Hesperian Health Guides
ការប្រើប្រាស់អគ្គិសនីឲ្យមានប្រយោជន៍បំផុត
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ២៣. ថាមពលស្អាត > ការប្រើប្រាស់អគ្គិសនីឲ្យមានប្រយោជន៍បំផុត
បន្ថែមលើការប្រើប្រាស់ថាមពលស្អាត មធ្យោបាយដ៏សំខាន់មួយទៀតក្នុងការកាត់បន្ថយការបំពុលពីអគ្គិសនី គឺត្រូវប្រើប្រាស់វាដោយយកចិត្តទុកដាក់បន្ថែមទៀត។ ប្រសិនបើយើងខ្ជះខ្ជាយអគ្គិសនីតិចតួច នោះរោងចក្រថាមពលរបស់យើងនឹងមិនផលិតអគ្គិសនីយ៉ាងច្រើន ឬមិនបង្កើតការបំពុលច្រើនទេ។ មានវិធីច្រើនយ៉ាងដែលរដ្ឋាភិបាលអាចលើកកម្ពស់ការប្រើប្រាស់ថាមពលឲ្យបានប្រសើរ ដូចជាការដាក់កម្រិតឲ្យឧស្សាហកម្មប្រើប្រាស់មធ្យោបាយផលិតកម្មស្អាត និងការកែលម្អរោងចក្រថាមពលនិងខ្សែចែកចាយថាមពលដែលមានស្រាប់។
កាត់បន្ថយកាកសំណល់, កាត់បន្ថយតម្រូវការ
ការកាត់បន្ថយតម្រូវការអគ្គិសនីពីសំណាក់ប្រជាជននិងឧស្សាហកម្មដែលប្រើប្រាស់ច្រើនលើសលុប គឺជាវិធីដ៏ល្អបំផុតក្នុងការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ រដ្ឋាភិបាលអាចកាត់បន្ថយតម្រូវការថាមពលតាមរយៈការលើកទឹកចិត្តរោងចក្រ ក្រុមហ៊ុន និងប្រជាជនដែលរស់នៅក្នុងទីក្រុងនានា ឲ្យប្រើប្រាស់ថាមពលឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ នៅពេលថាមពលត្រូវបានប្រើប្រាស់តិច វាកាត់បន្ថយទាំងការចំណាយលើការផលិតថាមពល និងគ្រោះថ្នាក់ទៅលើសុខភាពប្រជាជននិងបរិស្ថាន។
រដ្ឋាភិបាលអាចគិតប្រាក់ថ្លៃអគ្គិសនីបន្ថែមឬយកពន្ធខ្ពស់ចំពោះឧស្សាហកម្មណាដែលប្រើប្រាស់អគ្គិសនីច្រើនបំផុត។ រដ្ឋាភិបាលក៏អាចជំរុញឲ្យប្រជាជនប្រើប្រាស់អគ្គិសនីនៅពេលម៉ោងខុសៗគ្នា ដើម្បីកុំឲ្យមានតម្រូវការខ្ពស់ក្នុងពេលតែមួយ។
សាជីវកម្មដែលផលិតអគ្គិសនី គឺដូចជាក្រុមហ៊ុនពាណិជ្ជកម្មដទៃទៀតដែរ។ កាលណាពួកគេផលិតនិងលក់កាន់តែច្រើន ពួកគេកាន់តែចំណេញ។ ដោយហេតុថាសុខភាពរបស់យើងនិងបរិស្ថានយើង ត្រូវបានធ្វើឲ្យមានគ្រោះថ្នាក់ដោយសារការផលិតអគ្គិសនីច្រើនពេកពីឥន្ធនៈហ្វូស៊ីល, យើងត្រូវតែដាក់កំណត់លើសាជីវកម្មថាមពេល គឺមិនត្រូវពង្រីកវាថែមទៀតទេ។
ការជួសជុលខ្សែចែកចាយថាមពល ធ្វើឲ្យសន្សំសំចៃអគ្គិសនីយ៉ាងច្រើន។ |
កែលម្អរោងចក្រថាមពល និងខ្សែចែកចាយថាមពល
ខ្សែចែកចាយថាមពល នាំអគ្គិសនីចេញពីរោងចក្រថាមពលទៅទីកន្លែងដែលប្រើប្រាស់វា។ យើងអាចប្រៀបធៀបពីរបៀបដែលអគ្គិសនីធ្វើដំណើរតាមខ្សែចែកចាយថាមពល ជាមួយនឹងរបៀបដែលទឹកហូរតាមបំពង់ទុយោដែរ។ ដូចបំពង់ទុយោដែលធ្លាយ ធ្វើឲ្យខាតបង់ទឹកដែរ, ខ្សែចែកចាយថាមពលដែលត្រូវបានថែទាំមិនបានល្អ ក៏ធ្វើឲ្យខាតបង់អគ្គិសនីដែរ។
គេក៏អាចកែលម្អរោងចក្រថាមពលដែលមានស្រាប់ដើម្បីអាចផលិតអគ្គិសនីឲ្យបានច្រើនថែមទៀត កាន់តែស្អាត និងកាន់តែមានសុវត្ថិភាព។ ការកែលម្អរោងចក្រថាមពល ត្រូវការចំណាយប្រាក់តិច និងបង្កគ្រោះថ្នាក់តិចដល់មនុស្សនិងបរិស្ថាន ជាជាងការសាងសង់រោងចក្រថ្មី។