Hesperian Health Guides

សារធាតុពុលក្នុងផ្ទះ

នៅក្នុងជំពូកនេ:

សម្ភារៈសំណង់ ថ្នាំលាប គ្រឿងសង្ហារឹម ផលិតផលសម្អាត និងវត្ថុដទៃទៀតដែលបានប្រើប្រាស់នៅក្នុងផ្ទះ អាចមានផ្ទុកនូវសារធាតុគីមីដែលមានគ្រោះថ្នាក់។ សារធាតុអាបែស្តូ និងថ្នាំលាបមានជាតិសំណ ត្រូវបានហាមឃាត់នៅក្នុងប្រទេសមួយចំនួន ប៉ុន្តែសារធាតុពុលដទៃទៀតនៅតែមានប្រើប្រាស់ញឹកញាប់នៅឡើយ។

មាតិកា

ការពុលសំណ

សំណគឺជាលោហៈពុលដែលឃើញមាននៅក្នុងផលិតផលទូទៅ ដូចជាថ្នាំពណ៌ បំពង់ទឹក និងក្នុងឆ្នាំងសេរាមិកលាបរលោង ថាស ឥដ្ឋកម្រាល សំបកកំប៉ុង សាំង និងផ្សែងម៉ាស៊ីន។ សំណក្នុងកម្រិតខ្ពស់មួយលើក អាចបណ្តាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ប៉ុន្តែជាញឹកញាប់ ការពុលសំណកើតឡើងបន្តិចម្តងៗ ដោយសារការប៉ះពាល់ញឹកញាប់ក្នុងបរិមាណតិចតួច។ អាចគ្មានរោគសញ្ញាច្បាស់លាស់នៃការពុលសំណទេ ប៉ុន្តែពេលយូរៗទៅ វាបណ្តាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។

ការពុលសំណនេះកាន់តែគ្រោះថ្នាក់ចំពោះកុមារ ជាងលើមនុស្សធំ ដោយសារវាមានឥទ្ធិពលទៅលើការ លូតលាស់ខួរក្បាលនិងប្រព័ន្ធប្រសាទរបស់កុមារ។ កុមារកាន់តែក្មេង នោះគ្រោះថ្នាក់កាន់តែធ្ងន់។ យូរៗទៅ សូម្បីតែការប៉ះពាល់ក្នុងកម្រិតតិចតួច ក៏អាចមានគ្រោះថ្នាក់ទៅលើការលូតលាស់ផ្លូវចិត្តរបស់កុមារដែរ។ (សម្រាប់ព័ត៌មានបន្ថែមអំពីសូមអានរបៀបដែលសារធាតុពុលប៉ះពាល់ដល់កុមារ

របៀបផ្សេងៗដែលប្រជាជនប៉ះពាល់ទៅនឹងសំណ

A woman washing her hands at a sink.
Some glazed pottery
An urban garden.
បំពង់ទឹកធ្វើពីសំណ គ្រឿងចានឆ្នាំងដែលរលោង ការឆ្លងសំណទៅក្នុងដី
A child picking paint off a windowsill.
A car with smoky exhaust pipes.
Children playing ball by a factory.
ថ្នាំលាបមានជាតិសំណ ផ្សែងរថយន្ត ការបំពុលដោយឧស្សាហកម្ម

ក៏ដូចជាសារធាតុពុលដទៃទៀតដែរ សំណចូលទៅក្នុងរាងកាយតាមរយៈការបរិភោគឬផឹក ឬត្រូវបានបឺតស្រូបតាមរយៈស្បែក។ សំណអាចធ្វើឲ្យខូចតម្រងនោមនិងឈាម, ប្រព័ន្ធប្រសាទ, និងប្រព័ន្ធរំលាយអាហារ។ សំណក្នុងកម្រិតខ្ពស់នៅក្នុងឈាម បណ្តាលឲ្យក្អួត ចង់ដួល ខ្សោយសាច់ដុំ ប្រកាច់ ឬសន្លប់។ បញ្ហាសុខភាពមានកាន់តែធ្ងន់ធ្ងរ ពេលដែលកម្រិតសំណនៅក្នុងឈាមមានកាន់តែខ្ពស់។

រោគសញ្ញា

ប្រសិនបើអ្នកសង្ស័យថាអ្នកណាម្នាក់មានពុលសំណ ត្រូវធ្វើតេស្ត៍ឈាមគេនៅមណ្ឌលសុខភាពឬនៅគ្លីនិក។ ក្នុងពេលដែលអ្នកជំងឺមានរោគសញ្ញាពុលសំណ ពេលនោះក្នុងខ្លួនរបស់គេមានជាតិសំណច្រើនរួចទៅហើយ។ ដូច្នេះ ជាការសំខាន់គឺត្រូវបង្ការការពុលសំណ មុនពេលវាចាប់ផ្តើម។ រោគសញ្ញានៃការពុលសំណ មាន ៖

  • ខឹងឆេវឆាវគ្រប់ពេលវេលា
  • ភាពស្លេកស្លាំង(ឈាមខ្សោយ)
  • មិនសូវឃ្លាន និងមានកម្លាំងតិច
  • ទល់លាមក(ពិបាកក្នុងការបត់ជើងធំ)
  • ដេកមិនលក់
  • ឈឺក្បាល
  • ឈឺនិងចុកក្នុងពោះ(ជាទូទៅនេះជាសញ្ញាដំបូងនៃការពុលដោយសំណក្នុងកម្រិតខ្ពស់)
  • នៅពេលកុមារបានបាត់បង់នូវជំនាញដែលធ្លាប់មានពីមុន
ការបង្ការ

ការបង្ការការប៉ះពាល់សំណ គឺជាការព្យាបាលដ៏ល្អបំផុត ៖

  • ស្វែងយល់ថាតើអាជ្ញាធរសុខភាពក្នុងតំបន់បានធ្វើតេស្ត៍លើទឹកឬទេ។ ប្រសិនបើទឹករបស់អ្នកសម្បូរ ជាតិសំណ ត្រូវស្វែងរកប្រភពទឹកផ្សេងទៀតសម្រាប់ផឹកនិងចម្អិន។
  • ទុកឲ្យទឹកម៉ាស៊ីនក្នុងបំពង់ទុយោ ហូរចោលរយៈពេល១នាទីសិន មុននឹងត្រងយកមកផឹកនិងចម្អិន។
  • មិនត្រូវប្រើប្រាស់ចានឆ្នាំងដែលធ្វើឲ្យរលោងដោយជាតិសំណ ក្នុងការបរិភោគឬចម្អិនទេ។
  • ជៀសវាងអាហារចេញពីកំប៉ុងដែលមានផ្សារផ្ចិតដោយជាតិសំណ។
A woman shakes water from her hands.
  • បោះវត្ថុក្មេងលេងដែលមានលាបពណ៌ចោល ប្រសិនបើអ្នកមិនដឹងថាថ្នាំពណ៌ដែលលាបនោះមានសារធាតុសំណឬគ្មាន។
  • មិនត្រូវរក្សាទុកទឹកនៅក្នុងធុងដែលមានជាតិសំណ ព្រោះសំណអាចជ្រាបចូលទៅក្នុងទឹក។
  • ជៀសវាងការដាំដំណាំ សាងសង់ផ្ទះ ឬជីកអណ្តូងនៅលើដីដែលមានជាតិសំណ។ ប្រសិនបើអ្នក ឃើញថ្មពិល បំណែកថ្នាំពណ៌ ធុងប្រេងធំ និងកាកសំណល់ឧស្សាហកម្ម ដែលមាននៅលើដីឬកប់នៅក្នុងដី នោះវាជាសញ្ញាដែលបញ្ជាក់ថាដីអាចឆ្លងជាតិសំណ។
  • លាងសម្អាតដៃមុនពេលបរិភោគអាហារ ជាពិសេសប្រសិនបើអ្នកកំពុងធ្វើការងារ ឬកុមារកំពុង លេងនៅខាងក្រៅ។
ការបង្ការការពុលដោយថ្នាំពណ៌ដែលមានជាតិសំណ
A man washes down a door in a room where a woman cares for 2 children and prepares a meal.
ការសម្អាតផ្ទៃផ្សេងៗឲ្យបានញឹកញាប់ ដោយក្រណាត់សើម អាចជួយកាត់បន្ថយការប៉ះពាល់ទៅនឹងកំទេច ឬបំណែកថ្នាំពណ៌មានជាតិសំណ។

ពេលដែលថ្នាំពណ៌ក្លាយទៅជាចាស់ ឬលាបមិនបានល្អ វាដាច់ធ្លាក់ចុះ និងជាញឹកញាប់វារបកចេញពីជញ្ជាំង របងការពារ និងគ្រឿងសង្ហារឹម។ កុមារតូចៗងាយនឹងដកដង្ហើមចូល ឬលេបចូលនូវបំណែកថ្នាំពណ៌ទាំងនេះ។ ប្រសិនបើថ្នាំពណ៌នោះមានជាតិសំណ វាមានគ្រោះថ្នាក់បំផុត។ មធ្យោបាយដ៏ល្អក្នុង ការបង្ការការពុលដោយសំណ គឺត្រូវឈូសថ្នាំពណ៌ដែលចាស់នោះចេញ រួចលាបពណ៌ជាថ្មីឡើងវិញដោយប្រើថ្នាំពណ៌ដែលគ្មានជាតិសំណ។

នៅពេលឈូសថ្នាំពណ៌ចាស់ៗចេញ ៖

  • ត្រូវពាក់ស្រោមដៃ ម៉ាស់ និងវ៉ែនតាសុវត្ថិភាពជានិច្ច។
  • ដាក់កុមារឲ្យនៅឆ្ងាយពីកន្លែងការងារ និងឲ្យលេងឆ្ងាយពីកន្លែងដែលអាចឆ្លងសារធាតុសំណនេះ។
  • ដើម្បីកុំឲ្យកំទេចថ្នាំហើរក្នុងខ្យល់ ចូរផ្សើមផ្ទៃដោយទឹកក្នុងពេលអ្នកដុះខាត់ឬកោស។
  • សម្អាតកំទេចថ្នាំទាំងអស់ដោយប្រុងប្រយ័ត្ន បន្ទាប់ពីធ្វើការងាររួចម្តង។ ប្រើប្រាស់អំបោសឬកន្ទបសើម មិនត្រូវប្រើប្រាស់អំបោសស្ងួតទេ។
  • ប្រមូលបំណែកនិងកំទេចថ្នាំពណ៌ ដាក់ចូលទៅក្នុងកំប៉ុង ឬធុង ឬប្រអប់មាំ បិតប្រអប់ឲ្យជិត និងកប់ទៅក្នុងរណ្តៅសុវត្ថិភាព
បង្ការការពុលពីបំពង់ទុយោទឹកធ្វើពីសំណ

សញ្ញាខ្លះៗដែលបញ្ជាក់ថាទឹករបស់អ្នកអាចមានឆ្លងដោយសំណ គឺទឹកមានពណ៌ដូចច្រេះ និងប្រឡាក់ទៅលើចាន និងសម្លៀកបំពាក់ដែលបោកគក់។ ទឹកដែលបានមកពីបំពង់ទុយោសំណ មិនគួរប្រើសម្រាប់រៀបចំទឹកដោះគោឲ្យកុមារទេ ហើយប្រសិនបើអាច គួរតែជំនួសបំពង់សំណដោយបំពង់ដែក ទង់ដែង ឬជ័រវិញ។

ដោយសារជាតិសំណដែលចេញពីបំពង់ រលាយនៅក្នុងទឹកក្តៅងាយស្រួលជាងក្នុងទឹកត្រជាក់ ដូច្នេះមិនត្រូវប្រើប្រាស់ទឹកក្តៅពីបំពង់សំណ សម្រាប់ចម្អិននិងផឹកនោះទេ។ ទុកទឹកឲ្យហូររហូតដល់វាត្រជាក់មុននឹងប្រើប្រាស់វា។ ឧបករណ៍ចម្រោះទឹកខ្លះ អាចច្រោះយកសំណចេញបាន។

សំខាន់! ការដាំទឹកមិនអាចកម្ចាត់សំណបានទេ, វារឹតតែធ្វើឲ្យអាក្រក់ថែមទៀត!
ដើម្បីបង្ការការពុលសំណពីខ្យល់កខ្វក់ខាងក្រៅ

ដើម្បីចាប់កំទេចកំទីពីខាងក្រៅដែលអាចមានផ្ទុកសំណ ចូរដាក់កន្ទបសើមពីក្រោមទ្វារឬបង្អួច។ ដើម្បីកាត់បន្ថយការពុលដោយសំណក្នុងខ្យល់ រដ្ឋាភិបាលនិងឧស្សាហកម្មត្រូវធ្វើការរួមគ្នាដើម្បីកាត់បន្ថយការប្រើប្រាស់សំណក្នុងផលិតផលឧស្សាហកម្ម និងដាក់កំណត់លើបរិមាណនៃភាពកខ្វក់ដែលឧស្សាហកម្មនីមួយៗអាចធ្វើបាន។

សារធាតុអាបែស្តូ

A man coughs as he removes a dusty tile from a ceiling.

អាបែស្តូជាសារធាតុដែលធ្លាប់ត្រូវបានប្រើប្រាស់ញឹកញាប់ធ្វើជាអីុសូឡង់ និងបង្ការភ្លើងឆេះក្នុងអាគារ, ថ្នាំពណ៌, និងក្នុងឧបករណ៍អគ្គិសនីមួយចំនួន(ជាពិសេសឧបករណ៍ជំនាន់មុន) ដូចជាប្រដាប់ចៀនឬអាំងនំប៉័ង ឆ្នាំងកម្តៅ ប្រដាប់អាំងភ្លើង និងទូរទឹកកក។ សារធាតុអាបែស្តូកើតចេញពីសរសៃតូចៗដែលអាចហោះហើរក្នុងខ្យល់ ហើយយើងអាចដកដង្ហើមវាចូលទៅក្នុងសួតយ៉ាងងាយ ដែលនៅទីនោះវាកាត់និងធ្វើឲ្យមានសម្លាកលើជាលិកាសួត បណ្តាលឲ្យមានការខូចខាតជាអចិន្ត្រៃយ៍ ជាច្រើនឆ្នាំក្រោយពីដកដង្ហើមចូល។ ដោយសារអាបែស្តូមានគ្រោះថ្នាក់ខ្លាំងបែបនេះ ទើបរដ្ឋាភិបាលជាច្រើនមិនអនុញ្ញាតឲ្យប្រើប្រាស់វានៅក្នុងអាគារឬផលិតផលឧស្សាហកម្មថ្មីៗទៀតទេ។ ប៉ុន្តែវានៅមានក្នុងអាគារនិងផលិតផលចាស់ៗជាច្រើន។

ការប៉ះពាល់នឹងអាបែស្តូ បណ្តាលឲ្យកើតជំងឺអាបែស្តូ(ជាជំងឺដែលធ្វើឲ្យមានសម្លាកនិងខូចខាតសួត) និងមហារីកសួត។ សញ្ញាដំបូងៗនៃជំងឺនេះគឺ ក្អក ហត់ ឈឺទ្រូង ស្រកទម្ងន់ និងអស់កម្លាំង។

តើប្រជាជនបានប៉ះពាល់អាបែស្តូតាមរបៀបណា?

ពេលដែលសារធាតុអាបែស្តូកចាស់ វាចាប់ផ្តើមផុយ។ ប្រសិនបើសារធាតុអាបែស្តូនេះត្រូវបានប្រើប្រាស់នៅពេលកំពុងសាងសង់ផ្ទះ ប៉ុន្តែវត្ថុទាំងនោះបានស្រោបជិទ និងមិនបានប៉ះពាល់ឬផ្លាស់ប្តូរកន្លែង នោះវាមិនមានគ្រោះថ្នាក់ទេ។ នៅពេលសម្ភារៈឬឧបករណ៍អគ្គិសនីដែលមានសារធាតុអាបែស្តូនោះត្រូវបានផ្លាស់ប្តូរកន្លែងឬយកចេញ សរសៃដ៏មានគ្រោះថ្នាក់របស់វាក៏ហោះហើរចូលទៅក្នុងខ្យល់។ វាបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកដែលបានដកដង្ហើមចូលនូវសរសៃទាំងនេះ។ ប្រជាជនដែលជាអ្នកជីករ៉ែអាបែស្ក៏ប្រឈមខ្ពស់នឹងជំងឺអាបែស្តូដែរ

ការបង្ការ

យើងអាចយកអាបែស្តូចេញពីអាគារនិងសម្ភារៈសំណង់បាន ប៉ុន្តែយើងត្រូវចំណាយប្រាក់យ៉ាងច្រើន។ ដោយសារការយកសារធាតុទាំងនេះចេញ អាចធ្វើឲ្យមានការប៉ះពាល់ ដូច្នេះវាត្រូវតែអនុវត្តដោយអ្នកដែលបានទទួលការបណ្តុះបណ្តាល និងប្រើប្រាស់សម្ភារៈការពារខ្លួន។

សំខាន់! មិនត្រូវព្យាយាមយកអាបែស្តូចេញ ដោយមិនមានជំនួយពីអ្នកជំនាញ និងគ្មានសម្ភារៈការពារខ្លួន ត្រឹមត្រូវនោះទេ។
ការព្យាបាល

នៅពេលអាបែស្តូបានចូលទៅក្នុងសួត វាមិនអាចយកចេញវិញបានទេ។ វាត្រូវការពេលវេលាច្រើនឆ្នាំទើបចេញសញ្ញាជំងឺអាបែស្តូឬមហារីកសួត ហើយជំងឺទាំងនេះមិនអាចត្រឡប់ក្រោយវិញបានទេនៅពេលវាចាប់ផ្តើមហើយ។ ការព្យាបាលអាចត្រឹមតែកាត់បន្ថយការឈឺចាប់ប៉ុណ្ណោះ ប៉ុន្តែមិនអាចព្យាបាលជំងឺបានទេ។

សារធាតុពុលនៅក្នុងគ្រឿងសង្ហារឹម និងសំពត់

A dog sleeps on a carpet beside a child who sleeps on a bed
កុមារនិងសត្វចិញ្ចឹមក្នុងផ្ទះ ចំណាយពេលច្រើននៅលើកម្រាលនិងគ្រឿងសង្ហារឹម ហើយពួកគេអាចមានបញ្ហាសុខភាព ប្រសិនបើវត្ថុទាំងអស់នេះមានសារធាតុគីមីពុល។

កម្រាលព្រំមួយចំនួន វាំងនន ក្រណាត់ និងគ្រឿងសង្ហារឹមដែលធ្វើអំពីសំពត់ ត្រូវបានផលិតឡើងជាមួយសារធាតុគីមីពុល។ សារធាតុគីមីទាំងនេះខ្លះ ហៅថា BFRs (brominated flame retardants (សារធាតុពន្យឺតអណ្តាតភ្លើងដែលមានជាតិប្រូម)) បង្ការក្រណាត់សំពត់មិនឲ្យឆេះ និងមិនឲ្យឆាប់សឹក។ ប៉ុន្តែ វាអាចមានគ្រោះថ្នាក់ចំពោះសុខភាព នៅពេលដែលស្បែករបស់យើងបានប៉ះជាមួយក្រណាត់សំពត់នោះក្នុងរយៈពេលយូរ, ពេលដែលយើងដកដង្ហើមបាននាំចូលកំទេចសារធាតុទាំងនោះ, ឬនៅពេលដែលយើងដុតវា ហើយដកដង្ហើមបឺតយកផ្សែងនោះ។ (ដើម្បីស្វែងយល់បន្ថែមអំពីសារធាតុគីមីទាំងនេះ និងមធ្យោបាយកាត់បន្ថយគ្រោះថ្នាក់ សូមអានជំពូកទី១៦:គ្រោះថ្នាក់បណ្តាលមកពី សារធាតុគីមីពុលនិងជំពូកទី២០:ការបង្ការ និងការកាត់បន្ថយគ្រោះថ្នាក់ពីសារធាតុពុល)។

ផលិតផលសម្អាតក្នុងផ្ទះ

ផលិតផលសម្អាតក្នុងផ្ទះជាច្រើន ផលិតចេញជាមួយសារធាតុគីមីពុលដែលធ្វើឲ្យប្រជាជនមានជំងឺ។ ពេលដែលដកដង្ហើមចូល លេប ឬបឺតស្រូបតាមស្បែកនូវសារធាតុទាំងនេះ វាអាចបណ្តាលឲ្យមានបញ្ហាសុខភាពភ្លាមៗ ឬបណ្តាលឲ្យមានជំងឺនៅប៉ុន្មានឆ្នាំក្រោយ ដូចជាជំងឺមហារីកជាដើម។

Containers of bleach, paint thinner, paint, degreaser, hair perm, and flea and tick dip.
ផលិតផលសម្អាតក្នុងផ្ទះខ្លះ មានគ្រោះថ្នាក់ចំពោះសុខភាព។

ស្លាកសញ្ញានៃផលិតផលភាគច្រើនមិនបានប្រាប់ថា វាជាសារធាតុពុលនោះ ឬប្រាប់ពីវិធីការពារខ្លួនអ្នកទេ។ ពេលខ្លះស្លាកសញ្ញាប្រាប់ថា "ប្រយ័ត្ន" ឬ "ទុកដាក់ឲ្យផុតពីដៃកុមារ"។ នេះគឺជាសញ្ញាល្អដែលអ្នកអាចផ្លាស់ប្តូរទៅប្រើផលិតផលផ្សេងបាន។ ប៉ុន្តែផលិតផលដែលគ្មានស្លាកសញ្ញាព្រមាន ក៏មិនមែនមានន័យថាអ្នកមិនចាំបាច់ប្រុងប្រយ័ត្នដែរ។

ជាធម្មតា ប្រសិនបើផលិតផលណាមួយមានក្លិនអាក្រក់ និងធ្វើឲ្យអ្នកចេញទឹកភ្នែក ឈឺទ្រូង ឬមានរសជាតិអាក្រក់ក្នុងមាត់ នោះវាជាសារធាតុពុល។ មធ្យោបាយដ៏ល្អបំផុតដើម្បីជៀសផុតពីការប្រឈមគ្រោះថ្នាក់ចំពោះសុខភាពដោយសារធាតុគីមីដែលប្រើប្រាស់ក្នុងផ្ទះ គឺត្រូវចោលវាដោយសុវត្ថិភាព និងប្រើប្រាស់ផលិតផលសម្អាតណាដែលមានសុវត្ថិភាពជាង។ ជាញឹកញាប់ ការសម្អាតជាមួយសាប៊ូនិងទឹក គឺមានសុវត្ថិភាពល្អ និងមានតម្លៃថោកជាងការប្រើប្រាស់ផលិតផលដែលគ្រោះថ្នាក់។

A woman holding a mop speaks.
ការសម្អាតដោយមិនប្រើប្រាស់សារធាតុគីមីពុល ធ្វើឲ្យផ្ទះខ្ញុំមានក្លិនល្អ និងមិនបង្កគ្រោះថ្នាក់ដល់សុខភាពរបស់ខ្ញុំទេ។

ផលិតផលសម្អាតដែលមានសុវត្ថិភាពជាង

មិនដូចផលិតផលសម្អាតគីមីខ្លះទេ ផលិតផលសម្អាតបែបធម្មជាតិ មានដំណើរការប្រកបដោយប្រសិទ្ធិភាព នៅពេលអ្នកជ្រលក់ទឹកមុនពេលដុសជូត, នៅពេលប្រើប្រាស់ឧបករណ៍សម្រាប់ដុសជូត ដូចជាច្រាសដុស និងប្រដាប់ដុសដើម្បីយកខ្លាញ់និងស្នឹមចេញ និងដុសសម្អាតច្រើនដង។

សាប៊ូដុំល្អជាងសាប៊ូម្សៅ ព្រោះវាមិនត្រូវបានផលិតចេញពីសារធាតុប្រេង និងមិនចោលសារធាតុពុលនៅក្នុងទឹក។ សារធាតុបូរាក់ និងទឹកសូដាសម្រាប់លាង(សូដ្យូមកាបូណាត) មានសុវត្ថិភាពសម្រាប់លាងសម្អាតផ្ទៃផ្សេង។ ទឹកខ្មេះស ឬទឹកក្រូចឆ្មារ អាចប្រើសម្រាប់លាងសម្អាតខ្លាញ់ចង្ក្រាន និងសម្អាតកន្លែងបង្ហូរទឹកដែលស្ទះ។ សារធាតុសម្អាតទាំងនេះអាចរក្សាទុកបានងាយស្រួល ព្រោះវាមានសុវត្ថិភាព មិនខូច និងមិនចាំបាច់ដាក់នៅកន្លែងត្រជាក់។ ប៉ុន្តែគួរតែដាក់នៅឲ្យឆ្ងាយពីដៃកុមារដដែល។

វិធីបង្កើតផលិតផលសម្អាតដែលមានសុវត្ថិភាព

EHB Ch17 Page 373-2.png

ផលិតផលសម្អាតសម្រាប់ជាទូទៅ

សារធាតុផ្សំ
បូរាក់២ស្លាបព្រាកាហ្វេ ទឹកសាប៊ូ១ស្លាបព្រាកាហ្វេ ទឹកក្តៅឧណ្ឌ១លីត្រ និងទឹកខ្មេះស ១/៤ពែង ឬទឹកសូដាលាង ដើម្បីសម្អាតខ្លាញ់។

សេចក្តីណែនាំ
លាយធាតុផ្សំទាំងអស់នេះ រួចដាក់វានៅក្នុងដបបាញ់ស្ប្រ៉ាយ ឬដបមានគម្រប។ ក្រឡុកឲ្យសព្វ។ ប្រើសម្រាប់សម្អាតជញ្ជាំង ចង្ក្រាន កន្លែងរៀបចំអាហារ កម្រាលព្រំ និងគ្រឿងសាឡុង។

EHB Ch17 Page 373-2.png

ម្សៅបោកអ៊ុត

សារធាតុផ្សំ
ម្សៅពោត ទឹកត្រជាក់កន្លះលីត្រ

សេចក្តីណែនាំ
ដាក់ម្សៅក្នុងដបដោយមានទឹកបន្តិច រួចក្រឡុកឲ្យម្សៅរលាយ។ បំពេញទឹកបន្ថែមក្នុងដប រួចក្រឡុកជាថ្មី។ បិតគម្របដបដើម្បីរក្សាទុក។ បាញ់ភ្ជោកសម្លៀកបំពាក់ស្អាត ទុកឲ្យរាប ឬព្យួរដើម្បីសម្ងួត។

EHB Ch17 Page 373-2.png

ផលិតផលសម្អាតកញ្ចក់

សារធាតុផ្សំ
ទឹក១លីត្រ និងទឹកខ្មេះស១/៤ពែង ឬទឹកក្រូចឆ្មា២ស្លាបព្រាបាយ។

សេចក្តីណែនាំ
លាយគ្រឿងផ្សំទាំងអស់ ហើយរក្សាទុកវានៅក្នុងដបបាញ់ស្ប្រ៉ាយ។

EHB Ch17 Page 373-2.png

ផលិតផលរម្ងាប់មេរោគលើផ្ទៃ

សារធាតុផ្សំ
បូរាក់១/២ពែង ទឹកក្តៅ២លីត្រ

សេចក្តីណែនាំ
រំលាយបូរាក់ក្នុងទឹកក្តៅ។ យកសូលុយស្យុងនេះជូតសម្អាតផ្ទៃដែលត្រូវការសម្អាត ដោយប្រើអេប៉ុង ឬកន្ទប រួចសម្អាតដោយទឹកក្តៅ។ ដើម្បីបង្ការមិនឲ្យដុះផ្សិត មិនត្រូវសម្អាតឲ្យអស់សូលុយស្យុងបូរាក់ទេ។

ការសម្អាតផ្ទះតាមបែបធម្មជាតិ ការពារសុខភាព

នៅពេលដែលម៉ារីបែល(Maribel)ចេញពីប្រទេសនីការ៉ាខ្វា(Nicaragua)ទៅដល់សហរដ្ឋអាមេរិក គាត់បានរកការងារធ្វើនៅក្រុមហ៊ុនសម្អាតមួយ។ រៀងរាល់យប់គាត់សម្អាតការិយាល័យ៣ សម្អាតកម្រាលនិងបង្អួច។ ពេលខ្លះគាត់វិលមុខ ចង្អោរ និងវង្វេងវង្វាន់ ក្រោយពីធ្វើការងារច្រើនម៉ោងមក។ គាត់បានចូលទៅជួបគ្រូពេទ្យម្នាក់ដែលឲ្យថ្នាំគាត់ ប៉ុន្តែកាន់តែធ្វើឲ្យគាត់ពិបាកថែមទៀត។ ពេលគាត់ធ្វើការកាន់តែយូរ ជំងឺរបស់គាត់មិនបានប្រសើរវិញទេ។

ថ្ងៃមួយការងាររបស់គាត់ត្រូវបានបញ្ចប់។ ទោះបីគាត់លែងមានការងារក៏ដោយ តែគាត់ហាក់ដូចជាមានអារម្មណ៍ប្រសើរឡើងវិញ។ បន្ទាប់មកគាត់ក៏បានដឹងពីក្រុមហ៊ុនសម្អាតមួយទៀត គឺក្រុមហ៊ុនជំនាញសម្អាតផ្ទះតាមបែបធម្មជាតិ ដែលប្រើប្រាស់ផលិតផលសម្អាតដែលមិនពុល។ ស្ត្រីនៅក្នុងក្រុមហ៊ុននោះ បាននិយាយថា សារធាតុសម្អាតជាច្រើនដែលប្រជាជនប្រើប្រាស់ គឺមានគ្រោះថ្នាក់ និងធ្វើឲ្យប្រជាជនមានជំងឺ។ ភ្លាមៗនោះ ម៉ារីបែលក៏បានយល់ដឹងអំពីអ្វីដែលធ្វើឲ្យគាត់ឈឺ!

A woman mopping.

ក្រុមហ៊ុនមួយក្រោយនេះ គឺមានម្ចាស់កម្មសិទ្ធិជាបុគ្គលិកក្នុងនេះ។ ស្ត្រីទាំងលាយដែលជាអ្នកសម្អាត គឺជាម្ចាស់ក្រុមនេះ ដូច្នេះពួកគេជាអ្នកសម្រេចចិត្តថាត្រូវប្រើផលិតផលសម្អាតណាខ្លះ។ បុគ្គលិកសម្រេចចិត្តប្រើប្រាស់តែផលិតផលសុខភាពប៉ុណ្ណោះ ដូចជាទឹកខ្មេះ ទឹកសូដាលាង សាប៊ូទឹក និងទឹកក្តៅ។ នៅពេលអនុវត្ត ពួកគេបានរៀនពីវិធីផលិតសម្ភារៈទាំងនេះឲ្យកាន់តែមានប្រសិទ្ធភាព ដោយប្រើប្រាស់ឧបករណ៍សម្អាតដូចជាអេប៉ុងជូតសម្អាត និងប្រដាប់ដុស។ ផ្នែកមួយនៃការងាររបស់ពួកគេ គឺបង្ហាត់ស្ត្រីឯទៀតឲ្យសម្អាតដោយប្រើប្រាស់វិធីធម្មជាតិ។

នៅពេលដែលម៉ារីបែលចាប់ផ្តើមការងារជាមួយក្រុមហ៊ុននេះ គាត់បានប្រាប់អ្នកជិតខាងរបស់គាត់ មិត្តភក្តិគាត់ និងអ្នកដទៃទៀតដែលជួបនៅផ្សារ អំពីរបៀបជំនួសផលិតផលសម្អាតដែលមានសារធាតុពុលដោយផលិតផលពីធម្មជាតិវិញ។ ជួនកាលការសម្អាតដោយផលិតផលធម្មជាតិ ជាការងារធ្ងន់ធ្ងរជាងផលិតផលគីមី ប៉ុន្តែវាមានសុខភាពជាង។ នៅពេលគាត់ធ្វើការងារ ម៉ារីបែលបាននឹកឃើញពីវិធីដែលជីដូនរបស់គាត់ប្រើប្រាស់ក្នុងការសម្អាត ហើយជីដូនគាត់ចង់ផ្ទេរចំណេះដឹងនេះទៅកូនៗរបស់គាត់។ ចំពោះម៉ារីបែល ការបង្រៀនប្រជាជនក្នុងការសម្អាតផ្ទះតាមបែបធម្មជាតិ មិនមែនគ្រាន់តែជាផ្នែកមួយនៃការងាររបស់គាត់ប៉ុណ្ណោះទេ។ ឥឡូវនេះវាជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់គាត់ផងដែរ។