Hesperian Health Guides

សាលារៀនស្រែចម្ការម

នៅក្នុងជំពូកនេ:

សាលារៀនស្រែចម្ការ កំពុងបង្រៀននូវកម្មវិធីផ្សេងៗដែលជួយកសិករឲ្យស្វែងរកដំណោះស្រាយសម្រាប់បញ្ហាដែលកើតឡើងញឹកញាប់។ ជាមួយអ្នកសម្របសម្រួលការបណ្តុះបណ្តាល កសិករបានសួរសំណួរផ្សេងៗ ធ្វើពិសោធន៍ និងជជែកអំពីអ្វីដែលពួកគេបានរៀន។ សាលារៀនស្រែចម្ការ ក៏ជួយកសិករឲ្យបង្កើតជំនាញក្នុងការដោះស្រាយបញ្ហា ការរៀបចំសកម្មភាព និងភាពជាអ្នកដឹកនាំផងដែរ។ នៅពេលពួកគេមានការលើកទឹកចិត្តឲ្យតម្លៃលើចំណេះដឹង និងជំនាញរបស់ខ្លួន កសិករមានសមត្ថភាពកាន់តែប្រសើរក្នុងការពង្រីកមធ្យោបាយកសិកម្មបែបបុរាណដើម្បីធ្វើឲ្យកសិកម្មកាន់តែមានចិរភាព។

People standing in a field of crops listen as a woman holding a plant speaks.
កសិករស្វែងរកដំណោះស្រាយលើបញ្ហារបស់ខ្លួន ដោយប្រើប្រាស់បទពិសោធន៍ផ្ទាល់ខ្លួន នៅក្នុងស្រែចម្ការរបស់ខ្លួន។


សាលារៀនស្រែចម្ការ បង្កើតជំនាញ និងភាពជឿជាក់លើខ្លួនឯង

អ្នកស្រីហូ និងអ្នកស្រីខាញ់ រស់នៅក្នុងភូមិដុងភី នៃប្រទេសវៀតណាម។ ប្តីរបស់ពួកគាត់ជួយគាត់ឲ្យរៀបចំដីដើម្បីសាបព្រោះ ហើយពួកគេប្រមូលផលនៅចុងរដូវកាល។ ពេលវេលានៅសល់ ពួកគេរៀបចំចាត់ចែងដី ដោយខ្លួនឯង ព្រោះប្តីរបស់ពួកគេធ្វើការនៅក្រៅភូមិ។ នៅពេលអ្នកស្រីហូសង្កេតឃើញថាគាត់មានប្រមូលផលបានតិចអស់រយៈពេលច្រើនឆ្នាំជាប់គ្នា ប្តីរបស់គាត់ក៏ណែនាំឲ្យទិញជីគីមីបន្ថែមទៀត។ ប៉ុន្តែអ្នកស្រីហូដឹងថាគ្មានប្រាក់សម្រាប់ទិញជីទេ។ នៅពេលភ្នាក់ងារកសិកម្មរបស់រដ្ឋាភិបាលបានប្រាប់អ្នកភូមិអំពីសាលារៀនស្រែចម្ការ អ្នកស្រីហូ និងអ្នកស្រីខាញ់បានទៅចូលរួម។

នៅពេលពួកគេចូលរួមវគ្គសិក្សានេះភូមិ គេឃើញថាសាលារៀននេះខុសពីសាលារៀននានាដែលគាត់ធ្លាប់ស្គាល់។ ជាមួយនឹងកសិករដទៃទៀត អ្នកស្រីហូនិងខាញ់បានជជែកអំពីដំណាំ សត្វល្អិត អាកាសធាតុ និងដី។ ពួកគេធ្វើពិសោធន៍ដោយមធ្យោបាយកសិកម្មផ្សេងៗគ្នា រួចសម្រេចចិត្តថាមធ្យោបាយណាដែលខ្លួនចូលចិត្ត និងមួយណាមិនចូលចិត្ត។ អ្នកស្រីហូបានអញ្ជើញកសិករទាំងអស់ឲ្យទៅពិនិត្យមើលស្រែរបស់គាត់ដើម្បីឲ្យពួកគេជួយពន្យល់គាត់ថាហេតុអ្វីទិន្នផលស្រូវរបស់គាត់ធ្លាក់ចុះរាល់ឆ្នាំ។

អ្នកស្រីខាញ់មានការខ្មាស់អៀន និងមិនដែលនិយាយនៅចំពោះមុខមនុស្សជាក្រុមទេ។ ប៉ុន្តែបន្ទាប់ពីចូលរួមក្នុងសាលារៀនស្រែចម្ការបានមួយរដូវកាល គាត់មានអារម្មណ៍ជឿជាក់លើខ្លួនឯង ហើយគាត់ព្យាយាមដឹកនាំការធ្វើពិសោធន៍មួយចំនួន។ នៅពេលអ្នកស្រីខាញ់សាកល្បងអ្វីមួយថ្មីនៅក្នុងស្រែរបស់គាត់ គាត់ក៏សុំឲ្យកសិករដទៃមកពិនិត្យស្រែរបស់គាត់។ គាត់ពន្យល់ពួកគេអំពីអ្វីដែលគាត់បានធ្វើ និងពីមូលហេតុដែលគាត់ធ្វើវា។ កសិករដទៃទៀតបានស្តាប់គាត់ សួរសំណួរ និងចែករំលែកមតិយោបល់និងបទពិសោធន៍របស់ខ្លួន។

2 people bend to tend a rice paddy which is labelled with a sign reading "Experiment #2."

នៅពេលអ្នកស្រីហូនិងខាញ់ចាប់ផ្តើមផ្លាស់ប្តូរមធ្យោបាយធ្វើកសិកម្ម ពួកគេក៏នឹកឃើញថាត្រូវបង្រៀនប្តីរបស់ខ្លួនអំពីមធ្យោបាយទាំងនេះដែរ។ អ្នកស្រីហូនិយាយថា "ខ្ញុំត្រូវធ្វើឲ្យប្រាកដថាប្តីរបស់ខ្ញុំនិងមិនបារម្ភទេ ព្រោះខ្ញុំឈប់ប្រើប្រាស់ថ្នាំគីមីសម្លាប់សត្វល្អិត។ នៅពេលគាត់ត្រឡប់មកផ្ទះ ខ្ញុំបាននាំគាត់ទៅស្រែ ហើយបង្ហាញគាត់អំពីសត្វល្អិតផ្សេងៗ និងនិយាយជាមួយគាត់អំពីការគ្រប់គ្រងសត្វល្អិតចង្រៃដោយវិធីធម្មជាតិ"។ នៅពេលប្តីរបស់អ្នកស្រីហូឃើញថាមានស្រូវច្រើនជាងមុន គាត់មិនបានសួរប្រពន្ធគាត់ទេ។ ហើយនៅពេលប្រពន្ធគាត់យកប្រាក់ដែលសន្សំពីការទិញជីគីមីនិងថ្នាំសម្លាប់សត្វល្អិត ទៅទិញម៉ូតូសម្រាប់គ្រួសារ គាត់ក៏ជឿថាសាលារៀនស្រែចម្ការពិតជាមានប្រយោជន៍ពិតមែន។

បច្ចុប្បន្នអ្នកស្រីហូនិងអ្នកស្រីខាញ់ បានចាប់ផ្តើមបណ្តុះបណ្តាលស្ត្រីកសិករទាំងឡាយនៅទូទាំងភូមិភាគរបស់ខ្លួន។ អ្នកស្រីខាញ់និយាយថា "ខ្ញុំគិតថាពួកយើងជាស្ត្រី ធ្វើការជាក្រុមបានល្អជាងបុរស។ ការពិភាក្សារបស់ពួកយើង គឺមានការបើកចំហរខ្លាំងជាង ហើយយើងប្រាកដថាស្ត្រីគ្រប់គ្នាបានបញ្ចេញយោបល់អំពីអ្វីដែលបានមើលឃើញនៅស្រែ និងអំពីការយល់ឃើញអំពីបញ្ហានោះ។ ការយល់ដឹងអំពីសត្វល្អិតចង្រៃ ជីគីមី និងវិធីថែទាំដំណាំ ជួយយើងឲ្យគ្រប់គ្រងជីវិតរបស់ពួកយើង។ វាធ្វើឲ្យខ្ញុំដេកលក់ស្រួល។ វាបានជួយខ្ញុំ ដូច្នេះខ្ញុំជឿជាក់ថាវាអាចជួយមនុស្សគ្រប់គ្នាដែរ"។