Hesperian Health Guides

ការចែកចាយថាមពល

នៅក្នុងជំពូកនេ:

រោងចក្រថាមពលធំៗដែលគ្រប់គ្រងដោយឧស្សាហកម្មឯកជននិងរដ្ឋាភិបាល ផលិតអគ្គិសនីនិងចែកចាយវាតាមរយៈខ្សែភ្លើងវ៉ុលខ្ពស់ ទៅកន្លែងផ្សេង។ បន្ទាប់មកអគ្គិសនីឆ្លងកាត់តាមត្រង់ស្វមម៉ាទ័រ(ម៉ាស៊ីនដែលកែប្រែអគ្គិសនីពីវ៉ុលខ្ពស់ទៅវ៉ុលទាបដែលអាចប្រើប្រាស់នៅតាមផ្ទះនិងក្រុមហ៊ុននានា)។ ខ្សែភ្លើងវ៉ុលទាបនាំអគ្គិសនីទៅតាមផ្ទះប្រជាជនឬរោងចក្រដើម្បីបំភ្លឺអំពូលនិងដំណើរការម៉ាស៊ីនផ្សេង។

EHB Ch23 Page 530-1a.png
ត្រង់ស្វូម៉ាទ័រ

បញ្ហាទាក់ទងនឹងរបៀបផលិតអគ្គិសនីសព្វថ្ងៃគឺថា វាមិនត្រឹមតែកខ្វក់ប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានផលិតក្នុងទ្រង់ទ្រាយយ៉ាងធំ រួចចែកចាយទៅកន្លែងឆ្ងាយ។ បែបនេះត្រូវចំណាយខ្ពស់ណាស់។ ដោយសារប្រព័ន្ធចែកចាយមានតម្លៃថ្លៃជាខ្លាំង ដូច្នេះសហគមន៍តូចៗអាចត្រូវរង់ចាំជាច្រើនឆ្នាំទើបប្រព័ន្ធភ្លើងរដ្ឋមកដល់ ឬនឹងមិនមកដល់តែម្តង។ ដូច្នេះអគ្គិសនីភាគច្រើនត្រូវបានចែកចាយទៅអ្នកប្រើប្រាស់ធំៗ គឺឧស្សាហកម្ម និងទីក្រុងនានា។

Wires going from a power plant to a home.
ការចែកចាយអគ្គិសនីទៅទីឆ្ងាយៗតាមខ្សែភ្លើងវ៉ុលខ្ពស់ ត្រូវការចំណាយប្រាក់យើងច្រើន។

ថាមពលស្អាតដែលចេញពីខ្យល់ ព្រះអាទិត្យ និងទឹក អាចត្រូវបានផលិតក្នុងបរិមាណតិចតួច ក្នុងតម្លៃទាប ដូច្នេះយើងអាចប្រើប្រាស់ថាមពលស្អាតនៅកន្លែងផលិតបានងាយជាង។ សហគមន៍ដែលប្រើប្រាស់ថាមពលស្អាត អាចគ្រប់គ្រងធនធានថាមពលរបស់ខ្លួនដោយខ្លួនឯង។ នៅពេលអគ្គិសនីត្រូវបានផលិតក្នុងតំបន់ ពីពន្លឺថ្ងៃ ទឹក ឬជីវឧស្ម័ន វាកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល និងលើប្រព័ន្ធចែកចាយវ៉ុលខ្ពស់។ បែបនេះក៏ចៀសវាងកុំឲ្យមានភ្នាក់ងារដ្ឋាភិបាលឬសាជីវកម្មធំៗ មកកំណត់តម្លៃអគ្គិសនី និងគ្រប់គ្រងលើទីកន្លែងដែលត្រូវចែកចាយអគ្គិសនីទៅដែរ។

Wind turbines near homes with solar panels.

ថាមពលស្អាតមានប្រសិទ្ធភាពបំផុតប្រសិនបើវាប្រើប្រភពខុសៗគ្នារួមគ្នា។ ប្រសិនបើប្រភពមួយប្រើមិនបាន ដូចជាពន្លឺថ្ងៃនៅពេលមានពពកដេរដាស ឬកម្លាំងទឹកធ្លាក់ក្នុងរដូវប្រាំង នោះប្រភពដទៃនៅតែអាចបង្កើតថាមពលបាន។

ថាមពលឥន្ធនៈហ្វូស៊ីលចែកចាយអគ្គិសនី, ភាពពឹងផ្អែកលើគេ, និងការបំពុល។ ថាមពលស្អាតចែកចាយអគ្គិសនី, ឯករាជ្យភាព, និងចិរភាព។

គ្លីនិកជនបទប្រើប្រាស់ថាមពលពន្លឺថ្ងៃ

នៅតំបន់ដាច់ស្រយាលមួយនៃប្រទេសភូមាក្បែរព្រំដែនថៃ សហគមន៍ជនជាតិដើមខារែន(Karen)រស់នៅក្រោមការជិះជាន់ពីយោធាភូមាជាប្រចាំ។ ដោយមានការកៀបសង្កត់បែបនេះ ទើបគ្មានអង្គការរដ្ឋាភិបាលឬមិនមែនរដ្ឋាភិបាលណាមួយ អាចទៅផ្តល់ការថែទាំសុខភាពនៅក្នុងតំបន់នេះទេ។ ប៉ុន្តែក្រុមខារែននៅផ្នែកខាងព្រំដែនថៃ បានបង្កើតបណ្តាញនៃពេទ្យទាហានដែលមានគ្លីនិកជាង២៨កន្លែងសម្រាប់ថែទាំសុខភាពប្រជាជនជិត១០០.០០០នាក់នៅក្នុងភូមិភាគនេះ។ ពេទ្យទាហានទាំងនេះព្យាបាលជនរងគ្រោះពីគ្រាប់មីន និងប្រជាជនដទៃទៀតដែលរងរបួសក្នុងជម្លោះ ក៏ដូចជាបញ្ហាសុខភាពផ្សេងៗទៀតដែរ។


អង្គការមិនមែនរដ្ឋាភិបាលចំនួន២ គឺអង្គការលើកកម្ពស់បរិស្ថាន និងក្រុមក្នុងតំបន់មួយទៀតដែលហៅថា ក្រុមថាមពលស្អាតតាមព្រំដែន បាននាំយកបន្ទះពន្លឺព្រះអាទិត្យនិងអាគុយមួយចំនួនទៅកាន់ព្រំដែន រួចបង្រៀនអ្នកភូមិខារែន ជនភៀសខ្លួន និងទាហានពេទ្យ ពីរបៀបតម្រៀបបញ្ចូលគ្នា និងរបៀបប្រើប្រាស់។ ទាហានពេទ្យជញ្ជូនឧបករណ៍ទាំងនេះឆ្លងកាត់តាមព្រៃ។ ឥឡូវនេះគ្លីនិកទាំង២៨នៅក្នុងតំបន់សង្គ្រាម សុទ្ធតែមានអគ្គិសនីដើម្បីបំភ្លឺភ្លើង បើកកុំព្យូទ័រយួរដៃ និងដំណើរការឧបករណ៍ពេទ្យផ្សេងទៀត ឯអ្នកភូមិបានចេះពីរបៀបជួសជុលនិងថែទាំប្រព័ន្ធថាមពលពន្លឺថ្ងៃដោយខ្លួនឯង។