Hesperian Health Guides
ផលប៉ះពាល់យូរអង្វែងនៃថ្នាំសម្លាប់សត្វល្អិត
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៤. ថ្នាំសម្លាប់សត្វល្អិតគឺជាថ្នាំពុល > ផលប៉ះពាល់យូរអង្វែងនៃថ្នាំសម្លាប់សត្វល្អិត
នៅពេលមនុស្សម្នាក់បានប្រឈមជាមួយថ្នាំសម្លាប់សត្វល្អិតក្នុងរយៈពេលយូរ នោះយើងពិបាកនឹងដឹងថាតើបញ្ហាសុខភាពរបស់គាត់បណ្តាលមកពីថ្នាំសម្លាប់សត្វល្អិតមែនឬមិនមែនទេ។ ផលប៉ះពាល់យូរអង្វែងអាចបណ្តាលឲ្យការប្រឈមយូរអង្វែងដែរ ដូចជាជំងឺមហារីក ខូចប្រព័ន្ធបន្តពូជ ថ្លើម ខួរក្បាល និងផ្នែកដទៃទៀតនៃរាងកាយ។
ផលប៉ះពាល់ជាច្រើននៃថ្នាំសម្លាប់សត្វល្អិត គឺមិនអាចមើលឃើញទេ ព្រោះប្រជាជននៅក្នុងតំបន់កសិកម្ម ប្រឈមនឹងសារធាតុគីមីខុសៗគ្នាជាច្រើនប្រភេទ និងដោយសារកម្មករកសិដ្ឋានផ្លាស់ទីលំនៅពីកន្លែងមួយទៅកន្លែងមួយទៀត។
នៅពេលប្រជាជនមានជំងឺមហារីកនិងជំងឺដទៃទៀត គ្រូពេទ្យនិងអ្នកវិទ្យាសាស្ត្រអាចនឹងនិយាយថា ជំងឺទាំងនេះកើតឡើងដោយចៃដន្យ ឬដោយបញ្ហាដទៃទៀតដែលមិនមែនជាថ្នាំសម្លាប់សត្វល្អិតឬការបំពុលទេ។ ហើយជួនកាលអ្នកដែលលក់ថ្នាំសម្លាប់សត្វល្អិត ឬផ្សព្វផ្សាយថ្នាំនេះ នឹងនិយាយកុហក ព្រោះពួកគេមិនចង់ទទួលខុសត្រូវលើបញ្ហាសុខភាពរបស់ប្រជាជន។ ពួកគេអាចនិយាយដូចនេះបាន ដោយហេតុថា ភាគច្រើនយើងគ្មានវិធីណាអាចបញ្ជាក់ថាជំងឺមួយដែលកើតឡើងក្នុងពេលដ៏យូរ គឺបណ្តាលមកពីថ្នាំសម្លាប់សត្វល្អិតឬសារធាតុគីមីពុលជាក់លាក់ណាមួយទេ។
កាលពីមុនជូអានធ្វើការនៅចម្ការចេក... | ...ហើយ១០ឆ្នាំក្រោយមក គាត់ក៏មានជំងឺមហារីក។ |
មាតិកា
រោគសញ្ញានៃជំងឺយូរអង្វែងបណ្តាលមកពីថ្នាំសម្លាប់សត្វល្អិត
ថ្នាំសម្លាប់សត្វល្អិតនិងសារធាតុពុលដទៃទៀតអាចបណ្តាលឲ្យមានជំងឺយូរអង្វែង(រ៉ាំរ៉ៃ)។ រោគសញ្ញាមួយចំនួននៃជំងឺរ៉ាំរ៉ៃ ៖ ស្រកទម្ងន់ ខ្សោយជាប្រចាំ ក្អកជាប្រចាំឬក្អកមានឈាម របួសដែលមិនជាសះស្បើយ គ្មានញាណដឹងនៅដៃឬជើង លំនឹងខ្លួនមិនល្អ ងងឹតភ្នែក បេះដូងលោតញាប់ខ្លាំងឬយឺតខ្លាំង ឆាប់ប្រែប្រួលអារម្មណ៍ វង្វេងវង្វាន់ និងពិបាកផ្តោតអារម្មណ៍។
ប្រសិនបើអ្នកមានរោគសញ្ញាណាមួយខាងលើ ចូរប្រាប់គ្រូពេទ្យឬបុគ្គលិកសុខាភិបាល។ ត្រូវប្រាកដថាអ្នកនឹងប្រាប់ពួកគេគ្រប់យ៉ាងអំពីអ្វីដែលអ្នកអាចប្រឈមជាមួយថ្នាំសម្លាប់សត្វល្អិត ហើយបើអាច ប្រាប់ពីឈ្មោះរបស់វា។
ផលប៉ះពាល់យូរអង្វែងមួយចំនួននៃថ្នាំសម្លាប់សត្វល្អិត
ការខូចសួត ៖ មនុស្សដែលប្រឈមនឹងថ្នាំសម្លាប់សត្វល្អិត អាចមានជំងឺក្អកដែលមិនជាសះស្បើយឡើយ ឬមានអារម្មណ៍តឹងក្នុងទ្រូង។ នេះអាចជាសញ្ញានៃជំងឺរលាកទងសួត ជំងឺហឺត ឬជំងឺសួតដទៃទៀត។ ការខូចខាតលើសួតរយៈពេលយូរ អាចធ្វើឲ្យមានមហារីកសួត។ ប្រសិនបើអ្នកមានសញ្ញាណាមួយនៃការខូចខាតសួត សូមកុំជក់បារីឲ្យសោះ! ការជក់បារីធ្វើឲ្យជំងឺសួតកាន់តែធ្ងន់។
ជំងឺមហារីក ៖ មនុស្សដែលប្រឈមនឹងថ្នាំសម្លាប់សត្វល្អិត មានឱកាសខ្ពស់ក្នុងការកើតមហារីកជាងអ្នកដទៃទៀត។ នេះមិនមែនមានន័យថា បើអ្នកធ្វើការជាមួយថ្នាំសម្លាប់សត្វល្អិត អ្នកនឹងកើតជំងឺមហារីកទេ។ ប៉ុន្តែវាមានន័យថា ការធ្វើការជាមួយថ្នាំសម្លាប់សត្វល្អិត ធ្វើឲ្យអ្នកមានការប្រឈមខ្ពស់នឹងជំងឺនេះ។ថ្នាំសម្លាប់សត្វល្អិតនិងធាតុផ្សំរបស់វាជាច្រើនរយមុខ ត្រូវបានជឿថាបណ្តាលឲ្យមានជំងឺមហារីក។ នៅមានជាច្រើនទៀតដែលមិនទាន់បានធ្វើការសិក្សា។ ជំងឺមហារីកញឹកញាប់បំផុតដែលបណ្តាលមកពីថ្នាំសម្លាប់សត្វល្អិត គឺមហារីកឈាម, non-Hodgkins lymphoma, និងមហារីកខួរក្បាល។
ការខូចថ្លើម ៖ ថ្លើមជួយសម្អាតឈាម និងជួយកម្ចាត់ជាតិពុល។ ដោយសារតែថ្នាំសម្លាប់សត្វល្អិតគឺជាថ្នាំពុលខ្លាំង ដូច្នេះជួនកាលថ្លើមមិនអាចកម្ចាត់វាបានទេ។ ការខូចខាតថ្លើមធ្ងន់ធ្ងរ អាចកើតឡើងបន្ទាប់ពីការពុលធ្ងន់ធ្ងរ ឬបន្ទាប់ពីវាបានធ្វើការជាមួយថ្នាំសម្លាប់សត្វល្អិតជាច្រើនខែឬច្រើនឆ្នាំ។
ជំងឺរលាកថ្លើមដោយសារធាតុពុល ៖ វាគឺជាជំងឺថ្លើមមួយប្រភេទដែលមនុស្សកើតមានដោយសារបានប្រឈមជាមួយថ្នាំសម្លាប់សត្វល្អិត។ ជំងឺរលាកថ្លើមដោយសារធាតុពុល អាចបណ្តាលឲ្យចង្អោរ, ក្អួត និងគ្រុនក្តៅ, ស្បែកលឿង, និងអាចបំផ្លាញថ្លើមរបស់អ្នក។
ការខូចប្រព័ន្ធសរសៃប្រសាទ ៖ ថ្នាំសម្លាប់សត្វល្អិតអាចបំផ្លាញខួរក្បាល និងសរសៃប្រសាទ។ ការប្រឈមនឹងថ្នាំសម្លាប់សត្វល្អិតក្នុងរយៈពេលយូរ អាចបណ្តាលឲ្យបាត់បង់ការចងចាំ រសាប់រសល់ ប្រែប្រួលអារម្មណ៍ និងពិបាកផ្តោតអារម្មណ៍។
ការខូចខាតប្រព័ន្ធការពាររាងកាយ ៖ ថ្នាំសម្លាប់សត្វល្អិតមួយចំនួនធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ ដែលប្រព័ន្ធនេះការពាររាងកាយពីជំងឺផ្សេង។ នៅពេលប្រព័ន្ធការពាររាងកាយចុះខ្សោយដោយសារអាហារូបត្ថម្ភមិនល្អ ថ្នាំសម្លាប់សត្វល្អិត ឬដោយសារជំងឺផ្សេងទៀតដូចជាមេរោគអេដស៍/ជំងឺអេដស៍ នោះគេនឹងងាយមានអាល់ឡែស៊ី និងការបង្ករោគ ព្រមទាំងពិបាកនឹងជាសះស្បើយពីជំងឺធម្មតានានា។
ផលប៉ះពាល់នៃថ្នាំសម្លាប់សត្វល្អិតលើសុខភាពបន្តពូជ
ទឹកដោះម្តាយល្អបំផុត |
ថ្នាំសម្លាប់សត្វល្អិតមានផលប៉ះពាល់លើសុខភាពបន្តពូជ ដូចគ្នានឹងសារធាតុគីមីពុលដទៃទៀតដែរ។ វាអាចបង្កគ្រោះថ្នាក់ដល់សមត្ថភាពរបស់មនុស្សក្នុងការមានកូន ឬដល់សមត្ថភាពរបស់ទារកក្នុងការធំលូតលាស់ប្រកបដោយសុខភាព។
សារធាតុគីមីអាចចូលទៅក្នុងខ្លួនរបស់ស្ត្រី ហើយមាននៅក្នុងទឹកដោះរបស់គាត់នៅពេលក្រោយ។ ថ្នាំសម្លាប់សត្វល្អិតមានប្រើប្រាស់យ៉ាងច្រើននៅទូទាំងពិភពលោក ដែលសូម្បីតែម្តាយមិនធ្លាប់ប្រើថ្នាំសម្លាប់សត្វល្អិតសោះ អាចមានសារធាតុគីមីពុលខ្លះនៅក្នុងទឹកដោះរបស់គាត់។
ទោះបីអ្នកគិតថាទឹកដោះរបស់អ្នកអាចមានថ្នាំសម្លាប់សត្វល្អិតក៏ដោយ ក៏ផលប្រយោជន៍នៃការបំបៅកូនដោយទឹកដោះ នៅតែមានច្រើនជាងថ្នាំសម្លាប់សត្វល្អិតដែលអាចមាននៅក្នុងទឹកដោះរបស់អ្នកដែរ។ ទឹកដោះម្តាយគឺជាអាហារដ៏ល្អបំផុតដើម្បីជួយទារកឲ្យលូតលាស់ប្រកបដោយសុខភាពនិងមាំមួន។
ផលប៉ះពាល់ខ្លះៗនៃថ្នាំសម្លាប់សត្វល្អិតមកលើសុខភាពបន្តពូជ ៖
លទ្ធភាពមានកូន ៖ កម្មករក្នុងកសិដ្ឋានជាច្រើននៅទូទាំងពិភពលោក បានក្លាយជាមិនអាចមានកូនបន្ទាប់ពីបានធ្វើការជាមួយថ្នាំសម្លាប់សត្វល្អិតប្រភេទខ្លះ ព្រោះពួកគេមិនអាចផលិតមេជីវិតទៀតបាន។
ពិការភាពពីកំណើត ៖ នៅពេលស្ត្រីមានផ្ទៃពោះបានប្រឈមជាមួយថ្នាំសម្លាប់សត្វល្អិត ទារកក្នុងផ្ទៃរបស់គាត់ក៏បានប្រឈមវាដែរ ហើយទារកអាចមានបញ្ហាពីថ្នាំនេះ។ ការប្រឈមនឹងថ្នាំសម្លាប់សត្វល្អិតក្នុងពេលមានផ្ទៃពោះ មិនមែនតែងតែមានន័យថាទារកនឹងមានពិការភាពពីកំណើតនោះទេ។ ប៉ុន្តែទារកនឹងមានការប្រឈមខ្ពស់នឹងពិការភាពពីកំណើត, ពិបាករៀនសូត្រ, អាល់ឡែស៊ី, និងបញ្ហាសុខភាពដទៃទៀត។
ថ្នាំសម្លាប់សត្វល្អិតដែលជាប់នៅលើសម្លៀកបំពាក់ អាចបង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់គ្នាដែលប៉ះពាល់វា។ |
ការខូចក្រពេញផលិតអ័រម៉ូន ៖ អ័រម៉ូនគ្រប់គ្រងសកម្មភាពជាច្រើនក្នុងរាងកាយយើង ដូចជាការលូតលាស់ និងការបន្តពូជ។ នៅពេលដែលថ្នាំសម្លាប់សត្វល្អិតបំផ្លាញក្រពេញដែលផលិតអ័រម៉ូន នោះវាអាចបណ្តាលឲ្យមានបញ្ហាសម្រាលទារក និងបញ្ហាបន្តពូជ។
បើទោះជាស្ត្រីម្នាក់បានប្រឈមនឹងថ្នាំសម្លាប់សត្វល្អិតមុនពេលមានផ្ទៃពោះក៏ដោយ ក៏គាត់អាចមានការរលូតកូន ឬទារកអាចកើតស្លាប់ដោយសារការប្រឈមថ្នាំនេះ។