Hesperian Health Guides
ត្រងទឹកភ្លៀង
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ៦. ការការពារទឹកក្នុងសហគមន៍ > ត្រងទឹកភ្លៀង
ពាងទឹក(អាង/ធុងទឹក)អាចដាក់នៅតាមផ្ទះ។ ដំបូលផ្ទះនឹងប្រមូលទឹកដាក់ក្នុងទរ ហើយចាក់ទៅក្នុងពាងទឹក។ ល្អបំផុតគឺធ្វើដំបូលដែលធ្វើពីស័ង្កសីឬដែកដែលមានភ្លី។ ដំបូលស្បូវប្រហែលជាជាប់ដីច្រើនពេក។ ដំបូលធ្វើពីសំណ ឬជ័រកៅស៊ូ មានសារធាតុគីមីពុលដែលនឹងធ្វើឲ្យទឹកគ្មានសុវត្ថិភាពសម្រាប់ផឹក។ ត្រូវប្រាកដថាធុងដាក់ទឹកភ្លៀង មានភាពស្អាត និងមិនធ្លាប់ដាក់សារធាតុគីមីពុល ដូចជាប្រេងឬថ្នាំសម្លាប់សត្វល្អិតឡើយ។
ប្រើដំបូលប្រក់ស័ង្កសីដើម្បីត្រងទឹកភ្លៀង |
តំបន់ទំនាបអាចប្រមូលទឹកលើដីនិងទឹកភ្លៀង។ ដើម្បីធ្វើកន្លែងត្រងទឹកនៅទីទំនាប ចូរជីករណ្តៅចុះក្រោម រួចរៀបទ្រនាប់រណ្តៅដោយប្រើឥដ្ឋ ក្បឿង ស៊ីម៉ង់ត៍ ឬក្រណាត់ប្លាស្ទិក។ ទឹកបម្រុងនេះអាចយកប្រើជាទឹកផឹកសម្រាប់សត្វ ឬសម្រាប់ដងយកមកងូត។ ប្រសិនបើទឹកនៅតំបន់ទំនាប ត្រូវបានប្រើសម្រាប់ផឹក គួរធ្វើរបងព័ទ្ធជុំវិញដើម្បីកុំឲ្យសត្វចូល។ ទឹកដែលយកពីតំបន់ទំនាប គួរត្រូវបានសម្អាត មុននឹងផឹក។
ទឹកដែលត្រងពីដំបូលផ្ទះ ឬទឹកនៅតំបន់ទំនាប អាចស្តុកទុកក្នុងអាងក្នុងដី។ នេះគឺជាវិធីល្អមួយដើម្បីទុកទឹកឲ្យត្រជាក់និងមានគម្រប។ វាក៏ប្រហែលជាមានតម្លៃទាបជាងការសាងសង់ឬទិញធុង/អាងទឹកលើដីផងដែរ។
ធ្វើឲ្យទឹកភ្លៀងមានសុវត្ថិភាពសម្រាប់ផឹក
ត្រូវរក្សាទុកទឹកភ្លៀងឲ្យផុតពីការធ្វើឲ្យកខ្វក់ ដើម្បីអាចផឹកដោយសុវត្ថិភាព។ ដើម្បីប្រាកដថាទឹកដែលអ្នកត្រង នឹងមានសុវត្ថិភាព:
- សម្អាតអាង(ពាង/ធុង), បំពង់បង្ហូរចូល, ដំបូល, និងទរទឹក មុនរដូវភ្លៀងមកដល់។
- មិនត្រូវដាក់ទឹកនៅក្នុងធុងដែលធ្លាប់ដាក់ប្រេង, ថ្នាំសម្លាប់សត្វល្អិត, ឬសារធាតុគីមីពុលដទៃទៀត។
- ឲ្យទឹកភ្លៀងដំបូងហូរលាងសម្អាតធុងចោលសិន។
- គ្របធុង និងដាក់ប្រដាប់ចម្រោះឬក្រណាត់នៅចុងបំពង់បង្ហូរទឹក ដើម្បីកុំឲ្យសត្វ ស្លឹកឈើ និងដីចូល។ វាក៏ជួយបង្ការកុំឲ្យសត្វមូសបន្តពូជផងដែរ។
- បង្ហូរទឹកយកប្រើតាមបំពង់មួយ បើអាច។ ប្រសិនបើប្រើធុងទឹកឬប្រដាប់ដាក់ទឹកផ្សេងទៀត យកមកដងទឹក ត្រូវប្រាកដថាវាមិនប្រឡាក់។
- ដើម្បីឲ្យមានសុវត្ថិភាពបន្ថែម ចូរបន្ថែមក្លរីនទៅក្នុងអាង ។ឬដាក់ប្រដាប់ចម្រោះទឹកជាប់នឹងអាង។
- មិនត្រូវកូរទឹកឡើយ។ ធ្វើរបៀបនេះដើម្បីកុំឲ្យកករឬមេរោគក្នុងអាង រងនិងធ្លាក់ទៅបាតអាង។
- ជូតសម្អាតដំបូលផ្ទះឲ្យបានញឹកញាប់ នឹងជួយធ្វើឲ្យទឹកភ្លៀងដែលត្រងបាននៅតែស្អាត។
ការប្រមូលទឹកភ្លៀងនៅក្នុងតំបន់វាលខ្សាច់
វិធីមួយដែលទឹកភ្លៀងត្រូវបានប្រមូលនៅក្នុងតំបន់វាលខ្សាច់ថា(Thar Desert) នៅភូមិរាចាសថាន(Rajasthan) នៃប្រទេសឥណ្ឌា គឺការប្រើស្រះទឹកក្នុងភូមិដែលហៅថា ណាឌី (naadi)។ មនុស្សគ្រប់គ្នាក្នុងភូមិ និងសូម្បីតែអ្នកដែលឆ្លងកាត់ ក៏អាចប្រើទឹកណាឌីបានដែរ។
មនុស្សគ្រប់គ្នាក្នុងភូមិធ្វើការរួមគ្នាដើម្បីថែទាំទឹកណាឌី។ ច្បាប់ពីបុរាណហាមឃាត់ការកាប់ដើមឈើនៅក្បែរទឹកណាឌី ឬនៅកន្លែងដែលទឹកភ្លៀងហូរទៅក្នុងណាឌី។ សត្វត្រូវបានដាក់នៅឆ្ងាយពីណាឌី ហើយប្រជាជនមិនត្រូវបានអនុញ្ញាតឲ្យនោមឬបន្ទោរបង់លាមកនៅក្បែរណាឌីឡើយ។ មួយខែម្តង នៅថ្ងៃដែលគ្មានព្រះច័ន្ទ អ្នកភូមិទាំងមូលធ្វើការរួមគ្នាដើម្បីជីកយកខ្សាច់និងដីល្បាប់ចេញពីណាឌី។ ការជីកណាឌីធ្វើឲ្យវាកាន់តែជ្រៅ និងបំបាត់មេរោគដែលអាចនៅបាតណាឌី។ បន្ទាប់ពីជីករួច អ្នកភូមិទុកទឹកឲ្យរង ដើម្បីឲ្យវាថ្លាឡើងវិញ។ ក្នុងវិធីទាំងនេះ សហគមន៍បានប្រមូលផ្តុំគ្នាការពារទឹករបស់ខ្លួន។