Hesperian Health Guides

២៣. ថាមពលស្អាត

នៅក្នុងជំពូកនេ:

In a thatched shelter, 2 children read under an electric light.

យើងត្រូវការថាមពលដើម្បីបំភ្លឺក្នុងផ្ទះ ចម្អិនអាហារ បូមទឹក និងអ្វីគ្រប់យ៉ាងដែលយើងធ្វើរាល់ថ្ងៃ។ ជួនកាលថាមពលនេះគឺជាថាមពលមនុស្ស ដូចជាកម្លាំងក្នុងការដើរ កាប់ឧស ឬរែកទឹក។ ជាញឹកញាប់ ថាមពលនេះស្ថិតក្នុងទម្រង់ជាអគ្គិសនីដើម្បីបំភ្លឺអំពូល បូមទឹក បើកកង្ហារ និងដំណើរការម៉ាស៊ីនផ្សេងៗទៀត។

អគ្គិសនីធ្វើឲ្យជីវិតនិងការងាររបស់យើងមានភាពងាយស្រួល។ វាអនុញ្ញាតឲ្យមានពន្លឺសម្រាប់ធ្វើការងារនិងសិក្សា, មានទូរទឹកកកសម្រាប់ក្លាសេអាហារនិងឱសថដើម្បីកុំឲ្យខូច, ម៉ាស៊ីនបោកគក់, ប្រដាប់ស្វាន, និងវត្ថុផ្សេងទៀតដែលធ្វើឲ្យការងារយើងងាយស្រួល, ព្រមទាំងវិទ្យុនិងទូរទស្សន៍ដើម្បីទទួលព័ត៌មាននិងការកំសាន្ត។ វត្ថុទាំងអស់នេះអាចធ្វើឲ្យជីវិតរបស់យើងកាន់តែមានសុខភាពនិងផាសុក។

ជាអកុសល ការទទួលបានអគ្គិសនីប្រើប្រាស់ គឺជាសុបិន្តដ៏សែនឆ្ងាយសម្រាប់មនុស្សជាច្រើន។ អគ្គិសនីស្ទើរតែទាំងអស់ត្រូវបានប្រើប្រាស់នៅក្នុងទីក្រុង និងក្នុងបណ្តាប្រទេសអ្នកមាននៃពួកលោកខាងជើង។ ក្នុងចំណោមប្រជាជន៦កោដិនាក់នៅទូទាំងពិភពលោក ២កោដិនាក់គ្មានអគ្គិសនីប្រើប្រាស់។

យើងក៏ប្រើថាមពលសម្រាប់ការដឹកជញ្ជូនផងដែរ ដែលជាធម្មតាយកមកពីឥន្ធនៈហ្វូស៊ីល ដូចជាសាំងឬម៉ាស៊ូតសម្រាប់រថយន្ត រថយន្តក្រុង រថយន្តដឹកទំនិញ រទេះភ្លើង និងយន្តហោះ។ ក៏ដូចជាអគ្គិសនីដែរ ពួកប្រទេសអ្នកមាននៃលោកខាងជើង បានប្រើប្រាស់លើសចំណែកសមរម្យនៃឥន្ធនៈដឹកជញ្ជូនសរុប។

ដើម្បីបង្ការការបំពុល និងកាត់បន្ថយការឡើងកម្តៅផែនដី ពិភពលោកត្រូវតែដុតប្រេង ធ្យូងថ្ម និងឧស្ម័នធម្មជាតិឲ្យបានតិចបំផុត។ ជាពិសេសប្រជាជនក្នុងប្រទេសអ្នកមានដែលប្រើប្រាស់យ៉ាងលើសលុប ត្រូវតែកាត់បន្ថយការប្រើប្រាស់ឲ្យនៅតិច។ ដើម្បីឲ្យមនុស្សគ្រប់គ្នាមានអគ្គិសនីនិងមធ្យោបាយដឹកជញ្ជូនគ្រប់គ្រាន់ដោយមិនបង្កើនកម្តៅផែនដី យើងត្រូវតែផ្លាស់ប្តូរទៅរកប្រភពថាមពលដែលមិនបំពុល(ថាមពលស្អាត ឬហៅថាថាមពលដែលអាចបង្កើតថ្មីបាន)។ ថាមពលទាំងនេះរួមមានថាមពល ខ្យល់ ថាមពលពន្លឺព្រះអាទិត្យ ថាមពលទឹក និងជីវឧស្ម័ន។