Hesperian Health Guides

ការជីករ៉ែដែលមានការទទួលខុសត្រូវ

នៅក្នុងជំពូកនេ:

បច្ចុប្បន្នធនាគារពិភពលោកនិងភ្នាក់ងារអន្តរជាតិដទៃទៀត កំពុងលើកកម្ពស់នូវអ្វីដែលពួកគេហៅថា"ការជីករ៉ែប្រកបដោយចិរភាព"។ ប៉ុន្តែការជីករ៉ែក្នុងទ្រង់ទ្រាយធំ តែងតែនាំមកនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយបរិមាណនៃសារធាតុរ៉ែដែលអាចជីកបានដោយសុវត្ថិភាព ត្រូវមានកំណត់។ ការជីករ៉ែគឺជាឧស្សាហកម្ម "រីកធំរួចបែកធ្លាយ", មានន័យថាពួកគេអាចទទួលបានទ្រព្យសម្បត្តិធំធេងពេលដែលសារធាតុរ៉ែថ្មីត្រូវបានរកឃើញ ប៉ុន្តែបន្ទាប់ពីនេះនឹងមានភាពក្រីក្រដ៏ធំធេងដែរពេលដែលសារធាតុរ៉ែត្រូវបានយកអស់។ រហូតមកដល់សព្វថ្ងៃ មិនទាន់មានអ្វីដែលជា "ការជីករ៉ែប្រកបដោយចិរភាព" នៅឡើយទេ។

ទោះបីការជីករ៉ែមិនអាចធ្វើឡើងក្នុងរបៀបមួយដែលមានចិរភាពពិតប្រាកដ តែវាអាចធ្វើឡើងតាមរបៀបមួយដែលមានការបំផ្លាញតិចតួច និងផ្តល់ផលចំណេញយ៉ាងល្អប្រសើរដល់កម្មករ និងសហគមន៍។

A man speaks with a young girl beside a billboard that says: "A Diamond is Forever, DeBeers."
ដីរបស់យើងត្រូវបានបំផ្លិចបំផ្លាញជារៀងរហូតដែរ!

បង្កើតផែនការបរិស្ថាននិងសង្គម

គ្រប់ប្រតិបត្តិការរ៉ែទាំងអស់គួររួមបញ្ចូលនូវផែនការមួយដែលការពារបរិស្ថាន និងគាំទ្រតម្រូវការរបស់សហគមន៍។ ក្រុមហ៊ុនជីករ៉ែចង់ទទួលយកទ្រព្យសម្បត្តិកាន់តែច្រើនតាមតែអាចធ្វើទៅបាន ដោយចំណាយប្រាក់តិចតួច ដូច្នេះសម្ពាធរបស់សហគមន៍គឺជាការចាំបាច់ ដើម្បីបង្ខំឲ្យប្រតិបត្តិការរ៉ែបង្កើតផែនការបែបនេះឡើង។ ដើម្បីឲ្យផែនការណាមួយមានប្រសិទ្ធភាព សហគមន៍ដែលនៅក្បែរ ត្រូវតែបានចូលរួមក្នុងការសម្រេចចិត្ត។ ផែនការដែលមានការទទួលខុសត្រូវនឹងរួមបញ្ចូល ៖

  • ការវាយតម្លៃលើផលប៉ះពាល់បរិស្ថាន(EIA) ដែលធ្វើឡើងដោយមានចូលរួមពីសហគមន៍ដែលនឹងរងការប៉ះពាល់ (សូមមើលសេចក្តីបន្ថែម ខ)។
  • សេវាសង្គម ដូចជាគ្លីនិកសុខភាព និងសាលារៀន, និងការផ្តល់ទឹកផឹកសុវត្ថិភាព, អនាម័យ, និងសេវាចាំបាច់ដទៃទៀត។
  • ការថែទាំសុខភាពទូលំទូលាយនិងយូរអង្វែង សម្រាប់កម្មករជីករ៉ែ គ្រួសាររបស់ពួកគេ និងសហគមន៍ដែលបានប៉ះពាល់។
  • ផែនការក្នុងការបិទរ៉ែ កែប្រែដីឡើងវិញ និងការផ្តល់ការងារសុវត្ថិភាពនិងស្ថិរភាពសម្រាប់អ្នកដែលធ្វើការក្នុងអណ្តូងរ៉ែ។