Hesperian Health Guides

ពេលដែលរ៉ែបិទទ្វារ

នៅក្នុងជំពូកនេ:

មុនពេលប្រតិបត្តិការជីករ៉ែចាប់ផ្តើម ក្រុមហ៊ុនត្រូវតែសិក្សាផលប៉ះពាល់ពីការជីករ៉ែទៅលើផ្នែកសង្គមនិងបរិស្ថាន។ ការសិក្សានេះដែលហៅថា ការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន(EIA)គួរតែមានផែនការអំពីមធ្យោបាយកាត់បន្ថយគ្រោះថ្នាក់ និងសម្អាតទីកន្លែងនៅពេលអណ្តូងរ៉ែត្រូវបានបិទទ្វារ។ ហើយក៏គួរតែធ្វើឲ្យប្រាកដផងដែរថា ប្រជាជននិងសហគមន៍ដែលរងគ្រោះដោយសារសកម្មភាពជីករ៉ែ ត្រូវបានក្រុមហ៊ុនបង់ប្រាក់ចំពោះការខូចខាតដែលពួកគេបានទទួល។

A closed entrance to a mine labeled "Danger, Do Not Enter."

នៅពេលអណ្តូងរ៉ែបានបិទ ម្ចាស់ការដ្ឋានរ៉ែ, ដោយមានការត្រួតត្រាមើលពីអាជ្ញាធររ៉ែរដ្ឋាភិបាល, ទទួលខុសត្រូវលើការស្តារទីកន្លែងឡើងវិញដើម្បីឲ្យមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ទៅថ្ងៃអនាគត។ ក្រុមហ៊ុនរ៉ែ និងអ្នកប្រតិបត្តិការរ៉ែគួរតែ ៖

  • លុបបំបាត់សារធាតុពុល គ្រឿងម៉ាស៊ីន និងរចនាសម្ព័ន្ធការជីករ៉ែ។
  • បំពេញរណ្តៅ បិទរូងចូលក្នុងដី ធ្វើរបងព័ទ្ធតំបន់គ្រោះថ្នាក់ និងដាក់សញ្ញាសម្គាល់ច្បាស់លាស់នៅតំបន់ទាំងនេះ។
  • ធ្វើឲ្យមានស្ថិរភាពនូវទីចំណោត ទ្រនាប់រណ្តៅ និងកន្លែងចោលកាកសំណល់ ដើម្បីកាត់បន្ថយសំណឹក និងការបាក់ស្រុត។
  • កែប្រែដីឡើងវិញ និងគ្របដណ្តប់តំបន់នោះដោយស្រទាប់ដីមានជីជាតិនិងរុក្ខជាតិ។
  • កែប្រែផ្លូវទឹកដែលខូចខាតឡើងវិញ។


ក្នុងប្រទេសខ្លះ ក្រុមហ៊ុនរ៉ែត្រូវបានតម្រូវឲ្យដាក់ប្រាក់ដំកល់(ហៅប្រាក់ធានា) មុនពេលពួកគេចាប់ផ្តើមការងារ។ ប្រាក់ធានាមានប្រសិទ្ធភាពលុះត្រាតែវាមានចំនួនគ្រប់គ្រាន់ដើម្បីបង្ការមិនឲ្យក្រុមហ៊ុនបង្កគ្រោះថ្នាក់ច្រើនពេក។ ប្រសិនបើចំនួននៃប្រាក់ធានា តិចជាងតម្លៃនៃការកែប្រែដីឡើងវិញ និងបង់ថ្លៃចំពោះការខូចខាតពីការជីករ៉ែ នោះក្រុមហ៊ុនអាចនឹងមិនបំពេញតាមការទទួលខុសត្រូវរបស់ខ្លួន។ ដើម្បីប្រាកដថា ក្រុមហ៊ុនបំពេញតាមការទទួលខុសត្រូវរបស់ខ្លួន សហគមន៍ខ្លះចរចារឲ្យមានប្រាក់ធានាយ៉ាងខ្ពស់បំផុត។ ជាការប្រសើរ គួរទាមទារឲ្យមានប្រាក់ធានារួមមួយសម្រាប់គម្រោងទាំងមូល ជាជាងប្រាក់ធានាតូចតាចសម្រាប់ផ្នែកតូចនីមួយៗរបស់គម្រោង។

ការកែប្រែដីខូចខាតឡើងវិញ

Dirty water flows through an eroded valley.
បន្ទាប់ពីការជីករ៉ែ និងមុនពេលកែប្រែដីឡើងវិញ

ប្រសិនបើដីបានខូចខាតដោយសារសំណឹក និងបាត់បង់ស្រទាប់ដីខាងលើ វាអាចកែប្រែឡើងវិញក្នុងពេលវេលាមួយ។ ប៉ុន្តែបើដីត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារកាកសំណល់រ៉ែ និងសារធាតុគីមី គឺអាចមានការពិបាកយ៉ាងខ្លាំងក្នុងការកែប្រែឡើងវិញ។

ការកែប្រែដី និងការដាំដើមឈើឡើងវិញលើដីដែលខូចខាត គួរតែជាការទទួលខុសត្រូវរបស់ម្ចាស់រ៉ែនិងអ្នកប្រតិបត្តិរ៉ែ។ ប៉ុន្តែសហគមន៍ជីករ៉ែ ទោះបីមានឬគ្មានការគាំទ្រពីរដ្ឋាភិបាលក៏ដោយ ត្រូវតែដាក់សម្ពាធលើក្រុមហ៊ុនរ៉ែ ដើម្បីប្រាកដថាពួកគេបំពេញតាមការទទួលខុសត្រូវរបស់ខ្លួន។

EHB Ch21 Page 496-2.png
រុក្ខជាតិថ្មីដុះលូតលាស់៥ឆ្នាំបន្ទាប់ពីការដាំឡើងវិញ

ដើម្បីកែប្រែនិងដាំដើមឈើឡើងវិញនៅលើដីដែលបានជីករ៉ែ ត្រូវតែបង្ការកាកសំណល់ពុលមិនឲ្យហូរដាច់ឬហុយក្នុងខ្យល់ ហើយក៏ត្រូវតែបង្ការការបង្ហូរអាស៊ីតរ៉ែផងដែរ។ ដើម្បីឲ្យដីវិលត្រឡប់មកស្ថានភាពល្អឡើងវិញ វាត្រូវការកិច្ចការជាច្រើនក្នុងរយៈពេលជាច្រើនឆ្នាំ។

ប្រសិនបើមិនអាចជីករ៉ែដោយសុវត្ថិភាព និងដោយមានការទទួលខុសត្រូវតែ ដូច្នេះមិនគួរប្រតិបត្តិការជីករ៉ែសោះឡើយ។

Clean river water flows through a valley filled with grass, trees and plants.
រុក្ខជាតិដុះពេញលេញក្នុងរយៈពេល២០ឆ្នាំបន្ទាប់ពីការដាំឡើងវិញ