Hesperian Health Guides
ជំងឺទឹកនោមផ្អែមជាឱកាសទី២
បើគ្មានចំណេះដឹងអំពីរបៀបថែទាំជំងឺទឹកនោមផ្អែមទេ នោះជីវិតអាចមានស្ថានភាពលំបាកយ៉ាងខ្លាំង។ ប៉ុន្តែបើមានការគាំទ្រនិងចំណេះដឹង ពួកគេអាចមានសុខភាពប្រសើរជាងពេលកន្លងមក។ ដោយសារសុខភាពរបស់ពួកគេពឹងផ្អែកទៅលើវា នោះពួកគេអាចនឹងចាប់ផ្តើមធ្វើការផ្លាស់ប្តូរនៅក្នុងជីវិតនិងសហគមន៍របស់ខ្លួន។ ពួកគេអាចនឹងតស៊ូដើម្បីអាហារសុខភាព ប្រាក់កំរៃសមរម្យ បញ្ឈប់ការបំពុលដោយសារធាតុគីមី ឬបញ្ហាផ្សេងៗទៀតដែលជួយឲ្យពួកគេកាន់តែសកម្ម បរិភោគល្អប្រសើរ និងបន្ថយស្ត្រេសនៅក្នុងជីវិតរបស់ពួកគេ។
អ្នកអាចរស់នៅជាមួយនឹងជំងឺទឹកនោមផ្អែម
មនុស្សដែលមានជំងឺទឹកនោមផ្អែម ត្រូវតែផ្លាស់ប្តូររបៀបបរិភោគនិងរស់នៅ។ ទាំងនេះជាដំបូន្មានមួយចំនួនសម្រាប់ជួយដល់អ្នកដើម្បីធ្វើការផ្លាស់ប្តូរ៖
- ចាប់ផ្តើមដោយការផ្លាស់ប្តូរតូចតាច។ ឧទាហរណ៍ ជាជាងការឈប់ផឹកភេសជ្ជៈជាតិស្ករទាំងស្រុងភ្លាមៗ ចូរព្យាយាមកាត់បន្ថយវាបន្តិចម្តង។ ការកាត់បន្ថយបន្តិចម្តងៗនូវកម្រិតជាតិស្ករដែលបរិភោគ ឬលំហាត់ប្រាណគឺងាយស្រួលធ្វើជាង ហើយអ្នក ងាយនឹងប្រកាន់ខ្ជាប់ទម្លាប់នេះបានយូរអង្វែង។
- សម្រេចចិត្តដោយខ្លួនឯងអំពីអ្វីដែលអ្នកចង់ផ្លាស់ប្តូរ។ កំណត់គោលដៅដូចជា ការដើរឲ្យបានច្រើន បន្ថយឬផ្តាច់បារី ឬលេងជាមួយចៅៗរបស់អ្នក។
- ស្វែងរកការគាំទ្រ។ គ្រួសារ មិត្តភក្តិ ឬមនុស្សដទៃដែលមានជំងឺទឹកនោមផ្អែម អាចជួយអ្នកក្នុងការផ្លាស់ប្តូរ។ ក្រុមគាំទ្រនិងវគ្គសិក្សាអំពីជំងឺទឹកនោមផ្អែម អាចផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកជំងឺទឹកនោមផ្អែមទាំងឡាយ ហើយពួកគាត់អាចជួយគាំទ្រគ្នា។
- ស្វែងរកជំនួយចំពោះអារម្មណ៍លំបាក។ វាជារឿងធម្មតាទេដែលអ្នកមានជំងឺទឹកនោមផ្អែម ព្រួយបារម្ភពីអនាគតរបស់ខ្លួន ពិបាកចិត្តអំពីសុខភាព ឬមិនចូលចិត្តការផ្លាស់ប្តូរដ៏ចាំបាច់នានាទាំងនោះ។ អារម្មណ៍ទុក្ខព្រួយ ធ្លាក់ទឹកចិត្ត ឬអស់សង្ឃឹម អាចធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែម បោះបង់ការផ្លាស់ប្តូរដែលចាំបាច់។ គួរនិយាយចេញនូវអារម្មណ៍ទាំងនេះ រួចរៀនពីរបៀបធ្វើឲ្យមានអារម្មណ៍ប្រសើរឡើង។ សម្រាប់ព័ត៌មានបន្ថែមអំពីការធ្លាក់ទឹកចិត្ត សូមអានជំពូក សុខភាពផ្លូវចិត្ត (កំពុងផលិត) ។
- ស្វែងរកមូលហេតុផ្សេងៗដែលធ្វើឲ្យអ្នកចង់មានសុខភាពប្រសើរ។ តើអ្នកចង់ធ្វើអ្វីខ្លះ ហើយអ្នកចង់មានអារម្មណ៍ប្រសើរយ៉ាងដូចម្តេចខ្លះ? ឧទាហរណ៍ ចូរគិតអំពីគ្រួសាររបស់អ្នក រួចគិតថាហេតុអ្វីបានជាអ្នកចង់មានសុខភាពល្អនិងរស់នៅបន្តទៀតដើម្បីមើលឃើញពីអនាគតរបស់ពួកគេ។ គោលដៅវិជ្ជមានអាចជួយដល់អ្នកធ្វើការផ្លាស់ប្តូរ និងបន្តធ្វើវាជានិច្ច។