Hesperian Health Guides
បញ្ហាសុខភាពបន្តពូជ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៦. គ្រោះថ្នាក់បណ្តាលមកពីសារធាតុគីមីពុល > បញ្ហាសុខភាពបន្តពូជ
សារធាតុគីមីពុលអាចបំផ្លាញលទ្ធភាពរបស់យើងក្នុងការផ្តល់កំណើតដល់កុមារដែលមានសុខភាពល្អ។ បញ្ហាសុខភាពបន្តពូជ ប៉ះពាល់ដល់ស្ត្រីក្នុងវ័យបន្តពូជច្រើនជាងគេ ប៉ុន្តែវាក៏អាចប៉ះពាល់ដល់បុរសនិងស្ត្រីក្នុងពេលណាមួយនៃជីវិត។
សារធាតុគីមីខ្លះធ្វើឲ្យមានការរលូតកូន ឬភាពគ្មានកូនចំពោះបុរសនិងស្ត្រី។ វាធ្វើឲ្យទៅជាដូច្នេះបាន ដោយការចូលទៅរំខានក្នុងអ័រមូន(ជាសារធាតុគីមីធម្មជាតិដែលរាងកាយផលិតឡើង ដើម្បីគ្រប់គ្រងការលូតលាស់និងដំណើរការដទៃទៀត ដូចជាការមករដូវរបស់ស្ត្រី និងការបន្តពូជ)។ សារធាតុគីមីខ្លះធ្វើ សកម្មភាពដូចជាអ័រមូនដែរ នៅពេលវាបានចូលទៅក្នុងរាងកាយយើង។ វាអាចធ្វើឲ្យអ័រមូនធម្មជាតិរបស់យើងវង្វេងវង្វាន់ ព្រោះវាបញ្ជូនសញ្ញាមិនពិត។ ដោយហេតុនេះហើយ សារធាតុគីមីនេះពេលខ្លះគេហៅថា អ្នកបង្អាក់អ័រមូន។
មាតិកា
អ័រមូនបន្តពូជធ្វើការយ៉ាងដូចម្តេច
អ័រមូននារី ដែលហៅថាអ៊ឺស្ត្រូសែន និងប្រូហ្សែស្តេរូន ធ្វើឲ្យមានការផ្លាស់ប្តូររាងកាយកុមារី ទៅជាភាពពេញវ័យ។ វាធ្វើឲ្យអូវ៉ែរបស់នាងបញ្ចេញពងមួយជារៀងរាល់ខែ, បញ្ឍប់ឈាមរដូវនៅពេលមានផ្ទៃពោះ, និងធ្វើឲ្យដោះរបស់គាត់ផលិតទឹកដោះនៅក្រោយពេលសម្រាល។ អ័រមូននេះក៏កំណត់អំពីរបៀបលូតលាស់របស់ទារកនៅក្នុងស្បូនផងដែរ។
សារធាតុគីមីដែលបង្អាក់អ័រមូន
សារធាតុគីមីដែលជាអ្នកបង្អាក់អ័រមូន អាចធ្វើឲ្យក្មេងស្រីចាប់ផ្តើមមានរដូវឆាប់ មានរដូវមិនទៀងទាត់ ឬគ្មានរដូវតែម្តង។ ការបង្អាក់តួនាទីធម្មតារបស់អ័រមូន ក៏អាចធ្វើឲ្យមានគភ៌ក្រៅស្បូនផងដែរ ដែលជាបញ្ហាមួយដ៏គ្រោះថ្នាក់ អាចសម្លាប់ស្ត្រីបាន។
សារធាតុគីមីខ្លះសូម្បីតែក្នុងបរិមាណតិចតួចក៏ដោយ ដូចជា PCBs, ឌីអុកស៊ីន, និងប្លាស្ទិកមួយចំនួន អាចបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរទៅលើសុខភាពបន្តពូជ។ សារធាតុគីមីទាំងនេះភាគច្រើនមិនអាចមើលឃើញឬធុំក្លិនទេ។ វាអាចមិនបង្កឲ្យមានបញ្ហាក្នុងពេលប៉ះពាល់ភ្លាម ប៉ុន្តែនៅតែអាចបង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរនៅប៉ុន្មានឆ្នាំក្រោយ ឬនៅជំនាន់ក្រោយ។
ជំងឺអង់ដូមេទ្រីយោ
អង់ដូមេទ្រីយោ គឺជាជំងឺធ្ងន់ធ្ងរមួយដែលបណ្តាលឲ្យស្រទាប់ក្នុងស្បូន លូតលាស់ចេញក្រៅស្បូន។ គ្មាននរណាម្នាក់ប្រាកដថាអ្វីជាមូលហេតុនៃជំងឺអង់ដូមេទ្រីយោនេះទេ។ ប៉ុន្តែដោយសារវាកើតមានញឹកញាប់នៅក្នុងតំបន់ឧស្សាហកម្ម និងកន្លែងដែលមានការបំពុលច្រើន ដូច្នេះមូលហេតុមួយរបស់វាអាចជាការបំពុលនៃឧស្សាហកម្ម។ ជំងឺនេះអាចធ្វើឲ្យឈឺចាប់ជាខ្លាំង។ វាក៏អាចធ្វើឲ្យពិបាកមានផ្ទៃពោះដែរ។
រោគសញ្ញា
រោគសញ្ញាសំខាន់របស់អង់ដូមេទ្រីយោ គឺការឈឹចាប់ក្នុងពេលមានរដូវ និងឈឺចាប់នៅផ្នែកខាងក្រោមនៃខ្នងនិងពោះ។ សញ្ញាដទៃទៀតមាន ៖
- ធ្លាក់ឈាមរដូវច្រើន ឬការធ្លាក់ឈាមតាមទ្វារមាស ខុសពីពេលមានរដូវ។
- ឈឺចាប់នៅពេលរួមភេទ។
- ឈឺចាប់ពេលបន្ទោរបង់លាមក ជាញឹកញាប់មានរាក ឬទល់លាមក។
- ហើមពោះ ក្អួត ចង្អោរ ឈឺខ្នងផ្នែកខាងក្រោម និងអស់កម្លាំង។
ទាំងអស់នេះក៏អាចជាសញ្ញានៃបញ្ហាសុខភាពផ្សេងទៀតដែរ។ ដើម្បីឲ្យដឹងថាវាជាអង់ដូមេទ្រីយោ ឬក៏ជាជំងឺធ្ងន់ធ្ងរដទៃទៀត ត្រូវទៅជួបបុគ្គលិកសុខាភិបាលដែលបានទទួលការហ្វឹកហ្វឺនច្បាស់លាស់ភ្លាម។
ក៏ប៉ុន្តែបុក្គលិកសុខាភិបាលជាច្រើន មិនសូវស្គាល់ជំងឺអង់ដូមេទ្រីយោនេះទេ។ ដូច្នេះនៅពេលដែល អ្នកមានសញ្ញាជាច្រើននៃជំងឺនេះ ហើយបុគ្គលិកសុខាភិបាលម្នាក់បានប្រាប់អ្នកថាអ្នកមិនមានអង់ដូមីទ្រីយោទេ នោះអ្នកគួរស្វែងរកយោបល់ពីបុគ្គលិកសុខាភិបាលណាមួយផ្សេងទៀត ប្រសិនបើអាច។
ការបង្ការ និងការព្យាបាល
អ្នកអាចប្រើថ្នាំពន្យារកំណើត ដើម្បីកាត់បន្ថយការឈឺចាប់ និងការហូរឈាមខ្លាំង ឬមិនទៀងទាត់។ ពិភាក្សាជាមួយបុគ្គលិកសុខាភិបាល។ អ្នកក៏អាចកាត់បន្ថយការឈឺចាប់ ដោយប្រើប្រាស់ថ្នាំពេទ្យខ្លះដូចជា អ៊ីបុយប្រូហ្វែន(ibuprofen )។ សូមអានសៀវភៅសុខភាពដូចជា ទីណាស្ត្រីគ្មានវេជ្ជបណ្ឌិត ដើម្បីរកមធ្យោបាយសម្រាប់ព្យាបាលការឈឺចាប់។
ចំពោះស្ត្រីខ្លះ ការផ្លាស់ប្តូររបបអាហារហាក់ដូចជាអាចកាត់បន្ថយការឈឺចាប់ និងរោគសញ្ញារបស់ជំងឺនេះ។ ដោយសារអង់ដូមេទ្រីយោត្រូវបានបង្កឡើងដោយអរ័មូនអឺស្ត្រូហ្សែន ដូចនេះត្រូវជៀសវាងអាហារដែលមានអ៊ឺស្ត្រូហ្សែន ឬសារធាតុដែលដូចអឺស្ត្រូហ្សែននេះ ដូចជា ៖
- សាច់និងផលិតផលទឹកដោះគោពីសត្វដែលផ្តល់អរ័មូន ឬសត្វដែលស៊ីធញ្ញជាតិដែលមានថ្នាំសម្លាប់សត្វល្អិត។
- បន្លែនិងផ្លែឈើដែលបានបាញ់ថ្នាំសម្លាប់សត្វល្អិត។
- សណ្តែកសៀង និងអាហារដែលធ្វើពីសណ្តែកសៀង សណ្តែកដី និងបន្លែដទៃទៀត។
វាក៏អាចជួយផងដែរដោយជៀសវាងអាហារដែលធ្វើឲ្យរាងកាយយើងបង្កើតអ៊ឺស្ត្រូហ្សែន ឬសារធាតុដែលមានឥទ្ធិពលដូចអ៊ឺស្ត្រូហ្សែន ដូចជាត្រប់ ដំឡូងបារាំង ប៉េងប៉ោះ ម្រេច កាហ្វេ សូកូឡា តែ និងភេសជ្ជៈកូឡា។
អាហារខ្លះអាចជួយរាងកាយឲ្យប្រឆាំងនឹងអង់ដូមេទ្រីយោ ដូចជា ៖
- អាហារដែលមានសរសៃ ដូចជាគ្រាប់ធញ្ញជាតិទាំងមូល សណ្តែក និងអង្ករសម្រូប។
- អាហារដែលមានខ្លាញ់មានប្រយោជន៍ ហៅថា អាស៊ីតខ្លាញ់អូមេហ្គា៣ ដូចជាគ្រាប់វ៉លណាត់ គ្រាប់ល្ពៅ ត្រីសូម៉ុង និងត្រីខ្លាញ់ដទៃទៀត។
- បន្លែបៃតងចាស់ ស្ពៃក្តោប ខាត់ណា ផ្កាស្ពៃ ល្ង ល្វា និងគ្រាប់អាល់ម៉ុង។