Hesperian Health Guides
បញ្ហានៃការដុតកាកសំណល់
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៩. កាកសំណល់នៃការថែទាំសុខភាព > បញ្ហានៃការដុតកាកសំណល់
នៅក្នុងជំពូកនេ:
- ១៩. កាកសំណល់នៃការថែទាំសុខភាព
- បញ្ហាសុខភាពចេញពីកាកសំណល់នៃការថែទាំសុខភាព
- បញ្ហានៃការដុតកាកសំណល់
- ការបង្ការគ្រោះថ្នាក់ពីកាកសំណល់នៃការថែទាំសុខភាព
- ការរម្ងាប់មេរោគដោយប្រើសារធាតុគីមី
- ការរម្ងាប់មេរោគដោយប្រើកម្តៅ
- បន្ទាប់ពីការរម្ងាប់មេរោគ
- ការរម្ងាប់មេរោគនិងការចោលសម្ភារៈមុតស្រួច
- ការចោលកាកសំណល់ឆ្លង
- កម្មវិធីផ្តល់ថ្នាំបង្ការ
- ការកប់កាកសំណល់នៃការថែទាំសុខភាព
- ការចោលកាកសំណល់គីមីដោយសុវត្ថិភាព
- វាយតម្លៃកាកសំណល់នៃការថែទាំសុខភាព
- ដំណោះស្រាយសម្រាប់សហគមន៍
ដើម្បីបំផ្លាញកាកសំណល់នៃការថែទាំសុខភាព និងមេរោគដែលមានក្នុងវា គ្លីនិកនិងមន្ទីរពេទ្យជាច្រើនដុតវានៅក្នុងឡសំរាម។ ការដុតកាកសំណល់នៃការថែទាំសុខភាព ហាក់ដូចជាដំណោះស្រាយងាយស្រួល ព្រោះគ្រាន់តែប្រមូលកាកសំណល់ជាច្រើនប្រភេទ រួចបោះចូលក្នុងឡសំរាមប៉ុណ្ណោះ។ ប៉ុន្តែការដុតកាកសំណល់តាមរបៀបនេះ បង្កើតបញ្ហាសុខភាពច្រើនជាងអ្វីដែលវាដោះស្រាយទៅទៀត។
ការដុតកាកសំណល់, មិនថាដុតកណ្តាលវាល ឬក្នុងឡទេ, សុទ្ធតែបញ្ចេញសារធាតុគីមីពុលទៅក្នុងខ្យល់ ក្នុងទម្រង់ជាផ្សែង និងទៅក្នុងដីនិងទឹកក្រោមដី ក្នុងទម្រង់ជាផេះ។ កាកសំណល់ដែលមានជាតិបារត សំណ និងលោហៈធ្ងន់ដទៃទៀត បញ្ចេញសារធាតុពុលទាំងនេះទៅក្នុងបរិស្ថាននៅពេលដុត។
រៀងរាល់កាកសំណល់៣បាវដែលបានដុត | វាបង្កើតជាផេះពុល១បាវ ហើយសារធាតុគីមីពុលដទៃទៀតចូលទៅក្នុងខ្យល់ ដី និងទឹក។ |
![]() |
ប្លាស្ទិកដែលប្រើសម្រាប់ផលិតថង់សេរ៉ូម និងថង់ឈាម, បំពង់ដាក់ឈាម, និងសឺរ៉ាំងមួយចំនួន បញ្ចេញសារធាតុគីមីពុលកម្រិតខ្ពស់(ហៅថាឌីអុកសាំង និងហ្វុយរ៉ាន) នៅពេលដុត។ សារធាតុគីមីទាំងនេះគ្មានពណ៌ ឬក្លិន និងអាចបង្កជំងឺមហារីក, ធ្វើស្ត្រីនិងបុរសគ្មានកូន, និងនាំឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរដទៃទៀត(មើលជំពូក១៦ និងជំពូក២០)។
ជួនកាលឡសំរាមមិនត្រូវបានដុតក្តៅគ្រប់គ្រាន់ ឬយូរគ្រប់គ្រាន់ ដើម្បីដុតកាកសំណល់បានសព្វទេ។ ឡសំរាមខ្លះត្រូវបានសាងសង់ឡើងសម្រាប់ដុតកាកសំណល់ជាក់លាក់ ដូចជាកាកសំណល់នៃការផ្តល់ថ្នាំបង្ការ ប៉ុន្តែបែរជាត្រូវបានប្រើសម្រាប់ដុតថ្នាំពេទ្យ ថ្នាំសម្លាប់សត្វល្អិត និងសារធាតុពុលដទៃទៀតទៅវិញ។
ជាញឹកញាប់ ជំហានដំបូងៗក្នុងការរៀបចំកាកសំណល់នៃការថែទាំសុខភាពឲ្យមានសុវត្ថិភាព គឺត្រូវបែងចែកសម្ភារៈដែលអាចកែច្នៃ ឬប្រើប្រាស់ឡើងវិញបាន បន្ទាប់មករម្ងាប់មេរោគលើកាកសំណល់ដែលផ្ទុកមេរោគគ្រោះថ្នាក់។ តាមរយៈការប្រើប្រាស់មធ្យោបាយជំនួសការដុតសំរាមក្នុងឡ, ពាក្យសច្ចាប្រណិធានរបស់បុគ្គលិកសុខាភិបាលដែលថា “មិនបង្កគ្រោះថ្នាក់” នឹងអាចប្រើប្រាស់បានសូម្បីតែចំពោះកិច្ចការពិបាកៗនៃការចោលកាកសំណល់។