Hesperian Health Guides
ការព្យាបាលការពុលថ្នាំសម្លាប់សត្វល្អិត
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៤. ថ្នាំសម្លាប់សត្វល្អិតគឺជាថ្នាំពុល > ការព្យាបាលការពុលថ្នាំសម្លាប់សត្វល្អិត
មាតិកា
នៅពេលថ្នាំសម្លាប់សត្វល្អិតប៉ះលើស្បែក
ការពុលថ្នាំសម្លាប់សត្វល្អិតភាគច្រើន គឺដោយសារថ្នាំសម្លាប់សត្វល្អិតចូលតាមស្បែក។ វាអាចកើតឡើងដោយការកំពប់ក្នុងពេលដឹកជញ្ជូន ដោយការខ្ទាតក្នុងពេលលាយ ក្នុងពេលបាញ់ ឬនៅពេលដែលអ្នកប៉ះពាល់ដំណាំដែលទើបបាញ់ថ្នាំរួច។ ថ្នាំសម្លាប់សត្វល្អិតក៏អាចចូលមកលើស្បែកតាមរយៈសម្លៀកបំពាក់ ឬនៅពេលអ្នកបោកគក់សម្លៀកបំពាក់ដែលមានថ្នាំសម្លាប់សត្វល្អិតជាប់ពីលើ។
កន្ទួលនិងរមាស់គឺជាសញ្ញាដំបូងនៃការពុលតាមរយៈស្បែក។ ដោយហេតុថាបញ្ហាស្បែកអាចបណ្តាលមកពីមូលហេតុដទៃ ដូចជាប្រតិកម្មនឹងរុក្ខជាតិ, សត្វល្អិតខាំ, ការបង្ករោគ, ឬអាល់ឡែស៊ី, នោះយើងពិបាកនឹងដឹងថាបញ្ហាមួយបង្កឡើងដោយថ្នាំសម្លាប់សត្វល្អិតមែនឬក៏អត់ទេ។ គួរជជែកជាមួយកម្មករដទៃទៀតដើម្បីស្វែងយល់ថាតើដំណាំដែលអ្នកធ្វើការជាមួយ បង្កឲ្យមានប្រតិកម្មប្រភេទនេះឬទេ។ ប្រសិនបើអ្នកធ្វើការជាមួយថ្នាំសម្លាប់សត្វល្អិត ហើយមានកន្ទួលលើស្បែកដោយមិនដឹងមូលហេតុ នោះសុវត្ថិភាពបំផុតគឺត្រូវព្យាបាលវាតាមរបៀបដែលបង្កឡើងដោយថ្នាំសម្លាប់សត្វល្អិត។
ការព្យាបាល
ប្រសិនបើអ្នកឬអ្នកដទៃធ្វើឲ្យមានថ្នាំសម្លាប់សត្វល្អិតនៅលើស្បែក ៖
- ដោះសម្លៀកបំពាក់ដែលថ្នាំសម្លាប់សត្វល្អិតកំពប់លើ ចេញឲ្យឆាប់។
- លាងសម្អាតថ្នាំសម្លាប់សត្វល្អិតចេញពីលើស្បែកឲ្យបានឆាប់បំផុត ដោយសាប៊ូនិងទឹកត្រជាក់។
- ប្រសិនបើវាចូលក្នុងភ្នែក ត្រូវលាងជម្រះភ្នែកដោយទឹកស្អាតរយៈពេល១៥នាទី។
ប្រសិនបើស្បែកត្រូវបានរលាកដោយថ្នាំសម្លាប់សត្វល្អិត ៖
- លាងជម្រះឲ្យស្អាតដោយទឹកត្រជាក់។
- មិនត្រូវយកអ្វីៗដែលជាប់នៅកន្លែងរលាកទេ។
- មិនត្រូវលាបថ្នាំប្រេង ខ្លាញ់ ឬប៊ឺរទេ។
- មិនត្រូវបំបែកពងទឹក។
- មិនត្រូវទាញស្បែករលួយចេញទេ។
- គ្របផ្ទៃដែលរលាកដោយស្បៃគ្មានមេរោគ បើមាន។
- ប្រសិនបើនៅតែឈឺចាប់ ត្រូវរកជំនួយពីគ្រូពេទ្យ! យកស្លាកសញ្ញាឬឈ្មោះរបស់ថ្នាំសម្លាប់សត្វល្អិតទៅជាមួយអ្នក។
ថ្នាំសម្លាប់សត្វល្អិតអាចជាប់នឹងស្បែក សក់ និងសម្លៀកបំពាក់របស់អ្នក បើទោះជាអ្នកមើលមិនឃើញឬមិនធុំក្លិនក៏ដោយ។ ត្រូវលាងសម្អាតដោយសាប៊ូជានិច្ច បន្ទាប់ពីប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតរួច។
នៅពេលបានលេបថ្នាំសម្លាប់សត្វល្អិត
ការបរិភោគអាហារដែលបានបាញ់ថ្នាំសម្លាប់សត្វល្អិត អាចធ្វើឲ្យអ្នកឈឺនៅថ្ងៃក្រោយ។ |
មនុស្សអាចលេបថ្នាំសម្លាប់សត្វល្អិត ក្នុងពេលបរិភោគ ផឹកទឹក ឬជក់បារីនៅក្នុងស្រែចម្ការ ខណៈដែលធ្វើការជាមួយថ្នាំសម្លាប់សត្វល្អិត ឬតាមរយៈការផឹកទឹកដែលបានឆ្លងថ្នាំសម្លាប់សត្វល្អិត។ កុមារអាចផឹកឬហូបថ្នាំសម្លាប់សត្វល្អិត ជាពិសេសបើថ្នាំត្រូវបានទុកដាក់នៅក្នុងធុងដែលប្រើសម្រាប់ដាក់អាហារដែរ ឬទុកចោល ឬស្ថិតនៅទាបជិតដី។
ការព្យាបាល
នៅពេលនរណាម្នាក់លេបថ្នាំសម្លាប់សត្វល្អិត ៖
- ប្រសិនបើជនរងគ្រោះសន្លប់ ចូរដាក់គាត់ឲ្យដេកផ្អៀងខ្លួន ហើយប្រាកដថាគាត់មានដង្ហើម។
- ប្រសិនបើគាត់គ្មានដង្ហើមទេ ចូរផ្តល់ដង្ហើមពីមាត់ទៅមាត់ភ្លាម។ ការផ្តល់ដង្ហើមពីមាត់ទៅមាត់ក៏អាចធ្វើឲ្យអ្នកប្រឈមថ្នាំសម្លាប់សត្វល្អិតដែរ ដូច្នេះត្រូវបាំងមាត់របស់អ្នកដោយម៉ាស់មានមាត់, ក្រណាត់មួយផ្ទាំងតូច, ឬប្លាស្ទិកក្រាស់,ដែលមានចោះប្រហោងកណ្តាល មុននឹងអ្នកចាប់ផ្តើមផ្តល់ដង្ហើម។
- រកមើលកញ្ចប់ថ្នាំសម្លាប់សត្វល្អិត ហើយអានស្លាកសញ្ញាវាភ្លាម។ ស្លាកសញ្ញានោះនឹងប្រាប់អ្នកថា តើគួរធ្វើឲ្យជនរងគ្រោះក្អួតចេញមក ឬមិនគួរ។
- ប្រសិនបើគាត់អាចផឹកទឹកបាន ចូរផ្តល់ទឹកស្អាតឲ្យច្រើន។
- ស្វែងរកជំនួយពីគ្រូពេទ្យ។ ប្រសិនបើអាច ត្រូវយកស្លាកសញ្ញាឬឈ្មោះថ្នាំសម្លាប់សត្វល្អិតទៅជាមួយ។
មិនត្រូវធ្វើឲ្យជនរងគ្រោះក្អួតចេញទេ ប្រសិនបើស្លាកសញ្ញាហាមមិនឲ្យធ្វើដូចនេះ។ មិនត្រូវធ្វើឲ្យក្អួតទេបន្ទាប់ពីលេបថ្នាំសម្លាប់សត្វល្អិតដែលមានប្រេងសាំង, ប្រេងកាត, ស៊ីឡែន(xylene), ឬវត្ថុរាវដទៃទៀតដែលចេញពីប្រេង។ វានឹងធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរទៅវិញទេ។ មិនត្រូវធ្វើឲ្យជនរងគ្រោះក្អួតចេញ ឬឲ្យផឹកទឹកទេ ប្រសិនបើគាត់សន្លប់ វង្វេងវង្វាន់ ឬញ័រជាខ្លាំង។
ប្រសិនបើអ្នកប្រាកដថា ការក្អួតគឺមិនអីទេ ចូរឲ្យជនរងគ្រោះនូវ ៖
- ទឹក២កែវដែលប្រៃខ្លាំង ឬ
- រុក្ខជាតិហូបបានដែលមានរសជាតិខ្លាំង(ដូចជា ស៊ីឡឺរី(celery), ជីក្រហម, ឬឱសថដទៃទៀតក្នុងតំបន់) កិនឲ្យម៉ត់ រួចផ្តល់ឲ្យចំនួន២ស្លាបព្រាបាយ បន្ទាប់មកឲ្យទឹកក្តៅឧណ្ហៗចំនួន១ឬ២កែវទៀត
ធ្វើចលនាដល់ជនរងគ្រោះ។ វាអាចជួយឲ្យគាត់ឆាប់ក្អួតចេញមក។
បន្ទាប់ពីក្អួត ធ្យូងសកម្ម ឬម្សៅធ្យូង(មើលទំព័របន្ទាប់) អាចជួយបឺតស្រូបសារធាតុពុលដែលនៅមានក្នុងក្រពះ។
លាយធ្យូងសកម្មកន្លះកែវ ឬម្សៅធ្យូងម៉ត់១ស្លាបព្រាបបាយ ជាមួយទឹកក្តៅឧណ្ហ១ក្រឡឬកែវធំ។
ធ្វើធ្យូងម្សៅពីឧសដែលដុតអស់ ឬអាចប្រើនំបុ័ងដើមឬនំបុ័ងបន្ទះដែលខ្លោច។ វាមិនល្អដូចធ្យូងសកម្មទេ ប៉ុន្តែវានៅតែមានប្រសិទ្ធភាព។ មិនត្រូវប្រើដុំធ្យូងថ្មឡើយ ព្រោះវាធ្វើឲ្យពុល!
បន្ទាប់ពីជនរងគ្រោះក្អួតរួច ឬទោះបីមិនក្អួតក៏ដោយ អ្នកអាចកាត់បន្ថយការរាលដាលនៃសារធាតុពុលក្នុងពេលយកគាត់ទៅជួបគ្រូពេទ្យ ដោយឲ្យគាត់ផឹក ៖:
|
ឬ |
|
ការផឹកទឹកដោះគោមិនបង្ការការពុលថ្នាំសម្លាប់សត្វល្អិតទេ។ វាគ្រាន់តែកាត់បន្ថយការរាលដាលនៃសារធាតុពុលប៉ុណ្ណោះ។
ប្រសិនបើនរណាម្នាក់លេបថ្នាំសម្លាប់សត្វល្អិត ហើយមិនមានការឈឺក្រពះយ៉ាងខ្លាំងទេ គេអាចលេបថ្នាំស័រប៊ីតុល(sorbitol) ឬម៉ាញ៉េស្យូមអ៊ីដ្រុកស៊ីត(magnesium hydroxide)(ទឹកដោះគោម៉ាញ៉េស៊ី)។ ថ្នាំទាំងនេះធ្វើឲ្យរាក ដែលអាចជួយបញ្ចេញជាតិពុលពីក្នុងខ្លួន។
ពេលដែលត្រូវប្រើអាត្រូពីន(atropine)
អាត្រូពីនជាថ្នាំសម្រាប់ព្យាបាលការពុលដោយថ្នាំសម្លាប់សត្វល្អិតជាក់លាក់ខ្លះ ហៅថា អ័រហ្កាណូផូស្វាត(organophosphate) និងខាបាម៉ាត(carbamate)។ ប្រសិនបើស្លាកសញ្ញានៅលើធុងថ្នាំសម្លាប់សត្វល្អិត ប្រាប់ថាឲ្យប្រើអាត្រូពីន ឬបើប្រាប់ថាថ្នាំសម្លាប់សត្វល្អិត គឺជា “cholinesterase inhibitor” , ចូរប្រើអាត្រូពីនតាមដែលបានប្រាប់ចុះ។ បើស្លាកសញ្ញាមិននិយាយថាឲ្យប្រើអាត្រូពីនទេ ចូរកុំប្រើវា។
អាត្រូពីនត្រូវបានប្រើចំពោះតែការពុលដោយអ័រហ្កាណូផូស្វាត ឬខាបាម៉ាតតែប៉ុណ្ណោះ។
អាត្រូពីមិនបង្ការការពុលថ្នាំសម្លាប់សត្វល្អិតទេ។ វាគ្រាន់តែពន្យារឥទ្ធិពលនៃការពុលប៉ុណ្ណោះ។ មិនគួរប្រើអាត្រូពីនមុនពេលបាញ់ថ្នាំឡើយ។
គ្រប់កសិដ្ឋានទាំងអស់ដែលប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត គួរមានសំណុំសម្ភារៈសង្គ្រោះបន្ទាន់ដែលមានថ្នាំពេទ្យនិងសម្ភារៈផ្សេងៗសម្រាប់ប្រើប្រាស់ក្នុងករណីមានការពុល។ មើលទំព័រ546 អំពីវីអ្វីខ្លះដែលគួរដាក់បញ្ចូលក្នុងសំណុំសម្ភារៈសង្គ្រោះបន្ទាន់។
នៅពេលបានដកដង្ហើមចូលនូវថ្នាំសម្លាប់សត្វល្អិត
នៅពេលថ្នាំសម្លាប់សត្វល្អិតត្រូវបានបញ្ចេញទៅក្នុងខ្យល់ យើងក៏ដកដង្ហើមស្រូបយកវាចូលតាមច្រមុះនិងមាត់។ នៅពេលវាចូលដល់សួតភ្លាម វាក៏ចូលទៅក្នុងឈាមយ៉ាងឆាប់រហ័ស រួចរាលដាលពេញរាងកាយ។
ដោយសារថ្នាំសម្លាប់សត្វល្អិតខ្លះគ្មានក្លិន យើងពិបាកនឹងដឹងថាវាមាននៅក្នុងខ្យល់ឬក៏អត់ទេ។ ទម្រង់ញឹកញាប់បំផុតនៃថ្នាំសម្លាប់សត្វល្អិតដែលឆ្លងតាមខ្យល់គឺ សារធាតុឧស្ម័ន, កំប៉ុងថ្នាំបាញ់, គ្រាប់បែកផ្សែង, ភាគល្អិតនៃដំណក់ទឹកក្នុងខ្យល់, និងកាកសំណល់ពីការបាញ់ស្ព្រ៉ាយ។ អ្នកក៏អាចដកដង្ហើមចូលនូវកំទេចថ្នាំសម្លាប់សត្វល្អិតដែលបានរក្សាទុកផងដែរ នៅពេលប្រើប្រាស់វាក្នុងកន្លែងបិទជិត ដូចជាផ្ទះកញ្ចក់ ឬនៅពេលដឹកជញ្ជូនទៅស្រែចម្ការ។
ប្រសិនបើអ្នកមិនច្បាស់ ចូរចេញពីទីនោះ |
កំទេចថ្នាំសម្លាប់សត្វល្អិតដែលនៅក្នុងខ្យល់ អាចធ្វើដំណើរច្រើនគីឡូម៉ែត្រដើម្បីទៅបំពុលលើតំបន់មួយទៀតដែលនៅឆ្ងាយពីកន្លែងប្រើប្រាស់វា។ កំទេចថ្នាំសម្លាប់សត្វល្អិតអាចចូលក្នុងផ្ទះប្រជាជនបានយ៉ាងងាយ។
ប្រសិនបើអ្នកគិតថាអ្នកបានដកដង្ហើមចូលនូវថ្នាំសម្លាប់សត្វល្អិត ចូរចេញពីវាឲ្យឆ្ងាយ! កុំរង់ចាំទាល់តែធ្ងន់ធ្ងរ។
ការព្យាបាល
ប្រសិនបើអ្នកឬនរណាម្នាក់ដកដង្ហើមចូលនូវថ្នាំសម្លាប់សត្វល្អិត ៖
- យកជនរងគ្រោះចេញពីកន្លែងកើតហេតុ ជាពិសេសបើវាជាកន្លែងបិទជិត។
- ដាក់គាត់ឲ្យត្រូវខ្យល់បរិសុទ្ធ។
- បន្ធូរសម្លៀកបំពាក់ដើម្បីឲ្យដកដង្ហើមបានស្រួល។
- ដាក់អង្គុយឲ្យក្បាលនិងស្មាងើបឡើង។
- ប្រសិនបើគាត់សន្លប់ ដាក់គាត់ឲ្យដេកផ្អៀង រួចពិនិត្យមើលថាគ្មានអ្វីស្ទះដង្ហើមទេ។
- ប្រសិនបើគាត់មិនដកដង្ហើម ត្រូវប្រញាប់ផ្តល់ដង្ហើមពីមាត់ទៅមាត់។
ស្វែងរកជំនួយពីគ្រូពេទ្យ។ យកស្លាកសញ្ញានិងឈ្មោះរបស់ថ្នាំសម្លាប់សត្វល្អិតទៅជាមួយ។
គំនូរសម្រាប់ការពិភាក្សា ៖ តើថ្នាំសម្លាប់សត្វល្អិតចូលក្នុងរាងកាយយ៉ាងដូចម្តេច?
សំនួរសម្រាប់ការពិភាក្សា ៖
- តើបុរសនេះអាចមានគ្រោះថ្នាក់ដោយរបៀបណា នៅពេលគាត់កំពុងធ្វើការងារនេះ?
- តើគាត់អាចធ្វើអ្វីខ្លះដើម្បីការពារខ្លួន?
- តើនរណាខ្លះទៀតដែលអាចប្រឈមដោយសារសកម្មភាពរបស់គាត់?
- តើមានមូលហេតុអ្វីខ្លះបានជាគាត់មិនធ្វើអ្វីដើម្បីការពារខ្លួន?