Hesperian Health Guides

ជំងឺមហារីក

នៅក្នុងជំពូកនេ:

មហារីកគឺជាជំងឺធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់ផ្នែកជាច្រើននៃរាងកាយ។ មហារីកចាប់ផ្តើមកើតឡើងនៅពេលដែលកោសិកាខ្លះចាប់ផ្តើមលូតលាស់យ៉ាងឆាប់រហ័សខុសធម្មតា បង្កឲ្យមានជាដុំលូតលាស់មួយ(ដុំសាច់)។ ពេលខ្លះដុំសាច់បាត់ទៅវិញ ដោយមិនមានការព្យាបាល។ ប៉ុន្តែដុំភាគច្រើនរីកធំ និងរាលដាល បង្កឲ្យមានបញ្ហាសុខភាពនៅលើផ្នែកជាច្រើនរបស់រាងកាយ។ នេះគឺជាមហារីក។ ដុំលូតលាស់ភាគច្រើនមិនមែនជាមហារីកទេ ប៉ុន្តែដុំខ្លះជាមហារីក។ កាលពីដើម មហារីកគឺជារឿងមិនធម្មតា។ បច្ចុប្បន្នវាមានញឹកញាប់ណាស់។

អ្វីដែលបណ្តាលឲ្យមានជាមហារីក?

A factory spews smoke from a chimney.
គ្រប់មហារីកទាំងអស់មិនមែនសុទ្ធតែបង្កឡើងដោយសារការបំពុលនៃឧស្សាហកម្មទេ។ ប៉ុន្តែនៅទីកន្លែងដែលមានឧស្សាហកម្ម គឺមានមហារីក។

មូលហេតុមួយដែលធ្វើឲ្យមានការកើនឡើងនៃមហារីកពាសពេញពិភពលោក គឺការកើនឡើងនូវភាពកខ្វក់នៃឧស្សាហកម្ម និងសារធាតុគីមីពុលក្នុងបរិស្ថាន និងក្នុងខ្លួនយើង។ ការកើនឡើងនៃជំងឺមហារីកក្នុងចំណោមប្រជាជនដែលរស់នៅក្នុងឬនៅក្បែរតំបន់កខ្វក់ខ្លាំង គួរតែរដ្ឋាភិបាលធ្វើសកម្មភាពជាបន្ទាន់ដើម្បីការពារសុខភាពប្រជាជន។ មហារីកគួរតែត្រូវបានកាត់បន្ថយតាមរយៈការត្រួតពិនិត្យឲ្យបានល្អប្រសើរនូវប្រភេទនិងចំនួនឧស្សាហកម្មគីមីដែលអនុញ្ញាតឲ្យប្រើប្រាស់, របៀបប្រើប្រាស់សារធាតុគីមី, និងរបៀបចោលកាកសំណល់គីមី។

មហារីកមួយចំនួនត្រូវបានដឹងថាមានមូលហេតុមកពីសារធាតុគីមីពុល ។ មហារីកទាំងអស់នេះរួមមាន មហារីកសួត ប្លោកនោម ថ្លើម ដោះ ខួរក្បាល ឈាម(មហារីក) មីញេឡូម៉ា(myeloma)ច្រើនកន្លែង និងnon-Hodgkin’s lymphoma។

A receptionist smiles at a woman who sits beneath a sign reading "Breast Cancer Screening Every Afternoon."

សញ្ញាដាស់តឿនឬតេស្ត៍ដែលបង្ហាញថាអ្វីមួយអាចមិនស្រួល នោះមិនត្រូវព្រងើយកន្តើយនឹងសញ្ញានេះទេ។ ចូរទៅជួបបុគ្គលិកសុខាភិបាលដើម្បីទទួលដំបូន្មាននិងការព្យាបាលភ្លាម។

ប្រជាជនដែលប៉ះពាល់នឹងសារធាតុគីមីពុលក្នុងរយៈពេលយូរ មានឱកាសខ្ពស់ក្នុងការកើតជំងឺមហារីកនេះ ជាងប្រជាជនដែលមានប៉ះពាល់តិចតួចឬគ្មាន។ ការធ្វើឲ្យពួកគេដឹងអំពីគ្រោះថ្នាក់ដែលខ្លួនប៉ះពាល់ អាចជួយពួកគេឲ្យទទួលការព្យាបាលឆាប់។

ការស្វែងរកនិងព្យាបាលជំងឺមហារីកឲ្យបានឆាប់

ជាញឹកញាប់ការស្វែងរកជំងឺមហារីកបានឆាប់ អាចជួយសង្គ្រោះជីវិតមនុស្សបាន ព្រោះគាត់អាចទទួលការព្យាបាលមុនពេលមហារីករាលដាល។ មានសញ្ញាដាស់តឿនខ្លះនៃជំងឺមហារីក ដូចជាអស់កម្លាំង ការស្រកទម្ងន់រ៉ាំរ៉ៃ ដុំពក និងការឈឺចាប់ក្នុងរាងកាយ។ ទាំងនេះក៏អាចជាសញ្ញានៃជំងឺដទៃទៀតដែរ។ មធ្យោបាយមួយក្នុងការស្វែងយល់ថាតើមនុស្សម្នាក់មានមហារីកឬទេ គឺធ្វើតេស្ត៍លើកោសិកាដែលស្ថិតនៅក្នុងផ្នែកដែលបានប៉ះពាល់។ អ្នកដែលបានទទួលការហ្វឹកហ្វឺនលើផ្នែកជំងឺមហារីកនេះ ពិនិត្យកោសិកានេះតាមមីក្រូស្កុប។

ការព្យាបាលមហារីកតាមបែបបុរាណ និងសម័យ

មហារីកប៉ះពាល់លើប្រជាជនតាមបែបខុសៗគ្នា ហើយក៏មិនមានការព្យាបាលតែមួយដែលត្រឹមត្រូវសម្រាប់មនុស្សគ្រប់គ្នានោះទេ។ ថ្នាំពេទ្យរបស់បស្ចឹមប្រទេស ចិន ឥណ្ឌា និងឱសថបុរាណ សុទ្ធតែមានការព្យាបាល និងមធ្យោបាយដើម្បីលើកកម្ពស់សុខភាពប្រជាជនដែលមានមហារីក។ ជាអកុសល គ្មានឱសថណាមួយ ក្នុងចំណោមនេះ អាចមានប្រសិទ្ធភាពគ្រប់ពេលនោះទេ។

 A group of people sit and talk beneath a sign which reads "Community Health Center Cancer Support Group Today."
ប្រសិនបើអ្នកមានជំងឺមហារីក ជាការប្រសើរគួរស្វែងមិត្តភក្តិ និងដំបូន្មានពីអ្នកមានមហារីក ឬបានរស់រានពីជំងឺនេះ។

ការព្យាបាលមហារីកដ៏ល្អបំផុត គឺការព្យាបាលដែលលើកកម្ពស់សុខភាពទូទៅនិងសុខុមាលភាពរបស់អ្នកជំងឺ ព្រមទាំងធ្វើឲ្យគាត់ចូលរួមក្នុងការព្យាបាលរបស់ខ្លួន។ នៅពេលស្វែងរកការព្យាបាល ចូរទៅរកវេជ្ជបណ្ឌិតឬគ្រូបុរាណដែលអ្នកស្គាល់និងទុកចិត្ត។

អ្នកដែលយល់ដឹងល្អបំផុតពីជំងឺមហារីក គឺអ្នកដែលមានជីវិតរស់រានពីជំងឺនេះ។ អ្នករស់រានទាំងអស់មានសាច់រឿងផ្ទាល់ខ្លួនទាក់ទងនឹងអ្វីដែលបានជួយគេ និងអ្វីដែលមិនបានជួយ។

ពេលខ្លះជំងឺមហារីកត្រូវការការព្យាបាលដោយប្រើឱសថខ្លាំងៗដែលបណ្តាលឲ្យមានផលរំខានពីកម្រិតធ្ងន់ទៅកម្រិតស្រាល។ ជាករណីកម្រណាស់ដែលមហារីកត្រូវបានធ្វើឲ្យសះស្បើយដោយការព្យាបាលតែមួយ មុខ, មិនថាវាជាថ្នាំពេទ្យ ឱសថរុក្ខជាតិ របបអាហារ ឬការព្យាបាលដទៃទៀតក៏ដោយ។ ការព្យាបាលដ៏ល្អបំផុត គឺរួមផ្សំការព្យាបាលបែបរូបសាស្ត្រ, ដូចជាឱសថមហារីក ឬការព្យាបាលម្ចុលវិទ្យាសាស្ត្រ, រួមជាមួយនឹងការលើកកម្ពស់សុខុមាលភាពដោយការបរិភោគអាហារសុខភាព។ ការគាំទ្រផ្លូវចិត្តនិងព្រលឹង ក៏មានសារសំខាន់ផងដែរ ដូចជាតាមរយៈក្រុមទ្រទ្រង់ ការផ្តល់ប្រឹក្សា ការសូត្រធម៌ ឬការសមាធិ។

ពេលដែលមហារីកមិនអាចព្យាបាលបាន

មហារីកខ្លះអាចព្យាបាលបាន ប៉ុន្តែខ្លះទៀតមិនអាចព្យាបាលបានទេ ជាពិសេសនៅពេលដែលមហារីកនោះបានរាលដាលទៅផ្នែកជាច្រើននៃរាងកាយ។

ជាញឹកញាប់ នៅពេលដែលមហារីកត្រូវបានរកឃើញយឺត នោះវាមិនអាចព្យាបាលបានទេ។ ដូច្នេះជាការល្អបំផុត គួរស្នាក់នៅផ្ទះទទួលការថែទាំពីគ្រួសារ។ រយៈកាលនេះអាចមានការលំបាកជាខ្លាំង។ មនុស្សដែលមានមហារីកគួរតែបរិភោគឲ្យបានល្អតាមដែលអាច និងសម្រាកឲ្យបានច្រើន។ ថ្នាំសម្រាប់ការឈឺចាប់ សម្រាប់សម្រួលអារម្មណ៍ និងបញ្ហាដេកមិនបាន អាចជួយឲ្យអ្នកជំងឺមហារីកមានផាសុកខ្លះ។ ការនិយាយជាមួយអ្នកជិតស្និតអាចជួយរៀបចំសម្រាប់សេចក្តីស្លាប់ និងផែនការគ្រួសារនៅថ្ងៃមុខ។ ពេលខ្លះអ្នកថែទាំអាចស្វែងរកការគាំទ្រនិងជំនួយថែទាំ ពីសង្គហដ្ឋាន(អង្គការដែលជួយមនុស្សក្នុងដំណាក់កាលចុងក្រោយនៃជីវិត)។

មហារីកដោះ

មហារីកដោះមានមូលហេតុច្រើនយ៉ាង ដូចជាការប៉ះពាល់នឹងសារធាតុគីមីពុលចេញពីថ្នាំសម្លាប់សត្វល្អិត ប្រេង ផលិតផលសម្អាត និងការបំពុលខ្យល់។ ប្រសិនបើម្តាយរបស់ស្ត្រីម្នាក់ ឬបងស្រីរបស់ស្ត្រីម្នាក់ មានមហារីកដោះ នោះស្ត្រីនេះមានឱកាសខ្ពស់ក្នុងការកើតមហារីកដោះដែរ។ មហារីកដោះកើតមានញឹកញាប់បំផុតលើស្ត្រីអាយុលើសពី៥០ឆ្នាំ។

មហារីកដោះជាទូទៅរីកធំយឺតៗ ហើយពេលខ្លះអាចព្យាបាលសះស្បើយបើរកឃើញឆាប់។ ស្ត្រីអាចរកមើលសញ្ញានៃមហារីកដោះ ដោយការពិនិត្យដោះខ្លួនឯង។ រកមើលដុំនិងការហូរចេញនូវទឹកមិនធម្មតាតាមក្បាលដោះ។ ប្រសិនបើស្ត្រីធ្វើដូច្នេះមួយខែម្តង គាត់នឹងដឹងច្បាស់ពីលក្ខណៈនៃដោះរបស់គាត់ ហើយនិងដឹងយ៉ាងងាយបើដោះមានការប្រែប្រួល។


របៀបពិនិត្យដោះរបស់អ្នក

Km EHB Ch16 Page 329-1.png
  1. ១. សំឡឹងមើលដោះរបស់អ្នកតាមកញ្ចក់។ លើកដៃឡើងលើក្បាល។ រកមើលការផ្លាស់ប្តូរទ្រង់ទ្រាយដោះ ឬដុំហើម ឬការផ្លាស់ប្តូរស្បែកឬក្បាលដោះ។ បន្ទាប់មកដាក់ដៃនៅចំហៀងខ្លួន រួចពិនិត្យឡើងវិញ។
  2. Km EHB Ch16 Page 329-2.png
  3. ២. ដេកចុះ។ លាម្រាមដៃឲ្យត្រង់ សង្កត់ទៅលើដោះរបស់អ្នក ហើយរកមើលដុំនៅត្រង់កន្លែងណាមួយ។
  4. Km EHB Ch16 Page 329-3.png
  5. ៣. ត្រូវប្រាកដថាបានស្ទាបនៅគ្រប់កន្លែងទាំងអស់នៅលើដោះរបស់អ្នក។ គួរធ្វើចលនាប្រអប់ដៃឲ្យដូចៗគ្នានៅរាល់ពេលពិនិត្យម្តងៗ ដូចជាបង្វិលប្រអប់ដៃជារង្វង់ ឬបង្អូសប្រអប់ដៃជាបន្ទាត់ត្រង់។

គួរធ្វើដូចម្តេចប្រសិនបើអ្នករកឃើញដុំ

ប្រសិនបើដុំនោះរលោងឬយឺត ហើយមានចលនាចុះឡើងពីក្រោមស្បែកនៅពេលអ្នកយកម្រាមដៃរុញវា នោះសូមកុំបារម្ភអី។ ប៉ុន្តែប្រសិនបើវារឹង មានទ្រង់ទ្រាយមិនស្មើ និងគ្មានការឈឺចាប់, ត្រូវតាមដានវាបន្ត ទៀត ជាពិសេសប្រសិនបើដុំនោះនៅក្នុងដោះតែមួយ និងមិនមានចលនានៅពេលអ្នករុញវា។ ប្រសិនបើដុំនោះនៅតែមានដដែលបន្ទាប់ពីមករដូវក្នុងខែបន្ទាប់មកទៀត នោះត្រូវទៅជួបបុគ្គលិក សុខាភិបាល។ នេះអាចជាសញ្ញានៃមហារីកដោះ។ គួរទៅជួបបុគ្គលិសុខាភិបាលផងដែរ ប្រសិនបើមានការហូរទឹកមិនធម្មតាតាមក្បាលដោះ ដែលមើលទៅដូចជាឈាមឬខ្ទុះ។