Hesperian Health Guides

១៧. ផ្ទះដែលមានសុខភាពល្

នៅក្នុងជំពូកនេ:

An overhead view of a village.

ផ្ទះដែលល្អបំផុតគឺមិនត្រឹមតែជាអាគារសម្រាប់ជ្រកប៉ុណ្ណោះទេ។ ផ្ទះគួរតែជាកន្លែងដែលគ្មានគ្រោះថ្នាក់ ដែលទ្រទ្រង់ដល់សុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត និងផ្នែកសង្គម, ព្រមទាំងផ្តល់នូវកិត្តិយស និងភាពជាសហគមន៍ទៀតផង។ ផ្ទះដែលមានសុវត្ថិភាព ការពារពីកម្តៅនិងភាពត្រជាក់, ភ្លៀង និងពន្លឺព្រះអាទិត្យ, ខ្យល់, សត្វល្អិត, មហន្តរាយផ្សេងៗដូចជាទឹកជំនន់ រញ្ជួយដី, ព្រមទាំងភាពបំពុលនិងជំងឺ។

ជាអកុសលស្ថានភាពរស់នៅរបស់ប្រជាជនជាច្រើន មិនបានការពារសុខភាពរបស់គេទេ។ ស្ថានភាពរស់មិនល្អ អាចបណ្តាលឲ្យមានជំងឺ ឬក៏ធ្វើឲ្យបញ្ហាសុខភាពដែលមានរួចកាន់តែធ្ងន់ឡើង។ ទោះបីប្រជាជនដែលរស់នៅរួមគ្នា ឬដាច់ឆ្ងាយពីគ្នាក៏ដោយ លំនៅដ្ឋានមិនល្អ ការបំពុលខ្យល់ក្នុងផ្ទះ ការរាតត្បាតជំងឺ និងសារធាតុគីមីពុលក្នុងផលិតផលនៅក្នុងផ្ទះ អាចបណ្តាលឲ្យមានជំងឺជាច្រើន។

ពេលដែលប្រជាជនជាច្រើនផ្លាស់ទីលំនៅពីតំបន់ជនបទទៅកាន់ទីក្រុង មធ្យោបាយដែលគេរស់នៅនិង ថែទាំផ្ទះរបស់ខ្លួន មានការផ្លាស់ប្តូរ ហើយជាញឹកញាប់គឺកាន់តែអាក្រក់ឡើង។ មនុស្សដែលចំណាយពេលវេលាច្រើននៅក្នុងផ្ទះ ដូចជាកុមារ មនុស្សចាស់ជរា អ្នកមានបញ្ហាសុខភាពយូរអង្វែង ដូចជាអ្នកជំងឺអេដស៍ គឺជាអ្នកទទួលរងគ្រោះជាងគេបំផុត។

វិធីកែលម្អស្ថានភាពរស់នៅតាមរយៈការធ្វើឲ្យផ្ទះកាន់តែមានសុវត្ថិភាពនិងផាសុក គឺអាស្រ័យលើ ទំនៀមទម្លាប់ក្នុងតំបន់ សម្ភារៈដែលមាន និងអាកាសធាតុ។ ជាអកុសល វាក៏អាស្រ័យលើចំណូល និងភាពជាម្ចាស់កម្មសិទ្ធិផងដែរ។ មនុស្សដែលជួលផ្ទះរស់នៅ ជាញឹកញាប់មានការគ្រប់គ្រងតិចតួចទៅលើស្ថានភាពរស់នៅរបស់ខ្លួន ហើយត្រូវពឹងផ្អែកលើម្ចាស់ផ្ទះក្នុងការកែលម្អផ្សេង។ ប្រជាជនដែលនៅក្នុងខ្ទមរខេករខាក នៅជាយសហគមន៍ ឬជំរក"បណ្តោះអាសន្ន"(ជាញឹកញាប់បានក្លាយទៅជាអចិន្ត្រៃយ៍) បានរស់នៅក្នុងផ្ទះដែលផ្តល់សន្តិសុខឬផាសុកតិចតួច។ ប៉ុន្តែទោះបីអ្នកនោះជាម្ចាស់ ជាអ្នកជួល ឬក៏រស់នៅជាបណ្តោះអាសន្នក៏ដោយ ការធ្វើការងារជាមួយអ្នកជិតខាង គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការកែលម្អស្ថានភាពរស់នៅក្នុងឃុំទាំងមូល។