Hesperian Health Guides
លោហៈធ្ងន់:គ្រោះថ្នាក់បណ្តាលមកពីសារធាតុគីមីពុល
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ២១. ការជីករ៉ែ និងសុខភាព > លោហៈធ្ងន់:គ្រោះថ្នាក់បណ្តាលមកពីសារធាតុគីមីពុល
ប្រសិនបើអ្នកដឹងថាលោហៈណាមួយទំនងជាមានក្នុងតំបន់អ្នក និងដឹងពីផលប៉ះពាល់នៃលោហៈនោះចំពោះសុខភាព នោះវានឹងជួយអ្នកឲ្យដឹងថាតើអ្នកមានការពុលដោយលោហៈធ្ងន់នោះឬទេ។ កម្មកររ៉ែខ្លះទាមទារម្ចាស់អណ្តូងរ៉ែឲ្យធ្វើតេស្ត៍មើលថាតើលោហៈធ្ងន់មួយណាដែលពួកគេបានប្រឈម និងឲ្យបណ្តុះបណ្តាលពួកគេអំពីមធ្យោបាយកាត់បន្ថយគ្រោះថ្នាក់។
បារតត្រូវបានជីកយកមកប្រើតែម្តង និងក៏ត្រូវបានប្រើប្រាស់ដើម្បីញែកមាសពីដីរ៉ែដែរ។
សំណជាញឹកញាប់ឃើញមាននៅជាមួយទង់ដែង ប្រាក់ និងស័ង្កសី។
ទង់ដែងឃើញមាននៅជាមួយប្រាក់ និងស័ង្កសី។
អាសេនិកជាញឹកញាប់ឃើញមាននៅជាមួយមាស ទង់ដែង និងស័ង្កសី។
កាដម្ញ៉ូមឃើញមាននៅជាមួយប្រាក់ និងស័ង្កសី។
មាតិកា
ការពុលដោយបារត
ពេលដែលកម្មករជីករ៉ែ ចម្រាញ់រ៉ែប្រាក់និងមាសធ្វើដោយដៃ ជាញឹកញាប់ពួកគេលាយដីរ៉ែជាមួយបារត ដើម្បី បង្កើតជាសារធាតុទន់មួយហៅថា ល្បាយលោហៈ(amalgam)។ នៅពេលដុតវាដើម្បីទាញយកមាស បារត ក្លាយទៅជាឧស្ម័នដែលអាចត្រូវដកដង្ហើមស្រូបចូលដោយមនុស្សនៅក្បែរនោះ។ បារតក៏អាចក្លាយទៅជាឧស្ម័នដែរ ប្រសិនបើវាខ្ពុលចេញ ឬក៏ទុកនៅក្នុងប្រអប់ចំហរ។ ការដកដង្ហើមចូលនូវផ្សែងបារត គឺមានគ្រោះថ្នាក់ខ្លាំងណាស់។ បារតក៏បណ្តាលឲ្យមានគ្រោះថ្នាក់ដែរ ប្រសិនបើវាត្រូវបានបឺតស្រូបតាម ស្បែក ឬក៏បានបរិភោគចូលតាមអាហារដែលមានបារតឆ្លងតាមដៃនរណាម្នាក់។
រោគសញ្ញាខ្លះៗនៃការពុលបារត ងាយច្រឡំទៅនឹងរោគសញ្ញានៃជំងឺគ្រុនចាញ់។ ប្រសិនបើអ្នករស់នៅក្នុងសហគមន៍ជីករ៉ែ មាស ហើយថ្នាំគ្រុនចាញ់ហាក់ដូចជាមិនមានប្រសិទ្ធភាព នោះចូរអ្នកនិយាយជាមួយបុគ្គលិកសុខាភិបាលអំពីលទ្ធភាពនៃការពុលបារត។
បារតបំពុលបរិស្ថានតាមរយៈការចូលទៅក្នុងទឹក និងដី ដែលវាអាចស្ថិតនៅជាច្រើនឆ្នាំ។ បឹងនិងទន្លេនៅក្នុងរដ្ឋកាលីហ្វរ័ញ៉ានៃសហរដ្ឋអាមេរិក នៅតែមានការពុលដោយបារត ដោយការជីករ៉ែមាសតាំងពីជាង១០០ឆ្នាំកន្លងមកហើយ។ (សូមមើល ការពុលបារតក្នុងទឹកនិងត្រី)។
ការបង្ការការពុលដោយបារត
កម្មកររ៉ែមាស(ប្រាក់)ធ្វើដោយដៃ អាចបង្ការការពុលបារតបានដោយប្រើប្រាស់ឡបារត។ ឡបារតចាប់ឧស្ម័នបារតមុនពេលវាចូលទៅក្នុងខ្យល់។ វាបង្ការកម្មកររ៉ែ និងអ្នកដទៃទៀតមិនឲ្យដកដង្ហើមចូលនូវសារធាតុពុល និងអាចឲ្យកម្មកររ៉ែចំណេញប្រាក់ ដោយការយកបារតមកប្រើប្រាស់ឡើងវិញជាជាងទុកវាចោលក្នុងខ្យល់។
ជានិច្ចកាល ត្រូវញែកបារតចេញពីមាសនៅទីវាល ឬនៅកន្លែងដែលមានចរន្តខ្យល់ល្អ។ វានឹងកាត់បន្ថយបរិមាណផ្សែងបារតដែលកកកុញនៅលើនិងក្នុងរាងកាយមនុស្សដែលនៅក្បែរ។ ពាក់ស្រោមដៃក្រាស់នៅពេលរៀបចំបារត។
កម្មកររ៉ែមាសខ្លះគ្រាន់តែដាក់ស្លឹកចេកលើឆ្នាំងដុតកម្តៅមាស ដើម្បីចាប់យកបារត។ នៅពេលក្តៅ បារតក្លាយជាឧស្ម័ន និងត្រឡប់មកជាវត្ថុរាវវិញនៅលើស្លឹកចេក។ ការយកស្លឹកចេកគ្របឆ្នាំងដុតកម្តៅ ប្រសើរជាងទុកវាចោលមិនគ្រប។ ប៉ុន្តែធ្វើដូចនេះបារតនៅតែអាចបំពុលកម្មករនិងបរិស្ថាន ហើយបារតមិនអាចប្រើប្រាស់ឡើងវិញបានទេ។ ដំណោះស្រាយដ៏ល្អប្រសើរ គឺប្រើប្រាស់ឡបិទជិត។
ឡបារតមានច្រើនប្រភេទ។ ឡទាំងអស់នោះតម្រូវឲ្យមានការដុតភ្លើងដោយផ្ទាល់និងយ៉ាងខ្លាំង។ ក្បាលដុត ឬភ្លើងដែលមានឧបករណ៍ផ្លុំខ្យល់ នឹងជួយក្នុងការចម្រាញ់យកមាសបានកាន់តែឆាប់រហ័ស។
របៀបបង្កើតឡរាងក្រឡូម
របៀបបង្កើតឡបំពង់សំណប៉ាហាំង
ឡនេះធ្វើពីបំពង់ធម្មតាជាមួយនឹងតំណសំណ។ ពាក់ស្រោមដៃ វ៉ែនតា និងម៉ាស់ នៅពេលប្រើប្រាស់វា។
- ១. ធ្វើល្បាយលោហៈជាដុំមូលតូច។ ត្រូវពាក់ស្រោមដៃ(ឬថង់ប្លាស្ទិក)ជានិច្ចនៅពេលធ្វើដូចនេះ។ ដាក់ដុំមូលតូចនោះចូលក្នុងគម្របបំពង់។
- ២. មួលបំពង់ឡនិងក្បាលបំពង់សំណប៉ាហាំងចូលគ្នាយ៉ាងណែន ដើម្បីកុំឲ្យបារតជ្រាបចេញបាន។
- ៣. ដាក់តួនៃឡចូលក្នុងគំនរធ្យូងដែលដុតកម្តៅ ដោយដាក់ផ្នែកកោងនៃបំពង់ ចូលទៅក្នុងកែវឬចានដែលមានទឹកត្រជាក់។ ឡនេះដំណើរការបានល្អបំផុត បើដុតភ្លើងបានស្មើល្អ។
- ៤. បារតនឹងហើរចេញតាមបំពង់ចូលទៅក្នុងទឹក។ ទឹកនឹងបង្ការផ្សែងបារតមិនឲ្យហើរចូលទៅក្នុងខ្យល់ ហើយទឹកនឹងធ្វើឲ្យវាត្រជាក់ ដូច្នេះបារតក្លាយជាសារធាតុរាវឡើងវិញ។
- ៥. នៅពេលដែលលែងមានបារតចូលទៅក្នុងទឹកទៀត មាសទាំងអស់ត្រូវបានចម្រាញ់ចេញពីរ៉ែរួចហើយ ដូច្នេះបារតទាំងអស់ក៏ត្រូវបានទាញយកមកវិញ។ គោះបំពង់ដើម្បីប្រាកដថាបារតទាំងអស់បានធ្លាក់ចូលទៅក្នុងទឹក។
- ៦.
ទុកឡឲ្យត្រជាក់ បន្ទាប់មកបើកវា មាសសុទ្ធស្ថិតនៅក្នុងគម្របបំពង់។
មានបញ្ហាមួយ គឺបារតអាចជាប់នៅផ្នែកខាងក្នុងនៅពេលប្រើប្រាស់ប៉ុន្មានដងដំបូង។ ចូរអត់ធ្មត់ មិនត្រូវប៉ះបារតទេ។ លើកក្រោយបារតទាំងអស់នឹងចេញមកក្រៅ។
បញ្ហាមួយទៀតគឺមាសអាចជាប់នៅបាតឡ។ ដើម្បីជៀសវាងបញ្ហានេះ ចូរមួលផ្នែកខាងក្រោមចេញមុនពេលប្រើប្រាស់ឡនេះ រួចដាក់វាផ្កាប់ចុះពីលើទៀនឆេះ រហូតដល់មានពាសស្រទាប់ស្តើងខ្មៅ។ ជាតិប្រេងដែលពីទៀន អាចបង្ការមិនឲ្យមាសជាប់បាតឡ។
ការភាយកាំរស្មីអ៊ុយរ៉ាញ៉ូម
អ៊ុយរ៉ាញ៉ូមគឺជាលោហៈដែលភាយកាំរស្មីដ៏គ្រោះថ្នាក់។ ការភាយកាំរស្មីបណ្តាលឲ្យមានជំងឺមហារីក ជំងឺស្បែក និងបញ្ហាសុខភាពធ្ងន់ធ្ងរដទៃទៀត។ ប្រជាជនមានការប៉ះពាល់ទៅនឹងអ៊ុយរ៉ាញ៉ូមតាមរយៈការជីករ៉ែអ៊ុយរ៉ាញ៉ូម ដំណើរការចម្រាញ់វា ឬរស់នៅក្បែរអណ្តូងរ៉ែឬកន្លែងចោលកាកសំណល់។
អ៊ុយរ៉ាញ៉ូមត្រូវបានប្រើប្រាស់ដើម្បីផលិតវត្ថុពីរ ៖ អាវុធនុយក្លេអែរ និងថាមពលនុយក្លេអែរ។ វត្ថុទាំងពីរនេះសុទ្ធតែមានតម្លៃថ្លៃ គ្រោះថ្នាក់ខ្លាំង និងមិនចាំបាច់។ គ្មានប្រទេសណាមួយអាចជឿទុកចិត្តលើអ្នកដឹកនាំឬយោធារបស់ខ្លួនដែលមានអាវុធនុយក្លេអែរ ថានឹងមិនសម្លាប់ប្រជាជនដ៏ច្រើននោះទេ។ អ្វីដែលយើងត្រូវការ គឺសន្តិភាព។
ថាមពលនុយក្លេអែរក៏មានគ្រោះថ្នាក់ដែរ ហើយឧប្បត្តិហេតុក្នុងរោងចក្រថាមពលនុយក្លេអែរ អាចសម្លាប់ប្រជាជនរាប់ពាន់នាក់។ កាកសំណល់ពីថាមពលនុយក្លេអែរនៅតែមានគ្រោះថ្នាក់ក្នុងរយៈពេលរាប់ពាន់ឆ្នាំ ហើយមិនអាចចោលវាឲ្យមានសុវត្ថិភាពបានទេ។ អគ្គិសនីអាចត្រូវបានផលិតឡើងតាមវិធីផ្សេងៗដែលមានសុវត្ថិភាព។