Hesperian Health Guides
ការពុលថ្នាំសម្លាប់សត្វល្អិត អាចស្តែងឲ្យឃើញដូចជំងឺផ្សេងៗដែរ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៤. ថ្នាំសម្លាប់សត្វល្អិតគឺជាថ្នាំពុល > ការពុលថ្នាំសម្លាប់សត្វល្អិត អាចស្តែងឲ្យឃើញដូចជំងឺផ្សេងៗដែរ
កំណត់ចំណាំសម្រាប់បុគ្គលិកសុខាភិបាល ៖ |
ប៉ុន្តែផ្តាសាយធំក៏បណ្តាលឲ្យក្អួតនិងបែកញើសដែរ។
គ្រុនចាញ់ក៏អ៊ីចឹងដែរ។
និងមានផ្ទៃពោះ!
និងធីងធោង!
|
តើអ្នកធ្វើការនៅកសិដ្ឋានឬ? តើអ្នកបានប្រឈមថ្នាំសម្លាប់សត្វល្អិតក្នុងពេលថ្មីៗនេះទេ? មាននរណាបាញ់ថ្នាំសម្លាប់សត្វល្អិតនៅលើស្រែចម្ការក្បែរផ្ទះរបស់អ្នកទេ? |
មាតិកា
តើអ្នកអាចដឹងយ៉ាងដូចម្តេចថាបញ្ហាសុខភាពបណ្តាលមកពីថ្នាំសម្លាប់សត្វល្អិត?
ជួនកាលអ្នកអាចស្វែងយល់ថាតើជំងឺមួយអាចបណ្តាលមកពីថ្នាំសម្លាប់សត្វល្អិតឬក៏អត់ តាមរយៈការជជែកជាមួយមនុស្សដទៃដែលមានជំងឺដូចគ្នាដែរ ឬអ្នកដែលធ្វើការជាមួយថ្នាំសម្លាប់សត្វល្អិត។ នៅពេលប្រជាជនមានសញ្ញានៃការពុលដូចគ្នា ហើយមានការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនៅជិតៗនោះ ដូច្នេះវាជាឱកាសខ្ពស់ដែលអាចសន្និដ្ឋានថាពួកគេមានជំងឺដោយសារថ្នាំសម្លាប់សត្វល្អិត។
គ្រូពេទ្យមិនតែងតែមានចម្លើយទេ
ខារូលីណាធ្វើការនៅក្នុងកសិដ្ឋានផ្លែស្ត្របឺរីដ៏ធំមួយ។ ថ្ងៃមួយគាត់ឈឺក្រពះ និងក្តៅក្រហាយក្នុងភ្នែកជាខ្លាំង។ គាត់ឈប់ធ្វើការ រួចក៏ទៅនិយាយជាមួយចៅហ្វាយរបស់គាត់។ ចៅហ្វាយបានប្រាប់គាត់ឲ្យទៅជួបគ្រូពេទ្យប្រចាំក្រុមហ៊ុន។
នៅពេលគាត់ទៅដល់ការិយាល័យរបស់គ្រូពេទ្យ គាត់ឃើញថាគ្រូពេទ្យមិនសូវរាក់ទាក់និងមិនសូវខ្វាយខ្វល់ទេ។ ខារូលីណាគិតថាថ្នាំសម្លាប់សត្វល្អិតអាចធ្វើឲ្យគាត់ឈឺ ប៉ុន្តែគាត់អៀនមិនហ៊ាននិយាយប្រាប់គ្រូពេទ្យទេ។ គ្រូពេទ្យមិនបានសួរគាត់អំពីការងារ ឬថាហេតុអ្វីបានជាគាត់គិតថាគាត់ឈឺទេ។
គ្រូពេទ្យបានសួរខារូលីណានូវសំនួរមួយចំនួនដែលធ្វើឲ្យគាត់មានអារម្មណ៍ថាជំងឺនេះគឺមកពីកំហុសខ្លួនឯង ៖ តើអ្នកបានហូបអ្វីខ្លះថ្ងៃនេះ? តើអ្នកជក់បារីឬផឹកស្រាច្រើនទេ? តើម្សិលមិញអ្នកបានធ្វើអ្វីខ្លះបន្ទាប់ពីការងារ? តើអ្នកបានដេកគ្រប់គ្រាន់ឬទេ?
ចុងក្រោយគ្រូពេទ្យប្រាប់គាត់ថា មកពីគាត់ខ្ជិល ហើយចង់បានលិខិតពីពេទ្យដើម្បីឈប់សម្រាកប៉ុណ្ណោះ។ គ្រូពេទ្យថែមទាំងនិយាយទៀតថា ខារូលីណាអាចឈឺដោយសារស្រវឹងស្រា!
គ្រូពេទ្យក៏ឲ្យថ្នាំឈឺក្បាលខ្លះឲ្យគាត់។ គាត់មិនច្បាស់ថាថ្នាំនេះនឹងជួយគាត់ទេ ប៉ុន្តែគាត់នៅតែយក។ នៅពេលមកដល់ផ្ទះ គាត់មិនដឹងថាតើត្រូវទៅធ្វើការនៅថ្ងៃបន្ទាប់ឬទេ។ គាត់មានអារម្មណ៍កាន់តែមិនស្រួលបន្ទាប់ពីបានជួបគ្រូពេទ្យ។
តើខារូលីណាអាចទទួលបានការថែទាំល្អជាងនេះដោយរបៀបណា?
បើគាត់បានយកស្លាកសញ្ញាថ្នាំសម្លាប់សត្វល្អិតទៅជាមួយ ហើយប្រាប់គ្រូពេទ្យថាថ្នាំនេះធ្វើឲ្យគាត់ឈឺ នោះប្រហែលជាគ្រូពេទ្យពិចារណាលើការពុលថ្នាំសម្លាប់សត្វល្អិតថាជាមូលហេតុនៃជំងឺរបស់គាត់។
ប៉ុន្តែបើទោះជាគាត់ធ្វើដូចនេះមែន ក៏វាមិនអាចជួយគាត់ដដែល។ គ្រូពេទ្យធ្វើការឲ្យក្រុមហ៊ុនដែលជាម្ចាស់នៃកសិដ្ឋានផ្លែស្ត្របឺរី។ ជាញឹកញាប់គ្រូពេទ្យប្រចាំក្រុមហ៊ុននឹងមិនសារភាពថាថ្នាំសម្លាប់សត្វល្អិតធ្វើឲ្យកម្មករកសិដ្ឋានឈឺទេ។ ជំងឺដោយសារថ្នាំសម្លាប់សត្វល្អិត អាចជាការពិបាក និងមានតម្លៃក្នុងការព្យាបាល។ ក្រុមហ៊ុនអាចជ្រើសរើសយកការជួលកម្មករថ្មី ជាជាងព្យាបាលកម្មករដែលឈឺ។
ជួនកាលខារូលីណាគួរតែទៅជួបគ្រូពេទ្យផ្សេងទៀត។ ប៉ុន្តែនឹងត្រូវចំណាយប្រាក់ច្រើន និងត្រូវឈប់ពីការងារកាន់តែយូរ។ ហើយគ្រូពេទ្យស្ទើរតែទាំងអស់មិនយល់ដឹងច្រើនអំពីថ្នាំសម្លាប់សត្វល្អិតទេ។
នេះគឺបញ្ហាដ៏លំបាកសម្រាប់ខារូលីណា និងសម្រាប់កម្មករកសិដ្ឋានទាំងអស់។ មធ្យោបាយល្អបំផុតដើម្បីឲ្យកម្មករកសិដ្ឋានអាចថែទាំសុខភាពរបស់ខ្លួនបាន គឺត្រូវរួបរួមគ្នាផ្លាស់ប្តូរលក្ខខណ្ឌការងារដែលធ្វើឲ្យពួកគេឈឺ។
ការគូសទម្រង់ក្រៅនៃរាងកាយ
សកម្មភាពនេះអាចជួយប្រជាជនឲ្យចែករំលែកបទពិសោធន៍របស់ខ្លួនអំពីផលប៉ះពាល់នៃថ្នាំសម្លាប់សត្វល្អិត។ តាមរយៈការគូសវាសទម្រង់ក្រៅនៃរាងកាយ រួចគូសចំណាំលើផ្នែកផ្សេងៗដែលរងផលប៉ះពាល់ពីថ្នាំសម្លាប់សត្វល្អិត នោះប្រជាជនអាចចាប់ផ្តើមពិភាក្សាអំពីគ្រោះថ្នាក់ទូទៅដែលពួកគេប្រឈមក្នុងការងាររាល់ថ្ងៃ។ នេះគឺជាសកម្មភាពគូររូប និងការពិភាក្សាជាក្រុម។
ពេលវេលា ៖ ១ទៅ២ម៉ោង
សម្ភារៈ ៖ ផ្ទាំងក្រដាសគូររូបធំមួយ ប៊ិចឬខ្មៅដៃ បង់ស្អិត
- ១. គូររូបរាងកាយមនុស្សនៅលើផ្ទាំងក្រដាសធំ។ ប្រើប្រាស់ក្រដាសដែលមានទំហំប៉ុនខ្លួនមនុស្ស ឬយកក្រដាសតូចៗបិតភ្ជាប់គ្នាឲ្យធំ។ ឲ្យមនុស្សម្នាក់ដេកលើផ្ទាំងក្រដាសធំ រួចឲ្យមនុស្សម្នាក់ទៀតគូសដានតាមរាងកាយ។ បន្ទាប់មកយកផ្ទាំងក្រដាសនេះបិទលើជញ្ជាំង ដើម្បីឲ្យមនុស្សគ្រប់គ្នាអាចមើលឃើញ។ ប្រសិនបើអ្នកចង់ អ្នកអាចគូររូប២ គឺ១សម្រាប់រូបខាងមុខ និងមួយទៀតសម្រាប់រូបខាងក្រោយ។
- ២.បង្ហាញពីផ្នែកផ្សេងៗនៃរាងកាយដែលរងផលប៉ះពាល់នៃថ្នាំសម្លាប់សត្វល្អិត។ មនុស្សម្នាក់ៗគូសសញ្ញាខ្វែងនៅលើផ្នែកណាមួយនៃរាងកាយ នៅលើផ្ទាំងក្រដាស ដើម្បីបង្ហាញពីកន្លែងរងផលប៉ះពាល់ដោយថ្នាំសម្លាប់សត្វល្អិត។ ប្រសិនបើក្រុមមានគ្នាតិច មនុស្សម្នាក់ៗអាចនិយាយពីផលប៉ះពាល់ក៏បាន។ ឧទាហរណ៍ តើវាជាការចុកពោះ កន្ទួលលើស្បែក ឬវិលមុខ? គាត់ក៏អាចនិយាយពីមូលហេតុដែលអាចបណ្តាលឲ្យមានបញ្ហាទាំងនេះដែរ។ តើវាជាការកំពប់, ឧប្បត្តិហេតុក្នុងពេលលាយ, ការរសាត់អណ្តែតក្នុងខ្យល់, ការងារធម្មតា, ឬក៏អ្វីផ្សេង?
ប្រសិនបើក្រុមមានមនុស្សច្រើន ជាការល្អគួរមានមនុស្សម្នាក់ណែនាំក្រុមឲ្យពិភាក្សាអំពីផលប៉ះពាល់នៃសុខភាពបន្ទាប់ពីមនុស្សគ្រប់គ្នាបានគូសសញ្ញាខ្វែងរួច។ អ្នកដឹកនាំសកម្មភាពអាចចង្អុលទៅលើសញ្ញាខ្វែងនីមួយៗ រួចសួរថាត្រង់នោះមានផលប៉ះពាល់អ្វី? ចំណុចសំខាន់គឺថាមនុស្សគ្រប់គ្នាត្រូវលើកឡើងនូវផលប៉ះពាល់ទាំងឡាយដែលជាបទពិសោធន៍ផ្ទាល់ខ្លួន។ - ៣. សួរសំណួរមួយចំនួនដើម្បីជួយប្រជាជនឲ្យនិយាយអំពីថ្នាំសម្លាប់សត្វល្អិត។ ជាការសំខាន់ផងដែរ ប្រសិនបើមានមនុស្សម្នាក់ចាំសរសេរនៅលើផ្ទាំងក្រដាសធំដែលអាចមើលឃើញគ្រប់គ្នា។ ដើម្បីឲ្យការជជែកគ្នាមានការផ្តោតអារម្មណ៍ល្អបំផុត គួរដាក់កំណត់ឲ្យមាន៣សំណួរសំខាន់ៗជាដំបូងសិន ដូចជា ៖ តើមានផលប៉ះពាល់អ្វីខ្លះដែលកើតចេញពីថ្នាំសម្លាប់សត្វល្អិតមកលើប្រជាជន? តើមនុស្សមានសកម្មភាពឬបានប្រឈមបែបណា បានជាបណ្តាលឲ្យមានផលប៉ះពាល់ទាំងនេះ?
ការគូសវាសទម្រង់ក្រៅនៃរាងកាយ បង្ហាញពីទីតាំងដែលប្រជាជនគិតថាបានរងផលប៉ះពាល់ពីថ្នាំសម្លាប់សត្វល្អិត។ ការពិភាក្សានិងការសរសេរ គឺជាមធ្យោបាយដ៏ល្អក្នុងការកត់ត្រាអំពីបញ្ហាដូចៗគ្នាដែលប្រជាជនរងគ្រោះដោយសារថ្នាំសម្លាប់សត្វល្អិត និងអំពីការប្រឈមអ្វីខ្លះដែលកើតមានជាញឹកញាប់។ ការពិភាក្សាបន្ថែមទៀតអាចនិយាយអំពីមធ្យោបាយបង្ការការប្រឈមថែមទៀត។