Hesperian Health Guides
កសិដ្ឋានចិញ្ចឹមត្រី
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៥. កសិកម្មប្រកបដោយចិរភាព > កសិដ្ឋានចិញ្ចឹមត្រី
- ចិញ្ចឹមត្រីឬខ្ចៅខ្យងសម្រាប់ជាអាហារ ដូចជាត្រីគល់រាំង ទីយ៉ាបព្យ៉ា កំពិស និងបង្កងទឹកសាប។
- ដាំរុក្ខជាតិសម្រាប់អាហារ ដូចជាព្រលឹត ក្រអាវឈូក ត្រាវ និងស្រូវ។
- ដាំរុក្ខជាតិសម្រាប់ធ្វើប្រដាប់ប្រដាផ្សេងៗ ដូចជាដើមត្រែង និងឬស្សី។
- សារ៉ាយសម្រាប់ធ្វើជាអាហារ ចំណីសត្វ និងជី។
- ទទួលបានដីមានជីជាតិសម្រាប់សួនដំណាំរបស់អ្នក។
ត្រពាំងទឹកដែលមានត្រីនិងសត្វមាន់ទា នឹងបង្ការមូសមិនឲ្យបន្តពូជ ខណៈដែលផ្តល់អាហារនិងទឹកសម្រាប់អ្នកនិងដីរបស់អ្នក។ |
វិធីជីកត្រពាំងចិញ្ចឹមត្រី
- ១. មុននឹងអ្នកចាប់ផ្តើម ត្រូវប្រាកដថាដីរបស់អ្នកមានស្ថានភាពត្រឹមត្រូវក្នុងការទ្រទ្រង់កសិដ្ឋានចិញ្ចឹមត្រី។ អ្នកចាំបាច់ មានទឹកគ្រប់គ្រាន់ដើម្បីប្រាកដថាទឹកខ្លះនឹងហូរក្នុងត្រពាំង។ ប្រសិនបើទឹកមិនហូរទេ មូសនឹងបង្កកំណើតក្នុងនោះ។ អ្នកក៏ត្រូវការដីដែលនឹងមិនឲ្យទឹកត្រពាំងហូរចោល។ ល្អបំផុត គឺដីឥដ្ឋ។ ប្រសិនបើគ្មានដីឥដ្ឋទេ អ្នកអាចរៀបទ្រនាប់ ក្នុងត្រពាំងដើម្បីការពារការជ្រាបទឹក ដោយប្រើដីឥដ្ឋយកពីកន្លែងផ្សេង ឬប្រើស៊ីម៉ង់ត៍ ឬប្រើជ័រប្លាស្ទិក។ ទ្រនាប់ត្រពាំងក៏អាចធ្វើពីស្មៅត្បាញ ឬឬស្សី បិតភ្ជាប់ដោយកៅស៊ូក្រាលថ្នល់ ឬជ័រឈើដទៃទៀត។ ទីតាំងល្អបំផុតសម្រាប់ត្រពាំង គឺនៅផ្នែកក្រោមបំផុតនៃជម្រាលភ្នំ(ដើម្បីឲ្យទឹកលើដីហូរចូលត្រពាំង) និងនៅឆ្ងាយពីប្រភពទឹកផឹកយ៉ាងតិច១០ម៉ែត្រ។ ប្រសិនបើត្រពាំងនឹងមានទឹកហូរចូលមកពីអូរ គួរសង់ទំនប់បណ្តោះអាសន្នដើម្បីទប់ទឹកនៅពេលអ្នកកំពុងរៀបចំត្រពាំង។
- ២. ជីកត្រពាំងជម្រៅយ៉ាងតិច១ម៉ែត្រ និងមុខកាត់ធំតាមដែលអ្នកអាច។ សូម្បីតែត្រពាំងតូចៗដែលមានមុខកាត់តែ១ឬ២ម៉ែត្រ ក៏អាចចិញ្ចឹមសារ៉ាយនិងត្រីតូចៗសម្រាប់បង្កើនរបបអាហាររបស់អ្នកបានដែរ។ ប្រសិនបើអ្នកមានទីធ្លាគ្រប់គ្រាន់ គួរជីកត្រពាំងឲ្យច្រើន ដែលមួយៗមានមុខកាត់តូចជាង៣ម៉ែត្រ។ បែបនេះធ្វើឲ្យងាយជីកត្រពាំង និងងាយយកត្រី។
- ៣. សង្កត់ដីឥដ្ឋនៅបាតត្រពាំងដោយការដើរទៅមកលើវា។ ប្រសិនបើត្រពាំងអ្នកមានទំហំធំ គួរសុំឲ្យអ្នកជិតខាងមកជួយជាន់។ សូម្បីតែគោក្របីឬសត្វធំៗដទៃទៀត ក៏អាចប្រើឲ្យជាន់បង្ហាប់ដីឥដ្ឋបានដែរ។ លាមករបស់ពួកវានឹងជួយបិតបាតត្រពាំង។ នៅពេលបញ្ចូលទឹកក្នុងត្រពាំង សារ៉ាយនិងរុក្ខជាតិដទៃទៀតនឹងដុះចេញមក។ ប្រសិនបើមានបឹងអូរឬត្រពាំងដទៃទៀតនៅក្បែរនេះ គួរប្រមូលរុក្ខជាតិនិងសត្វយកមកចិញ្ចឹមក្នុងត្រពាំងរបស់អ្នក។ ដើម្បីចិញ្ចឹមត្រី អ្នកអាចទិញត្រីរស់មកលែងក្នុងត្រពាំងរបស់អ្នក។