រាវសង្គម បានមកដល់ឡាលគួន គោលដៅរបស់គាត់គឺដើម្បីបង្រៀនអ្នកភូមិឲ្យចេះអាននិងសរសេរ។ ប៉ុន្តែនៅពេលគាត់ឃើញថាពួកគេទាំងនោះបានស្លាប់យ៉ាងច្រើន គាត់ក៏ធ្វើការងារផ្សេងវិញ ៖ ជួយអ្នកភូមិឲ្យទទួលបានការព្យាបាល និងប្រាក់សំណងសម្រាប់ជំងឺរបស់ពួកគេ។


អាហ្សាដបានស្វែងយល់ថាកម្មករជាច្រើនកំពុងព្យាបាលជំងឺរបេង ប៉ុន្តែពួកគេស្លាប់ដោយសារជំងឺស៊ីលីកូទៅវិញទេ។ កម្មករភាគច្រើន ក៏ដូចជាពុធរាម មិនស្គាល់ថាជំងឺស៊ីលីកូជាអ្វីទេ។ ចំណែកម្ចាស់រ៉ែក៏មិនចង់ដឹងពីជំងឺស៊ីលីកូដែរ ព្រោះច្បាប់របស់ប្រទេសឥណ្ឌាតម្រូវឲ្យម្ចាស់រ៉ែទទួលខុសត្រូវចំពោះជំងឺដែលបង្កឡើងនៅកន្លែងធ្វើការ។ សម្រាប់ម្ចាស់ការដ្ឋានរ៉ែ វាជាការល្អបំផុតបើគ្មាននរណាម្នាក់ដឹងថាកម្មករកំពុងតែស្លាប់ដោយសារជំងឺស៊ីលីកូនេះ។


អាហ្សាដបានទាក់ទងជាមួយអង្គការដទៃទៀតដើម្បីផ្តល់ការគាំទ្រដល់ប្រជាជនដែលប៉ះពាល់ដោយសារជំងឺស៊ីលីកូ និងដើម្បីទាមទារការទូទាត់សំណង និងការថែទាំសុំខភាព។ បន្ទាប់ពីរៀបចំអស់រយៈពេលច្រើនឆ្នាំ អភិបាលក្រុងដែលីបានយល់ព្រមបើកការប្រជុំមួយដើម្បីស្តាប់ពីទុក្ខវេទនានៅឡាលគួន។ កិច្ចប្រជុំនេះបានផ្តល់លទ្ធផលនូវជោគជ័យដ៏ធំធេង ពេលដែលអភិបាលក្រុងយល់ព្រមបំពេញតាមការទាមទាររបស់អាហ្សាដនិងប្រជាជននៅឡាលគួន។

A mobile medical van.


បច្ចុប្បន្ន បន្ទាប់ពីការរងគ្រោះច្រើនឆ្នាំមក ប្រជាជនឡាលគួនមានមជ្ឈមណ្ឌលក្នុងសហគមន៍សម្រាប់ព្យាបាលជំងឺដែលទាក់ទងនឹងការងារ។ រថយន្តវេជ្ជសាស្ត្រចល័តមួយ មកពិនិត្យដល់កន្លែង ចំនួន៤ថ្ងៃក្នុងមួយសប្តាហ៍ ដោយផ្តល់ការព្យាបាលវេជ្ជសាស្ត្រឥតគិតថ្លៃ។ អាជ្ញាធរក្រុងបានសន្យានឹងធ្វើការស្ទង់មតិសុខភាពនៅក្នុងឡាលគួន និងផ្តល់ប្រាក់សោធនដល់អ្នករងគ្រោះពីជំងឺស៊ីលីកូទាំងអស់ ព្រមទាំងការបណ្តុះបណ្តាលនិងគាំទ្រ ដើម្បីជួយពួកគេឲ្យស្វែងរកមធ្យោបាយដទៃទៀតក្នុងការរកប្រាក់ចំណូលនិងទ្រទ្រង់គ្រួសារ។


ជោគជ័យនេះបានធ្វើឲ្យកម្មកររ៉ែនិងអ្នកភូមិមានអារម្មណ៍ថា ពួកគេមានអំណាចច្រើនជាងមុន។ បរិយាកាសនៅឡាលគួននៅតែពោរពេញទៅដោយកំទេចធូលីនៅឡើយ។ ប៉ុន្តែវាក៏ពោរពេញទៅដោយឱកាសនៃភាពល្អប្រសើរនៅថ្ងៃអនាគតដែរ។