Hesperian Health Guides
សារធាតុគីមីបង្កគ្រោះថ្នាក់ដល់កុមារដោយរបៀបណា
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៦. គ្រោះថ្នាក់បណ្តាលមកពីសារធាតុគីមីពុល > សារធាតុគីមីបង្កគ្រោះថ្នាក់ដល់កុមារដោយរបៀបណា
ដោយសាររាងកាយរបស់កុមារមានទំហំតូច ទើបបរិមាណសារធាតុគីមីដែលមិនធ្វើឲ្យមានគ្រោះថ្នាក់ដល់មនុស្សធំ អាចបង្ក គ្រោះថ្នាក់ធ្ងន់ធ្ងរដល់កុមារ។ |
- កុមារតូចៗស្ថិតនៅជិតដីជាងមនុស្សធំ ហើយទំនងជាអាចស៊ី ដកដង្ហើម ឬប៉ះពាល់សារធាតុគីមីដែលរសាត់និងប្រមូលផ្តុំលើដី។
- កុមារដកដង្ហើមញាប់ជាងមនុស្សធំ និងងាយស្រួលមានជំងឺដោយសារបំពុលខ្យល់។
- កុមារច្រើនតែដាក់ដៃ វត្ថុលេង និងវត្ថុដទៃទៀតចូលក្នុងមាត់របស់វា ដូច្នេះវាកាន់តែងាយ ស៊ីវត្ថុដែលបង្កគ្រោះថ្នាក់ដល់វា។
- ផ្នែកខ្លះនៃរាងកាយដែលការពារមនុស្សធំពីសារធាតុពុល នៅមិនទាន់អភិវឌ្ឍពេញរូបរាងក្នុងខ្លួនកុមារនិងទារកទេ។
- ក្នុងពេលដែលសរីរាង្គកុមារកំពុងអភិវឌ្ឍន៍ វាងាយទទួលរងភាពខូចខាតដោយសារធាតុគីមី។
មាតិកា
សារធាតុពុលនៅដំណាក់កាលផ្សេងៗនៃការលូតលាស់របស់កុមារ
នៅពេលរាងកាយកំពុងលូតលាស់និងផ្លាស់ប្តូរឆាប់រហ័ស(ក្នុងរយៈកាលទារក កុមារភាព និងយុវវ័យ) ទោះបីសារធាតុគីមីក្នុងបរិមាណតិចតួចក៏ដោយ ក៏អាចបង្កឲ្យមានការផ្លាស់ប្តូរដ៏មានគ្រោះថ្នាក់និងយូរអង្វែងលើរាងកាយកុមារដែរ។
មុនពេលមានផ្ទៃពោះ
ប្រសិនបើប្រព័ន្ធបន្តពូជឬហ្សែនរបស់ម្តាយឬឪពុក ត្រូវបានបង្កគ្រោះថ្នាក់ដោយសារធាតុគីមី នោះទារកអាចត្រូវបានប៉ះពាល់ដែរ ទោះបីឪពុកម្តាយបានប៉ះពាល់នឹងសារធាតុគីមីមុនពេលមានផ្ទៃពោះក៏ដោយ។
នៅក្នុងស្បូន
សារធាតុគីមីដែលមានរួចហើយនៅក្នុងរាងកាយរបស់ម្តាយ អាចឆ្លងទៅទារកកំពុងលូតលាស់ក្នុងអំឡុងពេលមានផ្ទៃពោះ។ ឧទាហរណ៍ ម្តាយដែលបានប៉ះពាល់នឹងសំណកាលពីនៅក្មេង ក៏អាចនៅមានវានៅក្នុងឆ្អឹងនៅឡើយ។ នៅពេលគាត់មានផ្ទៃពោះ សំណនេះត្រូបានចម្លងទៅទារកនៅក្នុងស្បូន។
សារធាតុគីមីពុលជាច្រើនដែលស្ត្រីមានផ្ទៃពោះអាចនឹងប៉ះពាល់ ដូចជា PCBS, សំណ និងបារត, អាចឆ្លងកាត់តាមសុកចូលទៅក្នុងគភ៌ដែលកំពុងលូតលាស់ និងបង្កឲ្យមានគ្រោះថ្នាក់។
ផ្សែងបារី ថ្នាំពេទ្យ និងស្រា ក៏អាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ទារកក្នុងស្បូនផងដែរ ហើយម្តាយគួរតែជៀសវាងវត្ថុទាំងនេះក្នុងអំឡុងពេលមានផ្ទៃពោះ។
ចាប់ពីកំណើតរហូតដល់២ឆ្នាំ
ទឹកដោះម្តាយល្អបំផុត! |
ស្បែកនិងប្រព័ន្ធរំលាយអាហាររបស់ទារក អនុញ្ញាតឲ្យសារធាតុគីមីយ៉ាងច្រើនឆ្លងចូលទៅក្នុងរាងកាយទារក។
សារធាតុគីមីខ្លះដែលម្តាយបានប៉ះពាល់ ក៏ត្រូវប្រមូលក្នុងទឹកដោះ រួចផ្ទេរទៅឲ្យទារកក្នុងពេលបំបៅដោះ។ សារធាតុពុលក៏អាចឆ្លងទៅទារក តាមរយៈទឹកសម្រាប់លាយទឹកដោះគោម្សៅ។ ទឹកដោះម្តាយនៅតែជាអាហារដ៏ល្អបំផុតសម្រាប់ទារក។ ជំនួសឲ្យការជៀសវាងការបំបៅដោះដើម្បីកុំឲ្យ សារធាតុគីមីចូលក្នុងខ្លួនទារក ម្តាយទាំងឡាយកំពុងព្យាយាមមិនឲ្យសារធាតុគីមីពុលចូលក្នុងទឹកដោះគាត់វិញ។
ទារកនិងក្មេងដើរតេះតះ ចូលចិត្តដាក់វត្ថុផ្សេងៗក្នុងមាត់របស់ខ្លួន។ នេះធ្វើឲ្យពួកគេកាន់តែងាយលេបសារធាតុមានគ្រោះថ្នាក់ចូលទៅទៀត។
ពី២ឆ្នាំ ទៅ១២ឆ្នាំ
កុមារដែលប៉ះពាល់នឹងសារធាតុពុល អាចមានការរៀនសូត្រយឺតយ៉ាវ ឆាប់ខឹង និងឡេះឡះ ឬបង្ហាញ សញ្ញាដទៃទៀតនៃការអភិវឌ្ឍន៍យឺតយ៉ាវ។ |
ពេលកុមារចាប់ផ្តើមដាក់ចូលទៅកន្លែងថែទាំកុមារ(ទារកដ្ឋាន) ឬទៅសាលារៀន ពួកគេអាចប៉ះពាល់នឹងសារធាតុគីមីថ្មីៗជាច្រើន។ ឧទាហរណ៍ ទីធ្លាសាលាមានបាញ់ថ្នាំសម្លាប់សត្វល្អិត។ កុមារដែលធ្វើការ ជាអ្នកខាត់ស្បែកជើង រើសអេតចាយ ឬមធ្យោបាយដទៃទៀតក្នុងការរកប្រាក់ ជាញឹកញាប់ត្រូវប៉ះពាល់នឹងសារធាតុគីមីពុល។ បន្ថែមលើការបង្កជំងឺ សារធាតុពុលអាចបង្កគ្រោះថ្នាក់ លើលទ្ធភាពនៃការសិក្សាទៀតដែរ។
អាយុពី១២ ទៅ១៨ឆ្នាំ
យុវវ័យគឺជារយៈពេលនៃការរីកលូតលាស់រូបកាយ និងផ្លាស់ប្តូរយ៉ាងឆាប់រហ័សដែលបង្កឡើងដោយសារអ័រមូន។ ការប៉ះពាល់នឹងសារធាតុពុល អាចប៉ះពាល់ដល់លទ្ធភាពរបស់មនុស្សវ័យក្មេងក្នុងការមានកូនសុខភាពល្អនៅថ្ងៃមុខ។
ពិការភាពពីកំណើត
ពិការភាពពីកំណើតបង្កឡើងដោយសារការខូចខាតហ្សែនរបស់មនុស្ស។ ដោយសារហ្សែនត្រូវបាននាំពីឪពុកម្តាយទៅកូន នោះគ្រោះថ្នាក់ដែលបណ្តាលមកពីសារធាតុគីមីពុល អាចប៉ះពាល់មិនត្រឹមតែមនុស្សនោះផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់នឹងកូនចៅគាត់ថែមទៀត។ មិនមែនពិការភាពពីកំណើតទាំងអស់ សុទ្ធតែបណ្តាលមកពីសារធាតុគីមីពុលនោះទេ ប៉ុន្តែពិការភាពនេះកើតឡើងជាញឹកញាប់នៅតំបន់ដែលឧស្សាហកម្មប្រើប្រាស់ឬផលិតសារធាតុគីមីឬកាកសំណល់ពុល។ ពិការភាពពីកំណើតនេះអាចមានច្រើន ទម្រង់ ខ្លះមានសភាពស្រាល(ត្រឹមតែស្នាមពីកំណើត) ខ្លះទៀតមានសភាពធ្ងន់ធ្ងរ(ដូចជាខួរក្បាលមិនលូតលាស់)។
ប្រសិនបើកូនរបស់អ្នកកើតមកមានពិការភាពពីកំណើត
ប្រសិនបើកូនរបស់អ្នកមានពិការភាពពីកំណើត អ្នកអាចមានអារម្មណ៍រន្ធត់ចិត្ត និងមិនប្រាកដអំពីវិធី ថែទាំកូនទេ។ ប៉ុន្តែអ្នកមិនមែនរស់នៅតែម្នាក់ឯងទេ!
ដឹងពីអារម្មណ៍ខ្លួនឯង។ ឪពុកម្តាយមានភាពរន្ធត់ បដិសេធ សោកសៅ និងមានកំហឹង។ ចូរកាន់ទុក្ខចំពោះ បាត់បង់កុមារដែលអ្នកគិតថានឹងមានសុខភាពល្អនោះចុះ។ និយាយអំពីអារម្មណ៍របស់អ្នកទៅកាន់ប្រជាជនដែលយល់ពីអ្នកនិងគាំទ្រអ្នក។
ស្វែងរកការគាំទ្រពីសហគមន៍។ សួរបុគ្គលិកសុខាភិបាល ឬបុគ្គលិកសង្គម ថាតើពួកគេស្គាល់ឪពុកម្តាយ ណាដែលមានកូនមានស្ថានភាពដូចគ្នានេះដែរទេ។ ចូលរួមឬចាប់ផ្តើមជាមួយឪពុកម្តាយដទៃទៀត ក្នុងការបង្កើតជាក្រុមជួយគាំទ្រ។ អ្នកនិងកូនរបស់អ្នក អាចរកឃើញសហគមន៍ដ៏ធំដែលយកចិត្តទុកដាក់ចំពោះអ្នក។
អំណរសាទរចំពោះកូនអ្នក។ ត្រូវចាំថាអ្នកត្រូវធ្វើខ្លួនឲ្យរីករាយជាមួយកូនរបស់អ្នក ដូចគ្នានឹងឪពុកម្តាយដទៃទៀតដែរ ដោយឱបថ្នាក់ថ្នម លេងជាមួយ និងសំឡឹងមើលកុមារលូតលាស់និងអភិវឌ្ឍតាមផ្លូវរបស់វា។ ចែករំលែកភាពរីករាយរបស់អ្នកជាមួយគ្រួសារនិងមិត្តភក្តិ។
រៀនសូត្រជាមួយកូនរបស់អ្នក។ ការស្វែងរកព័ត៌មានអំពីពិការភាពពីកំណើត អាចជួយអ្នកឲ្យយល់ដឹងអំពីការប្រែប្រួលផ្សេងៗដែលកូនរបស់អ្នកនឹងមាន ក្នុងពេលកំពុងលូតលាស់។
លំហាត់ប្រាណអាចជួយបានដែរ។ ពិការភាពជាច្រើនអាចត្រូវបានធ្វើឲ្យប្រសើរខ្លះដោយការហាត់ប្រាណនិងវិធីសាស្ត្រដទៃទៀត។ (ដើម្បីស្វែងយល់អំពីលំហាត់ប្រាណ និងវិធីសាស្ត្រដទៃទៀតក្នុងការជួយដល់កុមារដែលមានពិការភាពពីកំណើត និងពិការភាពផ្សេងៗទៀត សូមអានសៀវភៅរបស់អង្គការហេស្ពឺរៀន ដូចជាសៀវភៅ កុមារពិការក្នុងភូមិ, ការជួយកុមារដែលពិការភ្នែក, និង ការជួយកុមារដែលថ្លង់)។