Hesperian Health Guides

អណ្តូងដែលបានការពារ

នៅក្នុងជំពូកនេ:

អណ្តូងទឹកមានច្រើនប្រភេទ។ អណ្តូងងាយបំផុតគឺអណ្តូងជីកដោយដៃ។ ប្រភេទអណ្តូងដែលចំណាយប្រាក់ច្រើនបំផុតគឺ អណ្តូងស្នប់ ដែលប្រើបំពង់តូចមួយខួងជ្រៅទៅក្នុងដី និងមានស្នប់នៅខាងលើសម្រាប់សប់ទឹកយកប្រើ។

អណ្តូងមានប្រយោជន៍តែក្នុងករណីដែលប្រជាជនអាចយកទឹកចេញបានប៉ុណ្ណោះ។ អណ្តូងដែលល្អបំផុតសម្រាប់សហគមន៍ទាំងឡាយ អាស្រ័យលើជម្រៅទឹកក្រោមដី និងធនធានដែលមានសម្រាប់ជីក ខួង និងសាងសង់អណ្តូង។ ក្នុងករណីជាច្រើន អណ្តូងសាមញ្ញរាក់ៗដែលប្រជាជនដងទឹកតាមធុង អាចប្រសើរជាងអណ្តូងថ្លៃៗដែលជីកជ្រៅៗនិងត្រូវការស្នប់សប់។ ការមានអណ្តូងរាក់ៗច្រើន ប្រសើរជាងមានអណ្តូងជ្រៅមួយ ព្រោះបើអណ្តូងមួយរីងទឹក អណ្តូងផ្សេងៗទៀតអាចផ្តល់ទឹកបាន។

2 women stand on the lip of a well.
នៅពេលប្រជាជនឈរលើមាត់អណ្តូង ឬប្រើធុងមិនស្អាត ទឹកក្នុងអណ្តូងអាចទៅជាគ្មានសុវត្ថិភាព។

ជំហានដើម្បីធ្វើឲ្យអណ្តូងស្នប់ និងអណ្តូងជីក មានសុវត្ថិភាព

មុននឹងជីកអណ្តូង ត្រូវប្រាកដថាវាជាប្រភេទអណ្តូងដែលល្អបំផុតសម្រាប់តម្រូវការមនុស្សគ្រប់គ្នា។ ទឹកអណ្តូងក្លាយជាគ្មានសុវត្ថិភាព បើវាត្រូវបានជីក ៈ

  • ក្បែររណ្តៅបង្គន់, លូទឹកស្អុយ, រណ្តៅចាក់សំរាម, ឬបសុសត្វ។
  • ក្បែរឧស្សាហកម្ម ដូចជាការជីករ៉ែ ឬការខួងប្រេង, ស្រែចម្ការដែលប្រើថ្នាំសម្លាប់សត្វល្អិត ឬជីគីមី, ឬរណ្តៅសំរាម។
  • នៅកន្លែងដែលទឹកសំណល់ឬទឹកហូរលើដីអាចហូរទៅក្នុងអណ្តូង។

អណ្តូងជីករាក់ៗអាចផ្តល់ទឹកល្អ និងមានសុវត្ថិភាព។ ប៉ុន្តែទឹកអាចរីង និងកខ្វក់យ៉ាងងាយ។ ក្នុងរដូវភ្លៀង ទឹកហូរហៀរលើដីអាចហូរចូលទៅក្នុងអណ្តូងជីក ដោយនាំមេរោគនិងវត្ថុធ្វើឲ្យកខ្វក់ដទៃទៀតជាច្រើន។ មនុស្សឬសត្វដែលប្រើប្រាស់ទឹក អាចចម្លងមេរោគតាមជើងទៅលើអណ្តូងទឹក។ ធុងទឹកនិងខ្សែនៅជុំវិញអណ្តូង ក៏អាចចម្លងមេរោគដែរ ហើយអាចធ្វើឲ្យទឹកកខ្វក់នៅពេលគេទម្លាក់វាទៅក្នុងអណ្តូងទឹក។

ការកែលម្អសាមញ្ញៗ អាចបង្ការការចម្លងរោគ។ ឧទាហរណ៍ ប្រាកដថាប្រើតែធុងទឹកនិងខ្សែដែលស្អាតប៉ុណ្ណោះនៅពេលទម្លាក់ចូលទៅក្នុងទឹក។ លើកដីនៅជុំវិញប្រហោងអណ្តូង ឬរៀបឥដ្ឋនៅលើមាត់អណ្តូង ឬចាក់ស៊ីម៉ង់ជុំវិញមាត់អណ្តូង ដើម្បីឲ្យកាន់តែមានសុវត្ថិភាព។ ការរៀបទ្រនាប់អណ្តូងក៏ជួយបង្ការការរីងទឹកឬបាក់ស្រុតដែរ ហើយធ្វើឲ្យជីកបានកាន់តែជ្រៅដើម្បីស្តុកទឹកបានច្រើន។ (សម្រាប់ព័ត៌មានអំពីមធ្យោបាយកែលម្អអណ្តូងរូបគំនូរនៅទំព័របន្ទាប់)។

មុននឹងខួងអណ្តូងថ្មី ឬកែលម្អប្រព័ន្ធទឹកដែលប្រើប្រាក់ច្រើន គួរពិចារណាលើការកែលម្អបន្តិចបន្តួចដូចខាងលើនេះដើម្បីធ្វើឲ្យប្រភពទឹកកាន់តែមានសុវត្ថិភាព។

ការកែលម្អអណ្តូងទឹកចំហរ

សង់ជណ្តើរថ្មចុះទៅក្នុងអណ្តូងចំហរ ដើម្បីឲ្យប្រជាជនឈរដួសទឹកពីលើកាំជណ្តើរដោយមិនទទឹក។ ត្រូវឈរលើកាំជណ្តើរចុងក្រោយដែលស្ងួត។ មិនត្រូវដើរទៅក្នុងទឹកឡើយ។

EHB Ch6 Page 77-1.png

ទឹកទាប

EHB Ch6 Page 77-2.png

ទឹកខ្ពស់

ការកែលម្អអណ្តូងសាមញ្ញ និងអណ្តូងជីកដោយដៃ

EHB Ch6 Page 78-1.png EHB Ch6 Page 78-2.png
១. អណ្តូងជីកដែលគ្មានការកែលម្អ ២. ពូនដីនៅមាត់អណ្តូងដើម្បីកុំឲ្យទឹកខាងក្រៅហូរចូល
EHB Ch6 Page 78-3.png EHB Ch6 Page 78-4.png
៣. ព័ទ្ធមាត់អណ្តូងដោយធុងមួយនិងគ្របគម្រប ៤. រៀបឥដ្ឋនៅមាត់អណ្តូង និងមានឃឿនអណ្តូង
EHB Ch6 Page 78-5.png EHB Ch6 Page 78-6.png
៥. អណ្តូងដែលបានការពារ ដោយមានឃឿនអណ្តូង និងប្រឡាយទឹក ៦. អណ្តូងដែលបានការពារ ដោយមានឃឿនអណ្តូង ប្រឡាយទឹក និងសួនដំណាំ
សំខាន់! មិនត្រូវផឹកទឹកពីអណ្តូងចំហរដោយផ្ទាល់ទេ។ ការច្រោះទឹកដោយប្រើក្រណាត់ រួចទុកឲ្យវារងមុននឹងផឹក អាចបំបាត់មេរោគបានខ្លះ។ មធ្យោបាយបន្សុទ្ធទឹក

ការពារអណ្តូងប្រចាំគ្រួសារ

សហគមន៍ជាច្រើនមានអណ្តូងស្នប់ដែលសាងសង់ដោយរដ្ឋាភិបាល ឬទីភ្នាក់ងារក្នុងស្រុកឬអន្តរជាតិ។ អណ្តូងបិទជិតនិងមានជម្រៅជ្រៅទាំងនេះ ការពារមិនឲ្យកខ្វក់ដោយសារមនុស្សនិងសត្វ។ ប៉ុន្តែច្រើនឆ្នាំបន្ទាប់ពីខួងអណ្តូងមក អណ្តូងជាច្រើនមិនអាចប្រើប្រាស់បានទៀតដោយសារស្នប់ខូច, ឬគ្រឿងបន្លាស់ដទៃទៀតមិនអាចរកបាន, ឬប្រជាជនដែលចេះជួសជុលបានចាកចេញ។ វាធ្វើឲ្យមានការផ្គត់ផ្គង់ទឹកស្អាតមិនទៀងទាត់។ ប្រជាជនត្រូវដើរយ៉ាងឆ្ងាយទៅដងទឹក ឬប្រើប្រាស់ទឹកលើដីដែលកខ្វក់ដើម្បីបំពេញតម្រូវការរបស់ខ្លួន។ នៅផ្នែកខ្លះនៃប្រទេសអាហ្វ្រិក អណ្តូងប្រចាំគ្រួសារដែលមានការការពារ កំពុងតែជំនួសអណ្តូងស្នប់។

អណ្តូងដែលមានការការពារ គឺជារណ្តៅដែលជីកដោយដៃ និងរៀបទ្រនាប់រណ្តៅ មានគម្របស៊ីម៉ង់ត៍ ដៃរវៃដើម្បីយោងទឹកឡើង និងឃឿនអណ្តូង។ វត្ថុទាំងនេះសុទ្ធតែផ្តល់ការការពារដល់អណ្តូងទឹក។ នៅពេលដំឡើងវត្ថុទាំងនេះរួច និងដោយមានការរៀបចំទឹកដោយប្រុងប្រយ័ត្ន នោះអណ្តូងប្រចាំគ្រួសារអាចមានសុវត្ថិភាពខ្ពស់។

គួរជីកអណ្តូងនៅកន្លែងណា

2 men digging a well.

នៅពេលជីកអណ្តូង សញ្ញាល្អបំផុតដែលថានឹងមានទឹក គឺនៅពេលដែលអ្នកឃើញថាមានអណ្តូងមួយចំនួននៅក្បែរៗនោះ។ ប៉ុន្តែបើអណ្តូងទាំងនេះជាអណ្តូងស្នប់ នោះទឹកប្រហែលជានៅក្នុងដីយ៉ាងជ្រៅមិនអាចជីកដោយដៃបាន។ សញ្ញាល្អមួយទៀតគឺរុក្ខជាតិដែលដុះពេញមួយឆ្នាំដែលត្រូវការទឹកច្រើនដើម្បីរស់។ តំបន់ទំនាបទំនងជាមានទឹកច្រើនជាងតំបន់ខ្ពង់រាប។ ប៉ុន្តែបើអណ្តូងត្រូវបានជីកក្នុងតំបន់ទំនាប នោះចាំបាច់ត្រូវការពារវាកុំឲ្យទឹកភ្លៀងហូរចូល។

ការរៀបទ្រនាប់អណ្តូង

នៅកន្លែងដីរឹង ការរៀបទ្រនាប់ក្នុងអណ្តូងអាចមិនចាំបាច់ទេ។ ប៉ុន្តែជាការល្អគួររៀបទ្រនាប់យ៉ាងតិច១ទៅ២ម៉ែត្រចាប់ពីផ្ទៃដីចុះក្រោម ដើម្បីបង្ការកុំឲ្យអណ្តូងបាក់ស្រុត។ ប្រសិនបើរៀបទ្រនាប់អណ្តូងទាំងមូល វានឹងធ្វើឲ្យប្រភពទឹកកាន់តែទុកចិត្តបាន ប៉ុន្តែនៅថ្ងៃក្រោយវានឹងពិបាកទៅជ្រៅថែមទៀត។ ការរៀបទ្រនាប់អណ្តូងត្រូវការដុំថ្មតូចធំ ជាមួយឥដ្ឋ ឬស៊ីម៉ង់ត៍។

EHB Ch6 Page 79-2.png
EHB Ch6 Page 79-3.png
រៀបទ្រនាប់១ទៅ២ម៉ែត្រខាងលើ អណ្តូងដែលមានរៀបទ្រនាប់ពេញ
របៀបធ្វើគម្របអណ្តូង

EHB Ch6 Page 80-1.png
រៀបចំពុម្ពគម្របអណ្តូង
EHB Ch6 Page 80-2.png
រៀបចំប្រហោងនៅកណ្តាលពុម្ពអណ្តូង និងសរសៃដែក
EHB Ch6 Page 80-3.png
ចាក់ស៊ីម៉ង់ត៍ចូល និងបង្កើតជាមាត់គម្របអណ្តូង
EHB Ch6 Page 80-4.png
វាសតម្រឹមមាត់គម្របអណ្តូង
EHB Ch6 Page 80-5.png
លើកគម្របដាក់ពីលើតួអណ្តូង

នៅពេលរៀបទ្រនាប់អណ្តូងរួច ជំហានបន្ទាប់គឺធ្វើគម្របស៊ីម៉ង់ត៍សម្រាប់គ្របអណ្តូង។ គម្របអណ្តូងជួយបង្ការទឹកឬវត្ថុកខ្វក់មិនឲ្យចូលក្នុងអណ្តូង។ វាក៏ធ្វើឲ្យកុមារមានសុវត្ថិភាពក្នុងការប្រើប្រាស់អណ្តូង និងធ្វើជាកន្លែងស្អាតសម្រាប់ដាក់ធុងទឹកនៅពេលប្រជាជនដងទឹក។

  1. ១. គម្របអណ្តូងគួរបិទយ៉ាងជិតណែនល្អនៅលើអណ្តូង។ សម្អាតកន្លែងមួយសម្រាប់ចាក់ស៊ីម៉ង់ត៍ និងគូររង្វង់មួយដែលត្រូវជាទំហំគម្របអណ្តូង។ រៀបឥដ្ឋមួយជួរជារង្វង់ព័ទ្ធជុំវិញរង្វង់នេះ។ រង្វង់នេះគឺជាពុម្ពនៃគម្របអណ្តូង។
  2. ២. បង្កើតប្រហោងមួយនៅចំកណ្តាលគម្របអណ្តូងដែលអាចឲ្យធុងទឹកចូលបាន។ ទំហំនៃប្រហោងនេះអាស្រ័យលើប្រភេទធុងយោងដែលអ្នកប្រើ ប៉ុន្តែជាទូទៅប្រហោងនេះគួរធំល្មមអាចដាក់ធុងចំណុះ១០លីត្រចូលបាន។ ស្គរដែកធំល្មមដែលអាចដាក់ធុងយោងចូល គឺអាចយកមកប្រើសម្រាប់បង្កើតប្រហោងនេះបាន។
  3. ៣. រៀបសរសៃដែក(មុខកាត់៣ម.ម) នៅក្នុងពុម្ពគម្របអណ្តូង ដោយរៀបជាក្រឡាចក្រត្រង្គដែលមានចន្លោះពីគ្នា១០ស.ម។
  4. ៤. លើកសរសៃដែកដែលរៀបរួចចេញសិន ហើយលាយស៊ីម៉ងត៍ដែលប្រើគ្រួស៣ភាគ ខ្សាច់២ភាគ និងស៊ីម៉ង់១ភាគ។ ប្រសិនបើគ្មានគ្រួសទេ ចូរប្រើខ្សាច់៤ភាគ និងស៊ីម៉ង់១ភាគ។ ចាក់ស៊ីម៉ង់ត៍លាយរួចទៅក្នុងពុម្ពគម្របអណ្តូង ដោយចាក់បំពេញតែពាក់កណ្តាលខាងក្រោម។ ដាក់សរសៃដែកដែលរៀបរួចចូលវិញលើ ស៊ីម៉ង់ត៍សើមនេះ។ ចាក់ស៊ីម៉ង់ត៍លាយដែលនៅសល់ទៅក្នុងពុម្ព គ្របពីលើសរសៃដែក រួចយកកំណាត់ឈើវាសឲ្យស្មើ។
  5. ៥. ទុកចោលប្រហែល១ម៉ោង។ រកពុម្ពស្គរដែកនៅប្រហោងកណ្តាលចេញ រួចចាក់ខ្សាច់សើមទៅក្នុងប្រហោងកណ្តាល។ ដាក់ពុម្ពនៅកណ្តាលចូលវិញលើខ្សាច់ រួចរៀបឥដ្ឋព័ទ្ធជុំវិញពុម្ពកណ្តាលនេះ ដោយទុកចន្លោះ៧៥ម.មពីឥដ្ឋនិងពុម្ពកណ្តាល។ ចាក់ស៊ីម៉ង់ត៍ចូលកន្លែងចន្លោះពីឥដ្ឋនិងពុម្ពកណ្តាលនេះ រួចទុកវាចោលប្រហែលមួយម៉ោង។ មួយម៉ោងក្រោយមក ដកឥដ្ឋនិងពុម្ពកណ្តាលចេញ រួចវាសមាត់គម្របឲ្យស្មើ។ ដើម្បីការពារបានល្អបំផុត គម្របធុងគួរបិទមាត់គម្របអណ្តូងជិតណែនល្អ។
  6. ៦. ទុកគម្របអណ្តូងចោលមួយយប់ឲ្យរឹង និងទុកចោលរយៈពេលយ៉ាងតិច៥ថ្ងៃ ដោយដាក់វាក្នុងទឹកជានិច្ច។ មុននឹងលើកគម្របដាក់លើអណ្តូង ពិនិត្យមើលកម្លាំងរបស់វាសិន។ នៅពេលវាជាប់រឹងរយៈពេល៧ថ្ងៃ ចូរកល់វាដោយដុំឈើ៤ដុំ ឬកល់ឲ្យហើបផុតពីដីកម្ពស់២អ៊ីញ។ បន្ទាប់មកឡើងរាំលើវា! គម្របដែលចាក់បានល្អ នឹងមិនបែកបាក់ឡើយទោះបីមនុស្សច្រើននាក់ឡើងរាំលើវាក៏ដោយ។ ដាក់បាយអរស៊ីម៉ង់ត៍នៅលើរង្វង់តួអណ្តូង រួចលើកគម្របដាក់ឲ្យត្រូវកន្លែងវាដោយប្រុងប្រយ័ត្ន។


ដៃរវៃ ធុងទឹក និងច្រវាក់

ដៃរវៃស្ថិតនៅចន្លោះបង្គោលសងខាងអណ្តូងដែលមានដៃសម្រាប់បង្វិល ធ្វើឲ្យយើងអាចយោងទឹកមកលើបានយ៉ាងងាយ ហើយវាផ្តល់កន្លែងសម្រាប់រុំខ្សែឬច្រវាក់របស់ធុង។ ប្រសិនបើថ្ងៃក្រោយគេប្រើស្នប់វិញ នោះគេអាចលើកដៃរវៃនេះចេញបានយ៉ាងងាយ។ ចងធុងទឹកទៅនឹងចុងខ្សែឬច្រវាក់។ ជាការប្រសើរបំផុត គួរប្រើច្រវាក់ព្រោះមានមេរោគតិចតួចនៅលើវា ប៉ុន្តែវាមានតម្លៃថ្លៃ។ ខ្សែមិនសូវថ្លៃទេ ហើយអាចផ្លាស់ប្តូរបានយ៉ាងងាយប្រសិនបើវាដាច់។

EHB Ch6 Page 81-1.png
ដាំជើងបង្គោលទ្រដៃរវៃទៅក្នុងស៊ីម៉ង់ត៍នៅសងខាងអណ្តូង។
កាត់ជ្រៀកប្រឡោះនៅចុងបង្គោលសម្រាប់ដាក់ដៃរវៃ។
EHB Ch6 Page 81-2.png
ចាប់ប៊ូឡុងនៅចុងបង្គោល លើដៃរវៃដើម្បីទប់វាឲ្យនៅមួយកន្លែងនៅពេលវាវិល។
គំរូនៃការសាងសង់នេះបង្ហាញពីបង្គោលឈើដែលចាក់ទៅក្នុងដីសម្រាប់ទ្រដៃរវៃ។ ទម្រដៃរវៃក៏អាចធ្វើពីឥដ្ឋបានដែរ។

ប្រឡាយទឹកនៅឃឿនអណ្តូង

ប្រឡាយទឹកនៅឃឿនអណ្តូង នាំទឹកដែលសល់ពីការប្រើប្រាស់ជុំវិញអណ្តូង ទៅកន្លែងចោលទឹក។ ធ្វើរបៀបនេះអាចបង្ការកុំឲ្យបរិវេណជុំវិញអណ្តូងក្លាយជាភក់ និងជាកន្លែងមេរោគនិងសត្វល្អិតបន្តពូជ។ មេរោគអាចលូតលាស់នៅក្នុងស្នាមប្រេះបែក ដូច្នេះជាការសំខាន់គឺត្រូវធ្វើឃឿនអណ្តូងឲ្យបានល្អ ។

EHB Ch6 Page 81-3.png
ច្រវាក់ឬខ្សែយោងធុងទឹក រុំនៅជាប់ដុំបង្វិលជានិច្ច
ដុំបង្វិល
ធុងទឹកព្យួរនៅលើដៃបង្វិលដើម្បីកុំឲ្យប្រឡាក់ដី
គម្របអណ្តូង
ប្រឡាយបង្ហូរទឹកពីឃឿនអណ្តូងដែលមានប្រវែង ២ទៅ៣ម៉ែត្រប្រសិនបើអាចធ្វើ
ឃឿនអណ្តូងដែលមានអង្កត់ផ្ចិតប្រវែង២ម៉ែត្រ
ចាក់ស៊ីម៉ង់ត៍លាយរួចក្នុងកម្ពស់៧៥ម.ម និងគែមរបស់ឃឿនអណ្តូង និងប្រឡាយទឹកកម្ពស់១៥០ម.ម។ ឃឿនទាំងមូលនិងគែមរបស់វា គួរបានដាក់សរសៃដែកទំហំ៣ម.ម ដើម្បីបង្ការការប្រេះបែក។

EHB Ch6 Page 82-1.png

ទឹកទុយោក្នុងសហគមន៍ដែលមានប្រឡាយបង្ហូរទឹក
EHB Ch6 Page 82-arrow.png

EHB Ch6 Page 82-2.png

រណ្តៅជ្រាបទឹក
ថ្មធំៗ
គ្រួស
ខ្សាច់

ថែទាំអណ្តូងរបស់អ្នក

ទឹកអណ្តូងងាយនឹងកខ្វក់ណាស់នៅពេលធុងទឹកកខ្វក់ និងខ្សែឬច្រវាក់កខ្វក់ទម្លាក់ទៅក្នុងអណ្តូង។ ដើម្បីរក្សាទឹកអណ្តូងឲ្យស្អាតជានិច្ច ត្រូវដាក់ធុងទឹកមួយនៅជាប់អណ្តូងរហូត ហើយចាក់ទឹកពីធុងទឹកជាប់អណ្តូងនេះចូលក្នុងធុងទឹករបស់អ្នក។ ការលាងសម្អាតដៃមុននឹងដងទឹក និងការសាងសង់របងព័ទ្ធជុំវិញអណ្តូង ក៏នឹងជួយបង្ការការធ្វើឲ្យទឹកអណ្តូងកខ្វក់ដែរ។


អ្នកក៏អាចការពារទឹកអណ្តូងរបស់អ្នកបានដែរ នៅពេលអ្នក:

  • ដាក់គម្របអណ្តូងត្រឹមត្រូវក្នុងកន្លែងរបស់វា។
  • សម្អាតឃឿនអណ្តូងនិងប្រឡាយទឹកឲ្យស្អាតជានិច្ច។
  • ដាក់ប្រេងក្នុងដៃរវៃឲ្យបានញឹកញាប់ ដើម្បីឲ្យវាវិលយ៉ាងល្អ។
  • កុំឲ្យកុមារលេងនៅអណ្តូងឬស្នប់។
  • សង់របងព័ទ្ធជុំវិញអណ្តូងដើម្បីកុំឲ្យសត្វចូល។
  • ជ្រើសរើសមនុស្សម្នាក់ឲ្យថែទាំអណ្តូង។

ប្រឡាយទឹកចេញពីអណ្តូងនិងរូប៊ីណេ

ទោះបីមនុស្សទៅយកទឹកនៅកន្លែងណាក៏ដោយ ទឹកតែងតែខ្ទាតកំពប់ជានិច្ច។ នៅពេលទឹកកំពប់នៅក្នុងជង្ហុក វាក្លាយទៅជាកន្លែងបន្តពូជសម្រាប់សត្វមូស ហើយសត្វនេះផ្ទុកមេរោគជំងឺគ្រុនចាញ់និងជំងឺដទៃទៀត។ អណ្តូង រូប៊ីណេ បំពង់បង្ហូរនៃអាងស្តុកទឹក និងកន្លែងផ្ទុកទឹកដទៃទៀត ត្រូវការប្រឡាយទឹកល្អៗដើម្បីឲ្យទឹកដែលខ្ទាតកំពប់ ហូរទៅឆ្ងាយ ឬហូរទៅក្នុងដី។

ដើម្បីទាញប្រយោជន៍ពីទឹកខ្ទាតកំពប់នេះ គួរដាំដើមឈើឬធ្វើសួនដំណាំនៅត្រង់កន្លែងដែលទឹកចេញពីប្រឡាយមក។ ប្រសិនបើអ្នកមិនអាចដាំដើមឈើឬធ្វើសួនដំណាំទេ អ្នកអាចជីករណ្តៅរួចដាក់ធំថ្ម គ្រួស និងខ្សាច់ដើម្បីស្រូបទឹកទៅក្នុងនោះ។ នេះហៅថា "រណ្តៅជ្រាបទឹក"។ វានឹងជួយបង្ការមូសមិនឲ្យបង្កកំណើត។

ការបូមទឹកពីអណ្តូង

ដើម្បីយកទឹកឡើងមកលើ ចាំបាច់ត្រូវមានស្នប់។ ស្នប់អាចប្រើថាមពលជាច្រើនប្រភេទ ដូចជាអគ្គិសនី, ឧស្ម័ន, ថាមពលព្រះអាទិត្យ, ឬកម្លាំងមនុស្ស។ ប្រសិនបើស្នប់ពិបាកប្រើ ឬបើវាឧស្សាហ៍ខូច នោះប្រជាជននឹងចាប់ផ្តើមយកទឹកពីប្រភពទឹកគ្មានសុវត្ថិភាព។

របៀបជ្រើសរើសស្នប់

ស្នប់គ្រប់ប្រភេទមានលក្ខណៈដូចគ្នាមួយគឺ បើវាខូច ប្រជាជននឹងគ្មានទឹក។ សម្រាប់មនុស្សភាគច្រើន ស្នប់ដែលល្អបំផុតគឺជាស្នប់ដែលពួកគេអាចបង្កើត, ដំណើរការ, និងជួសជុលបានដោយខ្លួនឯង ឬអាចជួសជុលបានដោយជាងមេកានិចក្នុងស្រុក។ គួរពិចារណាលើចំណុចខាងក្រោម នៅពេលជ្រើសរើសស្នប់ ៈ

  • តើវានឹងអាចប្រើបានទាំងបុរសនិងស្ត្រី និងអាចបំពេញតម្រូវការរបស់ពួកគេបានឬទេ?
  • តើស្ត្រីបានចូលរួមក្នុងការជ្រើសរើសស្នប់ក្នុងសហគមន៍ឬទេ?
  • តើប្រភពថាមពលណាមួយដែលមាន? ប្រសិនបើស្នប់ត្រូវការប្រើប្រេងថ្លៃ ឬត្រូវការអគ្គិសនីដែលសហគមន៍គ្មាន នោះវានឹងគ្មានប្រយោជន៍អ្វីឡើយ។
  • តើស្នប់ងាយនឹងជួសជុលដោយប្រើគ្រឿងបន្លាស់ដែលមានស្រាប់ដែរឬទេ? តើមួយណាប្រសើរជាង រវាងស្នប់ដែលងាយនឹងខូចប៉ុន្តែអាចជួសជុលបានយ៉ាងងាយនៅក្នុងស្រុក និងស្នប់ដែលមិនងាយនឹងខូចប៉ុន្តែមិនងាយជួសជុលបាននៅក្នុងស្រុក?

ស្នប់ប្រើខ្សែ: មានតម្លៃទាប, មធ្យោបាយងាយក្នុងការបូមទឹកឡើងមកលើ

EHB Ch6 Page 83-1.png

ស្នប់ប្រើខ្សែត្រូវបានផលិតចេញពីសម្ភារដែលមានតម្លៃទាប និងធន់បានយូរ
កង់ ឬរ៉កដែលមានដៃបង្វិល
កម្ពស់ផ្ទៃដី
កម្ពស់ទឹក
ខ្សែពួរ
(ទុកឲ្យធូរបន្តិច)
ចានជ័រដែលកាត់ឲ្យត្រូវណែនល្អនៅក្នុងបំពង់បង្ហូរទឹក
បំពង់បង្ហូរទឹកទំហំ ៤ស.ម
ខ្សែកៅស៊ូរឹតខ្សែពួរឲ្យចូលគ្នា
បំពង់បង្ហូរទឹកទំហំ ៤ស.ម
ក្បាលតំណអក្សរ T ដែលមានប្រវែង ៤ស.ម
ធុងទឹក

ស្នប់ប្រើខ្សែគឺផ្អែកលើគំរូសាងសង់បែបបុរាណរបស់ប្រទេសចិន។ វាត្រូវបានប្រើដើម្បីបូមទឹកអណ្តូងដែលមានជម្រៅរហូតដល់១៥ម៉ែត្រ ដោយប្រើកម្លាំងតិចតួច។ នៅពេលមនុស្សម្នាក់បង្វិលកង់ វានឹងបូមទឹកឡើងមកលើ រួចបាញ់ចេញមកតាមចំពួយនៅខាងលើអណ្តូង។

ស្នប់ប្រភេទនេះចំណាយប្រាក់តិច និងងាយជួសជុល។ ខ្សែគឺជាផ្នែកមួយដែលងាយនឹងខូច ប៉ុន្តែទោះបីវាគ្រាន់តែជួសជុល(មិនបាច់ជំនួសថ្មី) ក៏ស្នប់នៅតែដំណើរការដែរ។ ប្រជាជនក្នុងបណ្តាប្រទេសជាច្រើនបានយកគំរូតាមស្នប់ប្រើខ្សែនេះ និងប្រើសម្ភារៈដែលពួកគេមាន។