Hesperian Health Guides
ហេតុអ្វីមនុស្សកាន់តែច្រើន មានជំងឺទឹកនោមផ្អែម
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ជំងឺទឹកនោមផ្អែម > ហេតុអ្វីមនុស្សកាន់តែច្រើន មានជំងឺទឹកនោមផ្អែម
ពេលទៅដល់ផ្ទះវិញ វាយប់បាត់ទៅហើយ ដូច្នេះខ្ញុំទិញអាហារស្រាប់ៗទើបងាយស្រួលជាង។ |
អាហារនេះធ្វើឲ្យខ្ញុំឆ្អែតបាន ហើយវាមិនសូវថ្លៃប៉ុន្មានទេ ដូច្នេះយើងអាចញ៉ាំនៅទីនេះរៀងរាល់ថ្ងៃ! |
ជាញឹកញាប់ ប្រភេទការងារដែលពលរដ្ឋមាន ឬជីវិតទូទៅក្នុងទីក្រុង គឺមានន័យថាពួកគេមិនត្រូវដើរច្រើននោះទេ។ ពួកគេក៏ប្រហែលជាអង្គុយធ្វើការស្ទើររាល់ថ្ងៃ ឬបរិភោគអាហារកែច្នៃឬអាហាររោងចក្រផងដែរ។ . |
ទីកន្លែងថ្មី បញ្ហាថ្មី
កាលពី១០ឆ្នាំមុន អាមីលកា(Amilcar) និងសេរីណា(Serena) បានចាកចេញពីភូមិរបស់ពួកគាត់ដើម្បីស្វែងរកការងារធ្វើនៅទីក្រុង។
បច្ចុប្បន្ន ជីវិតរបស់ពួកគាត់ហាក់ដូចជាងាយស្រួលជាងមុន។ ជំនួសឲ្យការជីកគាស់កាយ ដាំដុះពេញមួយថ្ងៃ ឥឡូវនេះសេរីណាធ្វើការនៅរោងចក្រ។ នាងអង្គុយដេរពេញមួយថ្ងៃ។ អាមីលកាធ្វើការងារជូតសម្អាតកម្រាលទីធ្លានៅឯស្ថានីយរថភ្លើងមួយ។
កាលពីនៅភូមិ ពួកគេដើរគ្រប់ទីកន្លែង។ ការដើរនៅទីក្រុង មានគ្រោះថ្នាក់ ដូច្នេះពួកគេជិះរថយន្តក្រុងជំនួស។ អាមីលកាធ្លាប់លេងបាល់ទាត់នៅពេលព្រលប់។ ឥឡូវនេះគាត់ច្រើនតែទៅរង្គសាល សម្រាកមើលកីឡានៅលើទូរទស្សន៍វិញ។
អាហាររបស់ពួកគាត់ក៏បានផ្លាស់ប្តូរផងដែរ។ ជំនួសឲ្យការបរិភោគអាហារដែលពួកគាត់បានដាំដុះ ឥឡូវនេះពួកគាត់ទិញអាហារស្រាប់ និងភេសជ្ជៈផ្អែមតាមផ្សារ ឬអាហារកញ្ចប់ពីហាងទំនិញ។ អាហារទាំងនេះមានរសជាតិឆ្ងាញ់។ ពួកគាត់អាចបរិភោគវាយ៉ាងឆាប់រហ័សនិងងាយស្រួល។ ប៉ុន្តែអាហារកែច្នៃទាំងនេះភាគច្រើនមានជាតិស្ករខ្ពស់ និងប្រើសុទ្ធតែសារធាតុគីមី។
សេរីណា និងអាមីលកា សុទ្ធតែដុះក្បាលពោះ។ សាច់ដុំរបស់ពួកគេមិនមាំមួនដូចពេលនៅធ្វើចម្ការនោះទេ។ នៅពេលពិនិត្យរកមើលជំងឺទឹកនោមផ្អែម កម្រិតជាតិស្កររបស់អាមីលកា ស្ថិតនៅខ្ពស់បន្តិចបន្តួច រីឯសេរីណាមានជំងឺទឹកនោមផ្អែមរួចទៅហើយ ព្រមទាំងមានការឈឺចាប់សរសៃប្រសាទនៅប្រអប់ជើងរបស់នាងទៀតផង។
បុគ្គលិកសុខាភិបាលនៅឯកន្លែងពិនិត្យ បានជួយសេរីណាឲ្យរៀបចំផែនការដើររហ័ស ជុំវិញរោងចក្រជាមួយមិត្តរួមការងាររៀងរាល់ថ្ងៃ នៅពេលបាយថ្ងៃត្រង់។ គាត់បានណែនាំឲ្យអាមីលកាផឹកទឹកនៅឯស្ថានីយរថភ្លើង ជំនួសភេសជ្ជៈផ្អែម។