Hesperian Health Guides
ជីវឧស្ម័ន
នៅក្នុងប្រទេសជាច្រើន ជីវម៉ាស់(កាកសំណល់់រុក្ខជាតិ និងលាមកសត្វ) គឺជាប្រភពថាមពលតាមផ្ទះដែលមានប្រើជាទូទៅ។ ថាមពលនៅក្នុងកាកសំណល់់ជីវម៉ាស់ ត្រូវបានបញ្ចេញតាមរយៈការដុតកាកសំណល់់នេះ ឬតាមរយៈការទុកឲ្យវារលួយរួចបំភាយជីវឧស្ម័ន(ឧស្ម័នធម្មជាតិ)។
ប្រភពទូទៅនៃថាមពលជីវម៉ាស |
ជីវម៉ាស់ពីធម្មជាតិគឺជាថាមពលដែលបង្កើតថ្មីទៀតបាន ប៉ុន្តែនៅពេលគេដុតវាជាឥន្ធនៈវានឹងរួមចំនែកធ្វើឲ្យមានការឡើងកម្តៅផែនដីនិង បញ្ហាសុខភាពមួយចំនួនទៀត។ នៅពេលអ្នកដុតឧស ឬដុតលាមកគោគឺអ្នកកំពុងប្រើប្រាស់ថាមពលជីវម៉ាស់ក្នុងទ្រង់ទ្រាយតូចមួយ។
ក្នុងទ្រង់ទ្រាយធំ កាកសំណល់រុក្ខជាតិអាចត្រូវបានប្រើដើម្បីផលិតអគ្គិសនី។ ឧទាហរណ៍ នៅប្រទេសគុយបាអគ្គិសនីក្នុងបរិមាណធំមួយ គឺត្រូវបានផលិតពីការដុតដើមអំពៅបន្ទាប់ពីប្រមូលផល និងកិនយកស្កររួច។ កន្ទក់ កាកសំណល់អាហារនិងជីវម៉ាស់ប្រភេទផ្សេងៗទៀតក៏អាចប្រើប្រាស់តាមរបៀបនេះដែរ។ ទោះបីវាជាថាមពលដែលអាចបង្កើតថ្មីវិញក៏ដោយ ការដុតកាកសំណល់រុក្ខជាតិគឺមិនល្អសម្រាប់សុខភាពសហគមន៍និង បរិស្ថានទេ។
ជីវឧស្ម័ន
ជីវឧស្ម័នត្រូវបានផលិតនៅពេលសារធាតុសរីរាង្គរលួយ។ នៅពេលជីវឧស្ម័នត្រូវបានស្រូបចូលនៅក្នុងប្រអប់ឬធុងបិទជិតមួយវាអាចបង្កើតជាអណ្តាតភ្លើងតូចមួយសម្រាប់ចម្អិន ឬអគ្គិសនីសម្រាប់កម្តៅ បំភ្លឺអំពូលបូមទឹកព្រមទាំងដំណើរការម៉ាស៊ីន និងឧបករណ៍ក្នុងកសិដ្ឋាន។ តាមរយៈការបំលែងពីសារធាតុសរីរាង្គរបស់មនុស្ស សត្វ និងកាកសំណល់រុក្ខជាតិ ឲ្យទៅជាថាមពលជីវឧស្ម័នប្រែក្លាយផលិតផលកាកសំណល់ឲ្យទៅជាធនធានដែលបរិស្ថាននិង សុខភាពសហគមន៍។ ជីវឧស្ម័នមានសារប្រយោជន៍អាចត្រូវបានផលិតចេញពីសារធាតុសរីរាង្គជាច្រើនប្រភេទដូចជាៈ
- លាមកនិងទឹកនោមសត្វ
- លាមកនិងទឹកនោមមនុស្ស
- កាកសំណល់អាហារដូចជា សាច់ ឈាម ឆ្អឹង និងកំទេចកំទីបន្លែ។
- សំណល់រុក្ខជាតិដូចជា កាកសំណល់ដំណាំ ចំបើង ស្លឹកឈើ សំបកឈើ មែកឈើ និងស្មៅ។
ជីវឧស្ម័នគឺគ្មានរូបនិងក្លិនទេ។ នៅពេលដុតជីវឧស្ម័ន វាបង្កើតជាអណ្តាតភ្លើងពណ៍ខៀវដែលមិនប៉ះពាល់ដល់បរិស្ថាន។ ការប្រើប្រាស់ជីវឧស្ម័នសម្រាប់ចំអិនជំនួសឥន្ធនៈរឹងដូចជា ធ្វើឲ្យកាត់បន្ថយជំងឺផ្សេងៗដែលបណ្តាលមកពីផ្សែងឧស, និងកាត់បន្ថយសំពាធនៃការកាប់ដើមឈើយកមកធ្វើឧស។ សំណល់់ពីការផលិតជីវឧស្ម័នអាចត្រូវបានប្រើប្រាស់ជាជីដែលមានគុណភាពខ្ពស់។ ការដុតជីវឧស្ម័នមិនបណ្តាលឲ្យប្រែប្រួលអាកាសធាតុនិង ការឡើងកម្តៅផែនដីពេក។
ការធ្វើរោងចក្រជីវឧស្ម័នខ្នាតតូច
ការសាងសង់រោងចក្រជីវឧស្ម័ន គឺអាស្រ័យលើបរិមាណនឹងប្រភេទនៃកាកសំណល់ដែលអ្នកមាន, បរិយាកាស, និងសំភារៈសំនង់ដែលអាចរកបាន។ កាកសំណល់រុក្ខជាតិនិងលាមកសត្វ ប្រភេទផ្សេងៗគ្នាក៏បង្កើតឧស្ម័នក្នងបរិមាណខុសៗគ្នាដែរ ដូច្នោះយើងពិបាក នឹងនិយាយថាតើយើងត្រូវការសត្វចំនួនប៉ុន្មានដើម្បីផលិតជីវឧស្ម័ន។
លាមកគោ ជ្រូក មាន់ និងសូម្បីតែលាមកមនុស្សអាចត្រូបបានប្រើប្រាស់ដើម្បីផលិតជីវឧស្ម័ន។ ប្រភពឥន្ធនៈជីវឧស្ម័នដ៏ល្អបំផុតតគឺលាមកគោ។ ដើម្បីទទួលបានឥន្ធនៈគ្រប់គ្រាន់សំរាប់ចំអិនរៀងរាល់ថ្ងៃ (៥ម៉ោងក្នុង១ថ្ងៃនៅលើចង្ក្រានពីរ) យើងត្រូវការគោពី៤ទៅ៥ក្បាល។
មុននឹងសាងសង់រោងចក្រជីវឧស្ម័នមួយអ្នកត្រូវតែប្រាកដថាអ្នកមានកាកសំណល់គ្រប់គ្រាន់ដើម្បីផលិតថាមពលក្នុងបរិមាណមួយដែលអ្នកត្រូវការ។
ការរៀបចំរោងចក្រជីវឧស្ម័នដ៏សាមញ្ញមួយ
ជីវឧស្ម័នផ្តល់ថាមពលដល់ជីវភាពនៅជនបទ
នៅប្រទេសណេប៉ាល់ ប្រជាជនភាគច្រើនរស់នៅតាមភូមិដាច់ស្រយាលដែលឃ្លាតឆ្ងាយៗពីគ្នានៅតាមជួរភ្នំខ្ពស់ៗ ជើងភ្នំ និងជ្រលងជ្រៅ។ ភាពក្រីក្រ និងលក្ខណៈភូមិសាស្ត្រនៃដីដ៏ពិបាក ធ្វើឲ្យរដ្ធាភិបាលសឹងតែមិនអាចផ្តល់អគ្គិសនីក្នុងប្រទេសបាន។
ដោយសារណេប៉ាល់ជាប្រទេសកសិកម្ម ផ្ទះភាគច្រើនមានគោក្របីរៀងខ្លួន។ នៅទសវត្សរ៍១៩៩០ រដ្ឋាភិបាលណេប៉ាល់បានរកឃើញថា ពួកគេអាចលាយលាមកគោក្របីជាមួយទឹកដើម្បីផលិតជាជីវឧស្ម័ន ហើយអាចផ្តល់ថាមពលដល់ប្រជាជននៅតំបន់ជនបទសម្រាប់កម្តៅ ប្រើអំពូល និងចម្អិនអាហារដោយចំណាយប្រាក់តិចតួច។ ដោយមានជំនួយពីរដ្ឋាភិបាលអាឡឺម៉ង់និងហូឡង់ ពួកគេបានបង្កើតកម្មវិធីគាំទ្រជីវឧស្ម័ន។
គោលដៅនៃកម្មវិធីនេះគឺដើម្បីផ្តល់នូវប្រព័ន្ធជីវឧស្ម័នជូនដល់ផ្ទះប្រជាជនក្នុងប្រទេសណេប៉ាល់ឲ្យបានច្រើនបំផុតតាមដែលអាច។ កម្មវិធីនេះបានរៀបចំកែច្នៃប្រព័ន្ធជីវឧស្ម័នមួយដែលមានតម្លៃទាប មានប្រសិទ្ធិភាព និងងាយប្រើប្រាស់និងថែទាំ។ បុគ្គលិកក្នុងកម្មវិធីនេះបានចុះតាមមូលដ្ឋាន និងបង្រៀនប្រជាជនតាមជនបទអំពីការប្រើប្រាស់និងផលប្រយោជន៍នៃជីវឧស្ម័ន។ ពួកគេក៏បានចាប់ផ្តើមកម្មវិធីឥណទានខ្នាតតូចមួយទៀតផងដែរ ដើម្បីជួយប្រជាជនឲ្យបង់ថ្លៃចំណាយលើប្រព័ន្ធជីវឧស្ម័នរបស់ខ្លួន។
នៅក្នុង២ឆ្នាំដំបូង ប្រព័ន្ធជីវឧស្ម័នចំនួន៦០០០ ត្រូវបានដំឡើង។ កម្មវិធីនេះមានប្រសិទ្ធភាពយ៉ាងខ្លាំង ដោយក្នុងអំឡុង១០ឆ្នាំបន្ទាប់ទៀត ប្រព័ន្ធជីវឧស្ម័នចំនួន១០០.០០០ ត្រូវបានដំឡើង។ នៅឆ្នាំ២០១០ រដ្ឋាភិបាលរំពឹងថានឹងមានប្រព័ន្ធជីវឧស្ម័នចំនួន២០០.០០០ ត្រូវបានដំឡើង។
បច្ចុប្បន្នគ្រួសារទាំងអស់នៅក្នុងតំបន់ជនបទនៃប្រទេសណេប៉ាល់ កំពុងប្រើប្រាស់ជីវឧស្ម័នសម្រាប់ចម្អិន កម្តៅ និងបំភ្លឺ។ តាមរយៈការប្រើប្រាស់ជីវឧស្ម័ន ផ្ទះនីមួយៗអាចសន្សំសំចៃឧសបានចំនួន៤តោន និងប្រេងកាតចំនួន៣២លីត្រក្នុងមួយឆ្នាំ។ ប្រព័ន្ធជីវឧស្ម័ននីមួយៗក៏ផលិតជាជីបានចំនួន៥តោនក្នុងមួយឆ្នាំផងដែរ ដែលកសិករយកវាទៅប្រើប្រាស់ដើម្បីកែលម្អទិន្នផលដំណាំរបស់ខ្លួន។ ដោយសារជីវឧស្ម័ន គ្រួសារជាច្រើនក្នុងប្រទេសណេប៉ាល់ឥឡូវនេះមានជីវភាពធូរធារជាងមុន មានភាពកក់ក្តៅ និងមិនសូវពឹងផ្អែកលើឥន្ធនៈដែលបំពុលនិងបំផ្លាញបរិស្ថាន។