Hesperian Health Guides
ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដទៃទៀតដែលកើតពីសត្វមូស
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដទៃទៀតដែលកើតពីសត្វមូស
សត្វមូសផ្ទុកនូវជំងឺជាច្រើន ហើយចម្លងជំងឺទៅកាន់មនុស្សតាមរយៈការខាំរបស់វា។ ការប្រែប្រួលបរិយាកាស កំពុងធ្វើឱ្យអាកាសធាតុកាន់តែមានកម្តៅនិងសើម ដែលជាលក្ខខណ្ឌធ្វើឲ្យមូសរស់នៅយ៉ាងស្រួល។
មូសមានច្រើនប្រភេទខុសៗគ្នា - ខ្លះបង្កកំណើតនៅក្នុងទឹកវាលភក់ ខ្លះទៀតបង្កកំណើតនៅក្នុងទឹកភ្លៀង និងទឹកដែលរក្សាទុក។ មូសខ្លះខាំនៅពេលយប់ និងខ្លះទៀតខាំនៅពេលថ្ងៃ។ មូសខ្លះធ្វើឲ្យមនុស្សមានជំងឺតែឯង រីឯមូសខ្លះទៀតក៏អាចធ្វើឲ្យសត្វឈឺបានដែរ។
មាតិកា
សត្វមូសចម្លងជំងឺនៅពេលវាខាំ
មេរោគមកពីសត្វមូស។ ជំងឺជាច្រើនដែលសត្វមូសខាំហើយឆ្លងទៅមនុស្ស គឺបណ្តាលមកពីមេរោគ។ ដូចមេរោគភាគច្រើនដែរ នៅពេលដែលអ្នកជំងឺបានជាសះស្បើយឡើងវិញ នោះគាត់នឹងមានភាពស៊ាំ រួចនឹងមិនទទួលមេរោគដដែលនោះទៀតទេ។ ប៉ុន្តែមេរោគមួយចំនួន ដូចជាមេរោគគ្រុនឈាម ជាដើម មានជំនាន់ខុសៗគ្នាបន្តិច (ហៅថា serotype) ដូច្នេះមនុស្សម្នាក់អាចឆ្លងជំងឺគ្រុនឈាមច្រើនដង។ ការកើតជំងឺគ្រុនឈាមជាលើកទីពីរ អាចធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ។
បន្ទាប់ពីមនុស្សជាច្រើននៅក្នុងសហគមន៍ មានមេរោគមួយរួចទៅហើយ នោះពួកគេក៏មានភាពស៊ាំដែរ។ មនុស្សកាន់តែតិច ដែលអាចមានជំងឺ ហើយជំងឺក៏ហាក់ដូចជារលុបបាត់ទៅ។ ប៉ុន្តែនៅពេលដែលមនុស្សថ្មី ដែលមិនធ្លាប់មានជំងឺនោះ មកដល់ក្នុងសហគមន៍ នោះមេរោគអាចប៉ះពាល់ដល់សហគមន៍ឡើងវិញ។ ហេតុដូច្នេះហើយទើបមានឆ្នាំខ្លះមានការផ្ទុះជំងឺ ហើយឆ្នាំខ្លះទៀតមានកើតជំងឺតិចតួច។ នេះក៏ជាមូលហេតុដែលមនុស្សជាច្រើនឈឺភ្លាមៗ ប្រសិនជាមានមេរោគថ្មីមកដល់តំបន់មួយដែលគ្មាននរណាម្នាក់ធ្លាប់មានមេរោគនោះនៅឡើយ។
ប៉ារ៉ាស៊ីតមកពីសត្វមូស។ ជំងឺគ្រុនចាញ់បង្កឡើងដោយប៉ារ៉ាស៊ីតតូចល្អិតខ្លាំងដែលចូលទៅក្នុងនិងរស់នៅក្នុងកោសិកាឈាមរបស់យើង។ ប៉ារ៉ាស៊ីតចូលក្នុងឈាមរបស់យើងតាមរយៈការខាំរបស់មូសដែលបានឆ្លងប៉ារ៉ាស៊ីត។ នៅពេលដែលមូសបានចម្លងប៉ារ៉ាស៊ីតគ្រុនចាញ់ទៅក្នុងរាងកាយរបស់មនុស្ស វាបណ្តាលឱ្យមានជំងឺ ឈឺជាៗជាច្រើនឆ្នាំ លុះត្រាតែអ្នកជំងឺលេបថ្នាំពេទ្យដែលសម្លាប់ប៉ារ៉ាស៊ីត។ បន្ទាប់ពីបានរស់នៅជាច្រើនឆ្នាំនៅតំបន់ដែលកើតមានជំងឺគ្រុនចាញ់ជាញឹកញាប់ មនុស្សម្នាក់នឹងលែងសូវមានជំងឺនេះ ព្រោះរាងកាយរបស់គាត់បានអភិវឌ្ឍសមត្ថភាពប្រយុទ្ធនឹងប៉ារ៉ាស៊ីតនោះ។ ស្ត្រីមានផ្ទៃពោះ ទារក និងកុមារតូចៗ ត្រូវការការការពារ ព្រោះពួកគេអាចកើតជំងឺគ្រុនចាញ់បានយ៉ាងងាយ ហើយវាកាន់តែមានគ្រោះថ្នាក់សម្រាប់ពួកគេ បើវាបណ្តាលឱ្យមានគ្រុនក្តៅ ភាពស្លេកស្លាំង និងខ្វះជាតិទឹក។
របៀបដែលជំងឺឆ្លងរាលដាល។ ជំងឺដែលចម្លងពីសត្វមូស មិនឆ្លងរាលដាលដោយផ្ទាល់រវាងមនុស្សដែលរស់នៅជាមួយគ្នា ឬដោយការប៉ះពាល់គ្នានោះទេ។ ប៉ុន្តែមូសអាចទទួលមេរោគឬប៉ារ៉ាស៊ីតតាមរយៈការខាំមនុស្សដែលមានប៉ារ៉ាស៊ីតឬមេរោគនៅក្នុងឈាមរបស់គាត់ រួចចម្លងរោគដោយការខាំមនុស្សម្នាក់ទៀត, ដូច្នេះហើយទើបសមាជិកគ្រួសារនិងអ្នកជិតខាង ច្រើនតែឈឺបន្តគ្នា។ ការយល់ដឹងពី របៀបដែលសត្វមូសចម្លងជំងឺ នឹងជួយឲ្យសមាជិកក្នុងសហគមន៍យល់ដឹងពីរបៀបការពារខ្លួនពីជំងឺដែលចម្លងដោយសត្វមូស។
ទោះបីជាមេរោគហ្ស៊ីកា (Zika) ភាគច្រើនត្រូវបានចម្លងដោយមូសខាំក៏ដោយ វាក៏អាចឆ្លងតាមរយៈការរួមភេទផងដែរ។ ជារឿយៗ ហ្សីកាគឺជាជំងឺស្រាល ប៉ុន្តែប្រសិនបើស្ត្រីមានផ្ទៃពោះឆ្លងមេរោគហ្ស៊ីកា នោះវាអាចប៉ះពាល់យ៉ាងខ្លាំងដល់ទារកក្នុងផ្ទៃ។ ការពារស្ត្រីពីជំងឺហ្ស៊ីកា តាមរយៈ ការបង្ការមូសខាំ និងប្រើស្រោមអនាម័យ។
សញ្ញានៃជំងឺទូទៅដែលចម្លងដោយសត្វមូស
ក្នុងចំណោមជំងឺដែលឆ្លងរាលដាលដោយសត្វមូស មានជំងឺគ្រុនចាញ់, គ្រុនឈាម, ហ្ស៊ីកា, chikungunya, មេរោគ West Nile, ជំងឺរលាកខួរក្បាល ជេអ៊ី។ ជំងឺទាំងនេះមានទម្រង់ស្រាលនិងធ្ងន់ធ្ងរ។ ជំងឺទាំងនេះជាញឹកញាប់បណ្តាលឱ្យមានគ្រុនក្តៅ កន្ទួល និងឈឺចាប់។ ក្នុងពេលតែមួយ មនុស្សម្នាក់អាចឆ្លងមេរោគច្រើនជាងមួយ។ រោគសញ្ញាអាចបញ្ជាក់ថាជាជំងឺណាមួយ ប៉ុន្តែជាញឹកញាប់ គឺពិបាកក្នុងការញែកឲ្យដាច់ពីគ្នា។ ជាធម្មតា បុគ្គលិកសុខាភិបាល ដឹងថាតើជំងឺណាខ្លះ(ពីមូស)ដែលមានវត្តមាននៅក្នុងតំបន់របស់អ្នក។
តើវាជាជំងឺ(ពីមូស)មួយណា?
តើមានគ្រុនក្តៅឬទេ? | ដំបូងគ្រុនក្តៅ បន្ទាប់មកមានញាក់ បន្ទាប់មកគ្រុនក្តៅឡើងវិញ។ វាជាអាការញឹកញាប់ក្នុងជំងឺគ្រុនចាញ់។ ជំងឺគ្រុនឈាម និងគ្រុនលឿង អាចបណ្តាលឱ្យមានញាក់បន្ថែមពីលើគ្រុនក្តៅ។ | ||
កើតមានគ្រុនក្តៅយ៉ាងឆាប់រហ័ស, ឈឺក្បាលនិងឈឺខ្លួន។ ជាញឹកញាប់ ជំងឺគ្រុនលឿង គ្រុនឈាម និង chikungunya ចាប់ផ្តើមដោយអាការបែបនេះ។ ជំងឺរលាកខួរក្បាល ជេអ៊ី ក៏អាចចាប់ផ្តើមដោយគ្រុនក្តៅភ្លាមៗផងដែរ។ | |||
ជាធម្មតា គ្រុនក្តៅដោយសារគ្រុនឈាមនិង chikungunya គឺមានកម្រិតខ្ពស់ ៣៨,៥ អង្សាសេ ឬ ១០១អង្សាហ្វារិនហៃ ឬខ្ពស់ជាងនេះ។ ជាធម្មតា គ្រុនក្តៅដោយសារជំងឺហ្ស៊កា មានកម្រិតទាប, ក្រោម ៣៨,៥ អង្សាសេ (១០១ អង្សាហ្វារិនហៃ) ។. | |||
គ្រុនក្តៅកើតឡើងជាញឹកញាប់ក្នុងជំងឺជាច្រើន។ សូមមើលជំពូក ការពិនិត្យមនុស្សដែលឈឺ (កំពុងសរសេរ) ដើម្បី ស្វែងយល់បន្ថែមអំពីគ្រុនក្តៅ និងមើលជំពូក ការថែទាំសម្រាប់កុមារ ដើម្បីស្វែងយល់ពីព័ត៌មានអំពី ជំងឺរបស់កុមារដែលបណ្តាលឱ្យមាន គ្រុនក្តៅ។ | |||
តើមានកន្ទួលឬទេ? | ស្នាមកន្ទួលទំនងបំផុត គឺជំងឺហ្ស៊ីកា ហើយវាកើតមានញឹកញាប់ដែរចំពោះជំងឺ chikungunya, គ្រុនឈាម, និងជំងឺគ្រុន West Nile ។ ស្នាមកន្ទួលមិនទំនងជាកើតឡើងចំពោះជំងឺគ្រុនចាញ់ គ្រុនលឿង ឬរលាកខួរក្បាលជេអ៊ី នោះទេ។ | ||
ស្នាមកន្ទួលក៏អាចជាសញ្ញានៃជំងឺកញ្ជ្រឹល ឬជំងឺញឹកញាប់ដទៃទៀតផងដែរ ដែលមិនមែនដោយសារមូសទេ។ | |||
តើមានការឈឺចាប់នៅក្នុងឆ្អឹងនិងសន្លាក់ឬទេ? | ការឈឺចាប់នៅក្នុងខ្លួន គឺជាអាការញឹកញាប់ចំពោះជំងឺគ្រុនឈាម គ្រុន chikungunya និងគ្រុនហ្ស៊ីកា។ ការឈឺចាប់គឺមិនសូវទំនងជាកើតមានចំពោះជំងឺគ្រុនចាញ់ទេ។ ការឈឺចាប់នៅក្នុងឆ្អឹងឬសាច់ដុំ ទំនងជាជំងឺគ្រុនឈាម រីឯការឈឺឬហើមសន្លាក់ ទំនងជាគ្រុន chikungunya។ | ||
ការឈឺចាប់ក្នុងសន្លាក់ ក៏អាចជាសញ្ញានៃបញ្ហាផ្សេងទៀតដែរដែលមិនមែនមកពីសត្វមូសទេ រួមទាំងមេរោគដែលចម្លងដោយចៃសត្វ។ | |||
តើភ្នែកឡើងក្រហម និងរមាស់ដែរឬទេ? | ភ្នែករមាស់ គឺជាសញ្ញាញឹកញាប់នៃជំងឺគ្រុនហ្ស៊ីកា ហើយជួនកាលកើតឡើងចំពោះជំងឺគ្រុន chikungunya និងគ្រុនលឿងផងដែរ។ |
សញ្ញាគ្រោះថ្នាក់នៃជំងឺមកពីសត្វមូស ដែលត្រូវការជំនួយបន្ទាន់
- ការប្រកាច់ និងសន្លប់ អាចបណ្តាលមកពីជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ, មេរោគ West Nile ធ្ងន់ធ្ងរ, ឬរលាកខួរក្បាលជេអ៊ី ធ្ងន់ធ្ងរ។
- ការហូរឈាមនៅខាងក្នុងរាងកាយ ឬតាមមាត់ អញ្ចាញធ្មេញ ច្រមុះ ភ្នែក ឬស្បែក អាចបណ្តាលមកពីជំងឺគ្រុនលឿងធ្ងន់ធ្ងរ ឬពីជំងឺគ្រុនឈាមធ្ងន់ធ្ងរ។ សូមតាមដានមើល សញ្ញានៃស្ហុក: ស្បែកប្រែទៅជាត្រជាក់ សម្ពាធឈាមចុះទាប ហើយជីពចរចាប់ផ្តើមដើរលឿន។ ការហើមពោះក៏អាចជាសញ្ញានៃការហូរឈាមនៅខាងក្នុងផងដែរ។
ប្រសិនបើគ្រុនក្តៅឡើងជិតដល់ ៤០° (១០៤ °F) សូមជួបបុគ្គលិកសុខាភិបាលឱ្យបានឆាប់។ បើវាខ្ពស់ជាងនេះទៀត វាគឺជាស្ថានភាពអាសន្ន។
ត្រូវប្រាកដថាទៅជួបបុគ្គលិកសុខាភិបាល ប្រសិនបើអ្នកមានរោគសញ្ញានៃជំងឺគ្រុនចាញ់ ហើយមានផ្ទៃពោះ, បើអ្នកសង្ស័យថាទារកមានជំងឺបណ្តាលពីមូស, ឬមានជំងឺលើមនុស្សវ័យចំណាស់ ឬមនុស្សដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ បើការឈឺចាប់មានរយៈពេលយូរជាង ២សប្តាហ៍ ឬមានភាពខ្សោយធ្ងន់ធ្ងរ, ឈឺឆៀបៗ, ឬមិនមានអារម្មណ៍នៅជើង ដៃ ឬមុខ, សូមជួបជាមួយបុគ្គលិកសុខាភិបាល។ ទាំងនេះអាចជាសញ្ញានៃជំងឺ Guillain-Barre ដែលជាស្ថានភាពធ្ងន់ធ្ងរ កើតឡើងបន្ទាប់ពីមានជំងឺបណ្តាលពីសត្វមូស។ ល្អបំផុតគួរព្យាបាលជំងឺនេះនៅក្នុងមន្ទីរពេទ្យ។
តើជំងឺ(បណ្តាលពីមូស)ណាមួយដែលអ្នកមាន ហើយតើអ្នកគួរធ្វើអ្វី?
ដោយសារតែជំងឺទាំងនេះមានរោគសញ្ញាស្រដៀងគ្នា ដូច្នេះវាជាការលំបាកក្នុងការសន្និដ្ឋានថាមនុស្សម្នាក់មានជំងឺមួយណា។ បើវាប្រហែលជាជំងឺគ្រុនចាញ់ ការធ្វើតេស្តជំងឺគ្រុនចាញ់ដោយមិនពន្យារពេល អនុញ្ញាតឱ្យអ្នកជំងឺចាប់ផ្តើមប្រើថ្នាំគ្រុនចាញ់បានឆាប់ ហើយវាសំខាន់ជាពិសេសចំពោះស្ត្រីមានផ្ទៃពោះ ក្មេងខ្លាំងឬចាស់ ឬមានផ្ទុកមេរោគអេដស៍។ ស្ត្រីដែលប្រហែលជាមានមេរោគហ្ស៊ីកា អាចពន្យារពេលក្នុងការមានផ្ទៃពោះ រហូតដល់គាត់បានប្រសើរឡើង។ ជំងឺហ្ស៊ីកាក្នុងអំឡុងពេលមានផ្ទៃពោះ អាចមានគ្រោះថ្នាក់។
នៅពេលដែលជំងឺមានសភាពស្រាល សូមព្យាបាលបំពេញជាតិទឹក សម្រាក និងប្រើថ្នាំប៉ារ៉ាតាម៉ុល (acetaminophen) បើទោះជា អ្នកមិនប្រាកដថាវាជាជំងឺណាមួយក៏ដោយ។ បើអ្នកជំងឺកាន់តែធ្ងន់ធ្ងរ ឬមិនធូរស្រាល ត្រូវជួបជាមួយបុគ្គលិកសុខាភិបាល។
ការជូនដំណឹងដល់បុគ្គលិកសុខាភិបាលក្នុងតំបន់ អំពីអ្នកជំងឺនិងប៉ុន្មាននាក់ដែលឈឺ អាចជួយឲ្យពួកគាត់ដឹងថាពេលណាត្រូវចាត់ វិធានការទូទាំងសហគមន៍ដើម្បីបញ្ឈប់សត្វមូស។
ការបង្ការជំងឺដែលបណ្តាលមកពីមូស
នៅក្នុងតំបន់ដែលមាន ជំងឺគ្រុនលឿង ឬ ជំងឺរលាកខួរក្បាលជេអ៊ី, ការផ្តល់វ៉ាក់សាំងឲ្យកុមារនិងមនុស្សពេញវ័យ អាចបង្ការជំងឺទាំងនេះបាន។ នៅកន្លែងដែលថ្នាំសម្លាប់សត្វល្អិតត្រូវបានប្រើដើម្បីសម្លាប់មូស សូមប្រុងប្រយ័ត្នអំពីរបៀបប្រើប្រាស់វា ព្រោះ ថ្នាំសម្លាប់សត្វល្អិតអាចបង្កគ្រោះថ្នាក់ដល់មនុស្សនិងបរិស្ថាន។ វាប្រហែលជាមានសុវត្ថិភាពនិងប្រសិទ្ធភាពជាងក្នុងការ បងា្ករមូសខាំ និង និងបញ្ឈប់មូសពីការបង្កាត់ពូជ ដោយប្រើវិធីផ្សេងៗទៀត។