Hesperian Health Guides

២១. ការជីករ៉ែ និងសុខភាព

នៅក្នុងជំពូកនេ:

Workers dig and spray water in an open-pit surface mine.

ប្រជាជនជីករ៉ែក្នុងដីដើម្បីស្វែងរកលោហៈ ដូចជាមាស ប្រាក់ ទង់ដែង, រកត្បូង ដូចជាពេជ្រ ត្បូងទទឹម, និងរករ៉ែ ដូចជាអ៊ុយរ៉ាញ៉ូម អាបែស្តូ ធ្យូងថ្ម ខ្សាច់ និងអំបិល។ រាល់ការជីករ៉ែគ្រប់ប្រភេទ សុទ្ធតែមានគ្រោះថ្នាក់ ហើយកម្មកររ៉ែមានការពិបាកក្នុងការរកប្រាក់ផង និងការពារសុខភាពខ្លួននិងសុខភាពបរិស្ថានផង។ ប៉ុន្តែមានមធ្យោបាយមួយចំនួនដែលអាចធ្វើឲ្យការជីករ៉ែមានសុវត្ថិភាព និងដើម្បីដាក់សម្ពាធទៅលើឧស្សាហកម្មរ៉ែឲ្យកាត់បន្ថយគ្រោះថ្នាក់។

ការជីករ៉ែគឺត្រូវធ្វើនៅក្នុងផ្ទៃរណ្តៅចំហរ(អណ្តូង)ធំៗ ឬក្នុងរណ្តៅរ៉ែក្រោមដីជ្រៅៗ ដែលដំណើរការដោយសាជីវកម្មធំៗ ក៏ដូចជានៅក្នុងអណ្តូងរ៉ែទ្រង់ទ្រាយតូចដែលត្រូវបានដំណើរការដោយប្រជាជនក្នុងតំបន់ដែរ។ ការជីករ៉ែទ្រង់ទ្រាយធំ បណ្តាលឲ្យមានការខូចខាតយ៉ាងខ្លាំង ព្រោះវាតម្រូវឲ្យមានការកាប់គាស់យកផ្ទៃដីដ៏ធំ ជីករណ្តៅនិងរូងយ៉ាងធំ និងកាយយកដីចេញយ៉ាងច្រើន។ ប៉ុន្តែការជីករ៉ែទ្រង់ទ្រាយតូច ក៏ធ្វើឲ្យប៉ះពាល់ដល់ប្រជាជននិងបរិស្ថានផងដែរ។

ស្ថានភាពនៃការជីករ៉ែមានភាពខុសគ្នាយ៉ាងខ្លាំង អាស្រ័យលើទីកន្លែង ប្រភេទ និងទំហំនៃប្រតិបត្តិការរ៉ែ។ ប្រសិនបើមានការយល់ដឹងអំពីការគំរាមកំហែងនៃការជីករ៉ែមកលើសុខភាព និងសុខុមាលភាពយូរអង្វែង និងបើប្រកាន់យកការប្រុងប្រយ័ត្នដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅគ្រប់កន្លែងអណ្តូងរ៉ែទាំងអស់ នោះកម្មកររ៉ែនិងប្រជាជនគ្រប់គ្នាក្នុងសហគមន៍ជីករ៉ែ អាចបង្កើនការការពារសុខភាព និងកែលម្អជីវភាពរបស់ខ្លួន។