Hesperian Health Guides
សារធាតុសរីរាង្គពុលអូសបន្លាយ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៦. គ្រោះថ្នាក់បណ្តាលមកពីសារធាតុគីមីពុល > សារធាតុសរីរាង្គពុលអូសបន្លាយ
នៅក្នុងជំពូកនេ:
- ១៦. គ្រោះថ្នាក់បណ្តាលមកពីសារធាតុគីមីពុល
- សារធាតុគីមីបង្កគ្រោះថ្នាក់ដល់យើងដោយរបៀបណា
- សារធាតុគីមីបង្កគ្រោះថ្នាក់ដល់កុមារដោយរបៀបណា
- បញ្ហាសុខភាពបន្តពូជ
- ជំងឺមហារីក
- បញ្ហាសួត
- បញ្ហាសរសៃប្រសាទ
- បញ្ហាស្បែក
- ការប្រតិកម្មនឹងសារធាតុគីមីច្រើនមុខ
- បន្ទុកសារធាតុគីមីក្នុងខ្លួនរបស់យើង
- លោហៈធ្ងន់
- សារធាតុសរីរាង្គពុលអូសបន្លាយ
- ការភាយកាំរស្មី
- ការព្យាបាលរបួសដោយសារធាតុពុល
សារធាតុគីមីមួយក្រុមដែលហៅថា POPs (សារធាតុសរីរាង្គពុលអូសបន្លាយ) បានក្លាយទៅជាកាន់តែមានគ្រោះថ្នាក់ ដោយសារសារធាតុគីមីនីមួយៗឆ្លងកាត់តាមខ្យល់ឬទឹកដើម្បីទៅកកកុញក្នុងសត្វ ត្រី និងមនុស្ស។ អូសបន្លាយ មានន័យថាវាស្ថិតនៅក្នុងបរិស្ថាននិងក្នុងរាងកាយយើងក្នុងរយៈពេលយូរយារ។ សារធាតុសរីរាង្គ មានន័យថា វាអាចចូលទៅក្នុងនិងប៉ះពាល់ដល់វត្ថុមានជីវិតទាំងអស់។ ពុល មានន័យថាវាគ្រោះថ្នាក់សម្រាប់បរិស្ថាន។
POPsញឹកញាប់បំផុតគឺ ឌីអុកស៊ីន (ជាកាកសំណល់សារធាតុគីមីដែលបានមកពីការផលិតនិងការដុតរំលាយ), PCBs (ជាសារធាតុគីមីរាវប្រើប្រាស់នៅក្នុងវិស័យអេឡិចត្រូនិកនិងផលិតផលប្រើប្រាស់ក្នុងផ្ទះមួយចំនួន), និងថ្នាំសម្លាប់សត្វល្អិតជាច្រើនប្រភេទ(រួមទាំង ដេដេតេ)។

POPs ឆ្លងកាត់តាមខ្យល់ ទឹក និងដី។ វាប្រមូលផ្តុំនៅក្នុងរាងកាយនៃវត្ថុមានជីវិត និងកកកុញនៅពេលវាឆ្លងកាត់តាមបណ្តាញអាហារ។ ដោយហេតុនេះហើយ POPsត្រូវបានរកឃើញនៅគ្រប់ទីកន្លែងក្នុងបរិស្ថានយើង សូម្បីតែនៅទីឆ្ងាយពីកន្លែងដែលផលិតវា។
ឌីអុកស៊ីន គឺជាសារធាតុគីមីពុលបំផុតមួយរបស់POPs។ ឌីអុកស៊ីនភាគច្រើនត្រូវបានភាយចេញនៅពេលមានការដុតជ័រPVC ក្រដាសដែលមានសារធាតុធ្វើឲ្យស ធ្យូងថ្ម ប្រេងម៉ាស៊ូត និងវត្ថុផ្សេងទៀតដែលមានសារធាតុគីមីក្លរីន។ ឌីអុកស៊ីននេះក៏ត្រូវបានភាយចេញពីការរំលាយលោហៈ ការផលិតស៊ីម៉ង់ត៍ ការផលិតក្រដាស និងថ្នាំសម្លាប់សត្វល្អិត។ ឌីអុកស៊ីនដែលបានភាយចូលទៅក្នុងខ្យល់និងទឹក មិនយូរមិនឆាប់ វានឹងចូលក្នុងអាហារនិងទឹកផឹក។ ឌីអុកស៊ីនបណ្តាលឲ្យមានមហារីក។
ជ័រPVC ត្រូវបានប្រើប្រាស់ញឹកញាប់ក្នុងការផលិតបំពង់ទុយោសម្រាប់ប្រព័ន្ធទឹក។ PVC ក៏ត្រូវបានប្រើប្រាស់នៅក្នុងដបទឹកដោះគោ ប្រដាប់លេង ប្រអប់ដាក់អាហារ និងផលិតផលប្រចាំថ្ងៃផ្សេងៗទៀត។ នៅពេលដែលជ័រPVC ចាស់ និងខូចខាត វាអាចភាយចេញនូវសារធាតុគីមីពុល បង្កឲ្យមានជំងឺធ្ងន់ធ្ងរ។ នៅពេលដុត ជ័រPVCភាយបញ្ចេញនូវ POPs ឌីអុកស៊ីន និងហ្វុយរ៉ាន។

PCBs (Poly chlorinated biphenyls) គឺជាប្រភេទមួយទៀតនៃPOPs ដែលធ្លាប់បានប្រើប្រាស់នៅក្នុងឧបករណ៍អគ្គីសនី ដូចជាប្រដាប់ទប់ភ្លើង(transformer) និងកុងតាក់ និងក្នុងផលិតផល ដូចជាក្រដាសផ្តិតគ្មានជាតិកាបូន និងថ្នាំពណ៌។ ដោយហេតុថាគេបានដឹងថាវាពុលខ្លាំង សព្វថ្ងៃPCB ត្រូវ បានហាមឃាត់ជា អន្តរជាតិ ហើយត្រូវបានជំនួសដោយសារធាតុគីមីម្យ៉ាងទៀតហៅថា PBDEs ។ ប៉ុន្តែ PBDEs ក៏ស្ថិតនៅក្នុងខ្លួនរបស់យើងរយៈពេលយូរដែរ ហើយក៏បណ្តាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរទៅលើខួរក្បាល និងប្រព័ន្ធប្រសាទផងដែរ។

បញ្ហាសុខភាពបណ្តាលមកពីPOP
ទោះបីមានការប៉ះពាល់POPតិចតួចក៏ដោយ ក៏អាចបង្កឲ្យមានបញ្ហាជាច្រើន ដូចជាភាពគ្មានកូន និងពិការភាពពីកំណើត។ ប្រភេទPOPខ្លះ ធ្វើឲ្យរាងកាយងាយនឹងប្រតិកម្មទៅនឹងសារធាតុគីមីឯទៀតផងដែរ។
ការការពារសហគមន៍របស់អ្នកពីសារធាតុPOP
POPs គឺជាផ្នែកមួយនៃផលិតផលជាច្រើនដែលប្រើប្រាស់រាល់ថ្ងៃ។ មធ្យោបាយតែមួយគត់ដើម្បីបង្ការគ្រោះថ្នាក់បណ្តាលមកពីPOPs គឺបញ្ឈប់ការទិញ បញ្ឈប់ការប្រើប្រាស់ និងបញ្ឈប់ការផលិតវា។

- ជៀសវាងការទិញផលិតផលដែលផលិតពីPVC។ PVCជាផលិតផលដែលញឹកញាប់មានក្លិន ខ្លាំងនៅពេលប្រើប្រាស់លើកដំបូង ឬពេលត្រូវកម្តៅថ្ងៃ និងជាញឹកញាប់ត្រូវបានសម្គាល់ដោយសញ្ញាលេខ “៣” ឬអក្សរ “V” នៅបាតរបស់ផលិតផល។ ប្រសិនបើអ្នកត្រូវតែទិញប្លាស្ទិក គួរទិញប្លាស្ទិកដែលមានសញ្ញាលេខ២, ៤, ៥ និង ១ ដែលមានសុវត្ថិភាពជាងគេ។

- កុំប្រើប្រាស់ថង់ប្លាស្ទិក និងផលិតផលក្រដាសដែលប្រើតែ១លើក(ជាញឹកញាប់ត្រូវបានធ្វើឲ្យមានពណ៌ស)។ ជំនួសវិញដោយប្រើប្រាស់ថង់ក្រណាត់ និងចាននិងពែងដែលប្រើឡើងវិញបាន។
- ជៀសវាងការដុតសំរាម ជាពិសេសំរាមប្លាស្ទិក។
- ដាំដំណាំនិងទិញអាហារដោយមិនបាញ់ថ្នាំគីមីសម្លាប់សត្វល្អិត។ គាំទ្រកសិករដែលប្រើប្រាស់មធ្យោបាយកសិកម្មដែលមានស្ថេរភាព។
- ស្នើសុំបុគ្គលិកសុខាភិបាលបើគេអាចទិញនិងប្រើប្រាស់ផលិតផលដែលមិនធ្វើអំពីជ័រPVC។
- គាំទ្រច្បាប់ដែលហាមឃាត់ការដុតកាកសំណល់។
- ចូលរួមយុទ្ធនាការលុបបំបាត់POPចោលទាំងស្រុង។