Hesperian Health Guides

ការបំពុលខ្យល់ក្នុងផ្ទះ

នៅក្នុងជំពូកនេ:

នៅពេលដែលមនុស្សដុតឧស លាមកសត្វ ធ្យូងថ្ម ធ្យូង ឧស្ម័ន និងកាកសំណល់ដំណាំនៅក្នុងផ្ទះ ដើម្បីចម្អិន ឬកម្តៅដោយមិនមានចរន្តខ្យល់គ្រប់គ្រាន់ នោះផ្សែងនឹងហុយពេញផ្ទះ។ ផ្សែងនេះផ្ទុកទៅដោយឧស្ម័នគ្រោះថ្នាក់(ផ្សែងពុល)និងកំទេចតូច(លម្អងភ្លើង) ដែលបណ្តាលឲ្យមានបញ្ហាដង្ហើមនិងជំងឺដទៃទៀត។ បន្ទាប់ពីឈឺក្បាល វិលមុខ អស់កម្លាំង ច្រើនតែមានជំងឺធ្ងន់ធ្ងរដូចជា ជំងឺហឺត រលាកសួត និងរលាកទងសួត ឬមហារីកសួត។ ការបំពុលខ្យល់ក្នុងផ្ទះដោយសារផ្សែងភ្លើង ក៏បង្កើនការប្រឈមនឹងការងាយឆ្លងជំងឺរបេងផងដែរ។

ស្ត្រីនិងកុមារគឺជាអ្នកដែលប៉ះពាល់ខ្លាំងបំផុតទៅនឹងផ្សែងចម្អិនដ៏គ្រោះថ្នាក់។ ពេលស្ត្រីមានផ្ទៃពោះប៉ះពាល់ផ្សែងច្រើនរៀងរាល់ថ្ងៃ វាអាចបណ្តាលឲ្យទារកកើតមកតូច លូតលាស់យឺត និងរៀនខ្សោយ ៘ ក្នុងករណីខ្លះវាអាចបណ្តាលឲ្យកើតមកស្លាប់ទៀតផង។

A man stirs a pan on a stove.
ពេលដែលមនុស្សប្រុសចម្អិនច្រើន គេនឹងក្លាយទៅជាចុងភៅដ៏ល្អម្នាក់ និងមិនសូវធ្វើឲ្យអាហារខ្លោចទេ។

ដើម្បីកាត់បន្ថយការបំពុលខ្យល់ក្នុងផ្ទះ អ្នកអាច ៖

ចរន្តខ្យល់មិនល្អបណ្តាលឲ្យមានគ្រោះថ្នាក់ដល់សុខភាព

ចរន្តខ្យល់គឺជាមធ្យោបាយដែលខ្យល់ថ្មីស្រស់ចូលមកក្នុងបន្ទប់ឬអាគារ និងរបៀបដែលខ្យល់ចាស់និងខ្យល់ កខ្វក់ចេញទៅក្រៅ។ ប្រសិនបើនៅក្នុងផ្ទះគ្មានខ្យល់ចេញចូលល្អ នោះផ្សែងនិងខ្យល់កខ្វក់នឹងស្ថិតនៅក្នុងនោះ។ ខ្យល់ចេញចូលមិនល្អនេះក៏ធ្វើឲ្យក្នុងផ្ទះមានសភាពសើម បណ្តាលឲ្យមានសំណើមនិងផ្សិត។ មធ្យោបាយ ដ៏ងាយបំផុតដើម្បីកាត់បន្ថយខ្យល់កខ្វក់ក្នុងផ្ទះ គឺការកែលម្អខ្យល់ចេញចូល។ ដើម្បីឲ្យដឹងថាផ្ទះរបស់អ្នកអាចមានខ្យល់ចេញចូលមិនល្អ ត្រូវស្វែងរកសញ្ញាទាំងនេះ ៖

  • ផ្សែងស្ថិតនៅក្នុងផ្ទះ ឬពិដានមានពណ៌ខ្មៅដោយសារផ្សែងចម្អិនឬផ្សែងកម្តៅ។
  • ក្រណាត់សម្លៀកបំពាក់ ពូក ឬជញ្ជាំង មានដុះផ្សិត។
  • មានក្លិនអាក្រក់ពីបង្គន់ ឬទឹកបង្ហូរកាកសំណល់ក្នុងផ្ទះ។


ប្រសិនបើអ្នកចម្អិនដោយប្រើឧស្ម័ន ហើយជាញឹកញាប់មានវិលមុខ និងវង្វេងវង្វាន់ នេះអាចជាសញ្ញានៃខ្យល់ចេញចូលមិនល្អ ឬមានធ្លាយឧស្ម័នចេញ។

ការកែលម្អខ្យល់ចេញចូល ដោះស្រាយបញ្ហាជាច្រើន


A woman cooks at a wood stove under a hood vented to a chimney.

នីដូជាម្តាយដែលមានកូនបីនាក់។ កាលពីមុនគាត់តែងតែក្អកប្រកាច់ជារៀងរាល់ព្រឹក។ នៅពេលគាត់បង្កាត់ភ្លើងចង្ក្រានដើម្បីដាំទឹកនិងរៀបចំអាហារ នៅក្នុងផ្ទះពោរពេញទៅដោយផ្សែងដែលបណ្តាលឲ្យគាត់ដកដង្ហើមឮសូរ។ ដង្ហើមនីមួយៗធ្វើឲ្យគាត់ឈឺចាប់និងហត់ជាខ្លាំង។ ផ្សែងនៅក្នុងផ្ទះបាយនីដូ ធ្វើឲ្យគាត់មានជំងឺហឺត។

ដោយសារបញ្ហាសុខភាពរបស់គាត់ នីដូនិងប្តីឈ្មោះរីហ្វាក៏បានសម្រេចចិត្តចូលរួមក្នុងគម្រោងសុខភាពមួយដែលហៅថា កេនយ៉ាស្មូក(Kenya Smoke)។ រីហ្វាក៏បានរៀនវាស់ស្ទង់ពីភាពកខ្វក់នៃខ្យល់ដែលមាននៅក្នុងផ្ទះរបស់ខ្លួន ហើយបានដឹងថាផ្សែងនេះធ្វើឲ្យមានសុខភាពមិនល្អ។ រីហ្វានិងនីដូក៏ម្រេចចិត្តកាត់បន្ថយភាពបំពុលដោយសារផ្សែង។

បុគ្គលិកគម្រោងបានជួយនីដូក្នុងការសាងសង់គម្របផ្សែងពីលើចង្ក្រាន ដោយមានបំពង់ផ្សែងដើម្បីបញ្ចេញផ្សែងពីផ្ទះ។ ដូចគ្នានេះដែរ រីហ្វាបានសាងសង់បង្អួចធំថ្មី ដើម្បីកែលម្អខ្យល់ចេញចូល។ ដោយមានផ្សែងតិចតួចនៅក្នុងផ្ទះ គ្រួសារនេះអាចចំណាយពេលវេលាដើម្បីជួបជុំគ្នាបានច្រើនម៉ោងថែមទៀត។ បង្អួចក៏បានធ្វើឲ្យនីដូគយគន់សត្វចិញ្ចឹម និងធ្វើឲ្យមានពន្លឺកាន់តែល្អឡើងដែលធ្វើឲ្យងាយស្រួលក្នុងការក្រងអង្កាំ។

មុនពេលមានការផ្លាស់ប្តូរទាំងនេះ រីហ្វាស្ថិតនៅឆ្ងាយពីចង្ក្រាន។ ឥឡូវនេះគាត់អាចក្រោកពីព្រលឹមដើម្បី បង្កាត់ភ្លើង និងដាំទឹកសម្រាប់ឆុងតែ។ នីដូបានធូរស្រាលពីការភ្ញាក់ពីព្រលឹម និងធ្វើការងារប្រចាំថ្ងៃដោយខ្លួនគាត់។ គម្របផ្សែងនិងបំពង់ផ្សែងបានកាត់បន្ថយនូវលម្អងផ្សែងយ៉ាងច្រើន ដូច្នេះនីដូអាចបន្ថយការងារ សម្អាត។ ឥឡូវនេះជំងឺក្អកប្រកាច់របស់គាត់មិនសូវកើតឡើងទៀតទេ។ រីហ្វានិងនីដូត្រូវបង់ប្រាក់កំរៃ សម្រាប់គម្របផ្សែង តែការផ្លាស់ប្តូរដែលគេបានធ្វើ បានកែលម្អសុខភាពរបស់ពួកគេ និងបង្ការជំងឺដល់គ្រួសារទាំងមូល។ សុខភាពល្អធ្វើឲ្យជីវិតរស់នៅរបស់ពួកគេកាន់តែប្រសើរឡើង ដូច្នេះថវិការដែលពួកគេបានចំណាយលើគម្របផ្សែង គឺជាការវិនិយោគសម្រាប់អនាគតរបស់ខ្លួន។

ដើម្បីកែលម្អខ្យល់ចេញចូល

Illustration of the below: 2 homes, one in cross section.
បង្អួចនិងទ្វារស្ថិតនៅប្រឈមគ្នា ធ្វើឲ្យមានចរន្តខ្យល់កាន់តែប្រសើរឡើង
ចង្ក្រានចម្អិនស្ថិតនៅក្បែរបង្អួច អាចធ្វើឲ្យផ្សែងហុយចេញទៅក្រៅ
ចន្លោះរវាងជញ្ជាំងខាងលើនិងពិដាន អាចធ្វើឲ្យខ្យល់ចេញចូលបាន

ការពុលដោយកាបូនម៉ូណូអុកស៊ីត

ចង្ក្រានឬឧបករណ៍ដែលដុតឧស្ម័នធម្មជាតិ ប្រេងរាវ(LP gas) ប្រេង ប្រេងកាត ធ្យូងថ្ម ធ្យូង ឧស អាចបង្កើតឲ្យមានជាកាបូនម៉ូណូអុកស៊ីត(CO) ដែលជាឧស្ម័នពុល គ្មានពណ៌ គ្មានក្លិន និងគ្មានរសជាតិ។ CO ក៏ត្រូវបានបញ្ចេញដោយរថយន្តផងដែរ។

ជាទូទៅប្រជាជនបិទបន្ទប់ឲ្យជិតដើម្បីរក្សាកម្តៅ ឬប្រើឧសតិច។ ប៉ុន្តែការដុតកម្តៅដោយមិនមានខ្យល់ ចេញចូល បណ្តាលឲ្យមានគ្រោះថ្នាក់។ ក្នុងកន្លែងដែលមានខ្យល់ចេញចូលមិនល្អ COអាចនាំឲ្យមានជំងឺធ្ងន់ធ្ងរ ឬថែមទាំងអាចធ្វើឲ្យស្លាប់ទៀតផង។

 A dizzy man holds his head next to a wood stove which leaks fumes.
រោគសញ្ញា

ការពុលដោយCO នៅដំណាក់កាលដំបូង ហាក់ដូចជាផ្តាសាយធំ ប៉ុន្តែមិនមានគ្រុនក្តៅទេ។ រោគសញ្ញារួមមាន ឈឺក្បាល អស់កម្លាំង ថប់ដង្ហើម ចង្អោរ និងវិលមុខ។

ការបង្ការ

វិធីសំខាន់បំផុតដើម្បីបង្ការការពុលដោយCO គឺត្រូវប្រាកដថាផ្ទះរបស់អ្នកមានខ្យល់ចេញចូលបានល្អ។ ពិនិត្យរកមើលការធ្លុះធ្លាយ ឬស្ទះបំពង់ផ្សែង ច្រេះ ឬដាច់មុខដំណ។ មិនត្រូវដុតធ្យូង ឧស្ម័ន ឧស ឬប្រភពចំហេះដទៃទៀតនៅក្នុងផ្ទះ ក្នុងយានយន្ត ឬក្នុងស្តង់ដែលមិនមានខ្យល់ចេញចូលល្អទេ។ មិនត្រូវប្រើប្រាស់ឧបករណ៍ប្រើឧស្ម័ន ដូចជាចង្ក្រាន ឆ្នាំងកម្តៅ ឬប្រដាប់សម្ងួត ដើម្បីកម្តៅផ្ទះរបស់អ្នកឡើយ។ ជៀសវាងប្រើប្រាស់ ឧបករណ៍ឬម៉ាស៊ីនដែលប្រើប្រេងសាំងនៅក្នុងផ្ទះ។ ប្រសិនបើអ្នកប្រើប្រាស់វា ត្រូវប្រាកដថាមានខ្យល់ចេញចូលបានល្អ និងដាក់ម៉ាស៊ីនត្រង់កន្លែងដែលនាំផ្សែងចេញទៅក្រៅផ្ទះ។

ផ្សែងបារី

ការជក់បារីអាចបណ្តាលឲ្យមានបញ្ហាសុខភាពជាច្រើន ទាំងចំពោះអ្នកជក់ និងមនុស្សដទៃទៀតដែលប្រឈមនឹងផ្សែង។ បញ្ហាសុខភាពដែលបង្កឡើងដោយសារផ្សែងបារីមាន ៖

  • ជំងឺសួតធ្ងន់ធ្ងរ ដូចជាមហារីកសួត ហើមថង់ខ្យល់ក្នុងសួត និងរលាកទងសួតរ៉ាំរ៉ៃ។
  • ជំងឺបេះដូង ជំងឺស្ទះសរសៃរបេះដូង ជំងឺស្ទះសរសៃឈាមខួរក្បាល និងលើសសម្ពាធឈាម។
  • មហារីកលើមាត់ បំពង់ក ក និងប្លោកនោម។
A woman holds a child as she and a man smoke cigarettes.


ផ្សែងបារីបញ្ចេញចោល គឺជាល្បាយនៃផ្សែងដែលចេញមកពីបារី ខ្សៀជក់ ឬស៊ីហ្គា និងផ្សែងដែលអ្នកជក់បញ្ចេញចោល។ ផ្សែងបារីបញ្ចេញចោល ធ្វើឲ្យមនុស្សដែលរស់នៅក្បែរអ្នកជក់ មានគ្រោះថ្នាក់។ វាធ្វើឲ្យអ្នកទទួលផ្សែងពីគេ មានបញ្ហាដូចគ្នានឹងជក់ដែរ។

ដើម្បីបញ្ឈប់ឬជួយមនុស្សម្នាក់ឲ្យបញ្ឈប់ការជក់បារី

មនុស្សដែលជក់បារី ក្លាយទៅជាញៀនដោយសារសារធាតុនៅក្នុងបារី ហៅថានីកូទីន(nicotine)។ ប្រសិនបើគ្មានបារី គេអាចមានអារម្មណ៍ឈឺ ឬរសេះរសោះ។ ទោះបីអ្នកជក់ដឹងហើយក៏ដោយ វានៅតែមានការពិបាកក្នុងការបញ្ឈប់ការជក់បារី ដោយសារតែនីកូទីនជាសារធាតុញៀនខ្លាំង។

A girl speaks to a woman as they look at a poster of a glamorous woman smoking.
គាត់មើលទៅឡូយណាស់ ពេលជក់បារី!
ប៉ុន្តែការជក់បារីធ្វើឲ្យឯងឈឺ។ តើអ្វីទៅដែលឡូយនោះ?

ដោយសារក្រុមហ៊ុនបារីបានដាក់ផលិតផលរបស់ខ្លួនលើទីផ្សារយ៉ាងច្រើនលើសលុប ធ្វើឲ្យមនុស្សជាច្រើនចាប់ផ្តើមជក់បារីតាំងពីអាយុវ័យក្មេង និងបន្តការជក់ជានិច្ចដោយសារតែញៀននឹងសារធាតុនីកូទីន។ ក្រុមហ៊ុនបារីនិយាយថា ការជក់គឺជាជម្រើសរបស់មនុស្ស មិនមែនជាការញៀនទេ។ នេះមិនមែនជាការពិតទេ។ ជំហានដំបូងដើម្បីបញ្ឈប់ការជក់បារី គឺត្រូវយល់ថាការជក់បារីគឺជាការញៀនដ៏គ្រោះថ្នាក់ និង មិនមែនជាជម្រើសរបស់មនុស្សនោះទេ ។

ការនិយាយប្រាប់មនុស្សថា "សូមកុំជក់បារី" គឺកម្រនឹងទទួលបានជោគជ័យក្នុងការជួយអ្នកជក់ឲ្យឈប់ជក់។ មានមធ្យោបាយខ្លះៗដើម្បីផ្តាច់ការញៀន និងបញ្ឈប់ការជក់បារីមាន ៖

  • អនុវត្តការដកដង្ហើមវែងៗរៀងរាល់ពេលដែលអ្នកមានចំណង់ជក់បារី។
  • ហាត់ប្រាណរាល់ថ្ងៃ។
  • ជំនួសការជក់បារីដោយឥរិយាបទប្រកបដោយសុខភាព ដូចជាផឹកតែមួយពែង ឬដើរ។
  • ផឹកទឹកឲ្យច្រើនដើម្បីបញ្ចេញជាតិនីកូទីនពីក្នុងខ្លួន។
  • សុំការគាំទ្រពីមិត្តភក្ភិ និងគ្រួសារ។

ជំងឺរបេង

ជំងឺរបេងគឺជាជំងឺដែលប៉ះពាល់ញឹកញាប់ទៅលើសួត។ វាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានយ៉ាងងាយ ព្រោះនៅពេលដែលអ្នកជំងឺរបេងម្នាក់ក្អក មេរោគចូលទៅក្នុងខ្យល់និងរស់នៅបានជាច្រើនម៉ោង ដែលធ្វើឲ្យមនុស្សដទៃទៀតដកដង្ហើមចូលនូវមេរោគនោះ។ មេរោគរបេងឆ្លងរាលដាលយ៉ាងឆាប់រហ័សក្នុងផ្ទះដែលមានមនុស្សច្រើន និងក្នុងឃុំ ក្នុងរោងចក្រ ជុំរំការងារ ពន្ធនាគារ ជុំរំជនភៀសខ្លួន និងកន្លែងផ្សេងទៀតដែលមានប្រជាជនរស់នៅឬធ្វើការជិតៗគ្នា និងមានខ្យល់ចេញចូលតិចតួច។

អ្នកណាដែលឈឺដោយសារមេរោគរបេង?

មនុស្សជាច្រើនមានមេរោគរបេងនៅក្នុងរាងកាយ ប៉ុន្តែមានតែមួយក្នុងចំណោម១០នាក់ប៉ុណ្ណោះឈឺដោយសារមេរោគរបេងនេះ។ មនុស្សដែលទំនងជាមានជំងឺ គឺអ្នកដែលមានភាពខ្សោយរួចទៅហើយដោយសារជំងឺហឺត, គ្រុនចាញ់, មេរោគអេដស៍, ឬប្រសិនបើគេជាកុមារតូចៗ ឬមនុស្សចាស់ជរា, ឬខ្វះអាហារូបត្ថម្ភ។ ការជក់បារីឬដកដង្ហើមខ្យល់កខ្វក់ចូល ធ្វើឲ្យការប្រឈមនឹងជំងឺរបេងមានការកើនឡើង។

រោគសញ្ញា

ជំងឺរបេងគឺជាជំងឺដែលអាចព្យាបាលបាន ប្រសិនបើគេព្យាបាលវាទាន់ពេល និងចប់សព្វគ្រប់។ មនុស្សម្នាក់អាចមានរោគសញ្ញាទាំងអស់ឬខ្លះៗខាងក្រោមនេះ ប្រសិនបើគេឈឺជាលើកដំបូង ៖

  • ក្អកដែលមានរយៈពេលលើសពី៣សប្តាហ៍ ជាទូទៅមានសភាពធ្ងន់ធ្ងរបន្ទាប់ពីក្រោកពីដំណេក។
  • មានគ្រុនក្តៅតិចតួចនៅពេលល្ងាច និងបែកញើសនៅពេលយប់។
  • ឈឺចាប់នៅទ្រូងនិងផ្នែកខាងលើនៃខ្នង ។
  • ស្រកទម្ងន់ជាបន្តបន្ទាប់ និងខ្សោយទៅ។

ចំពោះកុមារតូចៗអាចមានគ្រុនក្តៅញឹកញាប់ ស្រកទម្ងន់ជាបន្តបន្ទាប់ ហើមឬប៉ោងនៅក ឬស្បែកមានពណ៌ស្លេក។

ការព្យាបាល
Droplets spray from the mouth of a woman coughing.
អ្នកជំងឺរបេងគួរខ្ទប់មាត់នៅពេលក្អក និងមិនត្រូវខាកស្តោះនៅលើឥដ្ឋទេ។

ប្រសិនអ្នកគិតថាអ្នកមានជំងឺរបេង ត្រូវខ្ទប់មាត់ពេលក្អក ឬក្អកដាក់ដៃអាវរបស់អ្នកនៅពេលក្អកស្ថិតក្នុងចំណោមមនុស្សឯទៀត និងលាងសម្អាតដៃឲ្យបានញឹកញាប់។ ទៅពិនិត្យនៅគ្លីនិកភ្លាម។ ប្រសិនបើបុគ្គលិកសុខាភិបាលរកឃើញថាអ្នកមានជំងឺរបេង អ្នកត្រូវចាប់ផ្តើមលេបថ្នាំ។ ដើម្បីព្យាបាលជំងឺរបេង អ្នកជំងឺលេបថ្នាំ៣ឬ៤ប្រភេទជារៀងរាល់ថ្ងៃ សម្រាប់រយៈពេល៦ទៅ១២ខែ។ ប្រសិនបើមាននរណាម្នាក់នៅក្នុងផ្ទះមានជំងឺរបេង ៖

  • ធ្វើតេស្ត៍លើសមាជិកគ្រួសារទាំងអស់ ហើយចាប់ផ្តើមព្យាបាលអ្នកដែលមានជំងឺ។
  • ផ្តល់វ៉ាក់សាំងប្រឆាំងនឹងជំងឺរបេងដល់កុមារទាំងអស់។
  • អ្នកជំងឺរបេងគួរតែបរិភោគនិងដេកដាច់ដោយឡែកពីកុមារ។

ជំងឺរបេងមិនសូវជាមានបញ្ហាទេនៅពេលដែលផ្ទះឬកន្លែងធ្វើការងារ មានខ្យល់ចេញចូលបានល្អ។ ប៉ុន្តែពេលដែលមានមនុស្សក្នុងសហគមន៍មានជំងឺរបេង ពេលនោះវាអាចជាការគំរាមកំហែង។ ការកាត់បន្ថយភាពក្រីក្រ និងការបង្រៀនប្រជាជនឲ្យស្គាល់និងព្យាបាលជំងឺរបេង គឺទំនងជានឹងបញ្ឈប់ការឆ្លងរាលដាលនៃជំងឺរបេង បានប្រសើរជាងដំណោះស្រាយផ្សេងៗទៀត។ សម្រាប់ព័ត៌មានបន្ថែមអំពីរោគសញ្ញានៃជំងឺរបេង និងមធ្យោបាយការពារនិងព្យាបាលវា សូមជួបបុគ្គលិកសុខាភិបាល ឬអានសៀវភៅថែទាំសុខភាពទូទៅ ដូចជា ទីណាគ្មានវេជ្ជបណ្ឌិត ជាដើម។