Hesperian Health Guides
ថាមពលកង់
ម៉ាស៊ីនមួយចំនួនដំណើរការដោយថាមពលមនុស្សនិងកង់។ |
កង់ប្រហែលជាម៉ាស៊ីនដ៏អស្ចារ្យបំផុតមួយក្នុងលោក។ កង់ផ្តល់នូវមធ្យោបាយងាយស្រួលដើម្បីឲ្យមនុស្សធ្វើដំណើរទៅមកដោយប្រើតែកម្លាំងមនុស្ស ហើយវាផ្តល់ផលប្រយោជន៍ច្រើនរាប់មិនអស់សម្រាប់សុខភាពមនុស្សនិងបរិស្ថាន។ ប៉ុន្តែ លើសពីនេះទៅទៀត កម្លាំងមនុស្សអាចត្រូវបានបំពាក់ជាមួយនឹងកង់ដើម្បីធ្វើជាថាមពលមួយដែលអាចដំណើរការម៉ាស៊ីនបានយ៉ាងច្រើនប្រភេទ។
នៅពេលភ្ជាប់ជាមួយអាគុយ កង់អាចបង្កើតថាមពលសម្រាប់បំភ្លឺអំពូល បើកទូរទស្សន៍ និងដំណើរការម៉ាស៊ីនដទៃទៀត។ |
ថាមពលកង់របស់អង្គការម៉ាយ៉ាភីដល
នៅឆ្នាំ១៩៩៧ អង្គការម៉ាយ៉ាភីដល(Maya Pedal) បានមកដល់ទីក្រុងជីម៉ាល់ទីណាន់ហ្គោ(Chimaltenango) នៃប្រទេសក្វាទីម៉ាឡា(Guatemala) ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចិរភាព។ អង្គការនេះលើកកម្ពស់ផ្នែកសុខភាព ការការពារបរិស្ថាន និងសេដ្ឋកិច្ចជនបទប្រកបដោយចិរភាព តាមរយៈការប្រើប្រាស់ថាមពលកង់។
ពួកគេបានចាប់ផ្តើមដោយការប្រមូលនូវផ្នែកផ្សេងៗនៃកង់ចាស់ៗ ដើម្បីបង្កើតជាម៉ាស៊ីនដែលដើរដោយថាមពលកង់ សម្រាប់បំពេញតម្រូវការរបស់ប្រជាជនក្នុងតំបន់ជនបទ។ អង្គការនេះលក់ម៉ាស៊ីនដែលដើរដោយថាមពលកង់ក្នុងតម្លៃធម្មតាចំពោះប្រជាជនណាដែលចង់បាន ប៉ុន្តែចំពោះក្រុមប្រជាជនណាដែលចង់ចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ប្រកបដោយចិរភាព អង្គការនេះលក់ម៉ាស៊ីនក្នុងតម្លៃទាបយ៉ាងពិសេស។
សហករណ៍ស្ត្រីមួយបានស្នើសុំម៉ាស៊ីនកិនដែលដើរដោយថាមពលកង់ ដើម្បីផលិតជាសាប៊ូដែលធ្វើពីប្រទាលកន្ទុយក្រពើដែលដាំដុះនៅក្នុងសួនដំណាំផ្ទាល់ខ្លួនរបស់ពួកគេ។ ប្រាក់ដែលរកបានពីការលក់សាប៊ូ ស្ត្រីទាំងនេះផ្គត់ផ្គង់គ្រួសាររបស់ខ្លួន និងផ្តល់មូលនិធិដល់គម្រោងដាំដើមឈើឡើងវិញនៅក្នុងក្រុងរបស់ពួកគេ។ ក្រុមមួយទៀតបានស្នើសុំម៉ាស៊ីនកិនធញ្ញជាតិដែលដើរដោយថាមពលកង់។ ពួកគេប្រើម៉ាស៊ីននេះសម្រាប់កិនពោតធ្វើជាចំណីសត្វ ដែលពួកគេលក់ទៅឲ្យសហគមន៍ក្នុងតំបន់ក្នុងតម្លៃទាប។ ប្រជាជននៅគ្រប់ទីកន្លែងបានច្នៃប្រឌិតមធ្យោបាយរៀងៗខ្លួនក្នុងការប្រើប្រាស់ថាមពលកង់នេះ។ (មើលរូបថតដែលប្រជាជនប្រើប្រាស់ម៉ាស៊ីនស្វានធ្មេញដែលដើរដោយថាមពលកង់!)។