Hesperian Health Guides
សម្លៀកបំពាក់ការពារ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៤. ថ្នាំសម្លាប់សត្វល្អិតគឺជាថ្នាំពុល > សម្លៀកបំពាក់ការពារ
- គ្រប់គ្រងសត្វល្អិតដោយមិនប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត(មើលជំពូក១៥: កសិកម្មប្រកបដោយចិរភាព និង។
- កុំធ្វើការងារជាមួយថ្នាំសម្លាប់សត្វល្អិតតែម្នាក់ឯង។
- ប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតតែចំពោះដំណាំណាដែលត្រូវនឹងថ្នាំនោះប៉ុណ្ណោះ។
- ប្រើប្រាស់ក្នុងបរិមាណតិចតួចបំផុត តាមដែលអាច។ បរិមាណច្រើនមិនមែនតែងតែល្អទេ។
- កុំលាយថ្នាំសម្លាប់សត្វល្អិតខុសៗគ្នាចូលគ្នា។
- កុំឲ្យថ្នាំសម្លាប់សត្វល្អិតនៅជាប់ខ្លួនអ្នក និងខ្លួនអ្នកដទៃ។
- រក្សាទុកថ្នាំសម្លាប់សត្វល្អិតឲ្យនៅឆ្ងាយពីប្រភពទឹក។
- កុំប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនៅពេលមានខ្យល់ ភ្លៀង ឬជិតភ្លៀង។
- ប្រាកដថាសម្លៀកបំពាក់របស់អ្នកគ្របដណ្តប់ខ្លួនប្រាណទាំងស្រុង។
- ព្យាយាមកុំជូតភ្នែក មុខ និងក នៅពេលរៀបចំថ្នាំសម្លាប់សត្វល្អិត។
- លាងសម្អាតដៃមុននឹងបរិភោគ ផឹក ឬប៉ះពាល់មុខ។
- កាត់ក្រចកដៃនិងក្រចកជើងឲ្យខ្លីជានិច្ច ដើម្បីកុំឲ្យថ្នាំសម្លាប់សត្វល្អិតជាប់ក្នុងក្រចក។
- ប្រើប្រាស់សម្លៀកបំពាក់និងឧបករណ៍ការពារ។
- កុំចូលទៅក្នុងស្រែចម្ការដែលទើបបាញ់ថ្នាំសម្លាប់សត្វល្អិតហើយ រហូតទាល់តែមានសុវត្ថិភាពសិន។
- លាងសម្អាតខ្លួនប្រាណឲ្យល្អបន្ទាប់ពីប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត។
មាតិកា
សម្លៀកបំពាក់ការពារ អាចនឹងមិនស្រួលក្នុងខ្លួន ប៉ុន្តែវាអាចសង្គ្រោះជីវិតរបស់អ្នក។
ដើម្បីកុំឲ្យសម្លៀកបំពាក់ការពារស្រួលក្នុងខ្លួន គួរបាញ់ថ្នាំនៅពេលព្រលឹមស្រាងៗ ឬពេលជ្រេររសៀល ដែលព្រះអាទិត្យមិនសូវក្តៅ។ សម្រាកនៅក្នុងម្លប់ និងផឹកទឹកស្អាតឲ្យបានច្រើន ដើម្បីការពារការឡើងកម្តៅខ្លួន។ សម្រាប់ព័ត៌មានបន្ថែមអំពីសម្លៀកបំពាក់និងឧបករណ៍ការពារ សូមមើលផ្នែកសេចក្តីបន្ថែម ក។ ដើម្បីបង្ការឬព្យាបាលការឡើងកម្តៅខ្លួន សូមមើលសៀវភៅ ទីណាគ្មានវេជ្ជបណ្ឌិត ឬសៀវភៅពេទ្យផ្សេងទៀត។
នៅពេលអ្នកធ្វើការនៅស្រែចម្ការ
ប្រាកដថាឧបករណ៍របស់អ្នកមានដំណើរការត្រឹមត្រូវ
ត្រួតពិនិត្យមើលសុវត្ថិភាពរបស់ឧបករណ៍មុននឹងប្រើប្រាស់។ ប្រាកដថាប្រដាប់បាញ់ថ្នាំ មិនខូចនិងមិនលេចធ្លាយថ្នាំមកលើអ្នកទេ។ មិនត្រូវប្រើធុងបាញ់ថ្នាំដែលប្រេះឬបែក ឬពាក់ស្រោមដៃចាស់ឬធ្លុះធ្លាយទេ។ ប្រសិនបើអ្នកមានឧបករណ៍ដកដង្ហើម ត្រូវប្រើវា ហើយផ្លាស់ប្តូរចម្រោះរបស់វារាល់ថ្ងៃ។ ការដកដង្ហើមចូលនូវថ្នាំសម្លាប់សត្វល្អិតប្រភេទណាក៏ដោយ ដោយគ្មានឧបករណ៍ដកដង្ហើម អាចប៉ះពាល់សុខភាពរបស់អ្នក។
កសិករនិងកម្មករកសិដ្ឋានភាគច្រើនមិនអាចទទួលបានឧបករណ៍ការពារដែលល្អទេ។ នេះគឺជាមូលហេតុមួយដែលធ្វើឲ្យការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត គ្មានសុវត្ថិភាព។ |
ឧបករណ៍ដកដង្ហើមនិងស្រោមដៃ ត្រូវបានផលិតសម្រាប់បុរស។ វាមិនរឹបណែនល្អសម្រាប់ដងខ្លួនស្ត្រីឬក្មេងៗទេ។ ស្ត្រីប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតច្រើនដូចបុរសដែរ ដូច្នេះឧបករណ៍ការពារគួរតែការពារស្ត្រីដែរ។ បើឧបករណ៍មិនរឹបណែនល្អទេ គឺវាមិនការពារឡើយ។
|
ម្ចាស់កសិដ្ឋានត្រូវតែផ្តល់កន្លែងលាងសម្អាត
ប្រសិនបើកម្មករប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត នោះម្ចាស់កសិដ្ឋានត្រូវមានការទទួលខុសត្រូវក្នុងការផ្តល់កន្លែងសម្រាប់លាងសម្អាតខ្លួនប្រាណ និងសម្លៀកបំពាក់និងឧបករណ៍ ក៏ដូចជាសាប៊ូគ្រប់គ្រាន់ និងទឹកស្អាតផងដែរ។
លាងសម្អាតខ្លួនប្រាណឲ្យបានល្អ និងឲ្យបានញឹកញាប់
លាងសម្អាតដៃដោយទឹកនិងសាប៊ូ មុននឹងបរិភោគ ជក់បារី ផឹក ទំពារស្ករកៅស៊ូឬថ្នាំជក់ ប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ និងមុនពេលចូលបង្គន់។
បន្ទាប់ពីធ្វើការងារ ដំបូងត្រូវលាងសម្អាតក្នុងក្រចកដៃក្រចកជើង។ បន្ទាប់មកលាងសម្អាតខ្លួនប្រាណទាំងមូលដោយសាប៊ូនិងទឹកត្រជាក់។
ការបោកគក់សម្លៀកបំពាក់ដោយប្រុងប្រយ័ត្នក្រោយពេលធ្វើការជាមួយថ្នាំសម្លាប់សត្វល្អិត
ការបោកគក់សម្លៀកបំពាក់ការងារ គឺជាចំណុចដ៏សំខាន់បំផុតមួយដែលអ្នកអាចធ្វើដើម្បីបង្ការការពុលថ្នាំសម្លាប់សត្វល្អិត។ នៅពេលពាក់សម្លៀកបំពាក់ការងារឡើងវិញដោយមិនបានបោកគក់ជាមុន នោះស្បែកនឹងប៉ះពាល់ជាមួយថ្នាំសម្លាប់សត្វល្អិត។
ត្រូវបោកគក់សម្លៀកបំពាក់ការងារដាច់ដោយឡែកពីសម្លៀកបំពាក់ធម្មតានិងរបស់គ្រួសារ។ |
បន្ទាប់ពីធ្វើការរួច ផ្លាស់ប្តូរសម្លៀកបំពាក់ រួចដាក់វានៅក្នុងថង់ប្លាស្ទិកមួយដើម្បីការពារអ្នកបោកសម្លៀកបំពាក់(បើទោះជាបោកខ្លួនឯងក៏ដោយ)។
ប្រើប្រាស់ទឹកស្អាតនិងសាប៊ូ និងពាក់ស្រោមដៃការពារ។ មិនត្រូវបោកគក់សម្លៀកបំពាក់ដែលជាប់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងទន្លេទេ។ មិនត្រូវងូតទឹកឬបោកគក់នៅក្នុងទឹកស្រែឬប្រឡាយឡើយ។ ព្យាយាមកុំប៉ះពាល់សម្លៀកបំពាក់ដោយដៃទទេ(គ្មានពាក់ស្រោមដៃ) ហើយលាងសម្អាតដៃពេលធ្វើចប់។ ចាក់ទឹកបោកគក់រួចទៅស្រែចម្ការ ឲ្យឆ្ងាយពីប្រភពទឹកផឹក។
បោកគក់សម្លៀកបំពាក់បន្តិចម្តងៗក្នុងលើកៗ ហើយបោកឲ្យច្រើនទឹករហូតបាត់អស់កំទេចកំទីឬក្លិននៃថ្នាំសម្លាប់សត្វល្អិត។ ត្រូវលាងសម្អាតស្បែកជើងកវែង ស្រោមដៃ និងមួកដោយសាប៊ូនិងទឹកផងដែរ។
ហាលសម្លៀកបំពាក់ឲ្យឆ្ងាយពីកន្លែងបាញ់ថ្នាំសម្លាប់សត្វល្អិត។ មិនត្រូវហាលសម្លៀកបំពាក់ក្រៅផ្ទះនៅពេលគេកំពុងបាញ់ថ្នាំសម្លាប់សត្វល្អិតក្បែរផ្ទះឬបាញ់ពីលើយន្តហោះ។
មុននឹងបោកគក់សម្លៀកបំពាក់ដទៃនៅក្នុងចានដែក ត្រូវលាងចានដែកដោយទឹកស្អាតនិងម្សៅសាប៊ូចោលសិន។
ទុកដាក់សម្លៀកបំពាក់ការងារដាក់ដោយឡែកពីសម្លៀកបំពាក់ដទៃទៀត។
កុំចូលស្រែចម្ការបន្ទាប់ពីបាញ់ថ្នាំភ្លាមៗ
រង់ចាំរហូតថ្នាំបានស្ងួត ហើយកំទេចធូលីបានធ្លាក់ចុះអស់ មុននឹងអ្នកចូលស្រែចម្ការ។ មើលថាតើថ្នាំសម្លាប់សត្វល្អិតប្រភេទណាដែលត្រូវបានប្រើប្រាស់ ហើយមិនត្រូវចូលទៅក្នុងស្រែចម្ការទេរហូតទាល់តែមានសុវត្ថិភាព។ មើលស្លាកសញ្ញាថ្នាំសម្លាប់សត្វល្អិត ដើម្បីមើលថាតើរយៈពេលប៉ុនណាទើបអាចចូលក្នុងស្រែចម្ការបាន។
ការរក្សាទុកថ្នាំសម្លាប់សត្វល្អិត
ត្រូវរក្សាទុកថ្នាំសម្លាប់សត្វល្អិតនៅកន្លែងសុវត្ថិភាពនិងស្ងួត។ ជាញឹកញាប់ថ្នាំសម្លាប់សត្វល្អិតត្រូវបានរក្សាទុករយៈពេលយូរ ដែលអាចធ្វើឲ្យធុងរបស់វាធ្លាយ។ ការឃើញមានសាកសពសត្វឆ្មារ សត្វស្លាប និងសត្វដទៃទៀតដែលងាប់នៅក្បែរកន្លែងរក្សាទុកថ្នាំសម្លាប់សត្វល្អិត គឺជាសញ្ញាដំបូងដែលប្រាប់ថាសារធាតុគីមីបានចាប់ផ្តើមជ្រាបចូលក្នុងដីនិងទឹក។
ដាក់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងធុងត្រឹមត្រូវ
មិនត្រូវដាក់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងកញ្ចប់អាហារសត្វ ដបទឹក ឬធុងទឹកទេ។ ត្រូវប្រាកដថាធុងថ្នាំសម្លាប់សត្វល្អិតត្រូវបានបិទយ៉ាងជិតល្អ និងដាក់បញ្ឈរ។ ត្រួតពិនិត្យមើលវាជាប្រចាំ ក្រែងមានបែកឬធ្លាយ។
បិទស្លាកសញ្ញាលើប្រអប់ថ្នាំ
|
មិនត្រូវយកធុងថ្នាំសម្លាប់សត្វល្អិតទៅដងទឹកផឹកឬទឹកលាងសម្អាតទេ។ |
ប្រសិនបើអ្នកទិញថ្នាំសម្លាប់សត្វល្អិតក្នុងបរិមាណតិចតួច ហើយយកវាមកដាក់ក្នុងប្រអប់ផ្សេង នោះគួរបិទស្លាកសញ្ញាលើប្រអប់នេះដោយដាក់ឈ្មោះថ្នាំសម្លាប់សត្វល្អិត និងរូបភាពដែលមានន័យថា "គ្រោះថ្នាក់", ឧទាហរណ៍ រូបក្បាលខ្មោច និងឆ្អឹងខ្វែង។ មិនត្រូវប្រើប្រអប់ដាក់ថ្នាំនេះ សម្រាប់ដាក់អ្វីផ្សេងទៀតឡើយ។ ទុកដាក់ថ្នាំសម្លាប់សត្វល្អិតឲ្យផុតពីដៃកុមារ នៅក្នុងទូឬប្រអប់បិទជិត ផុតពីទឹកជំនន់ឬឆ្ងាយពីអាហារ។
ដឹកជញ្ជូនថ្នាំសម្លាប់សត្វល្អិតដោយប្រុងប្រយ័ត្ន
នៅពេលអ្នកដឹកជញ្ជូនថ្នាំសម្លាប់សត្វល្អិត គួរដាក់វានៅក្រោយឡានឬកន្ទុយឡាន។ ចងរឹតវាឲ្យណែនល្អដើម្បីកុំឲ្យវារង្គើឬដួល។ មិនត្រូវជញ្ជូនថ្នាំសម្លាប់សត្វល្អិតដោយដាក់វានៅក្នុងកញ្ជើអាហារ ឬនៅលើក្បាលរបស់អ្នកទេ។ កុំឲ្យកុមារទិញឬយួរថ្នាំសម្លាប់សត្វល្អិត។
ចោលធុងថ្នាំសម្លាប់សត្វល្អិតឲ្យមានសុវត្ថិភាព
មិនត្រូវប្រើប្រាស់ធុងថ្នាំសម្លាប់សត្វល្អិតសម្រាប់ដាក់ទឹកផឹក លាងសម្អាត ទុកដាក់អាហារ ឬធ្វើអ្វីផ្សេងទៀតឡើយ។ មិនត្រូវប្រើកញ្ចប់ប្លាស្ទិកដែលខ្ចប់ថ្នាំសម្លាប់សត្វល្អិត មកធ្វើជាអាវភ្លៀង ឬប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងទៀតទេ។ មធ្យោបាយល្អបំផុត គឺត្រូវចោះប្រហោងវាឲ្យធ្លុះធ្លាយដើម្បីកុំឲ្យមាននរណាយកវាប្រើ រួចកប់វាចោល។
នៅពេលអ្នកលាយថ្នាំសម្លាប់សត្វល្អិត និងចាក់វាចូលក្នុងប្រដាប់បាញ់
ពាក់សម្លៀកបំពាក់ការពារ
នៅពេលអ្នកលាយថ្នាំសម្លាប់សត្វល្អិត និងចាក់វាចូលក្នុងប្រដាប់បាញ់ ត្រូវពាក់វ៉ែនតាការពារ ស្រោមដៃជ័រ និងអាវផាយ ក៏ដូចជាសម្លៀកបំពាក់ការពារដទៃទៀតដែលអ្នកពាក់ជាធម្មតា(មើលផ្នែកសេចក្តីបន្ថែម ក)។
ប្រុងប្រយ័ត្ន
បើកថង់ថ្នាំសម្លាប់សត្វល្អិតដោយប្រើកាំបិតឬកន្ត្រៃមុត ដើម្បីកុំឲ្យកំទេចថ្នាំសម្លាប់សត្វល្អិតកំពប់ចេញក្រៅ។ បិទស្លាកសញ្ញាលើកាំបិតឬកន្ត្រៃ លាងសម្អាតវា និងទុកវាសម្រាប់ប្រើជាមួយថ្នាំសម្លាប់សត្វល្អិតប៉ុណ្ណោះ។
ប្រសិនបើអ្នកលាយទឹកចូលថ្នាំសម្លាប់សត្វល្អិត មិនត្រូវដាក់ទុយោទឹកចូលក្នុងល្បាយថ្នាំទេ។ រក្សាទុយោទឹកឲ្យស្អាត ក្នុងករណីអ្នកដទៃប្រើវាសម្រាប់ផឹកឬលាងសម្អាត។
ធ្វើតាមសេចក្តីណែនាំសម្រាប់ការលាយ។ ប្រើប្រាស់បរិមាណថ្នាំដូចមានប្រាប់នៅលើស្លាកសញ្ញា។ មិនត្រូវលាយ ចាក់ចូលធុងសម្រាប់បាញ់ ឬសម្អាតឧបករណ៍នៅក្បែរផ្លូវទឹកឬប្រភពទឹកផឹកឡើយ!
មិនត្រូវឲ្យថ្នាំសម្លាប់សត្វល្អិតប៉ះពាល់មាត់របស់អ្នក
ដើម្បីសម្អាតក្បាលទុយោបាញ់ថ្នាំដែលស្ទះ ចូរយកទុយោទឹកតូច(ឧទា. ទុយោទឹកអំពៅ)មកផ្លុំត្រង់កន្លែងស្ទះ រួចគូសចំណាំលើចុងទុយោដែលប៉ះនឹងក្បាលទុយោបាញ់ថ្នាំ ដើម្បីកុំឲ្យច្រឡំដាក់វាចូលមាត់នៅពេលផ្លុំលើកក្រោយ។ ដើម្បីបូមថ្នាំសម្លាប់សត្វល្អិតចេញពីធុងបាញ់ ឬផ្ទេរថ្នាំសម្លាប់សត្វល្អិតពីធុងមួយទៅធុងមួយ មិនត្រូវយកមាត់ទៅបូមទុយោទេ។ ហើយត្រូវប្រយ័ត្នជាប់ជានិច្ចមិនឲ្យដកដង្ហើមចូលនូវសារធាតុពុល។
មិនត្រូវប៉ះពាល់ ឬភ្លក់ថ្នាំសម្លាប់សត្វល្អិត ឬគ្រាប់ពូជដែលបានបាញ់ថ្នាំសម្លាប់សត្វល្អិតទេ។ កុំបរិភោគអ្វីដែលបេះពីចម្ការ លុះត្រាតែបានលាងសម្អាតវាដោយប្រុងប្រយ័ត្ន។
កុំជក់បារី ផឹក ឬបរិភោគ ក្នុងពេលលាយឬបាញ់ថ្នាំ។ ដាក់អាហារ ស្ករកៅស៊ូ ថ្នាំជក់ នៅក្នុងប្រអប់បិទជិតនៅកន្លែងដែលបានបាញ់ថ្នាំសម្លាប់សត្វល្អិត។ ថ្នាំជក់និងអាហារស្រូបថ្នាំសម្លាប់សត្វល្អិត ដូច្នេះកុំកាន់វាពេលកំពុងធ្វើការ។
ប្រសិនបើអ្នកធ្វើឲ្យថ្នាំសម្លាប់សត្វល្អិតកំពប់
មុននឹងអ្នកសម្អាតថ្នាំសម្លាប់សត្វល្អិតដែលកំពប់ ត្រូវការពារខ្លួនអ្នក មនុស្សនៅក្បែរ និងប្រភពទឹក។ ប្រសិនបើមានអ្នកណាដែលប្រសប់(បានទទួលការបណ្តុះបណ្តាលក្នុងការងារនេះ)ជាងអ្នកក្នុងការសម្អាតថ្នាំសម្លាប់សត្វល្អិតដែលកំពប់ គួរសុំពួកគេឲ្យជួយអ្នក។ ត្រូវពាក់សម្លៀកបំពាក់ការពារជានិច្ចនៅពេលសម្អាតថ្នាំសម្លាប់សត្វល្អិតដែលកំពប់។