Hesperian Health Guides
ការគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិតនៅក្នុងផ្ទះ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៤. ថ្នាំសម្លាប់សត្វល្អិតគឺជាថ្នាំពុល > ការគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិតនៅក្នុងផ្ទះ
មនុស្សនៅគ្រប់កន្លែងប្រើប្រាស់ថ្នាំពុលក្នុងផ្ទះដើម្បីសម្លាប់មុស ស្រមោច រុយ កន្លាត កណ្តៀរ ចៃ កណ្តុរ និងសត្វល្អិតដទៃទៀត។ ប៉ុន្តែថ្នាំពុលជាច្រើនដែលប្រើប្រាស់ទៅលើសត្វទាំងនេះ ក៏អាចបង្កគ្រោះថ្នាក់ដល់មនុស្សដែរ។
កម្មករកសិដ្ឋានច្រើនតែយកថ្នាំសម្លាប់សត្វល្អិតពីចម្ការ មកផ្ទះដើម្បីសម្លាប់សត្វល្អិតនៅផ្ទះ។ ប៉ុន្តែការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងកន្លែងបិតជិត ធ្វើឲ្យវាកាន់តែមានគ្រោះថ្នាក់។ ជាការល្អបំផុតគឺត្រូវទុកសារធាតុគីមីក្នុងកសិដ្ឋាន នៅកន្លែងធ្វើការ ហើយប្រើប្រាស់មធ្យោបាយដទៃទៀតក្នុងការគ្រប់គ្រងសត្វល្អិតក្នុងផ្ទះ។
មានមធ្យោបាយច្រើនយ៉ាងក្នុងការគ្រប់គ្រងសត្វល្អិតដោយមិនប្រើសារធាតុគីមី។ មធ្យោបាយទាំងនេះមានសុវត្ថិភាពជាងនិងចំណាយតិចជាងថ្នាំសម្លាប់សត្វល្អិត ហើយអាចមានប្រសិទ្ធភាពដូចគ្នា។ (សម្រាប់មធ្យោបាយដទៃទៀតក្នុងការទប់ស្កាត់សារធាតុគីមីមិនឲ្យចូលផ្ទះរបស់អ្នក សូមមើលជំពូក១៧)។
ប្រសិនបើអ្នកប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនៅផ្ទះ ៖
- អានស្លាកសញ្ញា និងធ្វើតាមសេចក្តីណែនាំ។
- កុំប្រើថ្នាំសម្លាប់សត្វល្អិតក្នុងកន្លែងបិទជិត។ បើកទ្វារ និងបង្អួច។
- ប្រើថ្នាំសម្លាប់សត្វល្អិតចំពោះតែប្រភេទសត្វល្អិតណាដែលនឹងខ្លាចថ្នាំនោះប៉ុណ្ណោះ។
- ទុកដាក់ថ្នាំសម្លាប់សត្វល្អិតឲ្យឆ្ងាយពីកុមារ។
- មិនត្រូវបាញ់ថ្នាំសម្លាប់សត្វល្អិតលើពូក ឬដេកលើពូកដែលបានបាញ់ថ្នាំសម្លាប់សត្វល្អិតឡើយ។
- កុំបាញ់ថ្នាំសម្លាប់សត្វល្អិតនៅក្បែរចានឬប្រដាប់ប្រដាហូបចុក។
- មិនត្រូវដាក់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងប្រអប់ដែលគ្មានសញ្ញាសម្គាល់ឡើយ។
- ចោលថ្នាំសម្លាប់សត្វល្អិតដែលមិនត្រូវការឲ្យមានសុវត្ថិភាព។