Hesperian Health Guides
ថាមពលព្រះអាទិត្យ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ២៣. ថាមពលស្អាត > ថាមពលព្រះអាទិត្យ
បន្ទះស្រូបពន្លឺព្រះអាទិត្យនៅលើដំបូលផ្ទះ ប្រមូលថាមពលពីព្រះអាទិត្យ។ |
នៅពេលអ្នកមានអារម្មណ៍ថាព្រះអាទិត្យកំពុងធ្វើឲ្យរាងកាយឬខ្យល់នៅក្នុងផ្ទះរបស់អ្នក មានកម្តៅ នោះវាគឺជាថាមពលព្រះអាទិត្យ។ មានវិធីច្រើនយ៉ាងនៅក្នុងការប្រើប្រាស់ថាមពលព្រះអាទិត្យឲ្យមានប្រសិទ្ធភាព ដើម្បីកម្តៅទឹក, ដើម្បីធ្វើឲ្យទឹកមានសុវត្ថិភាព,និងដើម្បីចម្អិនអាហារឬ កម្តៅផ្ទះ។ ថាមពលព្រះអាទិត្យ ក៏អាចត្រូវបានប្រើប្រាស់ដើម្បីផលិតអគ្គិសនីផងដែរ។
ថាមពលពន្លឺព្រះអាទិត្យទាមទារឲ្យប្រើប្រាស់បន្ទះស្រូបពន្លឺព្រះអាទិត្យ ដើម្បីចាប់យកពន្លឺថ្ងៃ រួចបំឡែងឲ្យទៅជាអគ្គិសនី។ ដោយសារព្រះអាទិត្យមិនតែងតែមានពន្លឺជាប្រចាំទេ ដូច្នេះអគ្គិសនីដែលផលិតបានត្រូវតែបានរក្សាទុកនៅក្នុងអាគុយ មុននឹងយកទៅប្រើប្រាស់ដើម្បីបំភ្លឺអំពូល និងដំណើរការម៉ាស៊ីនផ្សេង។
ការដំឡើងប្រព័ន្ធថាមពលព្រះអាទិត្យ អាចត្រូវចំណាយប្រាក់យ៉ាងច្រើន ព្រោះវាតម្រូវឲ្យមានបន្ទះស្រូបពន្លឺព្រះអាទិត្យ, អាគុយ, និងឧបករណ៍ដទៃទៀត។ ប៉ុន្តែយើងមិនចាំបាច់ចំណាយប្រាក់លើពន្លឺថ្ងៃទេ (ហើយវាបង្កើតឡើងវិញមិនឈប់ឈរឡើយ)។ នៅពេលដំឡើងប្រព័ន្ធថាមពលព្រះអាទិត្យរួច វានឹងត្រូវការប្រាក់តិចតួចដើម្បីដំណើរការនិងថែទាំ។ ការចំណាយដ៏ច្រើនបំផុតនៅក្នុងការថែទាំប្រព័ន្ធថាមពលព្រះអាទិត្យ គឺត្រូវប្តូរអាគុយរៀងរាល់៣ទៅ៥ឆ្នាំម្តង និងប្តូរបន្ទះស្រូបពន្លឺព្រះអាទិត្យ ប្រសិនបើវាបែកបាក់។
ផ្នែកផ្សេងៗនៃប្រព័ន្ធអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ
ទឹកកម្តៅដោយព្រះអាទិត្យ
នៅតំបន់ដែលមានពន្លឺថ្ងៃច្រើន ការប្រើប្រាស់ថាមពលព្រះអាទិត្យដោយផ្ទាល់មួយបែប គឺការកម្តៅទឹកសម្រាប់ផឹកឬងូត។ ទឹកកម្តៅដោយព្រះអាទិត្យ មិនទាមទារបន្ទះស្រូបពន្លឺព្រះអាទិត្យ ឬឧបករណ៍ថ្លៃៗទេ។ អ្វីដែលត្រូវការគឺមានតែធុងទឹកមួយដែលលាបពណ៌ខ្មៅដើម្បីស្រូបយកកាំរស្មីព្រះអាទិត្យ។
ក្នុងអាកាសធាតុមិនក្តៅ យើងត្រូវការឧបករណ៍ប្រមូលកម្តៅថ្ងៃ(solar collector) ដើម្បីកម្តៅទឹក។ Solar collector មានតម្លៃថ្លៃជាងឧបករណ៍កម្តៅទឹកប្រើកម្តៅថ្ងៃធម្មតា(simple solar water heater) ប៉ុន្តែថោកជាងបន្ទះស្រូបពន្លឺព្រះអាទិត្យ(solar panel) ដែលប្រើក្នុងការផលិតអគ្គិសនី និងថោកជាងការកម្តៅទឹកដោយប្រើប្រាស់ធនធានដែលមិនអាចបង្កើតឡើងវិញបាន។
ឥណទានខ្នាតតូច ជួយផ្តល់មូលនិធិសម្រាប់ថាមពលព្រះអាទិត្យ
ផ្ទះភាគច្រើននៅតំបន់ជនបទនៃប្រទេសស្រីលង្ការ មិនមានការតភ្ជាប់ទៅនឹងប្រព័ន្ធថាមពលអគ្គិសនីជាតិទេ។ ប៉ុន្តែក៏ដូចជាប្រទេសត្រូពិកជាច្រើនទៀតដែរ កោះស្រីលង្ការមានពន្លឺថ្ងៃយ៉ាងច្រើន។ នៅឆ្នាំ១៩៩១ អង្គការមូលនិធិពន្លឺអគ្គិសនីដើរដោយព្រះអាទិត្យ(SELF) បានមកដល់ប្រទេសស្រីលង្ការដើម្បីជួយប្រជាជនឲ្យប្រើប្រាស់ពន្លឺថ្ងៃដើម្បីផលិតអគ្គិសនី។
ដោយសារតែអង្គការនេះមិនអាចផ្តល់ប្រព័ន្ធថាមពលព្រះអាទិត្យឲ្យប្រជាជនដោយមិនគិតថ្លៃបាន ពួកគេបានផ្តល់មធ្យោបាយមួយដែលជួយប្រជាជនឲ្យបង់ថ្លៃលើប្រព័ន្ធថាមពលរបស់ខ្លួន។ អង្គការនេះបានរួមសហការជាមួយអង្គការក្នុងស្រុកមិនរកប្រាក់ចំនូលមួយទៀតដើម្បីបង្កើតជាសហករណ៏ព្រះអាទិត្យ។ សហករណ៏នេះបានបង្កើតជាមូនិធិឥណទានខ្នាតតូចមួយ។ សមាជិកសហករណ៍បង់ប្រាក់រំលួសម្តងបន្តិចៗដើម្បីតំឡើងប្រព័ន្ធព្រះអាទិត្យព្រមទាំងបង់ការប្រាក់បន្តិចបន្តួចដល់មូលនិធិរៀងរាល់ខែអាចរហូតដល់៨ឆ្នាំ។ នៅពេលមូលនិធិមានការកើនឡើង ប្រជាជនកាន់តែច្រើនអាចខ្ចីប្រាក់សម្រាប់បង់ថ្លៃប្រព័ន្ធថាមពលព្រះអាទិត្យរបស់ខ្លួន។ ៥ឆ្នាំក្រោយមកគ្រួសារចំនួន៤៨ដំបូងក៏បានបង់ប្រាក់ដល់មូលនិធិគ្រប់គ្រាន់ដែលអាចឲ្យគ្រួសារចំនួន២៥ទៀតទិញប្រព័ន្ធថាមពលនេះបានដែរ។
ផ្តើមពីជោគជ័យនេះ អង្គការ SELF បានចាប់ផ្តើមសហការជាមួយអង្គការដ៏ធំបំផុតនៅក្នុងប្រទេសស្រីលង្ការគឺអង្គការសាវ៉ូដាយ៉ា( Sarvodaya ) ដែលមានសមាជិកជាង៣លាននាក់។ អង្គការ SELF និងអង្គការសាវ៉ូដាយ៉ា បានបង្កើតកម្មវិធី "គ្រាប់ពូជពន្លឺព្រះអាទិត្យ" ដែលបានផ្តល់អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យជូនដល់អ្នកភូមិជាង១០០គ្រួសារ។ កម្មវិធីនេះបានដំឡើងឧបករណ៍គំរូនៃប្រព័ន្ធពន្លឺព្រះអាទិត្យ នៅតាមមណ្ឌលសហគមន៍ សាលារៀន និងវត្តអារាម។ បន្ទាប់មកអង្គការSELF បានរៀបចំជាមូលនិធិឥណទានខ្នាតតូចមួយដើម្បីជួយសមាជិកអង្គការសាវ៉ូដាយ៉ា ឲ្យទិញប្រព័ន្ធពន្លឺព្រះអាទិត្យដាក់លើផ្ទះរៀងខ្លួន។ កម្មវិធីនេះចាប់ផ្តើមដំបូងដោយមានផ្ទះចំនួន៣០០ខ្នង។ ពីរបីឆ្នាំក្រោយមកកម្មវិធីនេះមានជោគជ័យយ៉ាងខ្លាំងដោយអង្គការសាវ៉ូដាយ៉ាបានចាប់ផ្តើមផែនការមួយគឺកម្មវិធីពន្លឺព្រះអាទិត្យសំរាប់ផ្ទះ១លានខ្នង។
បច្ចុប្បន្នផ្ទះរាប់ពាន់ខ្នងនៅក្នុងតំបន់ជនបទនៃប្រទេស ស្រីលង្ការមានអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ។ ការប្រើប្រាស់ប្រព័ន្ធឥណទានខ្នាតតូចមួយនេះ នឹងធ្វើឲ្យផ្ទះរាប់ពាន់ខ្នងបន្ថែមទៀតមានអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យដែរ។ ប្រសិនបើពួកគេបន្តធ្វើការងារតាមរបៀបនេះ នោះថ្ងៃមួយស្រីលង្ការអាចនឹងក្លាយជាប្រទេសតំបូងបង្អស់ក្នុងពិភពលោកដែលមានដំនើរការទាំងស្រុងដោយពន្លឺព្រះអាទិត្យ។