Hesperian Health Guides
ការការពារកុមារពីថ្នាំសម្លាប់សត្វល្អិត
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៤. ថ្នាំសម្លាប់សត្វល្អិតគឺជាថ្នាំពុល > ការការពារកុមារពីថ្នាំសម្លាប់សត្វល្អិត
គួរមើលកុមារកុំឲ្យទៅជិតថ្នាំសម្លាប់សត្វល្អិត។
កុមារ ៖
- មិនគួរលេង ឬប្រើប្រាស់ សូម្បីតែប៉ះពាល់ធុងថ្នាំសម្លាប់សត្វល្អិតចាស់។
- មិនគួរលេងឧបករណ៍កសិដ្ឋានដែលបានប្រើប្រាស់សម្រាប់បាញ់ថ្នាំសម្លាប់សត្វល្អិត។
- មិនគួរលុយទឹកឬហែលក្នុងទឹកស្រែឬប្រឡាយ។
- មិនគួរចូលឬលេងក្នុងស្រែចម្ការដែលទើបបាញ់ថ្នាំរួចទេ។
មនុស្សធំអាចការពារកុមារពីថ្នាំសម្លាប់សត្វល្អិត ៖
- បោកគក់សម្លៀកបំពាក់ការងារ ស្បែកជើង និងដៃ មុននឹងចូលក្នុងផ្ទះ និងមុនពេលប៉ះពាល់កុមារ។
- បោកគក់សម្លៀកបំពាក់របស់កុមារ ផ្សេងពីរបស់ឪពុកម្តាយ។
- លាងសម្អាតផ្លែឈើនិងបន្លែឲ្យបានស្អាតល្អមុននឹងនរណាម្នាក់បរិភោគ។
- ចៀសវាងប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនៅផ្ទះ ជាពិសេសនៅក្នុងផ្ទះ។
- ទុកដាក់ធុងថ្នាំសម្លាប់សត្វល្អិត និងឧបករណ៍ ឲ្យផុតពីដៃកុមារ។
អ្នកភូមិតស៊ូប្រឆាំងនឹងការបំពុលដោយថ្នាំសម្លាប់សត្វល្អិត
អ្នកភូមិប៉ាឌ្រី ក្នុងរដ្ឋខេរាឡា នៃប្រទេសឥណ្ឌា ធ្លាប់គិតថាពួកគេត្រូវបានដាក់បណ្តាសា។ មនុស្សវ័យក្មេងរងគ្រោះពីបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាជំងឺឆ្កួតជ្រូក, ខូចខួរក្បាល, និងមហារីក, ហើយមិនលូតលាស់ដូចការរំពឹងទេ។ ស្ត្រីជាច្រើនមិនអាចផ្តល់កំណើតឲ្យកូន ហើយទារកជាច្រើនកើតមកបាត់ដៃបាត់ជើង។ តើអ្វីទៅដែលបណ្តាលឲ្យមានបញ្ហាទាំងនេះក្រៅពីបណ្តាសានោះ?
អ្នកភូមិប៉ាឌ្រី ក្នុងរដ្ឋខេរាឡា នៃប្រទេសឥណ្ឌា ធ្លាប់គិតថាពួកគេត្រូវបានដាក់បណ្តាសា។ មនុស្សវ័យក្មេងរងគ្រោះពីបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាជំងឺឆ្កួតជ្រូក, ខូចខួរក្បាល, និងមហារីក, ហើយមិនលូតលាស់ដូចការរំពឹងទេ។ ស្ត្រីជាច្រើនមិនអាចផ្តល់កំណើតឲ្យកូន ហើយទារកជាច្រើនកើតមកបាត់ដៃបាត់ជើង។ តើអ្វីទៅដែលបណ្តាលឲ្យមានបញ្ហាទាំងនេះក្រៅពីបណ្តាសានោះ?
ស្រ៊ីប៉ាឌ្រី ដែលជាកសិករនិងអ្នកកាសែតក្នុងស្រុក បានឃើញកូនគោរបស់គាត់កើតមកពិការអវយវៈ។ ដោយសារក្រុមហ៊ុនបានបាញ់ថ្នាំអង់ដូស៊ុលហ្វង់នៅក្បែរកសិដ្ឋានរបស់គាត់ច្រើនដង ទើបគាត់ឆ្ងល់ថាតើពិការភាពពីកំណើតអាចបណ្តាលមកពីថ្នាំសម្លាប់សត្វល្អិតឬអត់។ ស្រ៊ីប៉ាឌ្រីបាននិយាយជាមួយគ្រូពេទ្យម្នាក់ដែលសង្កេតឃើញពីបញ្ហាសុខភាពរបស់ប្រជាជនដែលស្រដៀងគ្នានេះដែរ។ បន្ទាប់ពីបានសរសេរលិខិតទៅកាន់ប្រជាជនទាំងអស់ក្នុងប្រទេសឥណ្ឌា ពួកគេបានដឹងថាបញ្ហាស្ទើរតែទាំងអស់ដែលបានសង្កេតឃើញ គឺបណ្តាលមកពីថ្នាំអង់ដូស៊ុលហ្វង់។
ការធ្វើទស្សនកិច្ចពីអង្គការផ្សេងៗបញ្ជាក់ថា អ្វីដែលស្រ៊ីប៉ាឌ្រីនិងគ្រូពេទ្យបានសង្ស័យ គឺជាការពិត។ ព័ត៌មានអំពីជំងឺដែលបង្កឡើងដោយថ្នាំអង់ដូស៊ុលហ្វង់ ត្រូវបានផ្សព្វផ្សាយពាសពេញភូមិ។
អ្នកភូមិបានជួបជុំគ្នានៅការិយាល័យរបស់ក្រុមហ៊ុន ហើយទាមទារឲ្យបញ្ឈប់ការបាញ់ថ្នាំ។ មន្ត្រីចម្ការផ្លែឈើ ឧស្សាហកម្មថ្នាំសម្លាប់សត្វល្អិត និងអាជ្ញាធរមួយចំនួន បដិសេធថាអង់ដូស៊ុលហ្វង់មិនបង្កបញ្ហាទេ។ ពួកគេបានហៅប៉ូលីសមកបំបែកហ្វូងបាតុកម្ម។
បន្ទាប់មក សារព័ត៌មាននិងទូរទស្សន៍ក្នុងស្រុកបានមកយកព័ត៌មាននេះ។ មិនយូរប៉ុន្មាន ប្រជាជនទូទាំងប្រទេសឥណ្ឌានិងជុំវិញពិភពលោកបានដឹងអំពីបញ្ហាសុខភាពដែលបង្កដោយអង់ដូស៊ុលហ្វង់។ អាជ្ញាធរបានហាមឃាត់ថ្នាំអង់ដូស៊ុលហ្វង់នៅក្នុងរដ្ឋខេរាឡា។
ប៉ុន្តែឧស្សាហកម្មថ្នាំសម្លាប់សត្វល្អិតប្រកែកថាអង់ដូស៊ុលហ្វង់មានសុវត្ថិភាព។ ពួកគេបានផ្តល់ប្រាក់ឲ្យគ្រូពេទ្យនិងអ្នកវិទ្យាសាស្ត្រឲ្យនិយាយថា បញ្ហាសុខភាពមិនមានទាក់ទងនឹងអង់ដូស៊ុលហ្វង់ទេ។ មិនយូរប៉ុន្មាន ដោយសារមានសម្ពាធពីឧស្សាហកម្មថ្នាំសម្លាប់សត្វល្អិត ការហាមឃាត់ក៏ត្រូវបានដកចេញវិញ។ ចម្ការផ្លែឈើក្នុងប៉ាឌ្រីក៏ចាប់ផ្តើមបាញ់ថ្នាំរបស់ខ្លួនឡើងវិញ។
កសិករ គ្រូពេទ្យ និងអ្នកភូមិរស់នៅតំបន់នោះ ទាមទារឲ្យរដ្ឋាភិបាលសិក្សាលើបញ្ហានេះ។ ទីបញ្ចប់ រដ្ឋាភិបាលបានយល់ព្រមជាមួយអ្នកភូមិប៉ាឌ្រី ៖ អង់ដូស៊ុលហ្វង់គឺជាថ្នាំពុលសម្លាប់ជីវិត។ ច្បាប់មួយត្រូវបានបង្កើតឡើងដើម្បីហាមឃាត់ថ្នាំនេះម្តងទៀតនិងជាលើកចុងក្រោយ មិនឲ្យមាននៅក្នុងតំបន់ទៀតឡើយ។
ប៉ុន្តែអង់ដូស៊ុលហ្វង់នៅតែបានបាញ់នៅតំបន់ដទៃទៀតក្នុងប្រទេសឥណ្ឌា និងក្នុងប្រទេសដទៃទៀត។
ច្បាប់និយាយថា ថ្នាំនេះមានលក្ខណៈពុលនៅកន្លែងខ្លះ និងអាចចាត់ទុកថាមានសុវត្ថិភាពនៅកន្លែងដទៃ។ ថ្នាំពុលផ្សេងៗ ដូចជាអង់ដូស៊ុលហ្វង់ជាដើម អាចត្រូវបានហាមឃាត់តែនៅពេលដែលប្រជាជនរួបរួមគ្នាដាក់សម្ពាធលើឧស្សាហកម្មនិងរដ្ឋាភិបាលប៉ុណ្ណោះ។