Hesperian Health Guides
ការរៀបចំផែនការជាមួយសហគមន៍
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៧. ផ្ទះដែលមានសុខភាពល្អ > ការរៀបចំផែនការជាមួយសហគមន៍
ការសាងសង់ផ្ទះតម្រូវឲ្យមានប្រជាជនចូលរួមដើម្បីធ្វើការរួមគ្នា។ ប្រសិនបើអ្នកធ្វើផែនការ អ្នកសាងសង់ ភ្នាក់ងារអភិវឌ្ឍន៍ អ្នកផ្តល់លំនៅដ្ឋាន លើកទឹកចិត្តប្រជាជនឲ្យធ្វើការងាររួមគ្នាក្នុងរបៀបដែលលើកកម្ពស់ការអប់រំ ចែករំលែកជំនាញ និងចូលរួមពេញទំហឹង ពេលនោះពួកគេមិនត្រឹមតែសាងសង់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសាងសង់សហគមន៍ប្រកបដោយសុខភាពទៀតផង។
ការសាងសង់ផ្ទះនិងសហគមន៍
ជាច្រើនឆ្នាំមកហើយ ប្រជាជននៅអាហ្វ្រិកខាងត្បូង បានរស់នៅក្នុងវិបត្តិលំនៅដ្ឋាន ដែលធ្វើឲ្យភាពក្រីក្រ និងបញ្ហាសុខភាពរបស់គេកាន់តែធ្ងន់ធ្ងរឡើង។ រដ្ឋាភិបាលបានព្យាយាមដោះស្រាយបញ្ហានេះ ដោយការសាងសង់ផ្ទះសម្រាប់ប្រជាជនក្រីក្រ។ ប៉ុន្តែផ្ទះថ្មីៗទាំងនោះ មានទំហំតូច ងងឹត និងជិតគ្នាខ្លាំង ហើយការសាងសង់នោះធ្វើឲ្យវាមានភាពក្តៅពេក ឬត្រជាក់ពេក។ ផ្ទះទាំងនេះនៅឆ្ងាយពីសាលារៀន មណ្ឌលសុខភាព និងផ្សារ មានលទ្ធភាពតិចក្នុងការទទួលទឹកប្រើប្រាស់ អនាម័យមិនល្អ មិនជួយបញ្ចេញ អាកាសធាតុអាក្រក់ និងតម្រូវឲ្យជួសជុលញឹកញាប់។ ផ្ទះទាំងនេះបានត្រឹមតែធ្វើឲ្យប្រជាជនក្រីក្រនៅតែក្រដដែល។
ឆ្លើយតបទៅនឹងបញ្ហាទាំងនេះ ក្រុមមួយដែលមានឈ្មោះថា តូលេហ្គោ(Tlholego) បានមកចូលរួមសាងសង់ ភូមិប្រភេទថ្មីមួយ។ ពួកគេសាងសង់ផ្ទះដោយប្រើប្រាស់សម្ភារៈដែលមានក្នុងតំបន់ ដូចជាដី និងចំបើង។ ដោយប្រើប្រាស់ឥដ្ឋភក់នៅលើគ្រឹះថ្ម ពួកគេបានសាងសង់ផ្ទះជាច្រើនដែលមានសុខភាព និងសោភ័ណភាព ក្នុងតម្លៃទាបបំផុតដែលអាចធ្វើបាន(ច្រើនជាង១០០០ដុល្លាបន្តិចបន្តួចសម្រាប់ផ្ទះនីមួយ)។
បន្ថែមពីលើផាសុក ផ្ទះទាំងនេះត្រូវបានសាងសង់ឡើងដើម្បីទាញផលប្រយោជន៍ពីស្ថានភាពក្នុងតំបន់ឲ្យបានល្អបំផុត។ ពួកគេមានអគ្គិសនី មានអាងទឹកសម្រាប់ប្រមូលទឹកភ្លៀង មានសួនដំណាំដែលស្រោចដោយទឹកសំណល់ពីផ្ទះបាយ មានបង្គន់កំប៉ុស ទឹកត្រូវបានកម្តៅដោយព្រះអាទិត្យ និងមានសំណាញ់បង្អួចការពារសត្វល្អិតចូល។ ដោយមានបង្អួចបែរទៅរកព្រះអាទិត្យ ម្លប់ឈើនៅជុំវិញផ្ទះ និងជញ្ជាំងឥដ្ឋភក់ដ៏រឹងមាំ, ផ្ទះត្រូវបានការពារពីភាពក្តៅពេកនិងត្រជាក់ពេក។ ក្រុមតូលេហ្គោបានបង្រៀនប្រជាជនអំពីរបៀបសាងសង់ផ្ទះ។ ទាំងនេះអាចសន្សំសំចៃថវិកាសាងសង់ និងប្រាកដថាគ្រួសារនីមួយៗមានផ្ទះមួយដែលគេមានមោទនភាពនឹងរស់នៅ។
ផ្ទះទាំងនេះត្រូវបានសាងសង់ជុំវិញទីធ្លារួម ដូចជា ផ្លូវថ្នល់ សួនដំណាំ និងអាគារសាធារណៈ។ តាមរបៀបនេះ ផ្ទះនីមួយៗគឺជាផ្នែកមួយនៃសហគមន៍ធំ។ ក្រុមតូលេហ្គោបានរៀបចំកម្មវិធីអប់រំនិងបណ្តុះបណ្តាលសម្រាប់មនុស្សធំ និងសាលារៀនដែលកុមារអាចរៀនអាននិងរៀនលេខ និងក៏រៀនអំពីការធ្វើកសិកម្ម សុខភាព និងបរិស្ថានទៀតផង។
តូលេហ្គោគឺជា "ភូមិអេកូ" (ភូមិដែលមានលំនឹងបរិស្ថាន), ជាភូមិដែលបានសាងសង់យ៉ាងសុខុដុមជាមួយបរិស្ថាន និងតម្រូវការរបស់ប្រជាជន។ ជាជាងការសាងសង់ផ្ទះថោកៗសម្រាប់ប្រជាជនក្រីក្រ ក្រុមតូលេហ្គោ បានសាងសង់សហគមន៍វិញ។ តាមរយៈភាពជោគជ័យរបស់ខ្លួន ក្រុមតូលេហ្គោបានបង្ហាញថា ប្រជាជនដែលត្រូវបានបង្ខំឲ្យរស់នៅក្នុងភាពក្រីក្រ ក៏អាចមានលទ្ធភាពក្នុងការប្រើប្រាស់ធនធានរបស់ខ្លួនក្នុងការសាងសង់ផ្ទះនិងសហគមន៍ដែលមានកិត្តិយសថ្លៃថ្នូរ។