Hesperian Health Guides

ការថែរក្សាសុខភាពក្នុងពេលមានជំងឺទឹកនោមផ្អែម

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ក្នុង​ជំពូក​នេះ

បង្ការនិងព្យាបាលជំងឺទឹកនោមផ្អែម ដោយការបរិភោគអាហារសុខភាព, បញ្ចេញសកម្មភាពរាងកាយ និងធ្វើចលនា, និងកាត់បន្ថយស្ត្រេស។ ចំណុចទាំងនេះអាចជួយឲ្យអ្នកនិងគ្រួសារអ្នក ថែរក្សាសុខភាពបានល្អ បើទោះជាអ្នកគ្មានជំងឺទឹកនោមផ្អែមក៏ដោយ។

គួរធ្វើដូចម្តេចនៅពេលស្រេកទឹក៖ ទេ! ត្រឹមត្រូវ!
 ដបកូកាកូឡាដែលមានអក្សរ "ទេ!" ។
 ទឹកមួយឆ្នាំងដែលមានអក្សរ “ត្រឹមត្រូវ!”

ភេសជ្ជៈជាតិស្ករ គឺដូចជាថ្នាំពុលចំពោះរាងកាយរបស់អ្នកដូច្នេះដែរ ព្រោះវាអាចបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែម។ ទឹកធម្មតាអាចថែរក្សារាងកាយរបស់អ្នកបាន ល្អ។


បរិភោគអាហារសុខភាព

អាហារដែលបុព្វបុរសរបស់យើងបរិភោគ មិនបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែមទេ។ បើអាច ចូរបរិភោគអាហារដែលដាំដុះឬចិញ្ចឹមដោយខ្លួនឯងឬអ្នកដទៃ ឲ្យបានច្រើន។ ចូរចៀសវាងអាហារកញ្ចប់ឬអាហារកែច្នៃក្នុងរោងចក្រ ព្រមទាំងអាហារនិងភេសជ្ជៈឥតប្រយោជន៍ផ្សេងៗទៀត។ ពួកវាបង្កគ្រោះថ្នាក់ដល់រាងកាយ និងជាការខ្ជះខ្ជាយប្រាក់ផងដែរ។ សូមអានបន្ថែមអំពី hរបៀបបរិភោគយ៉ាងល្អដោយចំណាយប្រាក់តិចតួច ។ ចូរធ្វើបញ្ជីមួយអំពីអ្វីគ្រប់យ៉ាងដែលក្រុមគ្រួសារបរិភោគក្នុងមួយសប្តាហ៍។ ជួបជាមួយបុគ្គលិកសុខាភិបាល រួចជជែកអំពីបញ្ជីអាហារនេះ ថាតើអាហារណាខ្លះដែលមានប្រយោជន៍បំផុត ហើយអាហារណាខ្លះដែលបង្កបញ្ហាបំផុត, បន្ទាប់មកជជែកជាមួយក្រុមគ្រួសាររបស់អ្នកអំពីរបៀបធ្វើការផ្លាស់ប្តូរ។

បុរសម្នាក់កំពុងគិតអំពីអាហារសុខភាព និងកំពុងនិយាយ។
កាលពីមុន ភាគច្រើនគឺខ្ញុំហូបបាយជាមួយអាហារចៀន។ ឥឡូវនេះខ្ញុំហូបបន្លែចម្រុះច្រើនជាងមុន។

ប្តូរអាហារជាតិម្សៅដោយបន្លែ

ជាញឹកញាប់ អាហារជាតិម្សៅដូចជាស្រូវសាឡី អង្ករ ពោត ដំឡូងនិងក្តួច គឺជាអាហារចម្បងដែលមនុស្សបរិភោគ។ ប៉ុន្តែអាហារជាតិម្សៅទាំងនេះ ប្រែទៅជាស្ករនៅក្នុងរាងកាយរបស់យើង។ មនុស្សដែលមានជំងឺទឹកនោមផ្អែម អាចទទួលយកអាហារជាតិម្សៅតិចតួច ប៉ុន្តែមិនអាចទទួលបានច្រើនទេ។ ការជំនួសអាហារជាតិម្សៅមួយចំនួនដោយបន្លែនានា និងបន្លែស្លឹកបៃតង អាចជួយបង្កើនវីតាមីននិងអាហារូបត្ថម្ភ។

កាលណាអ្នកធ្វើសកម្មភាពរាងកាយកាន់តែខ្លាំង នោះអ្នកកាន់តែអាចបរិភោគអាហារជាតិម្សៅបានច្រើន ដោយមិនប៉ះពាល់ដល់រាងកាយទេ។ អ្នកដែលធ្វើការនៅស្រែចម្ការពេញមួយថ្ងៃ អាចបរិភោគបានច្រើនជាងអ្នកដែលអង្គុយឬឈរស្ងៀមស្ទើរពេញមួយថ្ងៃ។

ស្ត្រីម្នាក់កំពុងអង្គុយដេរ។
ស្ត្រីម្នាក់លីចបឡើងលើទួលមួយ។
ស្ត្រីម្នាក់នេះធ្វើការនៅរោងចក្រ ហើយគាត់ត្រូវអង្គុយពេញមួយថ្ងៃ។ គាត់គួរតែបរិភោគអាហារជាតិម្សៅបន្តិចបន្តួចប៉ុណ្ណោះ, ឧទាហរណ៍ នំម្សៅ ២បន្ទះ ឬសណ្តែកមួយកូនចាន ឬផ្លែឈើតូច២ផ្លែ ឬបាយមួយកូនចាន។ គាត់អាចបរិភោគអាហារស្រស់បន្ថែម ឬអាហារប្រូតេអ៊ីនជំនួសវិញ។ ស្ត្រីម្នាក់នេះធ្វើការនៅក្រៅផ្ទះពេញមួយថ្ងៃ និងដើរយ៉ាងច្រើន។ អាហារជាតិម្សៅ រួមជាមួយបន្លែនិងអាហារប្រូតេអ៊ីន ជួយឲ្យគាត់មានកម្លាំងគ្រប់គ្រាន់។

គ្រាប់ធញ្ញជាតិមិនទាន់កិន មានភាពប្រសើរជាង

គ្រាប់ធញ្ញជាតិគឺជាអាហារជាតិម្សៅដែលយើងត្រូវការដើម្បីថាមពល។ គ្រាប់ធញ្ញជាតិមិនទាន់កិន ដូចជាអង្ករសំរូបជាដើម ផ្តល់សុខភាពប្រសើរជាង។ ចូរជ្រើសរើសម្សៅដែលផលិតពីគ្រាប់ធញ្ញជាតិមិនទាន់កិន។

អង្ករនិងម្សៅស ត្រូវបានកិននៅក្នុងរោងម៉ាស៊ីនដើម្បីយកបណ្តូលនិងសំរូបចេញ។ គេធ្វើដូច្នេះដើម្បីដាក់លក់វាឲ្យបានយូរដោយមិនខូច។ ដោយគ្មានសំរូបនិងបណ្តូលដែលផ្តល់សុខភាពនេះទេ, អង្ករសម្រិតប្រែទៅជាស្ករនៅក្នុងរាងកាយយ៉ាងឆាប់រហ័ស ហើយធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើងដល់កម្រិតគ្រោះថ្នាក់។ ចូរព្យាយាមកុំបរិភោគអង្ករសម្រិត។

បរិភោគអាហារមានជាតិសរសៃ

ជាតិសរសៃគឺជាផ្នែករឹងបំផុតនៃរុក្ខជាតិ ដូចជាស្លឹក ទង ឫស និងពន្លក។ ជាតិសរសៃជួយបន្ថយល្បឿននៃជាតិស្ករដែលត្រូវបានស្រូបទៅក្នុងឈាម។ វាជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ការពាររាងកាយ និងជួយសម្រួលដល់ការរំលាយអាហារ។ អាហារដែលមានជាតិសរសៃ មានដូចជាបន្លែ សណ្តែកផ្សេងៗ គ្រាប់ធញ្ញជាតិមិនទាន់កិន ផ្លែឈើ គ្រាប់ផ្លែឈើ និងគ្រាប់រុក្ខជាតិ។

ដើម្បីទទួលបានជាតិសរសៃបន្ថែម៖

  • បន្ទាប់ពីកិននិងស្ងោរឲ្យពុះរួច យើងអាចបរិភោគស្លឹករបស់ក្តួចបានដោយសុវត្ថិភាព។ ទោះបីមនុស្សយើងធ្លាប់តែហូបមើមក្តួចនិងត្រាវក៏ដោយ ប៉ុន្តែស្លឹករបស់ពួកវាសម្បូរដោយជាតិសរសៃយ៉ាងច្រើន។
  • ផលិតម្សៅពីសណ្តែក ដូចជាសណ្តែកសៀង ឬសណ្តែកបារាំងជាដើម។
  • បរិភោគអាហារបៃតងឲ្យបានញឹកញាប់តាមដែលអាចធ្វើបាន។
  • បរិភោគអង្ករសំរូប អង្ករក្រហម ឬអង្ករខ្មៅ, ឬគ្រាប់ធញ្ញជាតិមិនទាន់កិន។

បរិភោគអាហារប្រូតេអ៊ីន

រួមផ្សំជាមួយអាហារសុខភាពដទៃទៀត, អាហារប្រូតេអ៊ីនដូចជាត្រី ស៊ុត សាច់ គ្រាប់ផ្លែឈើ គ្រាប់រុក្ខជាតិ តៅហ៊ូ និង tempeh (ផលិតផលសណ្តែកសៀង) មិនបង្កើនជាតិស្ករក្នុងឈាមទេ ហើយពួកវាមានប្រយោជន៍ល្អសម្រាប់ជំងឺទឹកនោមផ្អែម។

បន្ថយអាហារកញ្ចប់, និងដាក់កម្រិតភេសជ្ជៈផ្អែម និងជាតិអាល់កុល

អាហារកញ្ចប់ឬកំប៉ុង អាចមើលទៅគួរឲ្យចង់បរិភោគ។ ពួកវាងាយស្រួលក្នុងការទុកដាក់ បរិភោគ និងមានរសជាតិឆ្ងាញ់។ ប៉ុន្តែជាទូទៅអាហារកញ្ចប់មានជាតិស្ករ អំបិល និងគ្រឿងផ្សំមិនល្អ យ៉ាងច្រើនលើសកម្រិត។ បើអ្នកអស់កម្លាំង ឃ្លាន ឬស្ត្រេសជាខ្លាំង នោះប្រហែលជាពិបាកបដិសេធអាហារកញ្ចប់ណាស់។ ក៏ដូចជាថ្នាំញៀន ឬបារីដែរ អាហារទាំងនេះធ្វើឲ្យយើងមានអារម្មណ៍ល្អមួយរយៈពេលខ្លី។ បន្ទាប់មក ជាតិស្ករក៏អស់ឥទ្ធិពលរបស់វា រួចយើងនឹងមានអារម្មណ៍កាន់តែមិនល្អលើសដើម។ មនុស្សគ្រប់គ្នាក្នុងគ្រួសារ នឹងទទួលបានប្រយោជន៍ពីការមិនបរិភោគអាហារទាំងនេះ ឬយ៉ាងហោចណាស់បរិភោគវាតិចតួច។ អាហារកែច្នៃជាច្រើន ប្រើប្រេងដូង ព្រោះវាជាគ្រឿងផ្សំដែលមានតម្លៃថោក ប៉ុន្តែវាមិនសូវល្អដូចប្រេងបន្លែផ្សេងៗទៀតទេ។

ស្ត្រីម្នាក់ងាកចេញពីអាហារនៅក្នុងហាងមួយ។
ក្រុមហ៊ុនអាហារដឹងពីរបៀបលក់ផលិតផលរបស់ពួកគេឲ្យអ្នក ហើយនឹងកុហកទៀតផងដោយនិយាយថាអាហារនោះមានប្រយោជន៍ចំពោះអ្នក ទោះបីជាការពិតវាគ្មានក៏ដោយ។ គោលបំណងរបស់ពួកគេគឺដើម្បីរកប្រាក់ មិនមែនដើម្បីថែរក្សាសុខភាពរបស់អ្នកនោះឡើយ។

ភេសជ្ជៈផ្អែម គឺរឹតតែអាក្រក់ចំពោះអ្នក។ វាមានជាតិស្ករយ៉ាងច្រើន ហើយបង្កើនកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក ឆាប់រហ័សខ្លាំងណាស់។ សូម្បីតែទឹកផ្លែឈើក៏មានជាតិស្ករយ៉ាងច្រើនផងដែរ។ ចូរផឹកទឹកឬទឹកតែដែលគ្មានជាតិស្ករជំនួសវិញ។ អ្នកអាចបន្ថែមស្លឹកជីអង្កាម ឬក្រូចឆ្មារទៅក្នុងទឹកឬទឹកតែ ដើម្បីបង្កើនរសជាតិរបស់វា។ អ្នកនឹងមានទម្លាប់ផឹកតែឬកាហ្វេដែលមានជាតិស្ករទាប ដោយការកាត់បន្ថយវាបន្តិចម្តងៗរៀងរាល់សប្តាហ៍។ សម្រាប់ជំងឺទឹកនោមផ្អែម, ទោះបីផ្លែឈើគ្រប់ប្រភេទមានជាតិស្ករក៏ដោយ តែការហូបផ្លែឈើទាំងមូល ជំនួសឲ្យទឹកផ្លែឈើ គឺល្អប្រសើរជាង ព្រោះជាតិសរសៃនៅក្នុងផ្លែឈើ មានប្រយោជន៍ចំពោះអ្នក។ ភេសជ្ជៈដែលមានជាតិអាល់កុល ក៏ក្លាយទៅជាជាតិស្ករនៅក្នុងរាងកាយផងដែរ ដូច្នេះល្អបំផុតគួរចៀសវាង ឬដាក់កម្រិតជាតិអាល់កុល។

ស្ត្រីម្នាក់កំពុងនិយាយ។
ការផ្លាស់ប្តូរទម្លាប់ជាច្រើនក្នុងពេលតែមួយ គឺជាការលំបាកណាស់។ ក្នុងនាមបុគ្គលិកសុខាភិបាល ខ្ញុំជួយឲ្យពួកគេជ្រើសរើសការផ្លាស់ប្តូរមួយមុខក្នុងពេលតែមួយ ដូចជាការបន្ថយភេសជ្ជៈជាតិស្ករ ឬឈប់ជក់បារី។ ការផ្លាស់ប្តូរតែមួយមុខ អាចនាំឲ្យមានភាពប្រសើរឡើងយ៉ាងច្រើន។

តើគួរបរិភោគញឹកញាប់បែបណា

ការមិនបរិភោគអាហារមួយពេល អាចបណ្តាលឲ្យ ជាតិស្ករក្នុងឈាមចុះទាប ឬធ្វើឲ្យអ្នកបរិភោគយ៉ាងច្រើននៅពេលបន្ទាប់។ ការហូបអាហារយ៉ាងច្រើនបែបនេះ អាច បង្កើនជាតិស្ករក្នុងឈាម ។ ការបរិភោគអាហារប្រហាក់ប្រហែលគ្នា ៣ពេលក្នុងមួយថ្ងៃ ឬហូបបន្ថយបន្តិចដើម្បីហូប ៤ដងក្នុងមួយថ្ងៃ អាចជួយរក្សាលំនឹងជាតិស្កររបស់អ្នក។

បង្កើនការបញ្ចេញសកម្មភាពរាងកាយ

NWTND Diab Page 16-2.png

សកម្មភាពរាងកាយ គឺជាមធ្យោបាយល្អបំផុតដើម្បីបន្ថយកម្រិតជាតិស្ករក្នុងឈាម។ ជាការសំខាន់គឺត្រូវធ្វើចលនាយ៉ាងហោចបន្តិចបន្តួចរៀងរាល់ថ្ងៃ ហើយមិនមែនធ្វើម្តងម្កាលនោះទេ។ ដើម្បីព្យាបាលនិងបង្ការជំងឺទឹកនោមផ្អែម ចូរព្យាយាមដើរញាប់ រាំ លេងកីឡា ឬហាត់ប្រាណផ្សេងៗដែលធ្វើឲ្យបេះដូងរបស់អ្នកលោតញាប់ រយៈពេល ៣០នាទីឬយូរជាងនេះ។ បញ្ចេញសកម្មភាពកាន់តែច្រើន កាន់តែប្រសើរ។

នៅកន្លែងការងារដែលកិច្ចការប្រចាំថ្ងៃគឺបញ្ចេញពលកម្មខ្លាំង នោះអ្នកប្រហែលជាទទួលបានសកម្មភាពរាងកាយគ្រប់គ្រាន់ហើយ។ ប៉ុន្តែប្រសិនបើអ្នកអង្គុយឬឈរនៅតែមួយកន្លែងពេញមួយថ្ងៃ នោះអ្នកគួរតែពិចារណាពីរបៀបបង្កើនចលនារបស់អ្នក។ មនុស្សជាច្រើនងាយនឹងបញ្ចេញសកម្មភាពរាងកាយជាមួយអ្នកដទៃ ជាជាងនៅម្នាក់ឯង។ ការបញ្ចេញសកម្មភាព គឺកាន់តែងាយនៅពេលដែលវាមានភាពសប្បាយរីករាយ ដូចជាការដើរជាមួយមិត្តភក្តិ លេងកីឡា ឬរាំជាដើម។

NWTND Diab Page 16-3.png

ប្រសិនបើអ្នកលេបថ្នាំពេទ្យ ដូចជា sulfonylurea ឬអាំងស៊ុយលីនសម្រាប់ជំងឺទឹកនោមផ្អែម នោះការធ្វើលំហាត់ប្រាណអាចធ្វើឲ្យកម្រិតជាតិស្កររបស់អ្នកចុះទាបហួសកម្រិត។ ដើម្បីបង្ការបញ្ហានេះ ចូរហូបអាហារដែលសម្បូរប្រូតេអ៊ីន និងខ្លាញ់សុខភាព (ដូចជាស៊ុត ឬត្រី) នៅមុនពេលធ្វើលំហាត់ប្រាណ។ ប្រសិនបើអ្នកដឹងថាជាតិស្ករកំពុងធ្លាក់ចុះក្នុងពេលឬក្រោយពេលធ្វើលំហាត់ប្រាណ អ្នកអាចផឹកទឹកផ្លែឈើ ឬហូបស្ករមួយគ្រាប់។ អ្នកគួរតែដាក់អាហារទាំងនេះតាមខ្លួនផងដែរ។

សម្រាប់ព័ត៌មានអំពីសញ្ញានៃការធ្លាក់ចុះខ្លាំងនៃកម្រិតជាតិស្ករក្នុងឈាម, សូមអាន ភាពអាសន្នក្នុងជំងឺទឹកនោមផ្អែម

កាត់បន្ថយស្ត្រេស

មនុស្សមួយក្រុមកំពុងជជែកគ្នា។

ស្ត្រេសគឺជាអារម្មណ៍ដែលយល់ថាមានបញ្ហាលើសលុបហួសពីលទ្ធភាពដែលអាចដោះស្រាយបាន។ បញ្ហាទាំងនេះអាចពាក់ព័ន្ធនឹងប្រាក់ គ្រួសារ ផ្ទះសម្បែង សុវត្ថិភាព ការប្រកាន់ពូជសាសន៍ ឬគ្រោះថ្នាក់ផ្សេង។ ការមានអារម្មណ៍ស្ត្រេសជាប្រចាំ បណ្តាលឲ្យមានបញ្ហាផ្លូវកាយជាច្រើន រួមមានកម្រិតជាតិស្ករក្នុងឈាមកើនឡើង ជាដើម។

ការជជែកអំពីការព្រួយបារម្ភជាមួយមិត្តភក្តិដែលអ្នកទុកចិត្ត សមាជិកគ្រួសារ ឬក្រុមជួយគាំទ្រ អាចជួយកាត់បន្ថយស្ត្រេសបាន ជាពិសេសក្នុងបរិយាកាសដែលពួកគេជួយរិះរកមធ្យោបាយគាំទ្រគ្នាទៅវិញទៅមក។ ចូរកុំភ័យខ្លាចក្នុងការស្វែងរកជំនួយ។

បុរសម្នាក់និងស្ត្រីម្នាក់ កំពុងហាត់ប្រាណ។
ការធ្វើសមាធិ សូត្រធម៌ ឬហាត់ប្រាណ ដូចជាតៃជិះ និងយូហ្កោ ជាដើម ក៏ជាមធ្យោបាយដ៏ល្អដើម្បីកាត់បន្ថយស្ត្រេសផងដែរ។

ការបង្កើនភាពជឿជាក់លើខ្លួនឯង ក៏កាត់បន្ថយស្ត្រេសផងដែរ។ ជាញឹកញាប់ យើងរស់នៅក្នុងភាពភ័យខ្លាច ដោយសារអ្នកដទៃមានភាពរឹងមាំជាងយើង។ យើងអាចនឹងមានអារម្មណ៍ថាអន់ខ្សោយ ព្រោះសុខភាពរបស់យើងមិនល្អ ឬយើងគ្មានប្រាក់គ្រប់គ្រាន់។ ប៉ុន្តែយើងអាចព្យាយាមពង្រឹងខ្លួនឯងទៅតាមចំណុចខ្លាំងរបស់យើង។ បញ្ហាខ្លះមានទំហំធំជាងអ្វីដែលយើងអាចដោះស្រាយដោយម្នាក់ឯង ដូច្នេះយើងត្រូវ ធ្វើការជាមួយអ្នកដទៃ ។ ប៉ុន្តែនៅមានរឿងជាច្រើនដែលយើងអាចធ្វើដោយខ្លួនឯងបាន។

ចូរធ្វើផែនការសាកល្បងអ្វីដែលថ្មីដើម្បីកែលម្អសុខភាពរបស់អ្នក ដូចជាការដើរឲ្យបានច្រើន ឬសាកល្បងអាហារថ្មី។ នៅពេលជោគជ័យ អ្នកនឹងមានភាពជឿជាក់លើខ្លួនឯង ថាអាចធ្វើអ្វីច្រើនបន្ថែមទៀត។



ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ៣០ មករា ២០១៨