Hesperian Health Guides
ផលប្រយោជន៍ និងការចំណាយលើថាមពលស្អាត
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ២៣. ថាមពលស្អាត > ផលប្រយោជន៍ និងការចំណាយលើថាមពលស្អាត
ថាមពលស្អាតគឺជាថាមពលដែលអាចផលិតបានដោយបង្កផលប៉ះពាល់អវិជ្ជមានបន្តិចបន្តួចផ្នែកសង្គម វប្បធម៌ សុខភាព និងបរិស្ថាន។ ថាមពលស្អាតក៏ត្រូវបានហៅថាថាមពលដែលអាចបង្កើតថ្មីបាន ឬដែលប្រកបដោយចិរភាព ផងដែរ ព្រោះវាត្រូវបានផលិតចេញពីប្រភពដែលមិនចេះរីងស្ងួត ដូចជា ៖
ថាមពលកង់ |
ខ្យល់ | ទឹកធ្លាក់ពីទំនប់តូច |
ជីវឧស្ម័ន និងជីវម៉ាស់ដទៃទៀត | ពន្លឺព្រះអាទិត្ |
តាមរយៈការប្រើប្រាស់ថាមពលស្អាត យើងអាចកាត់បន្ថយគ្រោះថ្នាក់លើសុខភាពមនុស្សនិងបរិស្ថាន ដែលបង្កឡើងដោយការស្វែងរកនិងដុតឥន្ធនៈហ្វូស៊ីល និងទម្រង់ផ្សេងទៀតនៃថាមពលដែលបំពុលនិងមិនអាចបង្កើតថ្មីបាន។ ថាមពលស្អាតអាចផ្គត់ផ្គង់ថាមពលនៅតាមភូមិជនបទ នៅទីក្រុងធំៗ និងនៅក្នុងរោងចក្រ ដោយមិនបង្កគ្រោះថ្នាក់ទេ។
មធ្យោបាយផលិតអគ្គិសនីស្អាតទាំងអស់ សុទ្ធតែមានគុណសម្បត្តិនិងគុណវិបត្តិ។ ហើយមធ្យោបាយនីមួយៗអាស្រ័យលើស្ថានភាពក្នុងតំបន់ ដូចជាតើថាខ្យល់ ពន្លឺថ្ងៃ ឬទឹកធ្លាក់ មានខ្លាំងប៉ុនណានៅទីកន្លែងនីមួយ។ អគ្គិសនី(សូម្បីតែអគ្គិសនីស្អាត) អាចមានតម្លៃយ៉ាងថ្លៃដែលមនុស្សជាច្រើនគ្មានលទ្ធភាពប្រើប្រាស់។ ប៉ុន្តែនៅពេលមនុស្សកាន់តែច្រើនប្រើប្រាស់ថាមពលស្អាត ហើយវិធីផលិតថាមពលស្អាតក៏មានភាពប្រសើរ នោះថាមពលទាំងនេះនឹងកាន់តែងាយផលិតនិងមានតម្លៃថោកសម្រាប់អ្នកប្រើប្រាស់។
ការចំណាយលើថាមពលស្អាត
ប្រព័ន្ធថាមពលតាមផ្ទះដែលដើរដោយពន្លឺថ្ងៃ ខ្យល់ ឬកម្លាំងទឹក ត្រូវការប្រាក់ក្នុងការដំឡើង។ ប៉ុន្តែនៅពេលវាត្រូវបានដំឡើងរួច អ្នកនឹងចំណាយតិចតួចក្នុងការដំណើរការនិងថែទាំវា។ ជាញឹកញាប់ ប្រាក់ចំណូលដែលរកបានពីម៉ាស៊ីនអគ្គិសនីដែលជំនួសកម្លាំងពលកម្ម និងលទ្ធភាពធ្វើការងារពេលយប់ អាចទូរទាត់លើការចំណាយពីដំបូងបាន។
មនុស្សនៅប្រទេសជាច្រើនកំពុងអភិវឌ្ឍន៍មធ្យោបាយផ្សេងៗដើម្បីអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាមានលទ្ធភាពប្រើប្រាស់ថាមពលស្អាត។ ដំណោះស្រាយមួយ គឺការបង្កើតសហករណ៍ក្នុងភូមិដើម្បីបង់ប្រាក់ថ្លៃថាមពលរួមគ្នា។ ដំណោះស្រាយមួយទៀត គឺកម្មវិធីឥណទានខ្នាតតូច។ កម្មវិធីឥណទានខ្នាតតូចអនុញ្ញាតឲ្យគ្រួសារនីមួយៗបង់ប្រាក់ម្តងបន្តិចៗរយៈពេលយូរ ជាជាងបង់ប្រាក់ច្រើនក្នុងពេលតែមួយ។ តាមរយៈការបង់ប្រាក់ក្នុង "មូលនិធិឥណទានបង្វិល", មនុស្សកាន់តែច្រើនអាចយកប្រាក់មកដំឡើងថាមពលនៅតាមផ្ទះរបស់ខ្លួន។
គ្មានហេតុផលបច្ចេកទេសណាមួយដែលថាប្រជាជនក្នុងប្រទេសក្រីក្រឬទីជនបទមិនគួរមានអគ្គិសនីទៀតទេ។ មូលហេតុដែលពួកគេគ្មានអគ្គិសនីប្រើប្រាស់ គឺមកពីខ្វះភាពយុត្តិធម៌សង្គម។
ការរក្សាទុកថាមពល
ថាមពលគ្រប់ប្រភេទត្រូវបានគេរក្សាទុកសម្រាប់ប្រើប្រាស់នៅក្នុងពេលណាឬនៅកន្លែងណាដែលចាំបាច់។ សម្រាប់ការដឹកជញ្ជូនដែលដើរដោយឧស្ម័នឬប្រេងសាំង គេរក្សាទុកវានៅក្នុងធុងសាំងនៃរថយន្ត ដើម្បីដុតវាតាមផ្លូវ។ សម្រាប់អគ្គិសនី គេប្រើប្រាស់អាគុយនិងថ្មពិល។
បើទោះជាថាមពលត្រូវបានផលិតពីប្រភពស្អាត ដូចជាខ្យល់ ទឹក ឬពន្លឺថ្ងៃក៏ដោយ វាត្រូវតែបានរក្សាទុកនៅក្នុងអាគុយនិងថ្មពិល។ អាគុយអាចជាផ្នែកមួយដ៏មានតម្លៃខ្ពស់នៃប្រព័ន្ធថាមពលស្អាត។ វាក៏ផ្ទុកសារធាតុពុលផងដែរ ហើយត្រូវតែផ្លាស់ប្តូរថ្មីបន្ទាប់ពីប្រើបានប៉ុន្មានឆ្នាំ។ មកទល់សព្វថ្ងៃនេះ ចំពោះមធ្យោបាយរក្សាទុកថាមពលអគ្គិសនី នៅមិនទាន់មានវត្ថុណាល្អសម្រាប់ជំនួសអាគុយនិងថ្មពិលនៅឡើយទេ។